ដោយ ជាតិ ចំណាន
2022.12.01
RFA

អ្នកធ្វើការងារផ្នែកលើកកម្ពស់សិទ្ធិស្ត្រី ជំរុញទៅក្រសួងសុខាភិបាលចាត់វិធានការតឹងរ៉ឹងលើ មន្ទីរសំរាកព្យាបាល ដែលរងការចោទថា បានវះកាត់ខ្វះការទទួលខុសត្រូវដែលបណ្ដាលស្ត្រីម្នាក់ដាច់គ្រឿងក្នុង ដែលពេលនេះនាងប្រឈមនឹងការបាត់បង់ជីវិត។ ការលើកឡើងនេះ ខណៈក្រសួងសុខាភិបាលសម្រេចបិទបណ្ដោះអាសន្ន មន្ទីរសំរាកព្យាបាលមួយកន្លែងនៅខេត្តកំពង់ស្ពឺ ដើម្បីទុកពេលអ្នកជំនាញស្រាវជ្រាវករណីនេះ។
ស្ត្រីរងគ្រោះដែលជាកម្មកររោងចក្រកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានី ភ្នំពេញ។ ស្ត្រីរូបនេះ អាយុ២២ឆ្នាំ ឈ្មោះ ឈាង ស្រីអូន ជាកម្មកររោងចក្រនៅខេត្តកណ្ដាលជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ។ ស្ត្រីរូប មុនដំបូងជួបបញ្ហាកូនស្លាប់ក្នុងពោះអាយុ៥ខែ ដែលគ្រូពេទ្យតម្រូវរំលូតកូនចេញ ប៉ុន្តែ ចុងក្រោយក៏កើតមានបញ្ហាគ្រូពេទ្យច្រឡំកាត់ពោះវៀន ថាជាទងស្បូន ដែលធ្វើឱ្យស្ត្រីរូបនេះដាច់គ្រឿងក្នុងជាច្រើនកន្លែង។
ប្ដីលោកស្រី ផេង វឿន គឺលោក ផេង វឿន ដែលជាកម្មកររោងចក្រដែរនោះ ឱ្យវិទ្យុអាស៊ីសេរីដឹងនៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ថា ប្រពន្ធរបស់លោកបានមកសង្គ្រោះបន្ទាន់មន្ទីរពេទ្យកាល់ម៉ែត ៣ថ្ងៃហើយ ប៉ុន្តែលោកថា ប្រពន្ធរបស់លោកមិនទាន់បានធូរស្រាលនៅឡើយទេ។ លោក ផេង វឿន បារម្ភពីសុខភាពប្រពន្ធរបស់លោក ព្រោះកន្លងមកមុនពេលលោកបញ្ជូនប្រពន្ធមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត គ្រូពេទ្យនៅមន្ទីរពេទ្យមួយចំនួន ប្រាប់ថា ប្រពន្ធរបស់លោកពិបាកសង្ឃឹមថា ថានឹងអាជួយសង្គ្រោះជីវិតណាស់៖«ប្រពន្ធខ្ញុំឥឡូវហ្នឹងគាត់មានសភាពធ្ងន់ធ្ងរខ្លាំង បាទគាត់នៅកាល់ម៉ែតបង ពេទ្យគេថា នៅតែដាក់ក្នុងបន្ទប់សង្គ្រោះបន្ទាន់អ៊ីចឹង។ »

លោក ផេង វឿន ឱ្យដឹងពីដំណើររឿងនេះថា ប្រពន្ធរបស់មានផ្ទៃពោះកូនអាយុ៥ខែ ហើយពេលទៅពិនិត្យសុខភាពនៅមន្ទីរសំរាកព្យាបាលឈ្មោះ ដើមអង្គ្រង គ្រូពេទ្យថា កូនក្នុងផ្ទៃនោះបានស្លាបដោយបេះដូងមិនធ្វើចលនា។ លោកបន្តទៀតថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា លោកនិងប្រពន្ធ បានយល់ព្រមឱ្យ មន្ទីរសំរាកព្យាបាល ដើមអង្គ្រង ជួយរំលូតកូន ហើយពេលនោះក៏មិនទាន់មានបញ្ហាអ្វីកើតឡើងដែរ។ លោកបន្តទៀតថា ១០ថ្ងៃក្រោយមក ប្រពន្ធរបស់លោកឈឺពោះ ហើយគ្រូពេទ្យនៃមន្ទីរសំរាកព្យាបាល ដដែលនេះ ប្រាប់ថា ក្នុងពោះប្រពន្ធរបស់លោកសម្អាតមិនទាន់អស់ដោយត្រូវសម្អាតម្ដងទៀត។ លោក ផេង វឿន ឱ្យដឹងទៀតថា នៅថ្ងៃទី២២ ខែវិច្ឆិកា ដែលជាថ្ងៃសម្អាតពោះប្រពន្ធលោកលើកទី២នោះ ប្រពន្ធមានការឈឺចាប់ខ្លាំង និងធ្លាក់ឈាមមិនឈប់ ហើយក៏ត្រូវបញ្ជូនទៅសង្គ្រោះនៅពេទ្យរដ្ឋវិញ គឺមន្ទីរពេទ្យស្រលាញ់ទារក ហៅពេទ្យជប៉ុន។លោកថា គ្រួពេទ្យប្រាប់លោកថា ប្រពន្ធរបស់លោកប្រឈមនឹងបាត់បង់ជីវិតព្រោះ ប្រពន្ធរបស់លោកបានដាច់ស្បូន និងពោះវៀន ជាច្រើនកន្លែង។ លោកបន្តទៀតថា នៅពេលគ្រួពេទ្យប្រាប់ដូច្នេះ ក៏បញ្ជូនប្រពន្ធទៅសង្គ្រោះនៅប្រទេសវៀតណាម បន្តទៀត ហើយគ្រូពេទ្យវៀតណាម ក៏ប្រាប់ដែរថា ប្រពន្ធរបស់លោកដាច់គ្រឿងក្នុងដែរ។ បុរសជាប្ដីរូបនេះ ក៏សម្រេចដឹកប្រពន្ធមកខ្មែរវិញ។ លោកថា នៅពេលដឹកប្រពន្ធមកដល់ផ្ទះ គឺលោកអស់សង្ឃឹម ទៅហើយ ហើយប្រពន្ធលោក នៅតែឈឺចាប់ ហើយនាងប្រាប់ថា គាត់មិនអាចគេងរង់ចាំស្លាប់ទេ ហើយលោកក៏សម្រេចបញ្ជូនប្រពន្ធមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត៖«នៅសល់តិចគេ(គ្រូពេទ្យ) គេសុំសម្អាតម្ដងទៀត នៅពេលគេសម្អាតគេចេះតែទាញយូរទៅច្រើនទៅៗ ខ្ញុំក៏សួរថា អាណឹងអីគេខ្លះម៉េចក៏ច្រើនម៉េះ? ហើយអ្នកគ្រូពេទ្យគាត់ថា ទងសុក ដល់ពេលគេបញ្ជូនមកដល់មន្ទីរពេទ្យជប៉ុន ពេលវះកាត់ទៅគេ(គ្រូពេទ្យ)ថា អស់ពោះវៀន អស់អីហើយគេជួយអត់បាន បាទៗ ពេទ្យជប៉ុនគេថា មនុស្សអស់គ្រឿងក្នុងអស់ពោះវៀន គេជួយអត់បាន។ »
ទាក់ទងករណីនេះ នាយិកាអង្គការក្លាហាន លោកស្រី បុណ្យ រចនា លើកឡើងថា ករណីនេះគឺជារឿងសោកសៅ និងតក់ស្លុត ដែលអាចធ្វើឱ្យស្ត្រីរូបនោះប្រឈមនឹងការបាត់បង់ជីវិត។ អ្នកធ្វើការងារទាក់ទងការលើកកម្ពស់សិទ្ធិស្ត្រីរូបនេះ ជំរុញឱ្យមានការអនុវត្តន៍ច្បាប់លើមន្ទីរគ្លីនិកឯកជននោះ។ លោកស្រីកបន្តទៀតថា ការធ្វេសប្រហែស ក៏ជាបទល្មើសដែរ។ លោកស្រី បុណ្យ រចនា ថា បើក្រសួងសុខាភិបាល មិនការពារនិងដោះស្រាយ បញ្ហានេះឱ្យទាន់ពេលទេនោះ ករណីបែបនេះអាចកើតមានដដែលៗទៀត៖«ក្រៅពីការដាក់ពិន័យឬដកអាជ្ញាប័ណ្ណលើគ្លីនិកណាមួយដែលគាត់អត់បានយកចិត្តទុកដាក់ខ្ពស់ គួរតែពិនិត្យបច្ច័យទៅលើការអនុវត្តន៍ច្បាប់ដែលមានក្នុងក្រមព្រហ្មទណ្ឌរបស់យើង ព្រោះរាល់ទង្វើការធ្វេសប្រហែសណាមួយដែលធ្វើបាត់បង់អាយុជីវិត ឬក៏បង្កនូវពិការភាពទៅលើបុគ្គលណាមួយដោយសារសេវារបស់ខ្លួនដែលមានការធ្វេសប្រហែសហ្នឹងវាជាទោសទណ្ឌដែរ។ »
ស្រដៀងគ្នានេះដែរ ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា ការច្រឡំកាត់ពោះវៀន ថាជាទងសុក គឺអាចកើតឡើងដោយសារពេទ្យធ្វើការខ្វះវិជ្ជាជីវៈ គ្មានស្មារតីរឹងមាំក្នុងការវះកាត់ បូករួមទាំងបញ្ហាឧបករណ៍សម្ភារផងដែរ។ លោកបន្តទៀត រដ្ឋាភិបាល ឬក្រសួងសុខាភិបាល មុនពេលអនុញ្ញាតឱ្យគ្លីនិកឯកជនបើកធ្វើអាជីវកម្ម គួរមានការពិនិត្យដិតដល់ ដើម្បីធានាថា ការធ្វើអាជីវកម្មនោះមិនបង្កគ្រោះថ្នាក់៖«ជាបញ្ជាបន្ទុករបស់រាជរដ្ឋាភិបាលត្រូវពិនិត្យលើគុណភាពសេវាកម្មហ្នឹងឯង តាមទស្សនៈរបស់ខ្ញុំ មុនឱ្យគ្លីនិកណាមួយបម្រើសេវាហ្នឹងបានលុះត្រាតែមានលក្ខណៈវិនិច្ឆ័យសុខាភិបាលអីខ្លះ គ្រូពេទ្យទាំងឡាយត្រូវមានគេហៅថា ឆ្លងកាត់បទពិសោធន៍អីខ្លះ ទើបអាចឱ្យមកធ្វើការអ៊ីចឹងបើមិនអ៊ីចឹងទេ អាចជាបញ្ហាសេវាកម្មមួយដែលមានគ្រោះថ្នាក់សម្រាប់ប្រជាជនកម្ពុជា។ »
ជុំវិញរឿងនេះវិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតប ពីអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានទេនៅថ្ងៃទី៣០ ខែវិច្ឆិកា។ ទោះយ៉ាងណា ក្រសួងសុខាភិបាលសម្រេចបិទបណ្ដោះអាសន្នមន្ទីរសំរាកព្យាបាលឯកជនដែលមានបញ្ហានោះ ។ សេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាលចុះកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឱ្យដឹងថា មន្ទីរសំរាកព្យាបាលឈ្មោះ ដើមអង្គ្រង មានទីតាំងនៅស្រុកគងពិសីខេត្តកំពង់ស្ពឹ ដែលមានអ្នកស្រី វេជ្ជបណ្ឌិត សូស ច័ន្ទរស្មី អ្នកទទួលខុសត្រូវ។ ក្រសួងសុខាភិបាលឱ្យដឹងទៀតថា ការបិទបណ្ដោះអាសន្ននេះ ដើម្បីសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ពីហេតុការណ៍ដែលបណ្ដាលមកពីករណីរំលូតកូនស្លាប់ក្នុងពោះ ដើម្បីចាត់ការតាមច្បាប់ជាធរមាន។
ទោះបែបនេះក្ដី ក្រសួងសុខាភិបាល មិនបាន បញ្ជាក់ លំអិតពីដំណើររឿងនេះឱ្យបានច្បាស់លាស់ដូចការចែករំលែកព័ត៌មានតាមបណ្ដាញសង្គមដែលថា មន្ទីរសំរាកព្យាបាលនេះបានច្រឡំកាត់ពោះវៀន ថាជាទងស្បូន ក្នុងពេលរំលូតកូនឱ្យស្ត្រីនោះឡើយ។
ករណីក្លាយការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដោយពួកគេបានចែករំលែកព័ត៌មាននេះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ នៅពេលដែលក្រសួងសុខាភិបាលបង្ហោះសេចក្ដីសម្រេច ពីការផ្អាកមន្ទីរសំរាកព្យាបាលនេះ តាមទំព័រហ្វេសប៊ុកក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះ បញ្ចេញមតិឬខំមិនថា ទោះក្រសួងបិទក្ដី ប៉ុន្តែ ម្ចាស់មន្ទីរសំរាកព្យាបាល ឬគ្លីនិក នោះប្ដូរឈ្មោះហើយទៅបើកកន្លែងថ្មីនិងអ្នកខ្លះទៀត រិះគន់ថា គោបាត់ទើបធ្វើរបង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។