តើ​មូលហេតុ​អ្វី​បណ្ដាល​ឲ្យ​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ អា (A) និង​មាន​រោគសញ្ញា​អ្វី​ខ្លះ?

ដោយ ម៉ៅ សុធានី
2023.01.12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តើ​មូលហេតុ​អ្វី​បណ្ដាល​ឲ្យ​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ អា (A) និង​មាន​រោគសញ្ញា​អ្វី​ខ្លះ?

 រូប៖ RFA


វេជ្ជបណ្ឌិត​ឯកទេស​នៃ​ជំងឺ​រលាក​ថ្លើម​នៅ​កម្ពុជា ឲ្យ​ដឹង​ថា ជំងឺ​រលាក​ថ្លើម ឬ​ភាសា​អង់គ្លេស​ហៅ​ថា Hepatitis គឺ​បង្ក​ឡើង​ដោយ​មេរោគ ឬ​វីរុស (Virus) ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ថ្លើម​រលាក ហើម និង​ក្រិន។ នៅ​ពេល​ដែល​ថ្លើម​រលាក ឬ​ខូច គឺ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខងារ​សំខាន់​របស់​ថ្លើម គឺ​ច្រោះ​ជាតិ​ពុល​ចេញពី​ក្នុង​ឈាម និង​បង្កើត​សារធាតុ​ចិញ្ចឹម​ល្អ​ក្នុង​រាងកាយ​ជា​ដើម។ ពលរដ្ឋ​ខ្មែរ​ ភាគ​ច្រើន​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ អា បេ និង សេ (A, B, C)។

តើ​មូលហេតុ​អ្វី​បណ្ដាល​ឲ្យ​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ អេ ឬ អា (A)?

ក្រុម​គ្រូពេទ្យ​ជំនាញ​សុខភាព​ឲ្យ​ដឹង​ថា ជំងឺ​រលាក​ថ្លើម​ប្រភេទ អេ ឬ អា (A) គឺ​ជា​ជំងឺ​ឆ្លង តាម​រយៈ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នកជំងឺ ឬ​តាម​រយៈ​ការ​បរិភោគ​ម្ហូប​អាហារ ឬ ទឹក ដែល​មាន​ផ្ទុក​មេរោគ (HAV)។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​នេះ គឺ​ត្រូវ​រស់​នៅ​អនាម័យ​ស្អាត​ល្អ និង​ត្រូវ​ចាក់​ថ្នាំ​ចំនួន ២ដូស ដើម្បី​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ អា នេះ។

គ្រូពេទ្យ​ឯកទេស​ថ្លើម និង​ម្ចាស់​គ្លីនិក​វឌ្ឍនៈវិជ្ជា វេជ្ជបណ្ឌិត ភៀវ សូរ៉ែន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ថ្លើម​ប្រភេទ អេ ឬ អា (A) គឺ​បណ្ដាល​មក​ពី​ការ​រស់​នៅ​គ្មាន​អនាម័យ ដូចជា បរិភោគ​ម្ហូប​អាហារ និង​ទឹក​មិន​ស្អាត ដែល​នាំ​ឲ្យ​ឆ្លង​វីរុស។ លោក​ថា នៅ​ប្រទេស​កម្ពុជា ការ​ប្រើ​ជីរ​លាមក ឬ​ការ​បន្ទោបង់​គ្មាន​បង្គន់​អនាម័យ​ត្រឹម​ត្រូវ និង​ការ​ទទួល​ទាន​ទឹក ឬ​បន្លែ​មិន​ស្អាត ដែល​មាន​មេរោគ​នោះ​ហើយ គឺ​ជា​មូលហេតុ​ចម្បង ដែល​នាំ​ឲ្យ​ឆ្លង និង​កើត​ជំងឺ​ប្រភេទ អា (A) នេះ។ លោក​បន្ត​ថា អ្នក​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ អា (Hepatitis A) គឺ​ស្ទើរ​តែ​ទាំង​អស់​អាច​ជា​សះ​ស្បើយ​ឡើង​វិញ ហើយ​មួយ​ជីវិត​របស់​ពួក​គេ គឺ​មិន​អាច​ឆ្លង និង​កើត​ជំងឺ​នេះ​ម្ដង​ទៀត​នោះ​ឡើយ។

