សមាជិក​សភា​ជាន់​ខ្ពស់​អូស្ត្រាលី ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​មេ​ដឹក​នាំ​សហ​ជីព កញ្ញា ឈឹម ស៊ីថរ

ដោយ ថា ថៃ
2022.11.28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិក​សភា​ជាន់​ខ្ពស់​អូស្ត្រាលី ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​មេ​ដឹក​នាំ​សហ​ជីព កញ្ញា ឈឹម ស៊ីថរ

លោក តាក់ ម៉េងហ៊ាង កំពុង​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​អូស្ត្រាលី​នៅ​ថ្ងៃ​ទី​២៦ខែ​វិច្ឆិកា ឆ្នាំ២០២២ រូប៖ ពលរដ្ឋ


សមាជិក​សភា​ជាន់​ខ្ពស់​អូស្ត្រាលី ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​មេ​ដឹក​នាំ​សហជីព ប្រចាំ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga worldកញ្ញា ឈឹម ស៊ីថរ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ជា​បន្ទាន់។ មន្ត្រី​សហជីព យល់​ថា រដ្ឋាភិបាល គួរ​តែ​ប្រគល់​សេរីភាព​ជូន កញ្ញា ឈឹម ស៊ីថរ ឡើង​វិញ ព្រោះ​ការ​ចាប់​ឃុំ​ខ្លួន​ស្ត្រី​មេ​ដឹក​នាំ​សហជីព​វ័យ​ក្មេង​នេះ ​គ្មាន​ផល​ចំណេញ​អ្វី​ឡើយ ប៉ុន្តែ​កាន់​តែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល ទទួល​រង​នូវ​ការ​រិះ​គន់​និង​ភាព​អាម៉ាស់​ថែម​ទៀត។

សមាជិក​សភា​សហព័ន្ធ​មក​ពី​គណបក្ស​ពលករ​ដែល​កំពុង​ដឹក​នាំ​រដ្ឋាភិបាល បាន ចេញ​ថ្លែង​ការណ៍​ពី​ក្នុង​សភាសហព័ន្ធ នៅ​ទី​ក្រុង​កង់​បេរ៉ា (Canberra) ប្រទេស​អូស្ត្រាលី (Australia) នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ខ្លួន​ស្ត្រី​មេ​ដឹក​នាំ​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga world) ។ តំណាង​រាស្ត្រ​អូស្ត្រាលី​លោក ជូលៀន ហ៊ីល (Julian Hill) បាន​ថ្លែង​ថា លោក ទើប​តែ​បាន​ជួប​ទទួល​ទាន​កាហ្វេ​ជា​មួយកញ្ញា ឈឹម ស៊ីថរ កាល​ពី​មួយ​សប្តាហ៍​មុន​ពេល​ដែល​នាង​មក​ចូល​រួម​កិច្ច​ប្រជុំ​សហភាព​សហជីព​អន្តរជាតិ នៅ​ក្នុង​ទីក្រុង​ម៉ែលប៊ន (Melbourne) ប៉ុន្តែ​នាង បែរ​ជា​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន ក្នុង​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ក្រោយ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ។ លោក ជូលៀន ហ៊ីល ចាត់ទុកថា នេះ​គឺ​ជា​រឿង​ដែល​ហួស​ចិត្ត និង​ជា​ឧបទ្ទវ​ហេតុ​ថ្មី​មួយ​ទៀត​របស់​របប​ជើង​កាង លោក ហ៊ុន សែន ក្នុង​ការ​វាយ​ប្រហារ​លើ​មេដឹក​នាំ​សហជីព​ដោយ​សារ​តែ​ការ​បំពេញ​ការងារ​របស់​ពួក​គេ។ លោក សង្កត់ធ្ងន់ថា កញ្ញា ឈឹម ស៊ីថរ គួរ​តែ​ត្រូវ​បាន​ដោះលែង​ជា​បន្ទាន់ ហើយ​វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ គួរ​តែ​ត្រូវ​បាន​ដោះស្រាយ​ដោយ​សមរម្យ។ សមាជិក​សភា​អូស្ត្រាលី​ជាន់​ខ្ពស់​រូប​នេះ បន្ថែម​ថា រដ្ឋាភិបាល​អូស្ត្រាលី​ ត្រូវ​តែ​ក្រោក​ឈរ​ឡើង​ជា​និច្ច ដើម្បី​សន្តិភាព សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ៖«ខ្ញុំ​ពិត​ជា​រន្ធត់​ចិត្ត ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​ស្ត្រី​មេដឹក​នាំ​សហជីព​វ័យ​ក្មេង កញ្ញា ឈឹម ស៊ីថរ ដែល​រូប​លោក​ទើប​តែ​បាន​ញាំ​កាហ្វេ​ជា​មួយ​នាង កាលពី ៨​ថ្ងៃមុន ក្នុង​ទី​ក្រុង​ម៉ែលប៊ន។ នាង​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​ចុះ​ពី​យន្តហោះ ពេល​វិល​ត្រឡប់​ទៅ​ដល់​កម្ពុជា​វិញ អំពី​បទ​ថា នាង​បាន​បំពាន​បម្រាម​តុលាការ​ ដែល​ហាម​ចេញ​ក្រៅ​ប្រទេស។ ការ​ចោទ​ប្រកាន់​នេះ វា​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ ​ព្រោះ​នាង​មិន​បាន​ដឹង​អំពី​លក្ខខណ្ឌ​នេះ​ឡើយ។ តាម​ពិត កញ្ញា ឈឹម  ស៊ីថរ គឺ​ជា​មេ​ដឹក​នាំ​សហជីព បាន​ក្លាយ​ជា​​គោល​ដៅ​នៃ​ការ​បៀតបៀន​ជាង ២ឆ្នាំ​មក​ហើយ។ នាង​ត្រូវ​បាន​ចាប់​ខ្លួន​ម្តង​ហើយ​ដោយ​សារ​ក្រោក​ឈរ​ការពារ​សិទ្ធិ​បុគ្គលិក​រាប់​ពាន់​នាក់ នៅ​ក្នុង​ក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍​ ដែល​ម្ចាស់ គឺ​ជា​មហា​សេដ្ឋី​ជន​ជាតិ​ម៉ាឡេស៊ី ដោយ​គ្រាន់​តែ​ស្នើ​សុំ​ឱ្យ​ទូទាត់​ប្រាក់​ដំណាច់​ត្រឹម​ត្រូវ និង​សុំ​ចូល​ធ្វើ​ការ​វិញ សម្រាប់​អ្នក ដែល​ចង់​នៅ​ធ្វើការ។ ស៊ីថរ បាន​មក​ប្រទេស​អូស្ត្រាលី ក្នុង​នាម​ជា​ប្រតិភូ​ចូល​រួម​សន្និបាត​សហជីព​អន្តរជាតិ​នៅ​ទី​ក្រុង​មែលប៊ន។ នៅ​ទី​ក្រុងមែលប៊ន នាង​មិន​បាន​និយាយ​អំពី​គម្រោង​ផ្ដួល​រំលំ​របប​លោក ហ៊ុន សែន ឬ​មូលធន​និយម អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ទេ ស៊ីថរ គ្រាន់​តែ​និយាយ​ចែក​រំលែក​បញ្ហា​ប្រឈម​របស់​សហជីព​ជា​មួយ​តំណាង​សហជីព​ផ្សេងៗ នៅ​ទូទាំង​ពិភព​លោក។ ខ្ញុំ​សូម​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជា​បន្ទាន់ ហើយ​ខាង​ក្រុមហ៊ុន​កាស៊ីណូ គប្បី​ប្រព្រឹត្ត​ឱ្យ​បាន​សមរម្យ និង​បញ្ចប់​វិវាទកា​រងារ ដែលគួរឱ្យអស់សំណើចនេះ។ ខ្ញុំស្នើ​សុំ​ទៅ​រដ្ឋមន្ត្រីការ​បរទេស​អូស្ត្រាលី ឱ្យ​ធ្វើ​អ្វីមួយ ដើម្បី​លើក​អំពី​បញ្ហា​នៅ​កម្ពុជា​នេះ​ឡើង»។

២.jpg

ក្រៅ​ពីលោក ជូលៀន ហ៊ីល នេះ តំណាង​សហគមន៍​ខ្មែរ​នៅ​ប្រទស​អូស្ត្រាលី រួម​ទាំង​តំណាង​រាស្ត្រ​រដ្ឋវិចតូរីយ៉ា​ដែលមានកំណើតខ្មែរ គឺលោក តាក់ ម៉េងហ៊ាង ក៏រន្ធត់ចិត្ត និង​ហួស​ចិត្ត​ចំពោះ​ការចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ នេះដែរ ដោយសារ​ពួក​គាត់ សុទ្ធ​តែ​បាន​ជួប​ស្វាគមន៍​មេដឹកនាំ​សហជីព​រូបនេះ។ ពួកគាត់ គ្រោងនឹងធ្វើពិធីជួបជុំគ្នានៅពេលខាងមុខនេះ ដើម្បី​ទាមទារ​យុត្តិធម៌​ដល់ កញ្ញា ឈឹម ស៊ីថរ។ទាក់ទង​ករណី​នេះ វិទ្យុអាស៊ីសេរី មិន​អាច​សុំការ​ឆ្លើយតប​ពី​ប្រធាន​អង្គភាព​អ្នក នាំ​ពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំ​ពាក្យ​បក្សកាន់​អំណាច លោក សុខ ឥសាន បានទេ នៅថ្ងៃទី២៨ ខែវិច្ឆិកាដោយសារទូរស័ព្ទចូលពុំមានអ្នកទទួល ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ លើក​ឡើង​ថា ការ​ចេញ​សេចក្តី ថ្លែង​ការណ៍​របស់​សមាជិកសភាអូស្ត្រាលី គឺជា​ការ​រួមចំណែកជំរុញឲ្យ​រដ្ឋាភិបាល​ពិចារណា​ដោះលែង​

កញ្ញា ឈឹម ស៊ីថរ ឡើងវិញ។ លោក បន្តថា ករណីនេះ គឺជា វិវាទការងារ ដែលមិនត្រូវប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើបាបលើ​មេ​ដឹក​នាំ​សហជីពម្តងជាពីរដងនោះទេ ព្រោះ​ទង្វើ​បែប​នេះ គ្មានផលចំណេញ​អ្វី​ដល់មុខមាត់របស់​រដ្ឋាភិបាល​កម្ពុជាឡើយ ។ផ្ទុយទៅវិញ​ គឺ​មាន​តែ​ការរិះ​គន់​ជា​បន្តបន្ទាប់ប៉ុណ្ណោះ៖«ជា​រួម​ខ្ញុំ​ថា មិនគួរចាប់ខ្លួនគាត់ទេ បើសិនមិនមាន កំណត់ច្បាស់លាស់ថា មិនឲ្យចេញ ហើយបើសិនជាច្បាស់លាស់ ក៏គាត់មិន ហ៊ានចេញដែរ ។រឿងមួយទៀត ខ្ញុំយល់ថា ករណីនេះ គឺ​ជា​ករណីវិវាទ​ការងារ​រ៉ាំរ៉ៃ ​គួរ​តែ​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​ចិត្ត​ទុក​ដាក់​ ព្រោះ​មាន​ការគិតគូរពីអង្គការអាយលូ (ILO ) សហជីព​អន្តរជាតិ ​អំពីទូត​ជា​ច្រើន​ដូច​ជា​ទូត​អាមេរិក និង​អូស្រ្តាលីជាដើម។ រដ្ឋាភិបាលកម្ពុជា គួរ​តែ​ដោះស្រាយ​រឿង​នេះ​ឲ្យ​បាន​ល្អ​ហើយ​មាន​យុត្តិធម៌​សម្រាប់​ កម្មករ ក៏​ដូច​ជា​ភាគី​ពាក់ព័ន្ធ​ដើម្បី​បង្ហាញ​ដល់​កម្មករ ប្រជា​ពលរដ្ឋ ក៏​ដូច​ជា​អន្តរជាតិ គេ​យល់​ឃើញ​ថា វា​ត្រឹម​ត្រូវ​ផង ទើប​ជា​រឿង​ល្អ»

កញ្ញា ឈឹម ស៊ីថរ មាន​រូបរាង​តូច​ល្អិត សម្បុរ​ស ជា​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World)។ អាជ្ញាធរ​ក្រុង​ភ្នំពេញ ​បាន​ចាប់​ខ្លួន​ស្ត្រី​មេដឹក​នាំ​សហជីព​រូប​នេះ​ឡើង​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៦ ខែវិច្ឆិកា នៅ​លាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ ក្រោយ​កញ្ញា​វិល​ត្រឡប់​ពី​ចូល​រួម​កិច្ចប្រជុំ​នៅ​ប្រទេស​អូស្ត្រាលី ។តុលាការ​ ចោទ​ប្រកាន់​ថា កញ្ញា ឈឹម ស៊ីថរ មិន​គោរព​តាម​លក្ខខណ្ឌ​របស់​តុលាការ​ដែល​ហាម​ចេញ​ក្រៅ​ប្រទេស​ ក្រោយ​ពេល​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​កាល​ពី​ខែ​មីនា​កន្លង​មក។ប៉ុន្តែ​កញ្ញា ឈឹម ស៊ីថរ ប្រាប់​មេ​ធាវី​ថា នាង​មិន​ដែល​បាន​ដឹង​អំពី​លក្ខ​ខណ្ឌ​របស់​តុលាការ​នេះ​ទេ ​ហើយ​មុន​ពេល​ចាក​ចេញ​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​នេះ សមត្ថកិច្ច​ដែល​ត្រួត​ពិនិត្យ​ឯក​សារឆ្លង​ដែន ក៏​មិន​បាន​ហាមឃាត់​កញ្ញា​ដែរ។ ក្រុម​កូដករ​ណាហ្គាវើលដ៍ និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ចាត់​ទុក​ថា ការ​ចាប់​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ជា​លើក​ទី២ គឺ​ជា​ការ​គំរាម​កំហែង​និង​ដាក់​សម្ពាធ​ឲ្យ​ក្រុម​កូដករ​បញ្ឈប់​កូដកម្ម​ទាមទារ​ដំណោះ ស្រាយ​វិវាទ​ការងារ។

៣.jpg

ណាហ្គាវើលដ៍ ជា​ក្រុមហ៊ុន​ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​លំដាប់​ពិភព​លោក​ ដែល​រក​ប្រាក់​ចំណេញ​បាន​ច្រើន​បំផុត។ ម្ចាស់​ក្រុមហ៊ុន​បន​ល្បែង​ដ៏​ធំ​កណ្តាល​ទី​ក្រុង​ភ្នំពេញ​មួយ​នេះ ​គឺ​ជា​មហា​សេដ្ឋី​ជន​ជាតិម៉ាឡេស៊ី ឈ្មោះ តាន់ ស្រ៊ី។ នៅ​ក្នុង​សារ​ឆ្លើយឆ្លង​ជា​អក្សរ​តាម​ទូរស័ព្ទ ដែល​បែក​ធ្លាយ​កាល​ពី​ឆ្នាំ២០១៧ បង្ហាញ​ថា ម្ចាស់​កាស៊ី​ណូណាហ្គា​រូប​នេះ​ មាន​ទំនាក់​ទំនង​ជា​មួយ​ភរិយា និង​កូនៗទាំង​៤នាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួម​មាន លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី និងអ្នកស្រី ហ៊ុន ម៉ាណា។

អ្នក​ឃ្លាំ​មើល យល់​ថា ទំនង​ជា​ដោយ​សារ​ទំនាក់ទំនង​និង​មាន​ផល​ប្រយោជន៍​រួម​គ្នា​ ទើប​រដ្ឋាភិបាល លោក ហ៊ុន សែន ចេញ​មុខ​ការពារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ហើយ​ មិន​ញញើត​ក្នុង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​គ្រប់​បែប​យ៉ាង​លើ​ថ្នាក់​ដឹក​នាំ​សហជីព និង​ក្រុម​កូដករ​ជា​ស្ត្រី​ ក្នុង​ពេល​ពួក​គេ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ស្រប​តាម​ច្បាប់​ដើម្បី​ទាមទារ​ដំណោះ​ស្រាយ​វិវាទ​ការងារ​ជិត​១​ឆ្នាំ​មក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles