បក្សភ្លើងទៀនខេត្តប៉ៃលិនថាអាជ្ញាធរមិនឱ្យលើកស្លាកគណបក្សជាការរើសអើងខាងនយោបាយ

គណបក្សនយោបាយ ព័ត៌មានជាតិ
លោក ម៉ម មុនីរតន៍ | ២៦ មករា ២០២៣ | ម៉ោង ២០:៥៤
VOD

មន្ត្រីគណបក្សភ្លើងទៀនប្រចាំសង្កាត់ប៉ៃលិន ខេត្តប៉ៃលិន រួមនឹងអ្នកគាំទ្របក្សមួយចំនួនផ្សេងទៀត ចាប់ផ្ដើមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

មន្ត្រីគណបក្សភ្លើងទៀនប្រចាំសង្កាត់ប៉ៃលិន ខេត្តប៉ៃលិន រួមនឹងអ្នកគាំទ្របក្សមួយចំនួនផ្សេងទៀត ចាប់ផ្ដើមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (គណបក្សភ្លើងទៀនខេត្តប៉ៃលិន)


ប្រធានប្រតិបត្តិគណបក្សជំទាស់ ប្រចាំខេត្តប៉ៃលិន ចាត់ទុកការរារាំងមិនឱ្យគណបក្សក្រៅរដ្ឋា​​ភិ​​បា​​ល​​មួយនេះ​​​​បាន​​លើ​ក​​ស្លាកទៅតាមការស្នើសុំនេះថា គឺជាផ្នែកមួយនៃការរើសអើង​​​ខាងនយោ​បា​​យ ហើយគ​​ណ​​​ប​ក្ស​​​​នេះក៏បន្តស្វែងរកកិច្ចអន្តរាគមន៍ជាថ្មីទៀតទៅ​​សាលាស្រុក ក្នុងន័យដើ​​ម្បី​​​ជំ​រុ​​​ញ​​​​​​​ឱ្យមានគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ ឱ្យ​​ស្របតាមច្បាប់ស្តីពី​​គណបក្សនយោ​​បា​យ​​។​

ថ្លែងប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះ លោក ខឹមមុនីកុសល ដែលជា​​ប្រធានប្រតិបត្តិគណ​​បក្ស​​ភ្លើង​​ទៀន ប្រ​​ចាំខេត្តប៉ៃលិន ឱ្យដឹងថា ក្នុងនាមគណបក្សនយោបាយ លោក​​បានស្នើសុំ​​លើក​​ស្លាក​​គ​​ណបក្សនៅលើទីតាំងដីសាធារណៈចំនួន៤កន្លែង​ផ្សេងៗគ្នា និងអនុវត្តដោយហ្មត់ចត់ទៅ​តាម​​នី​តិ​​​វិធីស្តីពីគណបក្សនយោបាយដែលមានជាធរមាន។ ​​​ផ្ទុយទៅវិញ ការស្នើសុំលើកស្លាកគណបក្ស​​នេះ​​មិនទទួលបានការអនុញ្ញាត​​ពីប្រ​​ធានក្រុមប្រឹក្សា​​ឃុំ​​​​សា​លាក្រៅទេ។

បើតាមលោក ខឹមមុនីកុសល លោក យឿមភឿន ដែលជាប្រធានក្រុមប្រឹក្សាឃុំសាលាក្រៅ កូតា​​មក​​ពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅក្នុងសំអាងហេតុរបស់ខ្លួនថា ទីតាំងដែល​​គ​​ណ​បក្ស​ភ្លើងទៀនបានស្នើសុំនោះ គឺមានបក្សនយោបាយដទៃទៀតស្នើសុំមុនបាត់រួចទៅហើយ។


យ៉ាងនេះក្តី មន្រ្តីបក្សជំទាស់រូបនេះអះអាងថា មន្រ្តីឃុំសាលាក្រៅ ព្យាយាមមិន​​បង្ហាញ​​ភ​​ស្តុ​​​​​​​​តាង នៅពេលខ្លួនស្នើសុំដើម្បីផ្ទៀងផ្ទាត់ពិនិត្យបញ្ជី​ឈ្មោះគណបក្សនយោបាយ ដូចដែល​​អាជ្ញា​ធ​​រ​លើក​​ឡើងថាមានការស្នើសុំរួចហើយ។ ភាពលាក់លៀមនេះ លោកចាត់ទុកថា វាគឺជាចេតនា​​នៃ​​កា​រ​​រើសអើង​​ខាងនយោបាយ ដែលភាគីពាក់ព័ន្ធគួរត្រួតពិនិត្យចំពោះករណីនេះ។

លោកបន្តថា៖ «មុនហ្នឹងបន្តិច ខ្ញុំក៏បានចូលទៅសាលាឃុំដែរ ដើម្បីពិនិត្យមើលថាតើលិខិតហ្នឹងរបស់គណបក្សណាដែលបានស្នើសុំហើយស្នើសុំពីពេលណាប៉ុន្តែស្មៀនឃុំមិនបានផ្តល់លិខិតហ្នឹងឱ្យ​​ទេ​​ ដោយសារថាចាំជួបលោកមេឃុំ ហើយលោកមេឃុំរវល់តែមកប្រជុំនៅសាលាស្រុក។ នៅពេលដែលខ្ញុំមកដល់សាលាស្រុកលោកចៅហ្វាយស្រុក កំពុងជាប់ប្រជុំជា​​មួយមេឃុំបន្តទៀតដូច​​គ្នា​​អ៊ីចឹង។ អ៊ីចឹងហើយនឹងរង់ចាំមើលនៅម៉ោង២រសៀលនេះបន្តទៀតថាតើគាត់[មេឃុំ]មានអ្វីមកធ្វើជាសំអាង ដើម្បីបញ្ជាក់ថាគណបក្សណាដែលមកសុំច្បាប់ហ្នឹងហើយស្មៀនឃុំគាត់អត់បញ្ជាក់ គាត់ថាចាំជួបមេឃុំ»។

គិតត្រឹមម៉ោងប្រមាណ២រសៀល ថ្ងៃទី២៦ ខែមករា នេះ លោក ខឹមមុនីកុសល អះអាងថា អភិ​​បា​​លស្រុកសាលាក្រៅ បានបន្តលើកពេលដោះស្រាយបញ្ហានេះ ដោយមិនកំណត់ថ្ងៃ ទៅពេល​​ក្រោ​​យ​​ទៀត។

លិខិតដែលចេញដោយ​រដ្ឋបាលឃុំសាលាក្រៅ កាលពីថ្ងៃទី២៥ ខែមករា ម្សិលមិញ បាន​​បញ្ជា​ក់​ថា ទីតាំងស្នើសុំទាំង៤កន្លែងនោះ គឺអាជ្ញាធរមិនអាចអនុញ្ញតឱ្យលើកស្លាកគណបក្សភ្លើងទៀន​បាន​ទេ ព្រោះ​​​​​​មានបក្សនយោបាយផ្សេងទៀតបានស្នើសុំលើកមុនរួចទៅហើយ។ តាមរយៈលិខិតឆ្លើយតបរបស់រដ្ឋបាលឃុំសាលាក្រៅ ដែល​​មិន​បាន​​បញ្ជាក់ពីគណបក្សនយោបាយដែលបានស្នើសុំមុននោះជាបក្សនយោបាយ​​មួយ​​ណា ប្រធា​ន​​ក្រុមប្រឹក្សាឃុំបើកផ្លូវឱ្យគណបក្សភ្លើងទៀន ស្វែងរកទីតាំងផ្សេងទៀតដើម្បីលើកស្លាកចុះ។

យោងលិខិតជូនដំណឹងរបស់គណបក្សភ្លើងទៀន ដែលចេញកាលពីថ្ងៃទី២០ ខែមករា បង្ហាញថា ទី​​​​តាំងទាំង៤កន្លែងដែលបានស្នើសុំលើកស្លាកគណបក្សនេះ គឺជាដីសាធារណៈរបស់រដ្ឋ ដែល​​គ​ណ​បក្ស​​ភ្លើងទៀន អាចមានសិទ្ធិស្នើសុំដូចបណ្តាបក្សនយោបាយដទៃទៀតដែរ។

ទីតាំងទាំង៤កន្លែងនោះ រួមមាន នៅចំណុចគល់ស្ពានថ្មកំប្រង់ និងចំណុចផ្លូវបំបែកជាបី កែងផ្លូវ១​៦​០ ដែលទីតាំងទាំងពីរកន្លែងនេះស្ថិតនៅក្នុងភូមិកំពង់ចំឡងក្រោម ដូចគ្នា។ ដោយឡែក ពី​​រ​​ទី​​​តាំ​ង​​​ទៀត មួយនៅចំណុចផ្លូវបំបែកជាបួនកោះកែវ ស្ថិតនៅភូមិស្រែអន្ទាក់ និងមួយទីតាំងទៀតនៅចំ​​ណុ​ច​​ស្ពានភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ នៃស្រុកសាលាក្រៅ ទាំង៤ទីតាំង។

បើទោះជាបែបណា ច្បាប់ស្តីពីគណបក្សនយោបាយ បញ្ញត្តិមាត្រា៤ ចែងថា គ្រប់គណបក្សនយោ​​បាយ​​​មាន​​សិទ្ធិ​​ស្មើ​ៗ​​គ្នាក្នុងការទទួលបុព្វសិទ្ធិ និងការយកចិត្តទុកដាក់ដោយស្មើភាពគ្នា ពីរដ្ឋា​ភិ​បា​​​ល និងអាជ្ញា​ធរ​​គ្រ​ប់​​​​​ជាន់ថ្នាក់។

