សាច់​ញាតិ​ពលរដ្ឋ​ម្នាក់​ដែល​ស្លាប់​ក្នុង​ពេល​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​នៅ​ខេត្តកោះកុង មាន​ជីវភាព​ក្រីក្រ ដោយ​ពុំ​មាន​ទីពឹង

ដោយ ឡេង ម៉ាលី
2023.03.21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាច់​ញាតិ​ពលរដ្ឋ​ម្នាក់​ដែល​ស្លាប់​ក្នុង​ពេល​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​នៅ​ខេត្តកោះកុង មាន​ជីវភាព​ក្រីក្រ ដោយ​ពុំ​មាន​ទីពឹង

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការ​រំលោភ​ដីធ្លី​ពី​ក្រុមហ៊ុន​ស្ករ​អំពៅ ឧកញ៉ា លី យ៉ុងផាត់ ចំនួនជាង ៤រយនាក់ មក​ពី​សហគមន៍​ចំនួន៣ ស្ថិត​ក្នុង​ស្រុក​ស្រែ​អំបិល និង​ស្រុកបុទុម​សាគរ ​ប្រមូលផ្ដុំ​គ្នា​តវ៉ានៅ​មុខ​សាលា​ខេត្តកោះកុង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ រូបពីពលរដ្ឋ


សាច់ញាតិ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ម្នាក់ ដែល​ស្លាប់​ដោយសារ​តវ៉ា​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ខេត្តកោះកុង ត្អូញត្អែរ ពី​ជីវភាព​កាន់តែ​ក្រីក្រ​លំបាក និង​គ្មាន​ទីពឹង​ព្រោះ​បាត់បង់​មនុស្ស​បង្គោល​ក្នុង​គ្រួសារ។ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​គួរតែ​រក​យុត្តិធម៌​ជូន​ដល់​គ្រួសារ​អ្នក​ស្លាប់ ហើយ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់​ឱ្យ​បាន​ឆាប់។

សាច់ញាតិ​ជន​រងគ្រោះ ដែល​បាន​ស្លាប់​នៅ​ខេត្តកោះកុង​លើក​ឡើង​ថា បច្ចុប្បន្ន​គ្រួសារ​លោក បូក ឆេក រស់នៅ​ដោយ​ការ​លំបាក ព្រោះ​មាន​ជីវភាព​ក្រីក្រ ខណៈ​ដែល​ប្រពន្ធ​លោក ក៏​មាន​ជំងឺ​ប្រចាំ​កាយ ពុំ​អាច​ធ្វើ​ការងារ​អ្វី​បាន​នោះ​ទេ ចំណែកកូន៣នាក់ ក៏​បែក​គ្រួសារ​នៅ​ឆ្ងាយ និង​អ្នក​ខ្លះ​មក​ធ្វើ​ការ​ស៊ី​ឈ្នួល​គេ​នៅ​ភ្នំពេញ ដោយ​ទទួល​បាន​ថវិកា​តិចតួច។

ថ្វីដ្បិត​តែ ជន​រង​គ្រោះ គឺ​លោក បូក ឆេក ជា​ជន​ពិការ​ជើង​ម្ខាង ក៏​ប៉ុន្តែ​កាល​លោក​នៅរស់ លោក​តែងតែ​ទៅ​នេសាទ​ត្រី នៅ​ឯ​សមុទ្រ ជាមួយ​នឹង​អ្នកភូមិ​ជិត​ខាង ដើម្បី​អាច​រក​ចំណូល​បាន​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។ ក្នុង​មួយ​ថ្ងៃ​លោក អាច​រក​បាន ២ម៉ឺន​រៀល ទៅ៤ម៉ឺនរៀល ក៏​ប៉ុន្តែ ចំណូល​ទាំង​នេះ​ពុំ​គ្រប់គ្រាន់​ទេ ដែល​ធ្វើ​ឱ្យ​លោក និង​ប្រពន្ធ រស់នៅ​ដោយ​លំបាក។ ចំណែក​បញ្ហា​ដីធ្លី​វិញ លោក​តែងតែ​ចូលរួម​តវ៉ា​ជាមួយ​ប្រជា​សហគមន៍​មិន​ដែល​ខកខាន​ឡើយ។

