គណបក្សនយោបាយ ព័ត៌មានជាតិ
លោក ម៉ម មុនីរតន៍ | ៣១ មករា ២០២៣ | ម៉ោង ២០:២១
VOD

លោក រ៉ុង ឈុន ដែលគេស្គាល់ថាជាអ្នកតស៊ូមតិដ៏សកម្មម្នាក់ ថ្លែងនៅក្នុងសន្និសីទកាសែតស្ដីពីការប្រកាសជំហរក្នុងការវិលត្រលប់ចូលឆាកនយោបាយវិញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ (ហ៊ាន រង្សី)
អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចចិត្តជាផ្លូវការហើយ ក្នុងការចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន ដែលលោកចាត់ទុកថាធ្វើឡើងក្រោយពីមានការស្នើសុំពីអ្នកគាំទ្រ និងមន្ត្រីនយោបាយផ្សេងទៀតរបស់បក្សជំទាស់មួយនេះ។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក រ៉ុង ឈុន ដែលគេស្គាល់ថាជាអ្នកតស៊ូមតិដ៏សកម្មម្នាក់ បានប្រកាសជំហរចូលរួមជាមួយគណបក្សភ្លើងទៀនហើយ នៅថ្ងៃនេះ។
ប្រាប់ក្រុមអ្នកកាសែតនៅទីស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ លោកអះអាងថា មូលហេតុដែលនាំឱ្យរូបលោកសម្រេចចិត្តបម្រើឱ្យគោលនយោបាយនៃគណបក្សភ្លើងទៀន នោះក៏ព្រោះតែមានការស្នើពីថ្នាក់ដឹកនាំ និងអ្នកគាំទ្ររបស់បក្សជំទាស់នេះដែរ។
បន្ថែមពីលើនេះ បក្សក្រៅរដ្ឋាភិបាលមួយនេះក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលធ្វើឱ្យលោកចេញចិត្ត និងហ៊ានលះបង់ពេលវេលរបស់លោកពីពេលនេះទៅមុខទៀត ដោយមិនរុញរាឡើយ។ ជាពិសេស គណបក្សភ្លើងទៀន គឺមានគោលនយោបាយដូចអ្វីដែលលោកចង់បាន គឺធានាឱ្យមានការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងអនុវត្តនូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ដ៏ពិតប្រាកដ ហើយការចូលរួមនយោបាយនេះទៀតសោត អាចមានលទ្ធភាពជួយពលរដ្ឋបានច្រើនជាងដែលបម្រើការងារក្នុងអង្គការសមាគម។
លោកបន្តថា៖ «យើងសម្លឹងមើលថា បើសិនជាចូលរួមក្នុងជីវភាពនយោបាយ មានលទ្ធភាពច្រើនជាងខ្ញុំនៅធ្វើការក្នុងសហជីព។ ខ្ញុំអាចមានលទ្ធភាពជួយកម្មករ ជួយគ្រូបង្រៀនបានច្រើនជាងខ្ញុំនៅធ្វើជាសហភាពសហជីពកម្ពុជា ក៏ដូចជាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ ដូច្នេះហើយបានជាខ្ញុំសម្រេចចូលរួមជាមួយជីវភាពនយោបាយគណបក្សភ្លើងទៀននៅថ្ងៃនេះ និងម៉ោងនេះ»។
បើតាមលោក រ៉ុង ឈុន បើទោះជាពេលនេះ លោកបានសម្រេចចិត្តរួចហើយ ក្នុងការចូលរួមជាមួយគណបក្សភ្លើងទៀន ក៏លោកមិនទាន់លាឈប់ពីសហភាពសហជីពកម្ពុជា ដែលលោកកំពុងតែគ្រប់គ្រងនៅឡើយដែរ ដោយសារខាងគណៈអចិន្ត្រៃយ៍គណបក្សភ្លើងទៀន មិនទាន់ឆ្លើយតបទទួល ឬមិនមិនទទួលនៅឡើយទេ មកដល់ម៉ោងនេះ។
ជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាអតីតសមាជិកស្ថាប័នជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប. បានបដិសេធពីតួនាទីដែលលោកទទួលបាននៅក្នុងទ្រនំថ្មីដែលលោកនឹងចូលអង្គុយនេះ។ បើតាមលោក រ៉ុង ឈុន លោកហាក់មិនខ្វល់ខ្វាយសោះឡើយទាក់ទងតំណែងដែលគណបក្សនឹងផ្តល់សម្រាប់លោក។ បើទោះជាតួនាអ្វីក៏ដោយ ក៏លោកស្ម័គ្រទទួលយកដែរ សំខាន់ឱ្យតែគោលនយោបាយបម្រើសេចក្តីត្រូវការពិតប្រាកដរបស់ពលរដ្ឋ។
ទាក់ទិនរឿងនេះ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន បង្ហាញការស្វាគមន៍ចំពោះវត្តមានលោក រ៉ុង ឈុន ដែលសម្រេចចូលរួមក្នុងសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន។ លោកបន្តថា នៅចំពោះមុខនេះ គណបក្សបានចេញសេចក្តីថ្លែងការណ៍គាំទ្ររួចហើយ ប៉ុន្តែការផ្តល់តួនាទីបែបណាបន្ថែមទៀតនោះ អាចនឹងត្រូវរង់ចាំនៅក្រោយសមាជគណបក្សរួច។ ប៉ុន្តែសម្រាប់ការផ្តល់មុខងារសម្រាប់លោក រ៉ុង ឈុន នេះ មិនមែនធម្មតាពេកនោះទេ។
លោកបន្តថា៖ «យើងស្វាគមន៍ និងសប្បាយចិត្ត ចំពោះការប្រកាសរបស់លោកគ្រូ រ៉ុង ឈុន នេះ។ ដូចយើងដឹងហើយ លោក រ៉ុង ឈុន ហ៊ានលះបង់គ្រប់បែបយ៉ាង ទាំងការងារសហជីព បូរណភាពទឹកដីជាមួយប្រទេសជិតខាង ហើយរហូតជាប់ពន្ធនាគារផង ដូច្នេះការផ្តល់តួនាទីសម្រាប់គាត់ អាចស្ថិតនៅក្នុងជួរថ្នាក់ដឹកនាំគណបក្ស។ តែខ្ញុំគ្រាន់តែជាអ្នកនាំពាក្យ មិនអាចដឹងអ្វីច្រើនលើសពីនេះទេ។ យើងអាចត្រូវរង់ចាំដល់ក្រោយសមាជបក្ស នឹងបានដឹងហើយ ថ្នាក់ដឹកនាំលោកនឹងសម្រេចបែបណា»។
សម្រាប់លោក រ៉ុង ឈុន បញ្ជាក់ជំហរនៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃអង្គារនេះថា ការដែលលោកចូលរួមនេះនឹងមិនមានគោលនយោបាយ ឬក៏យុទ្ធសាស្រ្តថ្មីដែលអាចជួយឱ្យបក្សភ្លើងទៀនប្រែប្រួលនោះទេ ព្រោះគណបក្សមានការសម្រេចចិត្តរួម និងឯកភាពផ្ទៃក្នុងរួម ទៅលើកម្មវិធីនយោបាយ និងចក្ខុវិស័យដែលគណបក្សត្រូវដើរទៅមុខ។ ប៉ុន្តែលោកមានសុទិដ្ឋិនិយមថា វត្តមានរបស់លោកនៅក្នុងគណបក្សភ្លើងទៀននេះ អាចនឹងធ្វើឱ្យការប្រែប្រួលខ្លាំងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ខាងមុខនេះ។
សម្រាប់ការងារជាអ្នកតស៊ូតមិ លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគារចំនួន ៣លើក រួចមកហើយ។ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៥ លោកត្រូវបានចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ ព្រោះតែហ៊ានរិះគន់អំពីសន្ធិសញ្ញាបំពេញបន្ថែមកម្ពុជា-វៀតណាម។ ដោយឡែក កាលពីចុងខែមករា ឆ្នាំ២០១៤ ដោយហ៊ានដឹកនាំទាមទារឱ្យដោះលែងលោក វន់ ពៅ លោកត្រូវបានចាប់ខ្លួនជាថ្មីទៀត។
ក្រោយពីលោកត្រូវបានផ្តល់សេរីភាពក្រោមការឃ្លាំមើលពីតុលាការ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន ក៏ត្រូវចាប់ខ្លួនជាថ្មីទៀត ក្រោយពីលោកបានចេញសេចក្ដីថ្លែងការណ៍ពីការបាត់ដីរបស់ពលរដ្ឋកម្ពុជាទៅវៀតណាម នៅម្តុំត្រពាំងផ្លុង។
យ៉ាងនេះក្តី លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា វាគួរដល់ពេលដែលលោក រ៉ុង ឈុន គួរចូលរួមនៅក្នុងវិស័យនយោបាយហើយ។ លោកបន្តថា អតីតសមាជិក គ.ជ.ប. រូបនេះ មានសមត្ថភាព និងធនធានគ្រប់គ្រាន់ ដែលអាចឆ្លើយតបពីតម្រូវការចាំបាច់របស់ពលរដ្ឋបានច្រើនជាង ប្រសិនបើលោកចូលរួមធ្វើនយោបាយ ជាងបម្រើការនៅក្នុងវិស័យរោងចក្រកាត់ដេរ។
លោកបន្តថា៖ «ប្រសិនបើលោក រ៉ុង ឈុន គាត់សម្រេចចិត្តនៅក្នុងការលាចេញពីតួនាទី ក្នុងនាមជាអ្នកការពារសិទ្ធិឱ្យកម្មករ ហើយទៅធ្វើជារឿងនយោបាយ ខ្ញុំគិតថា វាជារឿងដែលសមរម្យហើយ។ វាគួរតែដល់ពេលហើយដែលគាត់ត្រូវធ្វើកិច្ចការមួយដែលគាត់ធ្លាប់ធ្វើពីមុនក្នុងសង្គមស៊ីវិល តែធ្វើមិនបានជោគជ័យ ហើយបញ្ហាដែលគាត់ធ្វើមិនបានជោគជ័យ គឺវាពាក់ព័ន្ធនឹងកត្តានយោបាយ។ វាគឺជារឿងដែលធំចំពោះគាត់»។
ចំណែកលោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់សមាគការពារសិទ្ធិមនុស្សអាដហុក ដែលឃ្លាំមើលដោយផ្ទាល់នៅក្នុងសន្និសីទកាសែតនេះ យល់ឃើញថា នេះជាការសម្រេចចិត្តដ៏ល្អមួយសម្រាប់លោក រ៉ុង ឈុន។ បើតាមលោក យី សុខសាន្ត មានបញ្ហាជាច្រើនដែលមិនអាចចូលរួមដោះស្រាយបាន ក្នុងកម្រិតអង្គការសមាគម ប៉ុន្តែបញ្ហាទាំងនោះអាចដោះស្រាយបានក្នុងកម្រិតគោលនយោបាយ។ ហេតុនេះ ការសម្រេចចិត្តរបស់លោក រ៉ុង ឈុន អាចជាការជ្រើសរើសយកវិធីដោះស្រាយមួយដែលស័ក្តិសម៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។