សមាជិកសភាជាន់ខ្ពស់អូស្ត្រាលីទាមទារឱ្យកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់

តុលាការ និងច្បាប់ ព័ត៌មានជាតិ
លោក សូត សុខប្រាថ្នា |២៩ វិច្ឆិកា ២០២២ | ម៉ោង ១៦:៤៣
VOD

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)



សមាជិក​សភា​ជាន់ខ្ពស់​អូស្ត្រាលី​មក​ពី​គណបក្ស​ពលករ​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល ទាមទារ​​ឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង​ប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ (Naga world) កញ្ញា ឈឹម ស៊ីថរ ​ជាបន្ទាន់ ហើយក្រុមហ៊ុនល្បែងមួយនេះក៏គួរដោះស្រាយបញ្ចប់វិវាទការងារដែលបានអូសបន្លាយជាង១ឆ្នាំមកនេះឱ្យបានត្រឹមត្រូវ​។

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ​កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់នៅព្រលានអន្តរជាតិភ្នំពេញ និងបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃសភ្លាមៗជាលើកទី២ ក្រោយពេលកញ្ញាបានធ្វើដំណើរត្រលប់មកពីប្រជុំនៅ​ប្រទេសអូស្ត្រាលីវិញ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា​។

ក្នុង​សេចក្តី​ថ្លែងការណ៍ដែលអានផ្ទាល់មាត់ពី​ក្នុង​សភា​សហព័ន្ធ​នៅ​ទី​កុ្រង​កង់បេរ៉ា (Canberra) នៃ​ប្រទេស​អូស្ត្រាលី​ (Australia) នៅ​រសៀល​ថ្ងៃទី២៨​ ខែ​វិច្ឆិកា តំណាងរាស្ត្រ​អូស្ត្រាលី​​ លោក ជូលៀន ហ៊ីល (Julian Hill) បាន​ថ្លែង​ថា ​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ខ្លួន​ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ​កញ្ញា ឈឹម ស៊ីថរ គឺជារឿងមិនសមហេតុផល។​


លោកអះអាងថា គាត់​ទើបតែ​បាន​ជួប​ទទួល​ទាន​កាហ្វេ​ជាមួយ​កញ្ញា​ ឈឹម ស៊ីថរ ​កាលពី​មួយ​សប្ដាហ៍​មុន ​នៅពេល​ដែល​កញ្ញាមក​ចូលរួម​កិច្ចប្រជុំ​​សហភាព​សហជីព​អន្តរជាតិ​ នៅ​ក្នុង​ទីក្រុង​ម៉ែល​ប៊ន (Melbourne) ប៉ុន្តែ​បែរជា​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន ក្រោយ​​វិលត្រលប់​ទៅ​កម្ពុជា​វិញ ពាក់ព័ន្ធករណីចោទថា «ល្មើសបម្រាមរបស់តុលាការ»

លោក ជូលៀន ហ៊ីល ​មានការភ្ញាក់ផ្អើលចំពោះការចាប់ខ្លួននិងការចោទប្រកាន់នេះ ខណៈលក្ខខណ្ឌ​របស់តុលាការនោះ តុលាការក៏មិនបានប្រាប់កញ្ញាឱ្យបានដឹងមុនមកនោះឡើយ។ សមាជិកសភាជាន់ខ្ពស់អូស្ត្រាលីរូបនេះចាត់ទុកការចោទប្រកាន់កញ្ញា ស៊ីថរ ពាក់ព័ន្ធរឿងល្មើសបម្រាមតុលាការនោះ ជារឿងមិនសមហេតុផល​ឡើយ។

លោក ជូលៀន ហ៊ីល លើកឡើងថា៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជាឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ​ជាបន្ទាន់! ​ហើយ​ខាង​ក្រុមហ៊ុន​កាស៊ីណូ គប្បី​ប្រព្រឹត្ត​ឱ្យ​បាន​សមរម្យ និង​បញ្ចប់​វិវាទ​ការងារដែល​គួរ​ឱ្យ​អស់​សំណើច​នេះ។ ខ្ញុំ​ស្នើ​សុំ​ទៅ​រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលីឱ្យ​ធ្វើអ្វី​មួយ ​ដើម្បី​លើក​អំពី​បញ្ហា​នៅ​កម្ពុជា​នេះ​ឡើង»។

​មន្ត្រីជាន់ខ្ពស់អូស្ត្រាលីដដែល និយាយថា មិនខុសគ្នាពីថ្នាក់ដឹកនាំសហជីពដទៃទៀតទេ កញ្ញា ឈឹម ស៊ីថរ បានរងការគំរាមកំហែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយការចាប់ខ្លួនកញ្ញាដាក់ពន្ធនាគារ ដោយសារគាត់បានក្រោកឈរឡើងដើម្បីការពារ​សិទ្ធិបុគ្គលិកនិយោជិតប្រមាណ១ ៣០០នាក់ដែលត្រូវបាន​ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍បញ្ឈប់ដោយខុសច្បាប់។

ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ លើកទីមួយ ធ្វើឡើងកាលពីខែមករា ឆ្នាំ២០២២ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយកញ្ញាចូលរួមជាមួយកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ តវ៉ាទាមទារសិទ្ធិការងារ​ បន្ទាប់ពីក្រុមហ៊ុន​បញ្ឈប់បុគ្គលិកជាង១ ៣០០នាក់ ហើយប្រមាណ៨០០នាក់ជាថ្នាក់ដឹកនាំ និងសមាជិកសហជីព។ ​កញ្ញា ស៊ីថរ ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំវិញនៅខែមីនា ហើយត្រូវបានអាជ្ញាធរចាប់ខ្លួនជាថ្មីទៀតនៅថ្ងៃទី២៦ ខែវិច្ឆិកានេះ ក្រោមហេតុផលថា កញ្ញាបានរំលោភនឹងលក្ខខណ្ឌដែលហាមកញ្ញាចេញក្រៅប្រទេស។

