អាមេរិក និង​អូស្ត្រាលី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ

ដោយ ថា ថៃ
2022.11.30
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហរដ្ឋអាមេរិក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ (Naga World) លើកបដាកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅពេលមានការគំរាមចាប់ខ្លួនលើកទី១។ រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ


ក្រសួង​បរទេស​សហរដ្ឋអាមេរិក និង​ស្ថានទូត​ប្រទេស​អូស្ត្រាលី ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​មេដឹកនាំ​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga Worldកញ្ញា ឈឹម ស៊ីថរ ហើយ​ងាក​ទៅ​ដោះស្រាយ​វិវាទ​ការងារ​របស់​ពួកគេ​ប្រកបដោយ​យុត្តិធម៌​ត្រឹមត្រូវ។ ក្រៅពីនេះ ក្រសួងការបរទេស​អាមេរិក ក៏​បញ្ជាក់​ឡើងវិញ​នូវ​ការ​ទាមទារ​ឲ្យ​ដោះលែង កញ្ញា សេង ធារី ដែរ​។ មេដឹកនាំ​សហជីព​ឯករាជ្យ យល់ថា ប្រសិនបើ​រដ្ឋាភិបាល បន្ត​ផ្គើន​ចំពោះ​ការ​ទាមទារ​របស់​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ ដោយ​បង្កើន​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​សហជីព​បែប​នេះ នឹង​ធ្វើ​ឲ្យ​បាត់បង់​ផលប្រយោជន៍​ជាតិ​បន្ថែម​ទៀត។

ការ​ចាប់​ឃុំខ្លួន​មេដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឡើងវិញ កំពុង​ធ្វើ​ឲ្យ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ព្រមទាំង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជាតិ​និង​អន្តរជាតិ ព្រួយបារម្ភ និង​ចេញ​សារ​ថ្កោលទោស​ចំពោះ​ទង្វើ​រដ្ឋាភិបាល​កម្ពុជា​ជា​បន្តបន្ទាប់។

ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី ល្ងាច​ថ្ងៃទី​២៩ វិច្ឆិកា ថា សហរដ្ឋអាមេរិក ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​ចាប់​ឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ ជា​ប្រធាន​សហជីព​ដែល​មាន​ជម្លោះ​ការងារ​រយៈពេល​ជាង មួយឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ទាប់ពី​នាង​វិលត្រឡប់​ពី​ចូលរួម​សន្និសីទ​ការងារ​នៅ​ប្រទេស​អូស្ត្រាលី​។ ក្រសួង​ការបរទេស​អាមេរិក លើកឡើង​ថា កន្លង​មក​អាជ្ញាធរ​កម្ពុជា បាន​ព្យាយាម​គ្រប់បែបយ៉ាង​ដើម្បី​ជ្រៀតជ្រែក​ក្នុង​ការ​អនុវត្ត​របស់​ក្រុម​កម្មករ​ណាហ្គាវើលដ៍ ដោយ​ការ​ចាប់​ឃុំ​ប្រធាន​សហជីព និង​កម្មករ ដោយសារ ការ​តវ៉ា​ពាក់ព័ន្ធ​នឹង​បញ្ឈប់​ពួកគេ​ពី​ការងារ​ទាំង​បំពាន​ច្បាប់។ សហរដ្ឋអាមេរិក ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​កញ្ញា​ឈឹម ស៊ីថរ និង​សហជីព​កម្មករ ដែល​កំពុង​ជាប់ឃុំ​ទាំងអស់​ដោយសារ​ប្រើ​សិទ្ធិ​សេរីភាព​បង្កើត​សមាគម​និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ហើយ​លុបចោល​រាល់​ការចោទប្រកាន់​លើ​ពួកគេ និង​ឈាន​ទៅ​ដោះស្រាយ វិវាទ​ការងារ​ប្រកបដោយ​ការស្ថាបនា​។ ទន្ទឹម​គ្នា​នេះ សហរដ្ឋអាមេរិក ក៏​អំពាវនាវ​ជាថ្មី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​ជា​ពលរដ្ឋ​អាមេរិក​ដើមកំណើត​ខ្មែរ កញ្ញា សេង ធារី បន្ទាប់ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់​មិនទាន់​ឆ្លើយតប​ជា​វិជ្ជមាន​តាម​ការ​ស្នើសុំ​ពី​ប្រធានាធិបតី​អាមេរិក លោក ចូ ប៉ៃឌិន (Joe Biden) ។

ក្រសួងការបរទេស​អាមេរិក សង្កត់ធ្ងន់​ថា រដ្ឋាភិបាល ត្រូវ​បំពេញ​កាតព្វកិច្ច​និង​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​ការងារ និង​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​នូវ​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន ណាហ្គាវើលដ៍ និង​សហជីព​ដែល​តំណាង​ឲ្យ​ក្រុម​បុគ្គលិក​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ។

ជាមួយ​គ្នា​នេះ ស្ថានទូត​ប្រទេស​អូស្ត្រាលី ក៏បាន​លើកឡើង​ថា អូស្ត្រាលី ព្រួយបារម្ភ​ចំពោះ​ការ​ចាប់​ឃុំខ្លួន​កញ្ញា ឈឹម ស៊ីថរ នេះ​ដែរ​។ ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក ប៉ាបប្លូ កាង (Pablo Kang) បង្ហោះ​សារ​លើ​បណ្ដាញ សង្គម​ធ្វីតធឺ ​(Twitter )​ ថា លោក បាន​លើកឡើង​រឿង​នេះ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ រួចរាល់​ហើយ​អំពី​មូលដ្ឋាន​មិន​ច្បាស់លាស់​នៃ​ការ​ចាប់ខ្លួន​កញ្ញា ឈឹម ស៊ីថរ។ ស្ថានទូត​អូស្ត្រាលី បន្ត​អំពាវនាវ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើការ​សម្របសម្រួល​រក​ដំណោះស្រាយ​ដោយ​យុត្តិធម៌ និង​សមធម៌ ចំពោះ​រវាង​បុគ្គលិក និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ ក៏ដូចជា​ការធានា​ថា សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ​ត្រូវ​បាន​ការពារ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​នា​រាត្រី​នេះ…

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អាមេរិក និង​អូស្ត្រាលី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ"

  1. Anonymous says:

    HUN SEN showing he will not change even those world community request so many time. this is HUN SEN’s sovereignty of Cambodia toward world community, only VIETCONG and CHINA never going again HUN SEN ‘s sovereignty they just take it and shut up that evil mouse .