សមាជិក​សភា​ជាន់ខ្ពស់​អូស្ត្រាលី ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព​កញ្ញា ​ឈឹម ស៊ីថរ

ដោយ ថា ថៃ
2022.11.28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិក​សភា​ជាន់ខ្ពស់​អូស្ត្រាលី ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព​កញ្ញា ​ឈឹម ស៊ីថរ ​

លោក ជូលៀន ហ៊ីល (Julian Hill) តំណាងរាស្ត្រ​អូស្ត្រាលី​។ រូប៖ ហ្វេសប៊ុក Julian Hill


សមាជិក​សភា​ជាន់ខ្ពស់​អូស្ត្រាលី​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ជួយ​អន្ត រាគមន៍​ទៅ​រដ្ឋាភិបាល​លោក ​ហ៊ុន សែន ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព ​ប្រចាំ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga world) កញ្ញា ឈឹម ស៊ីថរ ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ មន្ត្រី​សហជីព ​យល់ថា​ រដ្ឋាភិបាល ​គួរតែ​ប្រគល់​សេរីភាព​ជូន​ កញ្ញា ឈឹម ស៊ីថរ ​ឡើងវិញ ​ព្រោះ​ការ​ចាប់​ឃុំ​ខ្លួន​​ស្ត្រី​សហជីព​វ័យ​ក្មេង​នេះ គ្មាន​ផល​ចំណេញ​អ្វី​ឡើយ ប៉ុន្តែ​កាន់តែ​ធ្វើឲ្យ​រដ្ឋាភិបាល​ ទទួល​រង​នូវ​ការរិះគន់​និង​ភាព​អាម៉ាស់​ថែម​ទៀត។

សមាជិក​សភា​សហព័ន្ធ​មកពី​គណបក្ស​ពលករ​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល ​បាន ចេញ​សេចក្តី​ថ្លែងការណ៍​ពី​ក្នុង​សភា​សហព័ន្ធ​ នៅ​ទី​កុ្រង​កង់បេរ៉ា (Canberra) នៃ​ប្រទេស​អូស្ត្រាលី ​(Australia) នៅ​រសៀល​ថ្ងៃទី២៨​ ខែ​វិច្ឆិកា ​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ខ្លួន​ស្ត្រី​មេដឹកនាំ​សហជីព​ប្រចាំ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ (Naga world)។​

តំណាងរាស្ត្រ​អូស្ត្រាលី​លោក ជូលៀន ហ៊ីល (Julian Hill) បាន​ថ្លែង​ថា លោក ​ទើប តែ​បាន​ជួប​ទទួល​ទាន​កាហ្វេ​ជាមួយ​កញ្ញា​ ឈឹម ស៊ីថរ ​កាលពី​មួយ​សប្តាហ៍​មុន​ពេល​ដែល​នាង​មក​ចូលរួម​កិច្ចប្រជុំ​​សហភាព​សហជីព​អន្តរជាតិ​ នៅ​ក្នុង​ទីក្រុង​ម៉ែល​ប៊ន (Melbourne) ប៉ុន្តែ​នាង ​បែរជា​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន ​ក្នុង​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​ក្រោយ​​វិលត្រឡប់​ទៅ​កម្ពុជា​វិញ។ លោក ជូលៀន ហ៊ីល ​ចាត់ទុកថា ​នេះ​គឺជា​រឿង​ដែល​ហួសចិត្ត និង​ជា​ឧបទ្ទវហេតុ​ថ្មី​មួយទៀត​នៃ​របប​ជើងកាង​ លោក ហ៊ុន សែន ក្នុង​ការ​វាយប្រហារ​លើ​មេដឹកនាំ​សហជីព​ដោយ សារ​តែ​ការ​បំពេញ​ការងារ​របស់​ពួកគេ។ លោក សង្កត់​ធ្ងន់​ថា កញ្ញា ឈឹម ស៊ីថរ គួរតែ​ត្រូវ​បាន​ដោះលែង​ជាបន្ទាន់ ​ហើយ​វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ គួរតែ​ត្រូវ​បាន​ដោះស្រាយ​ដោយ​សម​រម្យ។ សមាជិកសភា​អូស្ត្រាលី​ជាន់ខ្ពស់​រូប​នេះ បន្ថែម​ថា ​រដ្ឋាភិបាល​អូស្ត្រាលី ត្រូវតែ​ក្រោកឈរ​ឡើង​ជានិច្ច ​ដើម្បី​សន្តិភាព ​សិទ្ធិមនុស្ស ​និង​លទ្ធិប្រជាធិបតេយ្យ៖