វេជ្ជបណ្ឌិត ភៀវ សូរ៉ែន៖ «ប្រភេទ អា (A) ពាក់ព័ន្ធ​នឹង​អនាម័យ ហើយ​ប្រភេទ​មួយ​នេះ វា​ខុស​គ្នា​ពី​ប្រភេទ បេ និង សេ (B, C) គឺ​វា​ឆ្លង​តាម​ការ​ហូបចុក តាម​ទឹក​រងៃ​ចេញ​ពី​អ្នក​ជំងឺ ដូចជា ទឹកមាត់។ មេរោគ​ហ្នឹង​វា​នៅ​ក្នុង​បន្លែ និង​នៅ​ក្នុង​ចំណី​អាហារ។ ជំងឺ​រលាក​ថ្លើម​ប្រភេទ អេ នេះ ជា​ប្រភេទ​ថ្លើម ដែល​មាន​ទម្រង់ ៩០ជា​ទម្រង់​មួយ​ឆ្លង​តែ​មួយ​អាទិត្យ ឬ ២អាទិត្យ ប្រព័ន្ធ​ការពារ​រាងកាយ​យើង ប្រយុទ្ធ​នឹង​មេរោគ​ហ្នឹង​ក៏​ឈ្នះ ក៏​ជា​ទៅ​វិញ​ទៅ។ អ្នក​ខ្លះ​ឆ្លង​អត់​ដឹង​ខ្លួន​ផង ព្រោះ​វា​មាន​រោគសញ្ញា ស្រដៀង​ជំងឺ​ផ្ដាសាយ ហើយ​មាន​ភាគ​រយ​តិចតួច​បំផុត នាំ​ឲ្យ​រលាក​ថ្លើម​ធ្ងន់ធ្ងរ​បាន»

​ថ្លើម គឺ​ជា​សរីរាង្គ​ដ៏​ចាំបាច់​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​រស់រាន​មាន​ជីវិត។ ថ្លើម​មាន​មុខងារ​សំខាន់ៗ ជា​ច្រើន រួមមាន លាង​សម្អាត​ឈាម និង​បណ្ដេញ​ជាតិពុល​ចេញពី​ក្នុង​ឈាម ​បង្កើត​ទឹក​ប្រមាត់ ដើម្បី​ជួយ​រំលាយ​ជាតិ​ខ្លាញ់ និង​យក​កាកសំណល់​ចេញ ជា​កន្លែង​រក្សា​ទុក​វីតាមីន និង​ជាតិ​ដែក គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម បង្កើត​សារធាតុ​ចិញ្ចឹម ជួយ​ដំណើរ​ការ អេម៉ូក្លូប៊ីន អាំងស៊ុយលីន និង​អ័រម៉ូន​ដទៃៗ ទៀត ដែល​រាងកាយ​មនុស្ស​យើង​ត្រូវ​ការ ព្រមទាំង​ជួយ​កម្ចាត់​កោសិកា​​ឈាម​ក្រហម​ចាស់ៗ ចេញ ដោយ​បញ្ចេញ​​ចោល​ក្រៅ​ខ្លួន​តាមរយៈ​ទឹកមូត្រ និង​លាមក ជាដើម។

គេហទំព័រ​អង្គការ​សុខភាព​ពិភពលោក (WHO) បង្ហាញ​ថា មនុស្ស​ភាគ​ច្រើន​ដែល​កើត និង​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ គឺ​មិន​បង្ហាញ​រោគសញ្ញា​អ្វី​ឡើយ ក៏​ប៉ុន្តែ​មាន​ករណី​ខ្លះ ក្រោយពី​មាន​ផ្ទុក​វីរុស​ក្នុង​ខ្លួន​រយៈ​ពេល​ចន្លោះ​ពីរ ទៅ​បី​សប្ដាហ៍​ហើយ ទើប​បង្ហាញ​រោគសញ្ញា​ខ្លះៗ ដូចជា គ្រុន​ក្ដៅ អស់​កម្លាំង មិន​សូវ​ឃ្លាន ចង់​ក្អួត ឬ​ក្អួត ឈឺ​ពោះ​ រាករូស លាមក​ដូរ​ពណ៌ ឈឺ​សន្លាក់​ដៃ​ជើង​ និង​ស្បែក​ឡើង​លឿង​ជា​ដើម។ ប្រភព​ដដែល​បន្ត​ថា មនុស្ស​ពេញវ័យ ចេញ​រោគសញ្ញា​ជំងឺ​នេះ​ញឹកញាប់​ជាង​កុមារ ហើយ​ក្រុម​មនុស្ស​ចាស់​វិញ ស្ថានភាព​ជំងឺ​ច្រើន​តែ​វិវត្ត​ធ្ងន់ធ្ងរ។

