អាជ្ញាធរ​ព្រះវិហារ​ចាប់ខ្លួន​អ្នកកាសែត​៣​នាក់ តែ​មិន​អនុវត្ត​ច្បាប់​ចំពោះ​ឈ្មួញ​ទិញ​ឈើ​ខុសច្បាប់

ដោយ ឡេង ម៉ាលី
2022.12.01
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរ​ព្រះវិហារ​ចាប់ខ្លួន​អ្នកកាសែត​៣​នាក់ តែ​មិន​អនុវត្ត​ច្បាប់​ចំពោះ​ឈ្មួញ​ទិញ​ឈើ​ខុសច្បាប់

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់ ខេមបូចា លោក ណុប វី។ រូប៖ ហ្វេសប៊ុកខេមបូចា


អ្នកសារព័ត៌មាន មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​ការពារ​បរិស្ថាន បាន​ហៅ​ការ​ចាប់ខ្លួន​អ្នកកាសែត​៣​នាក់​បញ្ជូន​ទៅ​តុលាការ ពី​សំណាក់​សមត្ថកិច្ច​ខេត្តព្រះវិហារ ថា ជា​ការ​អនុវត្ត​ច្បាប់​ខ្វះ​តម្លាភាព និង​អយុត្តិធម៌​។ ពួកគាត់​អះអាង​ថា តំណាង​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី (PNT) ដែល​រង​ការ​ចោទ​ថា ប្រមូល​ទិញ​ឈើ​ខុសច្បាប់ ពី​តំបន់​ព្រៃ​ឡង់ គឺជា​ដើម​បណ្តឹង​ក្នុង​សំណុំ​រឿង​នេះ។

អ្នកសារព័ត៌មាន និង​សកម្មជន​ការពារ​បរិស្ថាន ហួសចិត្ត​ចំពោះ​សមត្ថកិច្ច និង​ស្ថាប័ន​អយ្យការ​ខេត្តព្រះវិហារ ដែល​មិន​អនុវត្ត​ច្បាប់​ប្រឆាំង​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ តែ​បែរជា​ចាត់វិធានការ​ប្រឆាំង​លើ​អ្នកសារព័ត៌មាន​ទៅវិញ ។​

ការ​បញ្ចេញ​ប្រតិកម្ម​នេះ ដោយសារ កាលពី​ថ្ងៃទី​២៣ ខែ​វិច្ឆិកា សាលាដំបូង​ខេត្តព្រះវិហារ​បានសម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន លើ​អ្នកសារព័ត៌មាន បី​នាក់ ដោយ​ចោទប្រកាន់​ពី​បទ «​កំហែង​យក​» ក្រោម​បណ្ដឹង​របស់​ឈ្មួញ​ឈើ​ម្នាក់ ដែល​ប្រមូល​ទិញ​ឈើ​ឱ្យ​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី ។

អ្នកកាសែត ៣​នាក់ ដែល​តុលាការ​ឃុំខ្លួន ឈ្មោះ មុំ វិបុល វ័យ ៤៤​ឆ្នាំ ជា​អ្នកយកព័ត៌មាន​ឱ្យ​ទូរទស្សន៍ «​ប៉ុស្តិ៍​លេខ​៣»​។ ទី​២ ឈ្មោះ តិន ទ្រី វ័យ ២៩​ឆ្នាំ និង​ទី​៣ ឈ្មោះ តិន ស៊ីថា វ័យ​២៧ ឆ្នាំ ដែល​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា គឺជា​អ្នកយកព័ត៌មាន​អនឡាយ (Online) ក្នុងស្រុក រស់​នៅ ស្រុក​ជ័យសែន ខេត្តព្រះវិហារ។

បងប្រុស​បង្កើត​អ្នកកាសែត​ពីរ​នាក់ ដែល​តុលាការ​ឃុំខ្លួន គឺ​លោក តិន ចំរើន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប្អូនប្រុស​ទាំងពីរ របស់​លោក ពុំបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​ទេ ហើយ​ពួកគាត់​ក៏​មិនទាន់​បាន​ទទួល​លុយ ពី​ឈ្មួញ​ឈើ​ដែរ។

លោក​ថា ថ្មីៗ​នេះ លោក​បាន​ទៅ​សួរសុខទុក្ខ​ប្អូនៗ របស់​លោក​ឈ្មោះ តិន ទ្រី និង ទិន ស៊ីថា ដែល​កំពុង​ជាប់​ឃុំខ្លួន​ពន្ធនាគារ ដោយ​ពួកគាត់​អះអាង​ថា មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​នោះ​ឡើយ​។ លោក​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ការចោទប្រកាន់​នេះ។

លោក តិន ចំរើន​៖ «អ្នក​រកស៊ី​ខុសច្បាប់​រួចខ្លួន តែ​អ្នក​កាសែត​បែរជា ជាប់ពន្ធនាគារ​វិញ​។ ខ្ញុំ​ចង់ឱ្យ​តុលាការ​រក​យុត្តិធម៌​ជូន​ពួកគាត់»។