«ខ្ញុំ​ពិត​ជា​រន្ធត់​ចិត្ត ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​ស្ត្រី​មេដឹកនាំ​សហជីព​វ័យក្មេង ​កញ្ញា ឈឹម ស៊ីថរ ដែល​រូបលោក​ទើបតែ​បាន​ញាំ​កាហ្វេ​ជាមួយ​នាង ​កាលពី ៨ថ្ងៃមុន ក្នុង​ទីក្រុង​ម៉ែលប៊ន។ នាង​ត្រូវ​បាន​ចាប់ខ្លួន​ក្រោយ​ចុះ​ពី​យន្តហោះ ​ពេល​វិល​ត្រឡប់​ទៅ​ដល់​កម្ពុជាវិញ​ អំពី​បទថា​ នាង​បាន​បំពាន​បម្រាម​តុលាការ ​ដែល​ហាម​ចេញ​ក្រៅ​ប្រទេស។ ការ​ចោទ​ប្រកាន់នេះ វា​មិន​សមហេតុ​ផល​ទាល់​តែ​សោះ ព្រោះ​នាង​មិន​បាន​ដឹង​អំពី​លក្ខខណ្ឌ​នេះ​ឡើយ។ តាមពិត​ កញ្ញា ឈឹម ស៊ីថរ ​គឺជា​មេដឹកនាំ​សហជីព បាន​ក្លាយ​​ជា​គោលដៅ​នៃ​ការ​បៀត​បឿន​ជាង ​២ឆ្នាំ​មកហើយ។ នាង​ត្រូវ​បាន​ចាប់ខ្លួន​ម្តង​ហើយ​ដោយ​សារ​ក្រោក​ឈរ​ការពារ​សិទ្ធិ​បុគ្គលិក​រាប់ពាន់​នាក់ ​នៅក្នុង​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ ដែល​ម្ចាស់​ គឺជា​មហាសេដ្ឋី​ជនជាតិ​ម៉ាឡេស៊ី ដោយ​គ្រាន់តែ​ស្នើ​សុំឱ្យ​ទូទាត់​ប្រាក់​ដំណាច់​ត្រឹមត្រូវ ​និង​សុំ​ចូល​ធ្វើការ​វិញ ​សម្រាប់​អ្នក ដែល​ចង់​នៅ​ធ្វើការ។ ស៊ីថរ បាន​មក​ប្រទេស​អូស្ត្រាលី ក្នុង​នាម​ជា​ប្រតិភូ​ចូលរួម​សន្និបាត​សហជីព​អន្តរជាតិ​នៅ​ទី​ក្រុង​មែលប៊ន។ នៅទី​ក្រុង​មែលប៊ន នាង​មិនបាន​និយាយ​អំពី​គម្រោង​ផ្ដួល​រំលំ​របប​លោក ហ៊ុន សែន ឬ​មូលធន​និយម ​អំពើ​ពុករលួយ​នៅ​កម្ពុជា​ទេ ស៊ីថរ ​គ្រាន់តែ​និយាយ​ចែករំលែក​បញ្ហា​ប្រឈម​របស់​សហជីព​ជាមួយ​តំណាង​សហជីព​ផ្សេងៗ នៅ​ទូទាំង​ពិភពលោក។ ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ​ជាបន្ទាន់ ​ហើយ​ខាង​ក្រុមហ៊ុន​កាស៊ីណូ គប្បី​ប្រព្រឹត្ត​ឱ្យ​បាន​សមរម្យ និង​បញ្ចប់​វិវាទ​ការងារ ដែល​គួរ​ឱ្យ​អស់​សំណើច​នេះ។ ខ្ញុំ​ស្នើ​សុំ​ទៅ​រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី ឱ្យ​ធ្វើអ្វី​មួយ ​ដើម្បី​លើក​អំពី​បញ្ហា​នៅ​កម្ពុជា​នេះ​ឡើង»

ក្រៅពី​លោក ​ជូលៀន ​ហ៊ីល ​នេះ ​តំណាង​សហគមន៍​ខ្មែរ​នៅ​ប្រទស​អូស្ត្រាលី ​រួម​ទាំង​តំណាង​រាស្ត្រ​រដ្ឋ​វិច​តូរីយ៉ា​ដែល​មាន​កំណើត​ខ្មែរ ​គឺ​លោក តាក់ ម៉េងហ៊ាង ​ក៏​រន្ធត់ចិត្ត​​ និង​ហួស​ចិត្ត​ចំពោះ​​ការ​ចាប់​ខ្លួន​កញ្ញា​ឈឹម ស៊ីថរ ​នេះ​ដែរ​ ដោយសារ​ពួកគាត់ ​សុទ្ធតែ​បាន​ជួប​ស្វាគមន៍​មេដឹកនាំ​សហជីព​រូប​នេះ​។ ពួកគាត់ ​គ្រោង​នឹង​ធ្វើ​ពិធី​ជួបជុំគ្នា​នៅពេល​ខាងមុខ​នេះ​ ដើម្បី​ទាមទារ​យុត្តិធម៌​ដល់ កញ្ញា ​ឈឹម ស៊ីថរ។

ទាក់ទង​ករណីនេះ ​វិទ្យុ​អាស៊ីសេរី ​មិនអាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​អង្គភាព​អ្នក នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច ​លោក សុខ ឥសាន បានទេ ​នៅថ្ងៃទី២៨ ​ខែវិច្ឆិកា​ដោយសារ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។​​

ប្រធាន​សហភាព​ការងារ​កម្ពុជា ​លោក អាត់ ធន់ ​លើក​ឡើង​ថា ​ការ​ចេញ​សេចក្តី ថ្លែង​ការណ៍​របស់​សមាជិកសភា​អូស្ត្រាលី ​គឺជា​ការ​រួមចំណែក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ​ឡើងវិញ។ លោក បន្ត​ថា ​ករណីនេះ​ គឺជា វិវាទ​ការងារ ​ដែល​មិន​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើបាប​លើ​មេដឹកនាំ​សហជីព​ម្តង​ជា​ពីរ​ដង​នោះ​ទេ ​ព្រោះ​ទង្វើ​បែបនេះ​ គ្មាន​ផល​ចំណេញ​អ្វី​ដល់​មុខមាត់​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ​ ។ផ្ទុយទៅវិញ​ គឺ​មានតែ​ការ​រិះគន់​ជា​បន្តបន្ទាប់​ប៉ុណ្ណោះ៖ 

«ជា​រួម​ខ្ញុំ​ថា​ មិន​គួរ​ចាប់ខ្លួន​គាត់ទេ ​បើសិន​មិន​មាន កំណត់​ច្បាស់​លាស់​ថា មិន​ឲ្យ​ចេញ ហើយ​បើ​សិន​ជា​ច្បាស់​លាស់ ក៏​គាត់​មិន ហ៊ាន​ចេញ​ដែរ ។រឿង​មួយ​ទៀត​ ខ្ញុំ​យល់​ថា ករណីនេះ​ គឺជា​ករណី​វិវាទ​ការងារ​រ៉ាំរ៉ៃ គួរ​តែ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ចិត្ត​ទុក​ដាក់ ព្រោះ​មានការ​គិតគូរ​ពី​អង្គការ​អាយលូ​ (ILO ) សហជីព​អន្តរជាតិ ​អំពី​ទូត​ជាច្រើន​ដូចជា​ទូត​អាមេរិក និង​អូស្រ្តាលី​ជាដើម។ រដ្ឋាភិបាល​កម្ពុជា​ គួរតែ​ដោះស្រាយ​រឿង​នេះ​ឲ្យ​បាន​ល្អ​ហើយ​មាន​យុត្តិធម៌​សម្រាប់ កម្មករ ​ក៏​ដូច​ជា​ភាគី​ពាក់ព័ន្ធ​ដើម្បី​បង្ហាញ​ដល់​កម្មករ​ ប្រជាពលរដ្ឋ ​ក៏​ដូចជា​អន្តរជាតិ ​គេ​យល់​ឃើញ​ថា​ វា​ត្រឹមត្រូវ​ផង ​ទើប​ជា​រឿង​ល្អ»

កញ្ញា​ ឈឹម ស៊ីថរ ​មាន​រូបរាង​តូច​ល្អិត សម្បុរ​ស ជា​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World)​។ អាជ្ញាធរ​ក្រុងភ្នំពេញ ​បាន​ចាប់ខ្លួន​​ស្ត្រី​មេដឹកនាំ​សហជីព​រូប​នេះ​ឡើងវិញ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៦ ខែវិច្ឆិកា​​ នៅ​លាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ ក្រោយ​កញ្ញា​វិលត្រឡប់​ពី​ចូលរួម​កិច្ចប្រជុំ​នៅ​ប្រទេស​អូស្ត្រាលី ។តុលាការ​ ចោទ​ប្រកាន់​ថា ​កញ្ញា ឈឹម ស៊ីថរ មិន​គោរព​តាម​លក្ខខណ្ឌ​របស់​តុលាការ​ដែល​ហាម​ចេញ​ក្រៅ​ប្រទេស ​ក្រោយ​ពេល​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​កាលពី​ខែមីនា​កន្លងមក។ប៉ុន្តែ​កញ្ញា ​ឈឹម ស៊ីថរ ​ប្រាប់​មេធាវី​ថា ​នាង​មិន​ដែល​បាន​ដឹង​អំពី​លក្ខខណ្ឌ​របស់​តុលាការ​នេះ​ទេ ហើយ​មុន​ពេល​ចាក​ចេញ​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​នេះ ​​សមត្ថកិច្ច​ដែល​ត្រួតពិនិត្យ​ឯកសារ​ឆ្លងដែន ក៏​មិន​បាន​ហាមឃាត់​កញ្ញា​ដែរ​។ ក្រុម​កូដករ​ណាហ្គាវើលដ៍ និង​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ ចាត់ទុកថា​ ការ​ចាប់​ឃុំ​ខ្លួន​កញ្ញា ​ឈឹម ស៊ីថរ ​ជា​លើកទី២ គឺ​ជា​ការ​គំរាមកំហែង​និង​ដាក់​សម្ពាធ​ឲ្យ​ក្រុម​កូដករ​បញ្ឈប់​កូដកម្ម​ទាមទារ​ដំណោះ ស្រាយ​វិវាទ​ការងារ។

ណាហ្គា វើលដ៍ ជា​ក្រុមហ៊ុន​ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​លំដាប់​ពិភពលោក ដែល​រក​ប្រាក់​ចំណេញ​បាន​ច្រើន​បំផុត​។ ម្ចាស់​ក្រុមហ៊ុន​បនល្បែង​ដ៏​ធំ​កណ្តាល​ទីក្រុងភ្នំពេញ​មួយ​នេះ​ គឺ​ជា​មហាសេដ្ឋី​ជនជាតិ​ម៉ាឡេស៊ី​ ឈ្មោះ ​តាន់​ ស្រ៊ី។ នៅ​ក្នុង​សារ​ឆ្លើយឆ្លង​ជា​អក្សរ​តាម​ទូរស័ព្ទ ​ដែល​បែកធ្លាយ​កាលពី​ឆ្នាំ​២០១៧ ​បង្ហាញថា ម្ចាស់​កាស៊ីណូ​ណា​ហ្គា​រូប​នេះ​ មាន​ទំនាក់ទំនង​ជាមួយ​ភរិយា និង​កូន​ៗ​ទាំង​៤នាក់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួមមាន លោក ​ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត ​លោក ហ៊ុន ម៉ានី និង​អ្នកស្រី ហ៊ុន ម៉ាណា។

អ្នកឃ្លាំមើល ​យល់ថា​ ទំនងជា​ដោយសារ​ទំនាក់​ទំនង​និង​មាន​​ផលប្រយោជន៍​រួមគ្នា​​ ទើប​រដ្ឋាភិបាល​លោក ហ៊ុន សែន ចេញ​មុខ​ការពារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ហើយ មិន​ញញើត​ក្នុង​ធ្វើទុក្ខ​បុក​ម្នេញ​គ្រប់​បែបយ៉ាង​លើ​ថ្នាក់ដឹកនាំ​សហជីព ​និង​ក្រុម​កូដករ​ជា​ស្ត្រី ​ក្នុង​ពេល​ពួកគេ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ស្រប​តាម​ច្បាប់​ដើម្បី​ទាមទារ​ដំណោះ​ស្រាយ​វិវាទ​ការងារ​ជិត​១​ឆ្នាំ​មកនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សមាជិក​សភា​ជាន់ខ្ពស់​អូស្ត្រាលី ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព​កញ្ញា ​ឈឹម ស៊ីថរ"

  1. Anonymous says:

    HUN SEN said I’m following Democracy but do not tell me what to do in my country . please remembers every thing have to be order from that evil monster no one can past him . we Cambodian knew that ugly evil monster will not care any request from international community