ក្រុម​កូដករ​ណាហ្គាវើលដ៍​៣​នាក់​ដាក់ពាក្យ​ពន្យារ​ចូល​បំភ្លឺ​នៅ​តុលាការ​រាជធានី​ភ្នំពេញ

ដោយ សុជីវី
2022.12.01
RFA

ក្រុម​កូដករ​ណាហ្គាវើលដ៍​៣​នាក់​ដាក់ពាក្យ​ពន្យារ​ចូល​បំភ្លឺ​នៅ​តុលាការ​រាជធានី​ភ្នំពេញ

សកម្មភាព​តវ៉ា​របស់​បុគ្គលិក​ណាហ្គាវើលដ៍ កាលពីថ្ងៃទី១៤ ខែ​តុលា ឆ្នាំ​២០២២។ រូប៖ ពលរដ្ឋផ្ដល់ជូន


ក្រុម​កូដករ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍​ចំនួន ៣​នាក់ នៅ​ព្រឹក​ថ្ងៃទី​៣០ វិច្ឆិកា បានដាក់​ពាក្យ​ពន្យារ​ការ​ចូល​បំភ្លឺ​ដល់​តុលាការ​រាជធានី​ភ្នំពេញ ដោយសារ​មិន​ទាន់​មាន មេធាវី​ការពារ​ក្ដី​។ មន្ត្រី​សង្គម​ស៊ីវិល ព្រួយបារម្ភ​ពី​ដំណើរការ​នីតិវិធី​ថា​អាច​នឹង​មិន​ផ្ដល់​ដំណោះស្រាយ និង​យុត្តិធម៌ ដល់​ភាគី​បុគ្គលិក។

ក្រុម​កូដ​ករ​ណាហ្គាវើលដ៍ សម្រេច​ដាក់ពាក្យ​ពន្យារ​ការចូលរួម​នីតិ​វិធី​ត្រៀម​សម្រាប់​ការ​ទាញហេតុផល ក្នុង​បណ្ដឹង​របស់​ភាគី​ក្រុមហ៊ុន​នៅ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ទទួលស្គាល់​សាលក្រម​ការបញ្ឈប់​ការងារ​របស់​កូដករ។

តំណាង​កូដ​ករ​ណាហ្គាវើលដ៍ លោកស្រី រី សុវណ្ណឌី ប្រាប់​វិទ្យុ​អាស៊ីសេរី​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៣០ វិច្ឆិកា ថា ការ​សម្រេចចិត្ត​ដាក់ពាក្យ​ពន្យារ​ការ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នេះ ដោយសារ​ភាគី​កូដ​ករ​នៅ​មិន​ទាន់​ស្វែងរក​មេធាវី​បាន​នៅឡើយ និង​ដើម្បី​ទុក​ពេលវេលា​ស្វែងយល់​ពី​នីតិវិធី​ដើម្បី​ការពារ​បន្ថែម​ទៀត​។ យ៉ាងណា ក្នុង​អំឡុង​ពេល​នេះ​លោកស្រី​ថា កូដ​ករ​ទាំងអស់​កំពុង​រង់ចាំ​មើល​ការសម្រេច​របស់​តុលាការ​ឆ្លើយតប​នឹង​បណ្ដឹង​របស់​ភាគី​ក្រុមហ៊ុន ដែល​ប្ដឹង​សាលក្រម​សុំ​ការ​ទទួល​ស្គាល់​ថា​ការ​បញ្ឈប់​បុគ្គលិក​ទាំងអស់​ជា​រឿង​ស្របច្បាប់។ លោកស្រី​បន្ត​ថា ប្រសិនបើ​មាន​ការ​សម្រេច​ទទួលស្គាល់ នោះ​មានន័យថា តុលាការ​កំពុង​បំពេញ​បំណង​របស់​ថៅកែ​ក្រុមហ៊ុន​ក្នុង​ការ​រំលាយ​សហជីព រំលោភសិទ្ធិ​បុគ្គលិក ដោយ​មិនមែន​ធ្វើតាម​នីតិវិធី​ច្បាប់​នោះ​ឡើយ។

លោកស្រី រី សុវណ្ណឌី៖ «ប្រសិនបើ​ថៅកែ​ចេះតែ​បញ្ឈប់​តំណាង​សហជីព បាន​ស្រេច​តែ​នឹង​ចិត្ត អ៊ីចឹង​កម្មករ​នឹង​លែង​មាន​សិទ្ធិ​សេរីភាព។ ចង់​និយាយ​ថា លែង​មាន​អ្នករក​យុត្តិធម៌ លែង​មាន​អ្នក​រកខុសរកត្រូវ​ឱ្យ​នៅ​កន្លែង​ការងារ​ហើយ​។ អ៊ីចឹង​អ្វី​ដែល​យើង​កំពុងតែ​ធ្វើ​ហ្នឹង​គឺ​គ្រាន់តែ​ដើម្បី​ការពារ​សហជីព ដើម្បី​ឱ្យ​មាន​តំណាង ហើយ​តំណាង​ដែល​ស្មោះត្រង់​របស់​យើង​នៅ​កន្លែង​ការងារ​ទេ​។ យើង​អត់​មានបាន​ធ្វើ​អី​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ទេ»។