អ្នកសារព័ត៌មាន​ក្នុងស្រុក​បង្ហើប​ថា ការ​ប្តឹងផ្តល់​នេះ ក្រោយ​ពី​អ្នកសារព័ត៌មាន​ទាំង ៤​នាក់ ធ្វើ​ដំណើរ​តាម​រថយន្ត ១​គ្រឿង ចុះ​ទៅ​យក​ព័ត៌មាន ពាក់ព័ន្ធ ក្រុមហ៊ុន​វៀតណាម ”​ភីអិនធី PNT” ដែល​ប្រមូល​ទិញ​ឈើ ពី​ពលរដ្ឋ​ខុសច្បាប់ ក្នុង​តំបន់​ព្រៃ​ឡង់ នៃ​ស្រុក​រវៀង ខេត្តព្រះវិហារ។

គ្រានោះ​តំណាង​ក្រុមហ៊ុន ឈ្មោះ សាត ណាក់ បាន​សម្រួល​បង់ប្រាក់​ឱ្យ​អ្នក​កាសែត​ទាំងនោះ សរុប ៥០០​ដុល្លារ ជា​ថ្នូរ​នឹង​បិទ​ព័ត៌មាន​កុំឱ្យ​ផ្សាយ ពី​សកម្មភាព​ទិញ​ឈើ​ខុសច្បាប់​របស់​ក្រុមហ៊ុន។

ប៉ុន្តែ​ក្រុម​អ្នកកាសែត​ទាំងនោះ មិន​ព្រម​យក ដោយ​ទារប្រាក់ ចំនួន​៤ ពាន់​ដុល្លារ (៤០០០០) ព្រោះ​គ្នា​៤​នាក់​។ រីឯ​តំណាង​ក្រុមហ៊ុន បាន​ប្រើ​ល្បិច​តថ្លៃ​គ្នា លួច​ថត​សំឡេង​សម្របសម្រួល​បង់ប្រាក់ ជាង ២ ពាន់​ដុល្លារ (២.១៥០) ប្រគល់​ជូន​ក្រុម​អ្នកកាសែត​ទាំងនោះ។

បន្ទាប់មក តំណាង​ក្រុមហ៊ុន និង​បក្ខពួក បាន​បញ្ឆោត​ឱ្យ​ក្រុម​អ្នកកាសែត​ទាំងនោះ ទៅ​ច្រៀង​ខារ៉ាអូខេ​មួយ​កន្លែង ដើម្បី​រាប់អាន​គ្នា ហើយ​ពួកគេ​នឹង​ចេញ​លុយ​ឱ្យ ខណៈ​ដែល​អ្នកកាសែត​ទាំង​នោះ កំពុង​ច្រៀង ប៉ូលិស​ខេត្តព្រះវិហារ បាន​ចុះ​ចាប់ខ្លួន​ក្នុង​បន្ទប់​ខារ៉ាអូខេ (KTV ) កាលពី​យប់​ថ្ងៃទី ២៣ វិច្ឆិកា​។ ក្នុង​ហេតុការណ៍​នោះ អ្នកសារព័ត៌មាន​ម្នាក់​បាន​រត់​គេច​ខ្លួនបាត់។

អ្នកយកព័ត៌មាន​ឱ្យ​ទូរទស្សន៍​ហង្ស​មាស ប្រចាំ​ខេត្ត​ព្រះវិហារ លោក ទ្រី សុផល ចាត់ទុក​សំណុំ​រឿង​នេះ ជា​ការ​អនុវត្ត​ច្បាប់​មិន​ស្មើភាព​គ្នា ដោយ​សមត្ថកិច្ច​ផ្តោត​តែ​លើ​អ្នកកាសែត តែ​ឈ្មួញ​ឈើ​ប្រព្រឹត្ត​ល្មើសច្បាប់ បែរជា​រួចខ្លួន​។ លោក​ថា ទិដ្ឋភាព​នេះ ជា​ការ​គំរាមកំហែង​លើ​ស្មារតី អ្នក​សារព័ត៌មាន​ដទៃ​ទៀត ខ្លាច​រអា ក្នុង​ការ​បំពេញ​វិជ្ជាជីវៈ​យក​ព័ត៌មាន តាម​មូលដ្ឋាន​ខេត្តព្រះវិហារ៖ «ពាក់ព័ន្ធ​បទល្មើស​នានា រាយការណ៍​អ្នកសារព័ត៌មាន​មួយចំនួន​មាន​ការ​ភ័យខ្លាច ខ្លាច​ការ​ចាប់ខ្លួន​។ ជាក់ស្តែង​រឿង​នេះ ពួកគាត់​ទាំង​បី អយុត្តិធម៌​មែនទែន។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​ករណីនេះ ពី​តំណាង​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី ដែល​រង​ការ​ចោទ​ថា ប្រមូល​ទិញ​ឈើ​ខុសច្បាប់ នៅ​ខេត្ត​ព្រះវិហារ គឺ​លោក សាត ណាក់ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១ ធ្នូ ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ចំណែក ព្រះរាជអាជ្ញា​ខេត្តព្រះវិហារ លោក ទី សុវិនថាល់ និង ប្រធាន​សាលាដំបូង​ខេត្តព្រះវិហារ លោក យុ​ត ពន្លឺ ក៏​មិនអាច​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ជុំវិញ​រឿង​នេះ ក្រុម​ស្នូល​បណ្ដាញ​ការពារ​ព្រៃ​ឡង់ ខេត្តព្រះវិហារ លោក ស្រី ថី អស់សំណើច​ដែល សមត្ថកិច្ច​ចាប់ខ្លួន​អ្នកកាសែត ប៉ុន្តែ​បើកដៃ​ឱ្យ​ក្រុមហ៊ុន​វៀតណាម កាប់​ឈើ​ក្នុង​ព្រៃ​ឡង់​ដោយ​សេរី​។ លោក​ថា ឧក្រិដ្ឋកម្ម​ព្រៃឈើ​ក្នុង​ព្រៃ​ឡង់ កំពុង​កើតមាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដោយ​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុមហ៊ុន​ភីអ៊ិនធី និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត មិន​ឃើញ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​នៅឡើយ​ទេ។ ចំណែក​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន តែងតែ​យក​លុយ​ពី​អ្នក​ដឹក​ឈើ​ខុសច្បាប់ បាន​ក្លាយជា​ទម្លាប់​ដដែលៗ ក៏​មិន​ឃើញ​អនុវត្ត​ច្បាប់​ដែរ។

លោក ស្រី ថី៖ «គិត​ទៅ​វា​ខុស​ទាំងពីរ អ្នក​យក​លុយ​ក៏​ខុស អ្នក​កាប់​ព្រៃឈើ​ក៏​ខុស​ដែរ ចុះបើ​មន្ត្រី​ជំនាញ​យក​លុយ​វិញ ខុស​ដែរ​។ គេ​អនុវត្ត​ច្បាប់​បាន​តែ​ម្ខាង អត់​សម​ស្រប»។

ទាក់ទង​ករណី​នេះ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់ ខេមបូចា លោក ណុប វី ទទូច​ឱ្យ​សមត្ថកិច្ច និង​តុលាការ​ស៊ើបអង្កេត​ករ​ណី​នេះ​ឱ្យ​ច្បាស់លាស់ ប្រសិនបើ​រក​ឃើញ​ថា អ្នកសារព័ត៌មាន​ជា​តម្រុយ បង្ហើប​ឱ្យ​មាន​ការស៊ើបអង្កេត ពី​បទ​ល្មើស​ឧក្រិដ្ឋ​ព្រៃឈើ តុលាការ​គួរតែ​ពិចារណា​ដោះលែង ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​។ លោក​បញ្ជាក់​ថា អ្នកសារព័ត៌មាន​ជា​ផ្នែក​មួយ ផ្តល់​ព័ត៌មាន​ដល់​តុលាការ និង​សមត្ថកិច្ច ដើម្បី​ស៊ើបអង្កេត​រក​បទល្មើស​ព្រៃ​ឈើ គួរតែ​លើកទឹកចិត្ត​។

លោក ណុប វី៖ «បទល្មើស​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បង្ហាញ​របស់​អ្នកសារព័ត៌មាន​មិន​ត្រូវ​បាន​ធ្វើ​ការ​ស៊ើបអង្កេត​ទេ​។ យើង​ឃើញថា ក្នុង​ទិដ្ឋភាព​បែបនេះ ធ្វើ​ឱ្យ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការទន្ទ្រាន​ព្រៃឈើ​យក​ដី​រដ្ឋ ជា​មូលហេតុ បន្ត​កើតមានឡើង»។

របាយការណ៍​របស់​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJA) ឱ្យ​ដឹង​ថា កំឡុង​ឆ្នាំ ២០២១ អ្នកសារព័ត៌មាន​ជិត​១០០ នាក់​បាន​ប្រឈមមុខ​នឹង​ការ​យាយី ដោយ​ក្នុង​នោះ មាន ៤៩​ករណី មាន​ការ​វាយប្រហារ​លើ​រាងកាយ ការ​គំរាមកំហែង​ថា នឹង​ប្រើ​ហិង្សា ការ​ចាប់ខ្លួន ការ​ជាប់​ពន្ធនាគារ និង​ចំណាត់ការ​ផ្លូវច្បាប់​។ លើស​ពី​នេះ អ្នកសារព័ត៌មាន​ចំនួន ៣៧​នាក់ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ក្រោម​បទ​ចោទ​ញុះញង់ ជំរិត​ទារប្រាក់ និង​បទឧក្រិដ្ឋ​ផ្សេងៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles