លោក យ៉ង សាំងកុមារ ទទួល​បាន​តំណែង​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម ក្រោយ​ចុះចូល​ជាមួយ​បក្សកាន់អំណាច

នយោបាយ ព័ត៌មានជាតិ
លោក ណាត សុភាព | ២៨ វិច្ឆិកា ២០២២ | ម៉ោង ១៧:១០
VOD

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបលោក យ៉ង សាំងកុមារ ពិភាក្សាអំពីការងារកសិកម្ម ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបលោក យ៉ង សាំងកុមារ ពិភាក្សាអំពីការងារកសិកម្ម ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)


មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានឱ្យដឹងថា ក្រសួងបានផ្ដល់តំណែងដល់បណ្ឌិត យ៉ង សាំងកុមារ ជារដ្ឋលេខាធិការ និងលោក ឡឹក សុធារ ជាអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម ក្រោយពេលពួកគេ​ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ការបង្ហើបពីតំណែងរបស់​លោក យ៉ង សាំងកុមារ និងលោក ឡឹក សុធារ នៅក្រសួងកសិកម្មនេះ ក្រោយពេលពួកគេបានជួបជជែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការងារកសិកម្ម នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា បន្ទាប់ពីទទួលបានសំណើសុំចុះចូលជាមួយគណបក្សកាន់អំណាច។ ​

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានផ្ញើសារតាមតេឡេក្រាមប្រាប់វីអូឌីនៅថ្ងៃចន្ទ ទី២៨ ​ខែវិច្ឆិកា ថា លោកបណ្ឌិត យ៉ង សាំងកុមារ ដែលជា​អតីតប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោក ឡឹក សុធារ ដែលជាអតីតអ្នកនាំពាក្យគណបក្សនេះ បាន​ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យឈានទៅមុខ។


ប្រភពដដែលបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ស្វាគមន៍ចំពោះអ្នកនយោបាយមកពីបក្សក្រៅរដ្ឋាភិបាលទាំងពីររូបនេះ ហើយចំពោះការទទួលខុសត្រូវរបស់លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ រដ្ឋមន្ដ្រីក្រសួងកសិកម្ម លោក ឌិត ទីណា លើកឡើងថា នឹងរៀបចំឱ្យសក្តិសម​ទៅតាមសមត្ថភាព និងសក្ដានុពលរបស់ពួកគេ​។

កញ្ញាបន្តថា បន្ទាប់ពីអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានទាំងពីររូបនេះចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺលោកបណ្ឌិត យ៉ង សាំងកុមារ បានទទួលតំណែងជារដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈលោក ឡឹក សុធារ ទទួលបានតំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងនេះផងដែរ។

ទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទ បានបញ្ជាក់ថា លោកទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា និងបណ្ឌិត យ៉ង សាំងកុមារ ព្រមទាំងលោក ឡឹក សុធារ លើការងារកសិកម្ម ខណៈ​អ្នកទាំងពីរ​ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

វីអូឌី បានព្យាយាមសុំការឆ្លើយតបពីអតីតប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ និងអតីតអ្នកនាំពាក្យគណបក្សនេះ លោក ឡឹក ​សុធារ ប៉ុន្តែទូរសព្ទចូល គ្មានអ្នកទទួល។

យ៉ាងណា ទំព័រហ្វេសប៊ុករបស់លោក យ៉ង សាំងកុមារ បានបង្ហោះនៅថ្ងៃទី២៨ ខែវិច្ឆិកា អមដោយរូបភាពជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនោះ បានសរសេរថា លោក និង​​រដ្ឋមន្រ្តីក្រសួងកសិកម្ម​ បានជួបជាមួយ​នាយករដ្ឋមន្រ្តី ​ដោយភាគីទាំងអស់​អាចធ្វើការជាមួយគ្នាបាន។

លោកបន្តថា ការជួបពិភាក្សាអស់រយៈពេលប្រមាណ២ម៉ោង ក្នុងបរិយាកាសល្អ អំពីស្ថានភាពកសិកម្ម ទុក្ខលំបាករបស់កសិករ ទស្សនវិស័យ និងវិធានការកែលម្អ ជាពិសេសផ្តោតលើវិស័យស្រូវអង្ករ និងវិស័យពាក់ព័ន្ធផ្សេងទៀត។

ហ្វេសប៊ុក យ៉ង សាំងកុមារ សរសេរថា៖ «ជាទូទៅ យើងមានទស្សនវិស័យដូចគ្នា ទាក់ទងនឹងបញ្ហាប្រឈមនិងដំណោះស្រាយក្នុងវិស័យកសិកម្មនៅកម្ពុជា ហើយយើងអាចធ្វើការជាមួយគ្នាបាន»

ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ មានប្រសាសន៍ថា ការផ្តល់តួនាទីដល់បណ្ឌិត យ៉ង សាំងកុមារ ជារដ្ឋលេខាធិការ និងលោក ឡឹក សុធារ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម ​ជាផ្នែកមួយជួយដល់វិស័យកសិកម្មនៅកម្ពុជា។

ប៉ុន្តែលោកថា ដើម្បីឱ្យវិស័យកសិកម្មនៅកម្ពុជាទទួលបានផ្លែផ្កា និងបានប្រយោជន៍ដល់ប្រជាកសិករពិតប្រាកដនោះ លុះត្រាតែរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ និងផ្តល់សិទ្ធិពេញលេញដល់រដ្ឋមន្ត្រីក្រសួងកសិកម្មក្នុងការបំពេញតួនាទីរបស់ខ្លួន។

លោកមានប្រសាសន៍ថា៖ «បើមានការប្តេជ្ញាចិត្តរឹងមាំ ហើយនិងគាំទ្រពេញទំហឹង ហើយផ្តល់ការគាំទ្រ ផ្តល់ដាវអាជ្ញាសឹកដល់រដ្ឋមន្ត្រី ហើយលោកបណ្ឌិត យ៉ង សាំងកុមារ ខ្ញុំគិតថា វាអាចទៅរួច បើសិនជាសិទ្ធិអំណាច ដែលត្រូវបានផ្ទេរ ដោយប្រកាសជាលក្ខណៈ គឺត្រូវវះកាត់មន្ត្រី ដែលរួមគំនិតនៅក្នុងការមិនធ្វើឱ្យវិស័យកសិកម្មមិនលូតលាស់ ឬមានទំនាក់ទំនងជាមួយឈ្មួញកណ្តាលទុច្ចរិត ឬក៏មានការគប់គិតណាមួយជាប្រព័ន្ធ នៅក្នុងការធ្វើឱ្យវិស័យកសិកម្មជាប់គាំ នៅក្នុងដំណើរការណាមួយដែលធ្វើឱ្យរាំងស្ទះទៅដល់ស្ថាប័នក្រសួងកសិកម្មទាំងមូល»។

បណ្ឌិត  យ៉ង សាំងកុមារ មានស្រុកកំណើតនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ និងបានបញ្ចប់សញ្ញាបត្របណ្ឌិតផ្នែកអភិវឌ្ឍន៍កសិកម្មនៅឆ្នាំ១៩៩៥។

បើតាមការចុះផ្សាយរបស់សារព័ត៌មានកម្ពុជាថ្មីនៅថ្ងៃទី២៨ ខែវិច្ឆិកា ឱ្យដឹងថា ក្រោយរៀនចប់នៅអាល្លឺម៉ង់លោក យ៉ង សាំងកុមារ បានត្រឡប់មកកម្ពុជាវិញ ហើយបានចាប់ផ្ដើមចូលបម្រើការងារនៅអង្គការក្រៅរដ្ឋាភិបាលចំនួនពីរ និងធ្វើជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មផងដែរ។ នៅឆ្នាំ១៩៩៧ លោក បានសហការជាមួយស្ថាបនិកចំនួន ៦រូបផ្សេងទៀត ដើម្បីបង្កើតមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលហៅកាត់ថា អង្គការសេដាក។

នៅឆ្នាំ២០១៥ លោក យ៉ង សាំងកុមារ បានលាឈប់ពីប្រធានអង្គការសេដាក ហើយបានចូលប្រឡូកឆាកនយោបាយ តាមរយៈការចូលរួមបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាមួយលោកបណ្ឌិត កែម ឡី ព្រមទាំងអតីតមន្ត្រីអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត ដោយលោកមានតួនាទីជាប្រធានគណៈកម្មាធិការនាយកគណបក្សក្រៅរដ្ឋាភិបាលមួយនេះ។

ចំណែក លោក ឡឹក សុធារ មានតួនាទីជាអគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតមកពីប្រទេសបារាំង និងមានបទពិសោធន៍បម្រើការងារនៅអង្គការជាតិនិងអន្តរជាតិមួយចំនួនផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles