សង្គម​ស៊ីវិល​ថា ការ​បង្ហាញ​ភាព​ហ៊ឺហា​របស់​លោក ហ៊ុន សែន បង្ហាញ​ពី​ភាព​គ្មាន​ឆន្ទៈ​គិតគូរ​ដល់​ពលរដ្ឋ​ក្រីក្រ

ដោយ ទីន ហ្សាការីយ៉ា
2022.12.01
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សង្គម​ស៊ីវិល​ថា ការ​បង្ហាញ​ភាព​ហ៊ឺហា​របស់​លោក ហ៊ុន សែន បង្ហាញ​ពី​ភាព​គ្មាន​ឆន្ទៈ​គិតគូរ​ដល់​ពលរដ្ឋ​ក្រីក្រ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​នាឡិកា​ដៃ​តម្លៃ​ថ្លៃ​របស់​លោក។ Photo Courtesy


បើ​ទោះ​បី​ជា​កម្ពុជា​នៅតែ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​ប្រជាពលរដ្ឋ​ភាគច្រើន​មាន​ជីវភាព​ក្រីក្រ​និង ក្បែរ​ក្រីក្រ​ក្ដី ក៏ប៉ុន្តែ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ជា​ពិសេស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​សម្ញែង​សម្ភារៈ​ប្រណិតៗ​ដែល​មាន​តម្លៃ​ថ្លៃ ដល់​សាធារណជន។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​យុវជន​យល់​ថា ទម្លាប់​សម្ភារៈ​និយម​របស់​ថ្នាក់ដឹកនាំ​បែបនេះ គឺជា​គំរូ​មិន​ល្អ ដែល​មិន​គិតគូរ​ដល់​ពលរដ្ឋ​ក្រីក្រ។

ប្រៀបធៀប​ជាមួយ​ប្រទេស​ជិត​ខាង កម្ពុជា​នៅតែ​ជា​ប្រទេស​ក្រីក្រ​ជាងគេ​ក្នុង​តំបន់ នេះ​បើ​គិត​ពី​ចំណូល​ជា​មធ្យម​ប្រចាំឆ្នាំ​របស់​ពលរដ្ឋ​ម្នាក់ៗ​ដែរ​មាន​ត្រឹមតែ​ជិត ១​ពាន់ ៦​រយ​ដុល្លារ​អាមេរិក (១,៥៩១ ដុល្លារ​អាមេរិក) តែប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា លោក ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​ជិត ៤០​ឆ្នាំ​មក​ហើយ​នោះ បែរ​ជា​សម្ញែង​សម្ភារៈ​និយម ដែល​មាន​តម្លៃ​ថ្លៃ​បែប​អភិជន និង​រស់នៅ​ក្នុង​ជីវិត​បែប​អ្នកមាន​ស្ដុកស្ដម្ភ​ទៅវិញ។

ក្នុង​តួនាទី​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែល​មាន​ប្រាក់ខែ​ត្រឹមតែ​ជាង ១០​លាន​រៀល ឬ​ប្រមាណ ២.៥០០​ដុល្លារ​អាមេរិក​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក និង​សមាជិកគ្រួសារ​សាច់ញាតិ​របស់​លោក រស់នៅ​តាម​បែប​អភិជន ហើយ​មិនបាន​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ឡើយ​។ លោក ​ហ៊ុន សែន ជារឿយៗ​តែង​សម្ញែង​សម្ភារៈ​ដែល​មាន​តម្លៃ​ថ្លៃៗ មាន​ដូចជា​ខ្សែ​ក្រវ៉ាត់ ស្បែកជើង និង​សំលៀកបំពាក់ ដែល​មាន​តម្លៃ​ចាប់ពី​រាប់ពាន់​ដុល្លារ ទៅដល់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ​។ ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ក៏​ជា​អ្នក​ឈ្លក់​វង្វេង​ជាមួយ​នាឡិកា​ម៉ាក​ល្បីៗ ដែល​មាន​តម្លៃ​រហូតដល់​រាប់​លាន​ដុល្លារ​ដែរ ដូចជា​ម៉ាក ផាថេក ហ្វីលីប (Patek Philip)​ តម្លៃ ១​លាន ២​សែន​ដុល្លារ​អាមេរិក (១,២០០,០០០ ដុល្លារ​អាមេរិក​) និង​ម៉ាក រី​ឆាត មៀល (Rechard Mille Sapphire Dragon Tuorbilon) ដែល​មានតែ ៥៥​គ្រឿង​លើ​ពិភពលោក និង​នាឡិកា​ថ្លៃៗ​ផ្សេងទៀត តម្លៃ​សរុប​ដល់​ទៅ​ជាង ៩​លាន​ដុល្លារ​អាមេរិក​ឯណោះ។

ដោយសារតែ​ការ​ឈ្លក់​វង្វេង​នឹង​នាឡិកា​ដែល​ប្រណិត តាំងនៅ​ជា​ទា​ហ៊ាន​ខ្មែរក្រហម ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ក្នុង​ឆ្នាំ​២០២២​នេះ លោក ហ៊ុន សែន ក៏បាន​បញ្ជា​ទិញ​ផលិត​នាឡិកា​ដៃ​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ ចំនួន​២៥​គ្រឿង ចែក​ដល់​ថ្នាក់ដឹកនាំ​ដែល​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ខែវិច្ឆិកា​។ ការ​ចំណាយ​ថវិកាជាតិ​ដ៏​ច្រើន​បែបនេះ ត្រូវ​បាន​គេ​មើលឃើញ​ថា គឺ​ជា​ការ​ចំណាយ​ដ៏​ខ្ជះខ្ជាយ ខណៈ​កសិករ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុង​ឆ្នាំ​២០២២​នេះ​ជាង​១០​ម៉ឺន​គ្រួសារ ប៉ុន្តែ​ទទួល​បាន​ជំនួយ​គ្រាប់ពូជ និង​អំណោយ​ពី​រដ្ឋាភិបាល​បន្តិចបន្តួច​ត្រឹមតែ​ជាង ២​ម៉ឺន​គ្រួសារ​តែប៉ុណ្ណោះ។

ចំណែកឯ ប្រពន្ធ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា ឈ្លក់​វង្វេង​ជាមួយ​សម្ភារៈ​និយម​ដែរ ដោយ​កាលពី​ឆ្នាំ​២០២១ ខណៈ​ពេល​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​ជីវភាព​លំបាក​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ លោកស្រី​បែរជា​បង្ហាញ​សំលៀកបំពាក់ និង​គ្រឿង​អលង្ការ​ដែល​មាន​តម្លៃរ​រាប់សិប​ម៉ឺន​ដុល្លារ​ឯណោះ។ សម្ភារៈ​ទាំងនោះ​រួមមាន អាវយឺត​ម៉ាក វ័រ​សាជី (Versace) មួយ​តម្លៃ​ជិត​៧​រយ (៦៣០) ដុល្លារ និង​ខ្សែ​ក្រវ៉ាត់​ម៉ាក ហេមេស​(Hemes) មួយ​តម្លៃ​ជិត​១​ពាន់ (៨៤៥) ដុល្លារ និង​គ្រឿង​អលង្កា​ផ្សេងៗ​ទៀត​ផង​ដែរ។

ជាមួយ​គ្នា​នេះ កូនៗ​របស់​លោក ហ៊ុន សែន ក៏​មាន​ទ្រព្យសម្បត្តិ​មិន​តិច​ដែរ ដោយ​ពួកគេ​បាន​ទិញ​ផ្ទះ​នៅ​សហរដ្ឋអាមេរិក (U.S) មានតម្លៃ​រាប់​សែន​ដុល្លារ​តាំងពី​ឆ្នាំ​២០០០ មក​ម្ល៉េះ។ កូនៗ ទាំង​បួន​នាក់​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ពេលនោះ​មាន​អាយុ ២៣​ឆ្នាំ អ្នកស្រី ហ៊ុន ម៉ាណា ពេលនោះ អាយុ ២០​ឆ្នាំ លោក ហ៊ុន ម៉ានិត ពេលនោះ អាយុ ១៩​ឆ្នាំ និង​លោក ហ៊ុន ម៉ានី ដែល​ពេលនោះ​មាន​អាយុ​មិនទាន់​គ្រប់ ១៨​ឆ្នាំ​ស្រួលបួល​ផង ពួកគេ​បាន​ទិញ​ផ្ទះ​រួមគ្នា​មួយ​ខ្នង ក្នុង​តំបន់​ជាយក្រុង​ញូវយ៉ក ក្នុង​តម្លៃ​ទឹក​ប្រាក់​សរុប ៥​សែន ៥​ម៉ឺន​ដុល្លារ​អាមេរិក (៥៥០.០០០)។

ផ្ទុយ​ពី​ការ​លើកឡើង​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ដែល​តែងតែ​លើកឡើង​ថា អាទិភាព​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​គឺ​កាត់បន្ថយ​ភាព​ក្រីក្រ ប្រជាពលរដ្ឋ​តែង​លើកឡើង​ថា ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ឱ្យ​គម្លាត​អ្នកមាន និង​អ្នកក្រ​កាន់តែ​ឆ្ងាយ​ពី​គ្នា ហើយ​មានតែ​គ្រួសារ និង​បក្ស​ពួក​ក្រុម​ឧកញ៉ា របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​បកស្រាយ​អំពី​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​ពុំ​មាន​អ្នកទទួល។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ឃើញ​ថា ការ​សម្ញែង​សម្ភារៈ​និយម និង​ទ្រព្យសម្បត្តិ​រាប់​លាន​ដុល្លារ​របស់​ថ្នាក់ដឹកនាំ​ប្រទេស គឺជា​រឿង​មិន​គួរ​កើតមាន​ឡើយ ព្រោះ​ប្រជាពលរដ្ឋ​ជាច្រើន កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ ខ្វះ​អាហារ​បរិភោគ និង​មាន​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ ព្រាត់ប្រាស​គ្រួសារ ទៅ​ធ្វើ​ការ​នៅ​បរទេស​ដើម្បី​សងបំណុល​ធនាគារ​។ លោក​បន្ថែម​ថា ការ​សម្ញែង​សម្ភារៈ​ទំនើប​ដែល​មាន​តម្លៃ​ខ្ពស់​របស់​មន្ត្រីជាន់ខ្ពស់​ដូចនេះ គឺជា​គំរូ​មិនល្អ ដែល​បង្ក​ឱ្យ​មាន​ទម្លាប់​ប្រកួតប្រជែង​គ្នា​ទៅលើ​សម្ភារៈ​និយម និង​មិនបាន​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ។

លោក ស៊ឹង សែនករុណា៖ «ពាក់ព័ន្ធ​នឹង​រឿង​បង្ហាញ និង​សម្ញែង​ទ្រព្យសម្បត្តិ​អី​ទាំងអស់​នេះ វា​នាំ​តែ​ជា​គំរូ​មិនល្អ​ទៅដល់​សង្គម​ទេ គួរតែ​បញ្ឈប់​នូវ​អំពើ​ទាំង​អស់ហ្នឹង ហើយ​គិតគូរ​ដល់​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ ដែល​កំពុងតែ​រង​ទុក្ខ ជួប​ការ​លំបាក ជំពាក់​បំណុល​ធនាគារ ភាព​ក្រីក្រ ចំណាកស្រុក អាហ្នឹង​សុទ្ធតែ​ជា​រឿង​ដែល​យើង​ត្រូវ​គិតគូរ ស្ដារ​ឱ្យ​ប្រទេសជាតិ​យើង​មានមុខ​មាន​មាត់ ឡើងវិញ​នៅ​លើ​ឆាក​អន្តរជាតិ មិនមែន​ដឹកនាំ​ទៅ​យក​តែ​មាន​បាន​ខ្លួនឯង ក្រុម​ខ្លួនឯង គ្រួសារ​ខ្លួនឯង​អ៊ីចឹង​ទេ

ជាមួយ​គ្នា​នេះ លោក ស៊ឹង សែនករុណា បន្ថែម​ថា គឺជា​រឿង​មិន​សម​ទំនង ខណៈ​ប្រាក់ខែ​មន្ត្រីរាជការ​មាន​ត្រឹមតែ​បន្តិចបន្តួច ប៉ុន្តែ​បែរជា​មានទ្រព្យ​សម្បត្តិ​ច្រើន​ដល់​រាប់​លាន​ដុល្លារ​អាមេរិក​។ លោក​បន្ត​ថា មន្ត្រីរាជការ​សាធារណៈ គួរតែ​បង្ហាញ​គំរូ​ក្នុង​ការ​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ ជាជាង​ធ្វើការ​ដើម្បី​ភាព​មាន​បាន តាមរយៈ​ការប្រើប្រាស់​តួនាទី អំណាច​របស់​ខ្លួន ព្រោះ​ពួកគេ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដែល​បោះឆ្នោត​ឱ្យ។

លោក ស៊ឹង សែនករុណា៖ «វា​ជា​រឿង​មួយ​ដែល​មិន​សមគួរ​សម្រាប់​ប្រទេស​មួយ​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ ដែល​មាន​ការគ្រប់គ្រង​ដឹកនាំ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ហ្នឹង ដែល​ជាប់ឆ្នោត ដោយសារតែ​ការបោះឆ្នោត​ពី​ប្រជាពលរដ្ឋ តែ​ប្រជាពលរដ្ឋ​បែរ​ជា​ស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ ហើយ​អ្នកដឹកនាំ កាន់​ការងារ​គ្រប់គ្រង​រដ្ឋ​ហ្នឹង​បែរជា ក្លាយជា​អ្នកមាន​ទ្រព្យធន ហូរ​ហ៊ា ហើយ​សម្ញែង​នូវ​ទ្រព្យសម្បត្តិ និង​របស់ទំនើបៗ​ជាច្រើន វា​ជា​រឿង​មួយ​ដែល​មិន​សមគួរ​កើតឡើង​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ទេ

បើ​ទោះ​បី​ជា​លោក ហ៊ុន សែន ធ្លាប់​បាន​លើកឡើង​ជារឿយៗ​ថា មិន​ទុក្ខ​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​អត់បាយ​ក្ដី ប៉ុន្តែ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក ដើម្បី​រក​ការងារ​ធ្វើ​។ ទោះជា​យ៉ាងណា លោក ហ៊ុន សែន ក៏​ធ្លាប់​ធ្លោយមាត់​ម្ដងៗ​ដែរ អំពី​ការ​មិន​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ករណីនេះ​ធ្លាប់​កើតមានឡើង​កាលពី​រដូវ​កាល​រាំង​ខ្ទប់​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ នៅ​ចុងឆ្នាំ​២០២០ ដោយ​កាល​នោះ លោក ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា «​បើ​អ្នក​រត់​ម៉ូតូ​ឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះ​ទេ»។

របាយការណ៍ អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបល វីនេស (Global Witness) ផ្សាយ​កាលពី​ឆ្នាំ​២០១៦ បង្ហាញ​ថា ត្រកូល “​ហ៊ុន​” កំពុង​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ដោយ​អំពើពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន ។ គ្រួសារ​ត្រកូល “​ហ៊ុន​” បាន​កាន់​កាប់​ផ្ទាល់ ឬ​កាន់កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ​។ ចំនួន​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ​នេះ ជា​ចំនួន​ទឹកប្រាក់​ដែល​ដាក់ចេញ​ឱ្យ​ឃើញ​ក្នុង​ក្រុមហ៊ុន​របស់​ត្រកូល “​ហ៊ុន​” ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួងពាណិជ្ជកម្ម ប៉ុន្តែ​អង្គការ គ្លូបល វីនេស អះអាង​ថា ពួកគេ​មាន​ភាគហ៊ុន​ច្រើនជាង​នេះ ប៉ុន្តែ​លាក់​ព័ត៌មាន។

ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន អះអាង​ថា នាឡិកា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​បាន​មកពី​មិត្តភក្ដិ​ទិញ​ឱ្យ​លោក​ទេ មិន​មាន​គាត់​ទិញ​ដោយ​ខ្លួនឯង​ឡើយ​។ ដោយឡែក​ទាក់ទង​ជាមួយ​ទ្រព្យសម្បត្តិ​លោក សុខ ឥសាន អះអាង​ថា លុយ​ទាំងនោះ​គឺ​កើត​ចេញ​ពី​ការ​រក​ស៊ី​ផ្ទាល់ខ្លួន លោក​ថា ទោះបីជា​តំណាងរាស្ត្រ មិន​មាន​សិទ្ធិ​ឈរឈ្មោះ​ជា​អគ្គនាយក និង​ប្រធាន​ក្រុមហ៊ុន ប៉ុន្តែ​តំណាងរាស្ត្រ​អាច​ឈរឈ្មោះ​ជា​ក្រុមប្រឹក្សាភិបាល ដាក់​ទុន​រកស៊ី​បាន​ដែរ។

លោក សុខ ឥសាន៖ «ធ្វើ​រដ្ឋមន្ត្រី ធ្វើ​រដ្ឋលេខាធិការ ឬមួយ​ធ្វើ​រដ្ឋសភា វា​ក៏​ជា​ពលរដ្ឋ​ដែរ អ៊ីចឹង​មាន​សិទ្ធិ​ចំពោះមុខ​ច្បាប់​ដូចគ្នា ធ្វើ​ជំនួញ​បាន​តើ​ស​ឱ្យ​តែ​ជា​រឿង​ស្របច្បាប់ កុំ​ឱ្យ​តែ​ជួញដូរ​គ្រឿងញៀន​អី​ខុស​ច្បាប់ អាហ្នឹង​គេ​ចាប់​ហើយ»។

ជុំវិញ​រឿង​នេះ​ដែរ យុវជន​តាមដាន​ការ​អភិវឌ្ឍ​សង្គម និង​នយោបាយ លោក លី ចាន់ដារ៉ាវុត យល់ឃើញ​ថា ក្នុងនាម​ជា​អ្នកដឹកនាំ​រដ្ឋាភិបាល លោក ហ៊ុន សែន មិន​គួរ​សម្ញែង​ទ្រព្យសម្បត្តិ ឬ​សម្ភារៈ​ដែល​មាន​តម្លៃ​រហូត​ដល់​រាប់​លាន​ដុល្លារ​នោះ​ទេ ព្រោះ​ការ​សម្ញែង​បែបនេះ​គឺជា​គំរូ​អាក្រក់ ដែល​ឆ្លុះបញ្ចាំង​ថា​អ្នកនយោបាយ​មិនបាន​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រី​ក្រី​ឡើយ​។ ជាមួយគ្នានេះ លោក​បន្ថែម​ថា អ្នកនយោបាយ​គួរតែ​យក​អតីត​ប្រធានាធិបតី អ៊ុយរ៉ាហ្គាយ (Uraguay) លោក ចូសេ មូជីការ (Jose Mojica) ជា​គំរូ ដោយ​លោក​បាន​បរិច្ចាគ​ប្រាក់បៀវត្ស​ផ្ទាល់ខ្លួន​៩០​ភាគរយ ដើម្បី​ជួយ​ដល់​ប្រជា​សហគមន៍​របស់​គាត់ ហើយ​គាត់​រស់នៅ​តាម​បែប​ជីវភាព​សាមញ្ញ នឹង​ទទួល​បាន​ការគោរព និង​សរសើរ​ពី​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​លើសលប់។ លោក លី ចាន់ដារ៉ាវុត បន្ថែម​ថា ក្នុងនាម​ជា​អ្នកនយោបាយ គួរ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ជាធំ ជាជាង​យក​អំណាច​ដើម្បី​ធ្វើ​អាជីវកម្ម ហើយ​ត្រេកត្រអាល​ជាមួយ​ភាព​មាន​បាន ដែល​ប្រាសចាក​ពី​និយមន័យ​ធម្មជាតិ​ជា​អ្នកនយោបាយ។

លោក លី ចាន់ដារ៉ាវុត៖ «បើសិន​ជា​យើង​និយាយ​ពី​ការ​ដឹកនាំ​នយោបាយ យើង​គួរតែ​យក​វា​ទៅជា​ចំណង់ ការដែល​យើង​ចង់​ឃើញ​ប្រជាជន​គាត់​រស់នៅ​ស្រណុក​សុខ​ស្រួល ចាក​ផុត​ពី​ភាព​ក្រីក្រ​។ កាលណា​យើង​គិតថា យើង​ដឹកនាំ​នយោបាយ ដើម្បី​តែ​មាន​បាន ងាយស្រួល​បង្កើត​ប្រព័ន្ធ​មួយ​ដែល​ធ្វើ​ឱ្យ​មាន​អំពើពុករលួយ​ខ្លាំង​ទៅ ខ្លួនឯង​ទទួលផល​ចំណេញ​ពី​ហ្នឹង ខ្ញុំ​គិតថា ប្រទេសជាតិ​ហ្នឹង​គេច​មិន​ផុត​ទេពី​ការ​រលាយ​។ រលាយ​ធនធានធម្មជាតិ​ផង ប្រជាជន​កាន់តែ​ក្រីក្រ​ផង ហើយ​វា​បង្កើត​វិសមភាព​សង្គម​ដូច​រាល់ថ្ងៃ​អ៊ីចឹង បាន​ន័យ​ថា​អ្នកមាន​ចេះតែ​មាន​ទៅ មាន​ឡាន​រ៉លរ៉យ (Rolls Royce) ពីរ​បី​ជិះ​តែឯង​ទៅ អាហារ​ហូបចុក​មិន​អស់​ទៅ ដល់ពេល​អ្នកក្រ ក្រ​រហូត​អត់​មាន​បាយ​ហូប​អ៊ីចឹង​ទៅ»។

ប្រទេស​កម្ពុជា នៅតែ​បន្ត​ជាប់​ចំណាត់ថ្នាក់​អាក្រក់​ជាង​ប្រទេស​នានា ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក​ខាង​ប្រព្រឹត្តិ​អំពើពុករលួយ​។ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​ចេញ​របាយការណ៍​វាយតម្លៃ​ពី​តម្លាភាព កាលពី​ខែមករា​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ ២១ លើ​១០០​ពិន្ទុ និង​មាន​ចំណាត់​ថា្នក់​លេខ​រៀង​ទី​១៥៧ ក្នុងចំណោម​១៨០​ប្រទេស​។ ចំណាត់ថ្នាក់​នេះ​មាន​ន័យថា កម្ពុជា​មាន​អំពើពុករលួយ​អាក្រក់​ជាងគេ ប្រៀបធៀប​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​(ASEAN)​។ របាយការណ៍​នេះ សបញ្ជាក់​ឱ្យ​យើង​ដឹង​កាន់តែ​ច្បាស់​ថា មន្ត្រីរាជការ និង​អ្នក​មាន​អំណាច​ភាគច្រើន បាន​ប្រើប្រាស់​តួនាទី​របស់​ខ្លួន ដើម្បី​ទទួល​បាន​លាភសក្ការៈ ទ្រព្យ​ធន ធ្វើ​ជា​អ្នកមាន​តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សង្គម​ស៊ីវិល​ថា ការ​បង្ហាញ​ភាព​ហ៊ឺហា​របស់​លោក ហ៊ុន សែន បង្ហាញ​ពី​ភាព​គ្មាន​ឆន្ទៈ​គិតគូរ​ដល់​ពលរដ្ឋ​ក្រីក្រ"

  1. Anonymous says:

    this evil is too old ,too dump, can’t even walk why he still need to work. YES………. we knew this evil have been murder so many people that why he need powers to survive . even those he just about going hell he still want to kill some one be for he close his eye .