ដោយឡែក ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បញ្ញត្តិមាត្រា៦៩ វិញ បាន​កំ​​​ណ​ត់​​ថា ស្លា​​​ក​ស​​ញ្ញា​គណបក្សនយោបាយអាចលើកនៅទីសាធារណៈ ដោយមាន​​កា​រ​​សម្រប​​ស​​ម្រួ​​ល​​ពី​​​អា​​ជ្ញាធ​​រឃុំ​​-សង្កាត់ ផ្អែកលើគោលការណ៍ស្មើភាព សន្តិសុខ សណ្តាប់​​ធ្នាប់​​សា​​ធារណៈ និង​សោ​​ភ័​ណ​​​​ភា​ព​​សា​ធា​រណៈ។

មេឃុំសាលាក្រៅ លោក យឿម ភឿន អះអាងថា ទីតាំងដែលគណបក្សភ្លើងទៀនស្នើសុំនេះ មិន​​អា​ច​​​​ផ្តល់​​ឱ្យលើកស្លាកបានទេ ហើយលោកក៏មិនអាចបង្ហាញអត្ត​​សញ្ញាណគណបក្សនយោបាយដែ​ល​​​​​​បានស្នើសុំមុន ថាជាបក្សនយោបាយណានោះដែរ។ បើតាមលោក យឿម ភឿន នៅចំពោះមុខ​​នេះ លោ​​ក​ដឹងត្រឹមតែថា រដ្ឋបាលឃុំមិនអាចផ្តល់លទ្ធភាពឱ្យបក្សជំទាស់លើកស្លាកបានឡើយ គឺគ្មាន​ហេតុ​​ផ​ល​​ណាផ្សេងពីនេះទៀតទេ។

លោកបន្តថា៖ «ខ្ញុំគ្រាន់តែប្រាប់ថា គេសុំឡើងហើយតើ! មិនចាំបាច់ប្រាប់ទេ គ្រាន់តែគេ​​សុំឡើង​​ហើ​​។ យីសទៅដាក់ជិតគ្នាអាម៉េចកើតនោះ ណាគេទៅដាក់ជិតអាម៉េច! ដាក់មិនកើតទេ ជិត​​ខាង​​គ្នា​​​​។ ដាក់ទៅវាច្រើន វាពិបាកណាស់ ខ្ញុំអត់ចេះនិយាយទេ បានហើយ»។

មិនខុសគ្នាទេ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិន បញ្ជាក់ជំហរថា ក្នុង​​នាម​​អា​ជ្ញា​ធរ​​ថ្នាក់​ស្រុក លោកមិនលម្អៀងទៅបក្សនយោបាយណាមួយនោះទេ ប៉ុន្តែបើមានគណបក្ស​​ន​​​​យោ​​​​បាយ​​​មួយបានស្នើសុំមុនរួចទៅហើយ គណបក្សដែលស្នើ​​សុំបន្ទាប់ ក៏គួរតែ​​យល់ពី​​បញ្ហា​​នេះ​​។ បើតាមលោក សៀ សុខុម បញ្ហាធំបំផុតមិនមែនស្ថិតនៅលើលើកស្លាកគ​​ណបក្សនយោ​​បាយ​​បា​ន​​​​​​ច្រើននោះទេ សំខាន់គឺត្រូវដោះស្រាយជូនពលរដ្ឋឯណោះទៅវិញទេ ទើបជាអ្វីដែលគ្រប់​​បណ្តា​​ប​ក្ស​នយោបាយត្រូវធ្វើ និងប្រកួតប្រជែងគ្នា។

ប្រភពដដែលបន្តថា ការលើកឡើងរបស់រដ្ឋបាលឃុំសាលាក្រៅ គឺហាក់មានភាពសមរម្យ ដោយ​​សា​​រ​​ទីតាំងតែមួយមិនអាចមានស្លាកគណបក្សនយោបាយជាន់គ្នាច្រើនពេកនោះទេ វានាំឱ្យបង្ក​​ប​​ញ្ហា​​ដោះមិនចេញ។

លោកបន្តថា៖ «ប្រធានក្រុមប្រឹក្សា ដែលគាត់សម្រេចនោះ ខ្ញុំគិតថាមិនអាចទេ ព្រោះស្នើសុំទៅ​​ហើ​​យ ហើយយើងបានឯកភាពជាមួយនឹងគណបក្សនយោបាយមុនរួចហើយ បានមានគណ​​បក្ស​​​​យោ​​​បាយមួយទើបនឹងស្នើសុំក្រោយ ហើយបែរទៅជាខ្ញុំអនុញ្ញាតឱ្យមួយទៀត អ៊ីចឹងបានន័យថា​​​ ជាគោលការណ៍ ខ្ញុំចេះតែអនុញ្ញាតរហូត ហើយជាន់ទីតាំងគ្នាអ៊ីចឹងឬយ៉ាងអាម៉េច និងបង្កអរិ​​ភាព​​​​ជាមួយគ្នា ឬយ៉ាងម៉េច? វាមិនមែនទេ! អ៊ីចឹងសរុបមកវិញ ប្រសិនបើទីតាំងនោះមានគណបក្ស​​នយោបាយបានស្នើសុំទៅហើយ គួរណាស់តែគណបក្សនយោបាយដែលស្នើសុំក្រោយនេះ ប្តូរទីតាំងថ្មីទៅ»។

ទាក់ទិនករណីនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ហាក់មាន​​ភាពស្ទាក់​​ស្ទើរក្នុង​​ការ​​អត្ថា​​ធិ​​ប្បា​​​យចំពោះវិវាទនេះ ដោយលោកចាត់ទុកថា នេះជាដែនសមត្ថកិច្ច​​របស់អាជ្ញាធ​​រមូល​​ដ្ឋា​ន។​​ ចំ​​ណែ​​កភារកិច្ចរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត គឺស្ថិតនៅក្នុងអំឡុងពេលនៃ​​ដំណើរការបោះ​​ឆ្នោ​ត​ប៉ុណ្ណោះ។

សម្រាប់នាយកប្រតិបត្តិអង្គការនិចហ្វិក លោក សំ គន្ធាមី វិញ ហៅការការពារដែលធ្វើឡើងដោយរដ្ឋាភិបាលឃុំសាលាក្រៅ ខេត្តប៉ៃលិន ថាវាមិនស្របទៅនឹងផ្លូវច្បាប់ទេ។ លោកបន្តថា ឱ្យតែទី​​តាំង​​នៃ​​ការស្នើសុំនោះជាកម្មវត្ថុនៃដីសាធារណៈ គឺគ្រប់គណបក្សនយោបាយអាចមានសិទ្ធិស្នើ​​សុំ​​ដោ​​យ​ស្មើភាពគ្នា។ លើសពីនេះទៀត សំខាន់ការលើកស្លាកគណបក្ស កុំឱ្យតែបិទបាំងនឹងស្លាកគ​​ណ​​ប​​ក្សនយោ​​បាយ​​​ផ្សេ​​ង​​ទៀតដែលនៅក្បែរនោះ គឺបានហើយ។

លោកបន្តថា៖ «គណបក្សនយោបាយលើកស្លាកគណបក្សក្បែរៗគ្នាម៉ាគគោក។ វាអត់មានទាស់ខុសអីទេ ទីសាធារណៈហ្នឹងឯង! គេតម្រូវឱ្យគណបក្សនយោបាយហ្នឹងឯង លើកស្លាកដើម្បី​​ចូលរួម​​ឃោនាបោះឆ្នោតហ្នឹងហើយ»។

ហាក់ដូចគ្នានឹងការលើកឡើងរបស់អ្នកជំនាញកិច្ចការបោះឆ្នោតនេះដែរ សេចក្តីសម្រេចនៃបទបញ្ជា និ​ង​នីតិវិធីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៦ ត្រង់ប្រការ៧ បា​​ន​បញ្ញ​ត្តិថា គណបក្សនយោបាយដែលបានចុះបញ្ជីចូលរួមបោះឆ្នោត អាចមានសិទ្ធិ​​លើក​​ស្លា​ករប​ស់​​ខ្លួ​​នបាននៅលើទីតាំងសាធារណៈ ដោយមានការសម្រប​​សម្រួលពីអាជ្ញាធរមូលដ្ឋាន​​។

​ការហាមឃាត់នៅក្នុងបញ្ញត្តិនេះ លើកលែងតែការលើកស្លាកនោះធ្វើឡើងនៅបរិវេណ ឬលើ​​អ​គា​រ ឬក៏ការិ​​យាល័យរបស់រដ្ឋប៉ុណ្ណោះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "បក្សភ្លើងទៀនខេត្តប៉ៃលិនថាអាជ្ញាធរមិនឱ្យលើកស្លាកគណបក្សជាការរើសអើងខាងនយោបាយ"

  1. Anonymous says:

    nothing new for Cambodia it is always like this . HUN SEN’s win ..win policy of SAMDACH AKAK SENA MOHA PENCHO >>HUN NAL call HUN SEN next name CHHOUP SAMLAP or CHHOUPKAP