កម្ពុជា-កសិកម្ម
01/12/2022 – 07:03
ដោយ៖ ញឹម សុផល
RFI

ស្រូវ (រូបតំណាង) © Internet
សហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី៣០ ខែវិច្ឆិកាម្សិលមិញបានប្រកាសថាកម្ពុជាឈ្នះក្តីនៅតុលាការដំបូងអឺរ៉ុបលើសំណុំរឿងនាំអង្ករគ្រាប់វែងកម្ពុជា (Indica Rice) ចូលទៅទីផ្សារអឺរ៉ុប។ សំណុំរឿងកម្ពុជាសុំនាំអង្ករគ្រាប់វែងចូលអឺរ៉ុបនេះ បានចាប់ផ្តើមកាលពីខែមេសា ឆ្នាំ២០១៩មកម្លេះ ដោយអឺរ៉ុបពេលនោះ បានអនុវត្តតាមវិធានការរក្សាការពារ (Safeguard) របស់អ៊ឺរ៉ុបមកលើកម្ពុជា និងភូមា ដើម្បីជួយដល់ប្រជាកសិករ ប្រទេសអឺរ៉ុបមួយចំនួន។
សហព័ន្ធស្រូវអង្ករកម្ពុជាបានសម្តែងនូវការសាទរ ខណៈដែលតុលាការសាលាដំបូងសហភាពអឺរ៉ុបបានកាត់សេចក្តីថាការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុបមកលើអង្ករគ្រាប់វែងកម្ពុជានៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់។
យោងតាមសេចក្តីប្រកាសរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ប្រទេសកម្ពុជាកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឈ្នះក្តីក្នុងសំណុំរឿងលេខ T-269/19 ដែលគណៈកម្មការអឺរ៉ុបបានដាក់វិធានការរឹតត្បិតការអនុគ្រោះពន្ធសម្រាប់ការនាំចូលអង្ករពីកម្ពុជាទៅកាន់សហភាពអឺរ៉ុបតាមបទប្បញ្ញត្តិអនុវត្តនៅខែមករា ឆ្នាំ២០១៩។។ សំណុំរឿងនេះ ត្រូវបានប្តឹងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ទៅកាន់តុលាការសហភាពអឺរ៉ុបដោយសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយមេធាវីអន្តរជាតិ ក្នុងគោលបំណងរកយុត្តិធម៌សម្រាប់ការនាំចេញអង្ករគ្រាប់វែងកម្ពុជាទៅកាន់សហភាពអឺរ៉ុប។
សូមរំលឹកថានៅអំឡុងខែមករា ឆ្នាំ២០១៩ តបតាមការស្នើឡើងរបស់ប្រទេសអ៊ីតាលី ក្នុងគោលដៅរក្សាតម្លៃអង្ករនៅបណ្តាប្រទេសអឺរ៉ុបដែលផលិតស្រូវមានការកើនឡើង គណៈកម្មការអឺរ៉ុបសម្រេចយកពន្ធលើអង្ករគ្រាប់វែងកម្ពុជា និងភូមា ក្នុងរយៈពេល៣ឆ្នាំខាងមុខដោយតម្រូវឲ្យបង់ពន្ធប្រមាណ ២០០ដុល្លារ ក្នុង១តោននៅឆ្នាំដំបូង និងក្រោម ២០០ដុល្លារ នៅឆ្នាំទី២ និងទី៣។ ការសម្រេចនេះ ត្រូវគេគ្រោងចាប់ផ្តើមអនុវត្តអំឡុងពេលនោះដែរ ប្រសិនបើភាគីពាក់ព័ន្ធមិនបានប្តឹងជំទាស់។
គណៈកម្មការអឺរ៉ុបរកឃើញថា ការអនុគ្រោះពន្ធនាំអង្ករចូលពីកម្ពុជា និងភូមា ធ្វើឲ្យប៉ះពាល់ដល់ដំណើរការផលិតអង្ករក្នុងតំបន់អឺរ៉ុបស្របពេលប្រទេសចំនួន៨ នៅភាគខាងត្បូងអឺរ៉ុប ដូចជាព័រទុយហ្កាល់ ប៊ុលហ្ការី ជាដើមបានផលិតអង្ករកើនឡើង។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចកម្ពុជានានាបានមើលឃើញថាការទំលុះរបាំងនាំចូលអង្ករគ្រាប់វែងកម្ពុជាទៅកាន់ទៅផ្សារអឺរ៉ុប នឹងធ្វើឲ្យកម្ពុជាមានផលចំណេញច្រើនបន្ថែមទៀតទៅលើវិស័យស្រូវអង្ករ ខណៈដែលការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនឹងមានសន្ទុះកើនឡើង។
សូមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករសរុបជិត ៣៣ម៉ឺនតោន កើនឡើង ជិត៥ម៉ឺនតោន ស្មើនឹង១៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលមានត្រឹមជាង ២៨ម៉ឺនតោន។ ក្នុងនោះ កម្ពុជាបាននាំទៅកាន់ទីផ្សារអឺរ៉ុបចំនួនជិត ១០ម៉ឺនតោន កើនឡើង៤៧%។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម៕