អតីត​បុគ្គលិក​ណាហ្គាវើលដ៍​ចំនួន ៤​រូប ដែល​ជា​តំណាង​សហជីព និង​កូដករ រួមមាន លោកស្រី រី សុវណ្ណឌី លោកស្រី ឈឹម សុខន កញ្ញា សុខ ស្រីពេជ្រ និង កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​ចូលរួម​ក្នុង​នីតិវិធី​ត្រៀម​ទាញ​យក​ហេតុផល​នៅ​ថ្ងៃទី​១ ធ្នូ ដោយ​បំភ្លឺ​អំពី​ចំណុច​វិវាទ​រវាង​គូភាគី ដើម្បី​ឈាន​ដល់​ការសម្រេច​លើ​បណ្ដឹង​របស់​ភាគី​ក្រុមហ៊ុន​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​៣០ វិច្ឆិកា ពួកគាត់​ទាំង​បី​នាក់ លើកលែង​កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស បាន​ស្នើសុំ​ពន្យារពេល​ចូលរួម ក្រោម​ហេតុផល​មិនអាច​ស្វែងរក​មេធាវី ដើម្បី​ធ្វើជា​អ្នកតំណាង​ក្នុងការ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ពួកគាត់​បាន​នៅឡើយ។

​តំណាង​កូដករ​ណាហ្គា​វើលដ៍​ម្នាក់ទៀត លោកស្រី ឈឹម សុខន ឱ្យ​ដឹង​ថា​សាលាដំបូង​បាន​យល់ព្រម​ឱ្យ​មាន​ការ​ពន្យារ​ពេល និង​មិនទាន់​ប្រាប់​ពី​កាលបរិច្ឆេទ​ដែល​នឹង​ត្រូវ​ចូលរួម​ម្ដងទៀត​នោះ​ទេ តែ​លោកស្រី​ខកចិត្ត​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែល​បណ្ដោយ​ឱ្យ​មាន​ភាព​អយុត្តិធម៌​លើ​ប្រជា​ពលរដ្ឋ និង​បែរជា​គាំទ្រ​ក្រុមហ៊ុន​បរទេស​ដែល​បំពាន​សិទ្ធិ​ពលរដ្ឋ​ខ្លួន​ទៅវិញ​។ លោកស្រី​បន្ត​ថា ភាព​អត់​ការងារ​ធ្វើ បណ្ដឹង​តាមផ្លូវ​ច្បាប់ ការ​ឃុំខ្លួន និង​ការ​តាម​ឃ្លាំមើល​ពី​សំណាក់​ជន​ស៊ីវិល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព និង​ផ្លូវចិត្ត​របស់​ពួកគេ​ព្រមទាំង​សមាជិកគ្រួសារ​របស់​ពួកគេ​។ លោកស្រី​ថា ប្រសិនបើ​តុលាការ​សម្រេច​ឱ្យ​ភាគី​ក្រុមហ៊ុន​ឈ្នះក្ដី នោះ​ស្មើនឹង​ធ្វើបាប​ប្រជាពលរដ្ឋ​ដែលជា​ជនជាតិ​ខ្មែរ​ដូចគ្នា។

លោកស្រី ឈឹម សុខន៖ «ខ្ញុំ​ស្នើ​ឱ្យ​តុលាការ​សម្រេចចិត្ត​ឱ្យ​បាន​ហ្មត់ចត់​មុន​សម្រេច​សាលដីកា​អី​មួយ ព្រោះថា​ការសម្រេច​របស់​តុលាការ វា​ពាក់ព័ន្ធ​ទៅ​ហ្នឹង​ជីវិត​របស់​កូដ​ករ​ច្រើនណាស់​។ អ៊ីចឹង​ពេល​គាត់​សម្រេច​អី គាត់​ត្រូវ​គិតដល់​អនាគត​កូដ​ករ អនាគត​កម្មករ​នៅក្នុង​ស្រុក​ខ្មែរ»។

គិត​មក​ទល់​ពេល​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ដោះស្រាយ​វិវាទ​ការងារ​រវាង​បុគ្គលិក និង​ក្រុមហ៊ុន​ល្បែង​ណាហ្គាវើលដ៍​ចំនួន​២១​លើក​មក​ហើយ​។ ប៉ុន្តែ​ការ​ដោះស្រាយ​នេះ ហាក់​គ្មាន​លទ្ធផល​ផ្លែផ្កា​ឆ្លើយតប​សំណើសុំ​ចូល​ធ្វើ​ការ​របស់​បុគ្គលិក​ជាង​១​រយ​នាក់ (១២៩​នាក់​) វិញ​នោះ​ឡើយ ក្រៅ​តែ​ពី​ការ​ផ្ដល់​សំណង​ជា​ទឹកប្រាក់។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ និង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ បាន​ទេ​នៅ​ថ្ងៃទី​៣០ វិច្ឆិកា។

ទាន់​ទិន​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា យល់​ឃើញ​ថា នីតិវិធី​តាមផ្លូវ​ច្បាប់​កន្លងមក​រាប់​ចាប់តាំងពី​ក្រ​សូង​ការងារ គ្មាន​ប្រសិទ្ធភាព​និង​ផ្ដល់​ដំណោះស្រាយ​ណាមួយ​សមស្រប​ឆ្លើយតប​តាម​ការ​ស្នើសុំ​របស់​កូដ​ករ​នោះ​ឡើយ​។ លោក​បន្ត​ថា រឿង​នេះ​ឈាន​ដល់​នីតិវិធី​ក្នុង​តុលាការ​លោក​កាន់តែ​មានការ​ព្រួយបារម្ភ ជាពិសេស​បន្ទាប់​ពី​មានការ​ចាប់ខ្លួន​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ជា​តំណាង​សកម្ម​ក្នុង​ការ​ចរចា​ជាមួយ​ដៃគូ​វិវាទ​។ លោក​ថា ការ​ចាប់ខ្លួន​ប្រធាន​សហជីព​សកម្ម​រូប​នេះ ប្រៀប​បាន​នឹង​ការ​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​នីតិវិធី និង​លទ្ធភាព​នៃ​ការ​ចរចារ​របស់​ភាគី​កូដករ​ជាមួយ​ក្រុមហ៊ុន។

លោក សឹង សែនករុណា៖ «វិវាទ​នេះ​យើង​ជ្រើស​ទៅ​ដល់​ផ្លូវ​តុលាការ​នេះ​ខ្ញុំ​គិតថា​មិនអាច​ដោះស្រាយ​បញ្ចប់​វិវាទ​ហ្នឹង​បានទេ​។ មានតែ​ការ​ជួយ​សម្របសម្រួល និង​មាន​វិធានការ​យ៉ាង​តឹងរ៉ឹង​ជាមួយនឹង​ខាង​ក្រុមហ៊ុន​ឱ្យ​គោរព​ទៅតាម​អ្វី ដែល​ជា​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ដែល​ក្រុមហ៊ុន​បាន​រំលោភបំពាន​នឹង​ទេ»។

កន្លង​លង​មក មាន​កូដករ​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ ណាហ្គាវើលដ៍ (NAGAWORLD) ៤​រូប ត្រូវ​បាន​តុលាការ​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែ​តុលា តាម​បណ្ដឹង​របស់​ក្រុមហ៊ុន ដែល​ប្ដឹង​ពួកគាត់​ថា បាន​រំលោភ​លំនៅឋាន និង​បង្ខាំង​ដោយ​ខុសច្បាប់​។ មក​ទល់​ពេល​នេះ មាន​ក្រុម​កូដករ​ចំនួន ៨​នាក់​ហើយ ដែល​ទទួល​បាន​ដីកា​កោះហៅ​ពី​តុលាការ​តាម​បណ្តឹង​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោយសារ ពួកគេ​លើក​គ្នា​តវ៉ា​ដោយ​អហិង្សា ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ ដែល​អូស​បន្លាយពេល​ជិត​មួយឆ្នាំ។

មក​ទល់​ពេល​នេះ ភាគី​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​សាលក្រម​ទទួលស្គាល់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ថា​ការបញ្ឈប់​បុគ្គលិក​ពី​ការងារ​នា​ពេល​កន្លងទៅ​ជា​ការ​បញ្ឈប់​ការងារ​រួមគ្នា របស់​ក្រុមហ៊ុន​លើ​ក្រុម​បុគ្គលិក និង​ជា​រឿង​ស្របច្បាប់​។ ទន្ទឹម​គ្នា​នេះ ក្រុមហ៊ុន​ល្បែង​មួយ​នេះ បាន​ដាក់​ពាក្យបណ្ដឹង​លើ​ក្រុម​កូដករ​ដទៃទៀត ដូចជា​បទ​រំលោភ​លំនៅឋាន ធ្វើ​ឱ្យ​ខូច​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បង្ខាំង​ដោយ​ខុសច្បាប់ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles