តុលាការ និងច្បាប់ ព័ត៌មានជាតិ
កញ្ញា ប៉ា សុខេង | ៣០ វិច្ឆិកា ២០២២ | ម៉ោង ១៥:២៨
VOD

កូដករណាហ្គាវើលដ៍ឈ្មោះ សុន ស្រីពេជ្រ ផ្ដល់បទសម្ភាសអំឡុងតំណាងកូដករណាហ្គាវើលដ៍ ៣រូប ដាក់ពាក្យសុំពន្យារពេលចូលឆ្លើយបំភ្លឺ តាមដីកាកោះរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបណ្ដឹងរបស់ក្រុមហ៊ុន ក្រោមហេតុផលថាពួកគេមិនទាន់មានមេធាវី និងមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
តំណាងកូដករណាហ្គាវើលដ៍ ៣រូប ដាក់ពាក្យសុំពន្យារពេលចូលឆ្លើយបំភ្លឺ តាមដីកាកោះរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបណ្ដឹងរបស់ក្រុមហ៊ុន ក្រោមហេតុផលថាពួកគេមិនទាន់មានមេធាវី និងមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយ។
តាមរយៈដីកាកោះរបស់ចៅក្រម ពេជ្រ វិជ្ជាធរ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្គាប់ឱ្យតំណាងកូដករឈ្មោះ ឈឹម សុខន, រី សុវណ្ណឌី, សុន ស្រីពេជ្រ ចូលខ្លួននៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដែលជាសំណុំរឿងប្ដឹងដោយក្រុមហ៊ុនណាហ្គាវើលដ៍ ដោយ «ប្ដឹងសុំសាលក្រមទទួលស្គាល់ការបញ្ឈប់ពីការងាររួមគ្នា»។


អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម សុខន ប្រាប់វីអូឌីក្រោយពេលចេញពីដាក់លិខិតសុំពន្យារពេលចូលឆ្លើយបំភ្លឺ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ថាមូលហេតុដែលពួកគាត់ទាំង ៣រូប ដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺ ដោយសារតែពួកគាត់មិនទាន់បានត្រៀមខ្លួន និងពុំទាន់មានមេធាវីការពារខ្លួននៅឡើយ។
តំណាងកូដកររូបនេះចាត់ទុកករណីប្ដឹងលើដំណើររឿងថ្មីពីសំណាក់ក្រុមហ៊ុននេះ ថាជាការធ្វើទុក្ខបុកម្នេញដល់ការតស៊ូមតិទាមទារដំណោះស្រាយលើវិវាទកាងារ និងទាមទាមសិទ្ធិសហជីពរបស់ពួកគេ។
យ៉ាងនេះក្តី តំណាងកូដករដែលដាក់ពាក្យពន្យារពេលចូលខ្លួនកាលពីព្រឹកមិញ ប្រាប់ថា ប្រធានសហជីពរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះទាក់ទិនករណីដូចគ្នានេះដែរ ខណៈកញ្ញាទើបតែត្រូវសមត្ថកិច្ចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី២៦ ខែវិច្ឆិកា។
ក្រៅពីតំណាងកូដករទាំង៤នាក់នេះ កន្លងមកមានកូដករណាហ្គាវើលដ៍ជិត១០រូបហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅឱ្យចូលបំភ្លឺ ក្រោមបណ្តឹងចំនួន៣របស់ក្រុមហ៊ុន រួមមាន បទរំលោភលើលំនៅឋាន, ធ្វើឱ្យខូចខាតដោយចេតនាស្ថានទម្ងន់ទោស និងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ ដែលក្រុមហ៊ុនបានប្តឹងពួកគេ។
វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើងជាង១ឆ្នាំមកហើយ ក្រោយពេលក្រុមហ៊ុនល្បែងស៊ីសងនិងកាស៊ីណូមួយនេះបានបញ្ឈប់បុគ្គលិកចំនួន ១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា «ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩»។
យ៉ាងណា បុគ្គលិកដែលចេញធ្វើកូដកម្មរយៈពេលប្រមាណ១ឆ្នាំមកនេះ អះអាងថា ការបញ្ឈប់នោះគឺដោយសារថៅកែមានចេតនារំលាយសហជីពការពារសិទ្ធិកម្មករឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។