ក្នុងដីកាបង្គាប់ឱ្យចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាលើកទី២ ចេញដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ជនត្រូវចោទរូបនេះត្រូវបានតុលាការដាក់កាតព្វកិច្ចឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ចុះកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។ កាតព្វកិច្ចតាមផ្លូវតុលាការ ក្នុងចំណុច(ខ) បានកំណត់ថា ជនត្រូវចោទ កញ្ញា ស៊ីថរ មិនអាចចេញក្រៅប្រទេស ដោយគ្មានការអនុញ្ញាតពីតុលាការឡើយ។

ដីកាបង្គាប់ឱ្យចាប់ខ្លួនដដែល បន្តថា បើតាមរបាយការណ៍របស់ការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ថា កញ្ញា ស៊ីថរ បានល្មើសបម្រាមរបស់តុលាការត្រង់ចំណុច (ខ) ដោយបានលួចចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា។

ដីកាបង្គាប់ឱ្យចាប់ខ្លួនបន្តថា៖ «ជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ បានចាកចេញក្រៅដែននៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរតុលាការ។ ដូច្នេះសបញ្ជាក់ឱ្យឃើញថា ជនត្រូវចោទរូបនេះមានចេតនាគេចវេះពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ»។

បន្ថែមពីនេះ ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែវិច្ឆិកា​ បានអះអាងថា ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាថ្មីទៀតនេះ ដោយសារកញ្ញាបានចាកចេញពីកម្ពុជាដោយគ្មានការអនុញ្ញាតពីចៅក្រោមស៊ើបសួរ ដែលអំពើនេះជាការបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ។

សេចក្តីថ្លែងការណ៍​បន្តថា ចំពោះការលើកឡើងថា ជនត្រូវចោទមិនទទួលបានដំណឹងពីដីកាសម្រេចក្នុងការដាក់ឱ្យជនត្រូវ​ចោទ កញ្ញា ឈឹម ស៊ីថរ ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនោះ គឺបង្ហាញយ៉ាងច្បាស់ពីចេតនាមិនទទួលខុសត្រូវចំពោះមុខច្បាប់។

ប្រភពដដែលបន្តថា ក្នុងករណីនេះ នៅពេលចៅក្រមស៊ើបសួរសម្រេចដោះលែងជនត្រូវចោទឱ្យនៅក្រៅឃុំបណ្តោះអាសន្ននោះ ចៅក្រមស៊ើបសួរប្រើប្រាស់វិធានការជំនួសមកវិញនូវដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលដីកាសម្រេចនេះជនត្រូវចោទត្រូវតែគោរពតាម និងអនុវត្តឱ្យបានម៉ឹងម៉ាត់។

ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក្រុមអង្គការសង្គមស៊ីវិលជិត៧០ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយទាមទារទៅរដ្ឋាភិបាលឱ្យដោះលែងប្រធានសហជីពប្រចាំក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ហើយបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំភិតបំភ័យប្រធាននិងសមាជិកសហជីពតទៅទៀត។

សេចក្តីថ្លែងការណ៍​លើកឡើងថា ទាំងកញ្ញា ស៊ីថរ និងមេធាវីការពារក្តី គឺសុទ្ធតែមិនបានទទួលការជូនដំណឹងអំពីលក្ខខណ្ឌក្នុងការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននោះទេ។ បន្ថែមពីនេះ មេធាវីរបស់កញ្ញាបានដាក់ពាក្យស្នើសុំថតសំណុំរឿងរបស់កញ្ញានៅតុលាការ ដែលក្នុងនោះមានទាំងឯកសារលក្ខខណ្ឌនៃការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ននានា ប៉ុន្តែតុលាការមិនអនុញ្ញាតឱ្យថតឯកសារសំណុំរឿងនោះឡើយ។ ​ក្រុមអង្គការសង្គមស៊ីវិលចាត់ទុកករណីនេះថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីថ្លែងការណ៍បន្ថែមថា កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍អនុញ្ញាតឱ្យចាកចេញពីកម្ពុជាទៅចូលរួមកិច្ចប្រជុំនៅ​ប្រទេសអូស្ត្រាលី ប៉ុន្តែបែរជាចាប់ខ្លួនពេលត្រលប់ចូលកម្ពុជាវិញ។

ក្រុមអង្គការសង្គមស៊ីវិលបន្តថា ប្រសិនសមត្ថកិច្ចទាំងនោះចង់ឱ្យកញ្ញា ស៊ីថរ​ គោរពនូវលក្ខខណ្ឌនៃការដោះលែងបណ្តោះអាសន្ននោះ សមត្ថកិច្ចគួរតែជូនដំណឹងអំពីលក្ខខណ្ឌទាំងនោះឱ្យសាម៉ីខ្លួនបានដឹងជាមុន។ ពួកគេនិយាយទៀតថា ការដាក់ទោសពលរដ្ឋដោយសារការខកខានក្នុងការអនុវត្តនូវលក្ខខណ្ឌដែលមិនបានប្រាប់ឱ្យដឹងជាមុន គឺជាភាពអយុត្តិធម៌បំផុត ហើយល្មើសទៅនឹងគោលការណ៍ជាមូលដ្ឋាននៃនីតិរដ្ឋ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles