ព័ត៌មានជាតិ អភិបាលកិច្
លោក ម៉ម មុនីរតន៍ | ២៨ វិច្ឆិកា ២០២២ | ម៉ោង ២១:៥០
VOD

អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ លោក លន់ ពង្សធិរិទ្ធ នៅមុខច្រកចូលទៅស្នាក់ការគណបក្សភ្លើងទៀន អំឡុងពេលគណបក្សនេះធ្វើសមាជកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក នល់ ពង្សធារិទ្ធ – កំហែង ជ័យ)
មន្រ្តីជាន់ខ្ពស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើកឡើងថា ភាពយឺតយ៉ាវក្នុងការកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធ ក្នុងរឿងក្ដីព្រហ្មទណ្ឌនៃការវាយដំមន្ត្រីគណបក្សភ្លើងទៀននៅខណ្ឌពោធិ៍សែនជ័យឱ្យរបួសធ្ងន់ធ្ងរនោះ ក៏ព្រោះតែសមត្ថកិច្ចជំនាញត្រូវការភាពច្បាស់លាស់នៃអង្គហេតុ មុននឹងឈានទៅកំណត់មុខសញ្ញាអ្នកប្រព្រឹត្តបទល្មើស។
ថ្លែងប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សានសុខសីហា ឱ្យដឹងថា មន្ត្រីនគរបាលយុត្តិធម៌ កំពុងបើកការស៊ើបអង្កេតនៅឡើយ ហើយការប្រើប្រាស់ពេលវេលាយូរប៉ុនណាទៀតនោះ គឺគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ លោកបញ្ជាក់ថា សំណុំរឿងនីមួយៗមិនចេះតែច្បោលៗបានឡើយ។ ម្យ៉ាងវិញទៀត សំណុំរឿងដែលខ្វះធាតុផ្សំ និងតម្រុយមិនគ្រប់ជ្រុងជ្រោយ ដូចករណីមួយនេះជាដើម វាពិតជាមានការពិបាកក្នុងការពន្លឿន នីតិវិធីនៃការស្រាវជ្រាវរកមុខជនល្មើសណាស់។
លោកបន្តថា៖ «ជំនាញគ្រប់ស្ថាប័ន គឺកំពុងតែសហការគ្នា ដើម្បីធ្វើការស្រាវជ្រាវលើករណីហ្នឹងហើយ។ ខ្ញុំធ្លាប់បញ្ជាក់ហើយថា ទាក់ទងករណីបទល្មើសអីមួយៗ យើងមិនអាចទៅប៉ាន់ស្មានបានទេព្រោះវាអាច គេហៅថាមានភាពងាយស្រួលវាអាស្រ័យលើភាពជាក់ស្តែង។ បទល្មើសហ្នឹងបើមានកាមេរ៉ាឬមានសាក្សីអីច្បាស់លាស់ ក៏កំណត់មុខសញ្ញាបទល្មើសលឿនទៅក៏ប៉ុន្តែកន្លែងមួយចំនួនការកំណត់មុខសញ្ញាវាពិបាកក្នុងការកំណត់មុខសញ្ញាក្នុងការស្រាវជ្រាវ»។
លោក នល់ពង្សពិរិទ្ធ អនុប្រធានគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ ត្រូវបានជនសង្ស័យមានគ្នា៦នាក់ អមដោយអ្នកបិទផ្លូវផង បានជិះម៉ូតូធ្វើសកម្មភាពប្រើហិង្សាប្រឆាំងរូបលោក បណ្ដាលឱ្យរងរបួសចំកញ្ចឹងក ស្មាខាងស្ដាំ សៀតផ្កាខាងស្ដាំ និងវាយពីក្រោយបណ្ដាលឱ្យបែកក្បាលដេរចំនួន១២ថ្នេរថែមទៀតផង។
គិតចាប់ពីថ្ងៃកើតហេតុ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែវិច្ឆិកានេះ មានរយៈពេលជាង៥ខែមកហើយ ដោយលោកអះអាងថា សមត្ថកិច្ចបានត្រឹមឆ្លើយដោះបន្ទុក ថារឿងក្តីមួយនេះកំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេតនៅឡើយ។
សម្រាប់លោក នល់ពង្សធិរិទ្ធ ការលបវាយប្រហារពីសំណាក់ជនមិនស្គាល់មុខនេះ វាមិនមែនជារឿងថ្មីទេសម្រាប់រូបលោក។ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ មានជនមិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់ហិង្សាមកលើរូបលោកបណ្ដាលឱ្យរង្គើធ្មេញមុខស្ទើរបាក់ធ្មេញចំនួន៥ ហើយវាយចំក្បាលម្តងរួចហើយដែរ នៅក្នុងខណ្ឌពោធិ៍សែនជ័យដូចគ្នា តែលោកមិនបានដាក់បណ្ដឹងភ្លាមៗដូចករណីលើកទីពីរនេះទេ។
អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ហៅភាពយឺតយ៉ាវក្នុងការដោះស្រាយដោយសមត្ថកិច្ចនគរបាលនេះថា វាជាការរើសអើងខាងនយោបាយ។ ជាអតីតកងការពារលោក សម រង្ស៊ី ផង លោក នល់ ពង្សធិរិទ្ធ បញ្ជាក់ថា តាមពិត សំណុំរឿងព្រហ្មទណ្ឌមួយនេះមានតម្រុយគ្រប់ជ្រុងជ្រោយ ដែលជួយបើកផ្លូវឱ្យសមត្ថកិច្ចងាយស្រួលក្នុងការស្រាវជ្រាវ។ ប៉ុន្តែលោកយល់ឃើញថា ភាពរាំងស្ទះនេះទំនងដោយសារតែវាជារឿងក្តីនយោបាយខាងគណបក្សក្រៅរដ្ឋាភិបាល ទើបសមត្ថកិច្ចមិនខ្នះខ្នែងក្នុងការស៊ើបអង្កេត។
លោកបន្តថា៖ «នេះជាគឺការឆកល្វែងមួយរបស់អាជ្ញាធរសមត្ថកិច្ចដែលចាត់ទុករឿងព្រហ្មទណ្ឌបទល្មើសជាក់ស្តែង ដែលមានទាំងឯកសារមានទាំងរូបភាពដែលមានភ្ជាប់ស្លាកលេខម៉ូតូថែមទៀតនៅតែមិនមានចំណាត់ការឱ្យបង!ប្រហែលជាគេយល់ឃើញថា មន្រ្តីបក្សប្រឆាំងហ្នឹងមិនបាច់ធ្វើការឬក៏មិនបាច់រកដំណោះស្រាយឱ្យ ឬក៏យ៉ាងណា»។
មេធាវីការពារក្តីឱ្យគណបក្សប្រឆាំង លោក សំសុគង់ ធ្លាប់បញ្ជាក់កាលពីខែកក្កដា ឆ្នាំ២០២២ ថាមានជនរងគ្រោះ និងសកម្មជនគាំទ្រគណបក្សក្រៅរដ្ឋាភិបាល ប្រមាណ៣០នាក់ហើយ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលបវាយប្រហារ។ អ្នកខ្លះក៏ត្រូវស្លាប់បាត់បង់ជីវិត ដូចយុវជន ស៊ិនខុន ជាដើម ហើយអ្នកផ្សេងទៀតមានរបួស និងពិការក៏មានដែរ។
បើតាមលោក សំសុគង់ អំពើហិង្សានេះកើតឡើងញឹកញាប់មកលើសកម្មជន និងអ្នកគាំទ្របក្សជំទាស់ ក្រោយពីគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំ មានកម្លាំងគាំទ្រប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជាដែរនោះ ត្រូវបានតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧។
ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំសំអាតយល់ឃើញថា សំណុំរឿងមួយនេះ វាហាក់ដូចគ្មានភាពស្មុគស្មាញអ្វីច្រើនទេ បើធៀបទៅនឹងសំណុំរឿងនៃបទឧក្រិដ្ឋ ដោយសារមានភស្តុតាងមួយចំនួនរួចមកហើយ។ ប៉ុន្តែអ្វីដែលជាមន្ទិលសង្ស័យ អ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះចាត់ទុកថា វាអាចទាក់ទងនឹងចេតនា និងឆន្ទៈក្នុងការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលច្រើនជាង។
បើតាមលោក អំ សំអាត ស្ថិតក្រោមហេតុផលនេះហើយ ដែលនគរបាលយុត្តិធម៌មិនដែលទទួលបានការសាទរពីក្រុមប្រឆាំង ក៏ព្រោះតែគេរកឃើញថា ការដោះស្រាយរបស់សមត្ថកិច្ច ហាក់មិនឈរលើគោលការណ៍យុត្តិធម៌និងតម្លាភាព។
លោកបន្តថា៖ «គ្រាន់តែការសង្កេតរបស់យើងមើលឃើញថា វាមិនបានល្អ! អ៊ីចឹងហើយបាននាំឱ្យមានការរិះគន់ថាមានការរើសអើងនិន្នាការគណបក្សនយោបាយអីជាដើមដោយសារតែកន្លងមកយើងឃើញហើយ អ្នកគាំទ្រគណបក្សប្រឆាំងឬក៏សកម្មជនគណបក្សប្រឆាំងមួយចំនួនដែលរងគ្រោះដោយអំពើហិង្សា ហាក់ដូចជារកជនអ្នកប្រព្រឹត្តហ្នឹងមិនឃើញហើយមានតិចណាស់ដែលត្រូវបានចាប់ខ្លួន»។
ទាក់ទងអំពើហិង្សាមកលើអ្នកគាំទ្របក្សជំទាស់នេះ កាលពីថ្ងៃទី១២ ខែតុលា អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ដែលជាបណ្តុំដោយអង្គការមិនមែនរដ្ឋាភិបាលទាំង២១ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយចាត់ទុកការប្រើប្រាស់ហិង្សានេះថា គឺជាគោលដៅនៃការវាយប្រហារ។
អ្នកដែលរងគ្រោះដោយអំពើហិង្សានេះ ស្ថាប័នមិនមែនរដ្ឋាភិបាលទាំងនោះរកឃើញថា ដោយសារតែពួកគេគ្រាន់តែមានទស្សនៈនយោបាយផ្ទុយគ្នា ហើយក៏ក្លាយជាកម្មវត្ថុនៃការកម្ទេច៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។