លោក​វេជ្ជបណ្ឌិត ភៀវ សូរ៉ែន ដែល​ជា​សមាជិក​នៃ​សមាគម​សិក្សា​ពី​ជំងឺ​ថ្លើម នៅ​សហរដ្ឋ​អាមេរិក (AASLD) ដែរ​នោះ មាន​ប្រសាសន៍​បន្ត​ថា ពលរដ្ឋ​នៅ​ទ្វីប​អាស៊ី រាប់​ទាំង​នៅ​កម្ពុជា​ផង ច្រើន​កើត​ជំងឺ​ថ្លើម​ប្រភេទ A, B និង C។ លោក​​ថា ជំងឺ​រលាក​ថ្លើម ទាំង ៣ប្រភេទ​នេះ គឺ​មាន​លក្ខណៈ​ខុសៗ គ្នា ហើយ​ការ​ឆ្លង និង​ការ​ព្យាបាល​ក៏​ខុស​គ្នា​ដែរ។ លោក​បញ្ជាក់​ថា ចំពោះ​ជំងឺ​ថ្លើម​ប្រភេទ វិញ គឺ​អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​ព្យាបាល​នោះ​ទេ ក៏​ប៉ុន្តែ​ប្រភេទ និង វិញ គឺ​ជា​ជំងឺ​ថ្លើម ដែល​តម្រូវ​ឲ្យ​ធ្វើតេស្ត​ជា​មុន​សិន មុន​ទទួល​សេវា​ព្យាបាល​ពី​គ្រូពេទ្យ។

វេជ្ជបណ្ឌិត ភៀវ សូរ៉ែន៖ «ជំងឺ​ថ្លើម​ប្រភេទ បេ វា​ពុំ​មាន​រោគសញ្ញា​ច្បាស់លាស់​ឲ្យ​ដឹង​ទេ គឺ​ជា​ជំងឺ​ស្ងៀមស្ងាត់ យើង​អាច​ដឹង​តាម​រយៈ​ការ​ធ្វើតេស្ត​ឈាម​តែ​មួយ​មុខ​ទេ។ ជំងឺ​ថ្លើម​ប្រភេទ បេ និង​ប្រភេទ សេ គឺ​វា​ខុស​គ្នា ត្រង់​ពូជ​ធម្មជាតិ​វា​មក គឺ​ខុស​គ្នា។ មាន​តែ​ការ​ធ្វើតេស្ត​នៅ​មន្ទីរ​ពិសោធន៍​ទេ ទើប​បាន​ដឹង ហើយ​ប្រភេទ បេ និង​ប្រភេទ សេ គឺ​គ្មាន​រោគសញ្ញា​នោះ​ទេ»

លោក​វេជ្ជបណ្ឌិត​ឯកទេស​ថ្លើម​រូប​នេះ មាន​ប្រសាសន៍​បន្ត​ថា ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​ថ្លើម​ប្រភេទ A គឺ​ត្រូវ​ចាក់​វ៉ាក់សាំង ២ដូស (២ Doses) សម្រាប់​មនុស្ស​គ្រប់ៗ គ្នា។ ចំណែក​កុមារ​វិញ ចាប់​ពី​អាយុ​មួយ​ឆ្នាំ​ឡើង​ទៅ អាច​ចាក់​បាន ហើយ​ដូស​ទី២ គឺត្រូវចាក់រយៈពេល៦ខែ បន្ទាប់​ពី​ចាក់​ដូស​ដំបូង។ បន្ថែម​ពី​នេះ លោក វេជ្ជបណ្ឌិត ក៏​បាន​ផ្តល់​ដំបូន្មាន​ឲ្យ​ប្រជាពលរដ្ឋ​ទម្លាប់​រស់​នៅ​អនាម័យ​ស្អាត​ល្អ លាង​សំអាត​ដៃ​មុន​បរិភោគ​អាហារ និង​ក្រោយ​ចូល​បង្គន់ ឬ​បន្ទោរ​បង់។ ចំណែក​ម្ហូប​អាហារ​វិញ ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន និង​បរិភោគ​ទឹក​ដាំ​ពុះ​ជា​ដើម។

វេជ្ជបណ្ឌិត ភៀវ សូរ៉ែន៖ «ចំពោះ​វិធី​ការពារ​វិញ គឺ​អនាម័យ​ដៃ មាត់ និង​គូថ​ហ្នឹង​ហើយ។ ចំពោះ​អ្នក​ក្រីក្រ ពេល​ហូប​ចុក​ហ្នឹង គឺ​បន្លែ​ផ្លែ​ឈើ ត្រូវ​លាង​សំអាត​ឲ្យ​ល្អ ហើយ​បើ​ចម្អិន​វិញ គឺ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ។ ត្រូវ​សំអាត​អនាម័យ​នៅ​ក្នុង​បង្គន់ អនាម័យ​តាម​បន្ទប់​គេង គឺ​លាង​សំអាត​ទៅ ព្រោះ​មេរោគ អេ ហ្នឹង វា​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់។ ឧទាហរណ៍​គាត់​ចូល​បន្ទប់​ទឹក ឬ​បង្គន់ ហើយ​មិន​បាន​លាង​ដៃ ហើយ​ដៃ​គាត់​ចាប់​កាន់​ប្រដាប់​ប្រដា ឬ​បញ្ចុក​បាយ​កូន គឺ​វា​អាច​ឆ្លង​មេរោគ។ អ៊ីចឹង ជំងឺ​ថ្លើម​ប្រភេទ​អា​ហ្នឹង​គឺ​ផ្ដោត​សំខាន់​លើ​អនាម័យ​តែ​ម្ដង»

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ឲ្យ​ដឹង​ដែរ​ថា ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ ដែល​គ្មាន​អនាម័យ​ក្នុង​ការ​រស់នៅ និង​ការ​ទទួល​ទាន​ទឹក និង​ម្ហូប​អាហារ​មិន​ស្អាត បណ្ដាល​ឲ្យ​កើត​ជំងឺ​ថ្លើម​ប្រភេទ អា នេះ​ច្រើន​ណាស់ ជា​ពិសេស កុមារ​ក្រោម ១០ឆ្នាំ​ ប្រមាណ​ជា ៩០% កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ អា ឬ Hepatitis A។ ហើយ​ជំងឺ​នេះ​អាច​ផ្ទុះ​រីក​រាលដាល​ខ្លាំង ប្រសិន​បើ​គ្មាន​វិធានការ​ទប់ស្កាត់​ទាន់​ពេល​វេលា។អង្គការសុខភាព​ពិភពលោក ក៏​បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ បង្កើន​វិធានការ​ការពារ​ចាំបាច់​មួយ​ចំនួន ដោយ​ផ្តល់​សេវា​ព្យាបាល​ទៅ​ដល់​សហគមន៍ ផ្គត់ផ្គង់​ទឹក​ស្អាត និង​សុវត្ថិភាព គ្រប់គ្រង​ប្រព័ន្ធ​ទឹក​លូ និង​កាក​សំណល់​នានា ឲ្យ​បាន​ត្រឹមត្រូវ ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ​ទូទៅ​ ឲ្យ​យល់​ច្បាស់​ពី​អត្ថប្រយោជន៍​សម្រាប់​ការ​រស់​នៅ​ប្រកប​ដោយ​ផាសុកភាព ព្រម​ទាំង​ផ្ដល់​សេវា​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ ជាពិសេស​ដល់​កុមារ ​ជា​ដើម៕

What Next?

Recent Articles