នយោបាយ ព័ត៌មានជាតិ
លោក ម៉ម មុនីរតន៍ | ៣០ មករា ២០២៣ | ម៉ោង ២១:២៦
VOD

អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ថ្លែងក្នុងឱកាស «ទិវាគ្រូបង្រៀនពិភពលោក» នៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យរដ្ឋាភិបាលលើកកម្ពស់លក្ខខណ្ឌការងារគ្រូបង្រៀនឱ្យប្រសើរ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
អតីតអ្នកជាប់ឃុំមនសិការ ដែលឆ្លងកាត់ស្ទើរគ្រប់រសជាតិនៃជីវិតរបស់លោក ទាំងការការពារផលប្រយោជន៍គ្រូបង្រៀន និងកម្មករនិយោជិតក្នុងវិស័យកាត់ដេរ គឺលោក រ៉ុង ឈុន នៅមិនទាន់ទម្លាយពីបំណងពិតប្រាកដរបស់ខ្លួននៅឡើយទេ ដោយអះអាងថា នៅពីក្រោយនៃការចាកចេញ ឬមិនចាកចេញនេះ ត្រូវប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមករា ស្អែកនេះ។
សេចក្តីប្រកាសព័ត៌មានរបស់សហភាពសហជីពកម្ពុជា ដែលចេញនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ឱ្យដឹងថា លោក រ៉ុង ឈុន នឹងប្រកាសឱ្យដឹងពីជំហររបស់លោក តាមរយៈសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃអង្គារ ស្អែកនេះ។ ប្រភពបន្តថា ការប្រកាសពីជំហរនៅពេលនេះ គឺដើម្បីឆ្លើយតបពីសំណូមពររបស់ក្បាលម៉ាស៊ីនដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀន។
បន្ថែមលើសេចក្តីប្រកាសព័ត៌មាននេះ លោក រ៉ុង ឈុន នៅមិនទាន់ទម្លាយពីបំណងពិតរបស់លោក ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា វាំងនននេះនឹងបើកឱ្យសាធារណជនដឹងនៅក្នុងសន្និសីទសារព័ត៌មាន។
លោក រ៉ុង ឈុន បន្តថា៖ «សំណួរហ្នឹង ខ្ញុំនឹងឆ្លើយនៅថ្ងៃស្អែក។ បើឆ្លើយនៅថ្ងៃនេះ វាអស់ហើយ អស់មានអីឆ្លើយនៅថ្ងៃស្អែក»។
លោក រ៉ុង ឈុន ជាអ្នកដែលសកម្មម្នាក់ក្នុងចំណោមសកម្មជនដទៃទៀត ទាំងក្នុងវិស័យការងារសម្រាប់ការពារផលប្រយោជន៍កម្មករនិយោជិត និងនយោបាយ ហើយលោកក៏ធ្លាប់បម្រើការជាមន្រ្តីជាន់ខ្ពស់នៅក្នុងស្ថាប័នជាតិរៀបចំការបោះឆ្នោតដែរ មុននឹងគណបក្សសង្រ្គោះជាតិត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧។
សម្រាប់ការងារជាអ្នកតស៊ូមតិ លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគារចំនួន៣លើករួចមកហើយ។ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៥ លោកត្រូវបានចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ ព្រោះតែហ៊ានរិះគន់អំពីសន្ធិសញ្ញាបំពេញបន្ថែមកម្ពុជា-វៀតណាម។ ដោយឡែក កាលពីចុងខែមករា ឆ្នាំ២០១៤ ដោយហ៊ានដឹកនាំទាមទារឱ្យមានការដោះលែងលោក វន់ ពៅ នោះ លោកត្រូវបានចាប់ខ្លួនជាថ្មីទៀត។
ក្រោយពីលោកត្រូវបានផ្តល់សេរីភាព ក្រោមការឃ្លាំមើលពីតុលាការ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន ក៏ត្រូវចាប់ខ្លួនជាថ្មីទៀត ក្រោយពីលោកបានចេញថ្លែងការណ៍ពីការបាត់ដីរបស់ពលរដ្ឋកម្ពុជា ទៅវៀតណាម នៅម្ដុំត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។
លោក រ៉ុង ឈុន ក៏ធ្លាប់ធ្វើជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មុននឹងប្តូរការងារជាមន្រ្តីជាន់ខ្ពស់នៅក្នុងស្ថាប័នជាតិរៀបចំការបោះឆ្នោត។ ក្នុងពេលបច្ចុប្បន្ននេះ លោក រ៉ុង ឈុន គឺជាប្រធានសហភាពសហជីពកម្ពុជា ហើយម្ដងម្កាលគេក៏សង្កេតឃើញលោកចូលរួមសម្ដែងមតិនៅក្នុងវេទិកាដែលរៀបចំដោយគណបក្សភ្លើងទៀនដែរ។
ចំណែកលោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន បង្ហាញភក្តីភាពចំពោះជំហររបស់លោក រ៉ុង ឈុន ប្រសិនអតីតអ្នកតស៊ូដើម្បីសេរីភាពរូបនេះសម្រេចចិត្តចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន។
បើតាមលោក គីមសួរ ភីរិទ្ធ លោកស្វាគមន៍ការសម្រេចចិត្តរបស់លោក រ៉ុង ឈុន ប្រសិនបើលោកពិតជាចូលរួមជាមួយគណបក្សភ្លើងទៀនពិតមែន។
លោក គីមសួរ ភីរិទ្ធ បន្តថា៖ «ខ្ញុំស្វាគមន៍ បើគាត់ប្រកាសចូលរួមនឹងគណបក្សភ្លើងទៀន។ យើងចង់បានធនធានដែលស្រឡាញ់សេរីភាព និងលទ្ធិប្រជាធិបតេយ្យ ដូចលោកគ្រូ រ៉ុង ឈុន ហ្នឹង។ ម្យ៉ាងគាត់ក្លាហានក្នុងការទាមទារសិទ្ធិសេរីភាពជូនគ្រូបង្រៀន ក៏ដូចជាកម្មករក្នុងពេលកន្លងមក។ យើងស្វាគមន៍តែម្តង បើបានធនធានដូចលោកគ្រូ»។
យ៉ាងនេះក្ដី លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា វាគួរដល់ពេលដែលលោក រ៉ុង ឈុន គួរចូលរួមនៅក្នុងវិស័យនយោបាយហើយ។ លោកបន្តថា អតីតសមាជិក គ.ជ.ប រូបនេះ មានសមត្ថភាព និងធនធានគ្រប់គ្រាន់ ដែលអាចឆ្លើយតបពីតម្រូវការចាំបាច់របស់ពលរដ្ឋបានច្រើនជាង ប្រសិនបើលោកចូលរួមធ្វើនយោបាយជាងបម្រើការនៅក្នុងវិស័យរោងចក្រកាត់ដេរ។
លោក សេក សុជាតិ បន្តថា៖ «ប្រសិនបើលោក រ៉ុង ឈុន គាត់សម្រេចចិត្តនៅក្នុងការលាចេញពីតួនាទីក្នុងនាមជាអ្នកការពារសិទ្ធិឱ្យកម្មករ ហើយទៅធ្វើជារឿងនយោបាយ ខ្ញុំគិតថា វាជារឿងដែលសមរម្យហើយ។ វាគួរតែដល់ពេលហើយដែលគាត់ត្រូវធ្វើកិច្ចការមួយដែលគាត់ធ្លាប់ធ្វើពីមុនក្នុងសង្គមស៊ីវិល តែធ្វើមិនបានជោគជ័យ។ ហើយបញ្ហាដែលគាត់ធ្វើមិនបានជោគជ័យ គឺវាពាក់ព័ន្ធនឹងកត្តានយោបាយ។ វាគឺជារឿងដែលធំចំពោះគាត់»។
គណបក្សភ្លើងទៀន បានប្រកាសទទួលយកលោក សុខ ហាច ដែលជាបណ្ឌិតផ្នែកសេដ្ឋកិច្ច កាលពីដើមខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីនេះ ក្រោយពីអ្នកជំនាញផ្នែកសេដ្ឋកិច្ចរូបនេះសម្រេចចិត្តជួយជ្រោមជ្រែងគណបក្សភ្លើងទៀន ក្នុងនាមជាអ្នកជំនាញលើគោលនយោបាយសេដ្ឋកិច្ច។
ការប្រកាសទទួលយកលោកបណ្ឌិត សុខ ហាច និងតែងតាំងជាឧត្តមទីប្រឹក្សាជាន់ខ្ពស់ហើយ គណបក្សជំទាស់មួយនេះក៏ទើបនឹងបានផ្តល់តួនាទីសម្រាប់លោក គង់ គាំ ជាទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សនេះដែរ។
ក្រៅពីទទួលបានធនធានមនុស្សដែលស្ថិតនៅក្នុងជួរក្បាលម៉ាស៊ីនដឹកនាំហើយ គណបក្សជំទាស់មួយនេះក៏ទទួលបានការប្របាច់បញ្ចូលគ្នាជាមួយគណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ មុនីកា ជាប្រធានគណបក្ស។
អ្នកវិភាគនយោបាយមើលឃើញថា ប្រសិនបើវត្តមានលោក រ៉ុង ឈុន ពិតជាកើតឡើងមែន សម្រាប់គណបក្សភ្លើងទៀន អាចរាប់បានថាជាយុទ្ធនាការមួយបន្ថែមទៀតជួយទ្រទ្រង់គណបក្ស នៅមុនការបោះឆ្នោតថ្នាក់ជាតិមកដល់ ស្របពេលគណបក្សជំទាស់មួយនេះកំពុងជួបព្យុះភ្លៀងស្ទើរទប់លំនឹងមិនជាប់ ក្រោយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រតិកម្មថានឹងរំលាយម្តងៗ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។