កម្ពុជា-នយោបាយ
31/01/2023 – 07:06
ដោយ៖ សេង បារាំង
RFI

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា © FB
លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជា បានប្រកាសជាផ្លូវការថាលោកចូលប្រឡូកនយោបាយជាមួយគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំង ក៏ប៉ុន្តែលោកមិនទាន់បោះបង់ចោលការងារសហជីព និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅឡើយ។ ការបញ្ជាក់របស់លោក រ៉ុង ឈុន ដូច្នេះធ្វើឡើងតាមរយៈសន្និសីទកាសែតមួយ ដែលរៀបចំឡើងនៅព្រឹកថ្ងៃអង្គារនេះ។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន លោក រ៉ុង ឈុន បានគូសបញ្ជាក់ផងដែរថា ការប្រកាសប្រឡូកធ្វើនយោបាយជាមួយគណបក្សភ្លើងទៀននេះ គឺដើម្បីសម្រេចបំណងប្រាថ្នារបស់ប្រជាពលរដ្ឋដែលចង់បានសេរីភាព យុត្តិធម៌ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ជាងនេះទៀត លោក រ៉ុង ឈុន បានលើកឡើងថា វត្តមានរបស់លោកនៅក្នុងគណបក្សភ្លើងទៀន នឹងធ្វើឲ្យគណបក្សនេះកាន់តែមានការគាំទ្រពីប្រជាពលរដ្ឋច្រើនថែមទៀត ហើយលោកជឿជាក់ថាគណបក្សភ្លើងទៀននឹងអាចឈ្នះការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ផងដែរ។
បើតាមលោក រ៉ុង ឈុន ទោះបីលោកប្រឡូកធ្វើនយោបាយជាមួយគណបក្សភ្លើងទៀន មិនមែនបានន័យថាលោកបោះបង់ការងារសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងកិច្ចការងារសហជីពឡើយ តែការធ្វើនយោបាយនៅក្នុងគណបក្សអាចជួយការងារសង្គមបានច្រើនជាង។ យ៉ាងណាលោក រ៉ុង ឈុន ថា លោកនៅមិនទាន់លាលែងពីតំណែង និងតួនាទីក្នុងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងតួនាទីជាប្រធានសហភាពសហជីពកម្ពុជាទេ ដរាបណាគណបក្សភ្លើងទៀននៅមិនទាន់ចេញលិខិតផ្លូវការស្វាគមន៍លោកនៅក្នុងគណបក្សនេះ។
ទាក់ទិនទៅនឹងការប្រកាសប្រឡូកធ្វើនយោបាយជាមួយគណបក្សភ្លើងទៀនរបស់លោក រ៉ុង ឈុននេះ សម្រាប់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថាគ្មានអ្វីចំឡែកឡើយ ព្រោះលោក រ៉ុង ឈុន បានធ្វើសកម្មភាពប្រឆាំងជាយូរណាស់មកហើយ ហើយនេះក៏ជាសិទ្ធិសេរីភាពរបស់លោក រ៉ុង ឈុនដែរ។ ក្រៅពីនេះ លោក សុខ ឥសាន ថាការប្រកាសរបស់លោក រ៉ុង ឈុន បែបនេះ ក៏សបញ្ជាក់ឲ្យឃើញថាលំហរនយោបាយនៅកម្ពុជាបើកទូលាយ ពុំមានការរឹតត្បិតសិទ្ធិសេរីភាពដូចការលើកឡើងរបស់អ្នកវិភាគមួយចំនួន។
គួររំលឹកថា លោក រ៉ុង ឈុន ធ្លាប់ជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយរូបមកពីកូតាអតីតគណបក្សសង្រ្គោះជាតិ តែក្រោយអតីតគណបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលចេញសាលដីការំលាយនៅចុងឆ្នាំ២០១៧ លោកក៏បានសម្រេចចិត្តលាលែងពីសមាជិក គ.ជ.ប តែម្ដង រួចមកធ្វើការងារសង្គមវិញ៕