លោកស្រី ឆឹង កុម្ភៈ ដែល​ជា​ប្អូនស្រី​បង្កើត​លោក បូក ឆេក ប្រាប់​វិទ្យុអាស៊ី​សេរី​នៅ​ថ្ងៃ​ទី២០ ខែមីនា ថា បង​ប្រុស​លោកស្រី ពុំ​មាន​ជំងឺ​ប្រចាំ​កាយ​អ្វី​នោះ​ទេ ហើយ​លោក បូក ឆេក កាល​នៅ​រស់​តែងតែ​ទៅ​នេសាទត្រី​ជា​ញឹកញាប់ ជាមួយ​នឹង​អ្នក​ជិត​ខាង ដើម្បី​រក​ប្រាក់​ចំណូល​មក​ផ្គត់ផ្គង់​គ្រួសារ ដោយ​សារតែ​លោក​ពុំ​មាន​ដី​ស្រែ​ចម្ការ​សម្រាប់​អាស្រ័យ​ផល។ លោកស្រី​បន្ត​ថា ដី​របស់​លោក កូប ឆេក ដែល​មាន ២ហិកតារ​នោះ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក លី យ៉ុងផាត ច្បាម​យក អស់​រយៈ​ពេល​ជាង ១០ឆ្នាំ​មក​ហើយ។ លោកស្រី​ថា បច្ចុប្បន្ន​នេះ ប្រពន្ធ​កូន​របស់​លោក បូក ឆេក រស់នៅ​ដោយ​គ្មាន​ប្រាក់​ចំណូល និង​មិន​ដឹង​ថា ត្រូវ​ទៅ​ពឹង​អ្វី​នោះ​ទេ។

លោកស្រី ឆឹង កុម្ភៈ៖ «អភិបាល​ខេត្តកោះកុង​គាត់​គួរ​តែ​រក​ដំណោះស្រាយ​ឱ្យ​សហគមន៍​ទៅ ព្រោះ​អី​គាត់​ក្រីក្រ​ខ្លាំង​ណាស់ ទាំង​រូប​គេ ទាំង​រូប​ខ្ញុំ​គឺ​សុទ្ធតែ​ដុនដាប​ខ្លាំង​ដូច​គ្នា។ អ្នក​ខ្លះ​ជំពាក់​បំណុល​ធនាគារ អ្នក​ខ្លះ​ទៅ​ធ្វើការ​ចំណាកស្រុក សូម្បីតែ​កូន​ក៏​អាច​បាន​សិក្សា បោះបង់​ការ​សិក្សា​ដែរ ចាប់​ពី​អាយុ ១០១១១២ឆ្នាំ​ហ្នឹង គឺ​ទៅ​តាម​ម្ដាយ​ឪពុក ដើម្បី​រក​លុយ​ចិញ្ចឹម​ជីវភាព ហើយ គាត់​អត់​អើពើ​ជាមួយ​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​វិបត្តិ​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ហ្នឹង​ទ»

កាលពីថ្ងៃទី១៥ មីនា ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការ​រំលោភ​ដីធ្លី​ពី​ក្រុមហ៊ុន​ស្ករ​អំពៅ ឧកញ៉ា លី យ៉ុងផាត់ ចំនួនជាង៤រយនាក់ មក​ពី​សហគមន៍​ចំនួន៣ ស្ថិត​ក្នុង​ស្រុក​ស្រែ​អំបិល និង​ស្រុកបុទុម​សាគរ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលា​ខេត្តកោះកុង ដើម្បី​តាមដាន​ញត្តិ ដែល​ពួក​គេ​បាន​ដាក់ កាល​ពី​ខែមករា និង​ស្នើសុំ​ជួប​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង និង​អភិបាល​រង​ខេត្ត​កោះកុង លោក សុខ សុទ្ធី ដើម្បី​ឱ្យ​ជួយ​រក​កិច្ច​អន្តរាគមន៍​រឿង​ដីធ្លី។

ដោយសារតែ​អាកាសធាតុ​ក្ដៅ​ខ្លាំង និង​ការ​ដេក​កណ្ដាល​វាល​ហាល​ទឹក​សន្សឹម​ផង​នោះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​នាក់ ក្នុងនោះមានពលរដ្ឋ៤នាក់បានដួល​សន្លប់ ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត គឺ​លោក បូក ឆេក បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក ខេត្ត​កោះកុង ។ លោក បូក ឆេក រស់នៅ​ឃុំ​កណ្ដោល ស្រុក បុទុមសាគរ ខេត្តកោះកុង ជា​ជន​ពិការ​ជើង​ម្ខាង ដែល​លោក​មាន​ជីវភាព​ទីទ័លក្រ​លំបាក។ ពិធី​បុណ្យ​សព​លោក បានបញ្ចប់នៅថ្ងៃទី១៨ មីនា។

វិទ្យុអាស៊ីសេរីមិនអាច​ទាក់ទង អភិបាល​ខេត្តកោះកុង អ្នកស្រី មិថុនា ភូថង និង​អភិបាល​រង​ខេត្ត​កោះ​កុង លោក សុខ សុទ្ធី ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅថ្ងៃទី២០ មីនា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជា​ច្រើន​ដង តែ​មិនមាន​អ្នក​ទទួល។

ចំណែក​មេភូមិ​កណ្ដោល ឃុំកណ្ដោល លោក លឹង កៅ លើក​ឡើង​ថា លោក បូក ឆេត មាន​សុខភាព​មិន​ល្អ​នោះ​ទេ។ ជា​ធម្មតា លោក​តែង​មាន​អាការៈ​សន្លប់ និង​មាន​ជំងឺ​ប្រចាំ​កាយ​មិន​សូវ​បាន​ព្យាបាល​បាន​ត្រឹមត្រូវ ព្រោះ​គ្មាន​លុយ។ លោក​បន្ត​ថា ជុំវិញ​ការ​តវ៉ា​បញ្ហា​ដីធ្លី​នេះ អាជ្ញាធរ​ថ្នាក់​ក្រោម រួម​នឹង​លោក​ខ្លួន​ឯង​ផ្ទាល់ ពុំ​មាន​លទ្ធភាព​ដោះស្រាយ​នោះ​ឡើយ ព្រោះ​ហួស​ផែន​កំណត់។ តែ​យ៉ាង​ណា​ក្ដី លោក​ចង់​ឱ្យ​អាជ្ញាធរ​ថ្នាក់​លើ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ទាំង​នោះ​ជូន​ពលរដ្ឋ​ឱ្យ​បាន​ឆាប់ កុំ​ឱ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ថ្នាក់​ក្រោម មើល​មុខ​គ្នា​មិន​ចំ​ដូច​បច្ចុប្បន្ន​នេះ។

លោក លឹង កៅ៖ «មើល​ទៅ​ការ​ជ្រួលច្របល់​នៅ​ក្នុង​មូលដ្ឋានវា​ពិបាក​ណាស់ ពិបាក​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម និយាយ​ទៅ​មើល​មុខ​គ្នា​លែង​ចង់​យល់ និយាយ​គ្នា​លែង​ចង់​កើត​អស់​ហើយ ដោយសារ​តែ​ពួក​គាត់​ខឹង​រឿង​ដីធ្លី។ ក្នុង​នាម​យើង​អាជ្ញាធរ ពិបាក​ក្នុង​ការ​រាក់ទាក់​ជាមួយ​គាត់ និយាយ​ជាមួយ​គាត់ ក៏​មិន​សូវ​ត្រូវ គឺ​ជ្រួល​ច្របល់​ហ្មង»

ជុំវិញការស្លាប់ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តកោះកុង ប្រជាពលរដ្ឋ​ថា អាជ្ញាធរ​គួរតែ​ចេញ​មុខ មក​ទទួល​ខុស​ត្រូវ​ចំពោះមុខ​ច្បាប់ ហើយ​ផ្ដល់​នូវ​យុត្តិធម៌​ដល់​គ្រួសារ​អ្នក​ស្លាប់ ព្រោះ​ការ​បាត់បង់​អាយុ​ជីវិត​ពលរដ្ឋ​នេះ កំហុស​មក​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អើពើ​មក​ទទួល​ញត្តិ​របស់​ពួក​គាត់ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ឈរ​ក្រោម​កម្ដៅ​ថ្ងៃ និង​ទឹក​សន្សើម​ជិត ១០ម៉ោង។ ពលរដ្ឋ​ថា ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ជាមួយ​ក្រុមហ៊ុន​កោះកុង​ស៊ូហ្គើរ (Koh Kong Sugar) និង​ក្រុមហ៊ុន​កោះកុង​ផ្លែនថេសិន (Koh Kong Plantation) របស់​លោក លី យ៉ុងផាត់ នេះកើតតាំងពីឆ្នាំ២០០៦ ប៉ុន្តែ​ពុំ​ឃើញ​មាន​អាជ្ញាធរ​ណា ចេញ​មុខ​មក​អន្តរាគមន៍​ជូន​ពលរដ្ឋ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ បែរ​ជា​ចោទ​ពលរដ្ឋ​ថា ជា​ក្រុម​ញុះញង់ បង្កភា​វឹកវរ​ដល់​សន្តិសុខ​សង្គម។

មួយ​ថ្ងៃ​ក្រោយ​ពី​ការ​ស្លាប់​ជន​ពលរដ្ឋ រដ្ឋបាល​ខេត្តកោះកុង កាល​ពី​ថ្ងៃ​ទី១៧ មីនា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយ​បដិសេធ​ថា លោក បូក ឆេក មិនមែន​ជា​ពលរដ្ឋ ដែល​ចូលរួម​តវ៉ា​ក្នុង​ជម្លោះ​ដីធ្លី​នោះ​ទេ ហើយ​ករណី​ស្លាប់​របស់​លោក គឺ​បណ្ដាល​មក​ពី​ជំងឺ​លើស​ឈាម និង​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្តកោះកុង លោក ង៉ែត ស៊ីណាប់ ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ស្វែងរក​ដំណោះស្រាយ និង​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ ពុំគួរ​គេចវេះ​វាស ពី​បញ្ហា ដើម្បី​រួច​ខ្លួន​នោះ​ទេ។ លោក​បន្ត​ថា ការ​បង្ហាញ​ព័ត៌មាន​របស់​អាជ្ញាធរ ជុំវិញ​ការ​ស្លាប់​ពលរដ្ឋ ថាមិនពាក់ព័ន្ធនិងការតវ៉ានៅថ្ងៃទី១៥ ខែមីនា​នោះ ពុំ​មាន​មែន​ជា​ការ​ពិត ខណៈ​ដែល​លោក បូក ឆេក ពិត​ជា​មាន​វត្តមាន​នៅ​ទី​នោះ​មែន។ លោក​ថា ការ​ឆ្លើយ​ការពារ​ខ្លួន​របស់​អាជ្ញាធរ​នេះ ផ្ដល់​នូវ​គំរូ​អាក្រក់​នៅ​ក្នុង​សង្គម ខណៈ​ដែល​ពលរដ្ឋ​ភាគ​ច្រើន​ដែល​មក​តវ៉ា​នេះ នោះ​សុទ្ធតែ​ជា​ពលរដ្ឋ​មាន​បញ្ហា​ទំនាស់​ដីធ្លី។

លោក ង៉ែត ស៊ីណាប់៖ «អាជ្ញាធរ​ខេត្ត គឺ​ត្រូវ​តែ​មាន​វិធានការ​ក្នុង​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ កុំ​ចេះ​តែ​រក​វិធីសាស្ត្រ​ដោះសា រក​វិធីសាស្ត្រ​ឆ្លើយ​ប្រឆាំង។ យើង​គិត​ថា ប្រជារាស្ត្រ ប្រជាពលរដ្ឋ គឺ​ជា​កូនចៅ​របស់​គាត់ បើ​កូន​របស់​គាត់​មាន​បញ្ហា​ក្នុង​នាម​ជា​អាជ្ញាធរ​ខេត្ត​ហ្នឹង​គាត់​ត្រូវ​រក​វិធីសាស្ត្រ​ដោះស្រាយ​ជួយ​កូនចៅ​គាត់ មិនមែន​រក​វិធីសាស្ត្រ ដើម្បី​ប្រឆាំង​នឹង​កូនចៅ​ទេ»

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​ប្រជាពលរដ្ឋ​ថា ការ​តវ៉ា​បញ្ហា​ដីធ្លី​រហូត​ដល់​មាន​ការ​បាត់បង់​អាយុ​ជីវិត របស់​ពលរដ្ឋ​ទាំង​មូល​ហើយ អាជ្ញាធរ​បែរ​ជា​មិន​អើពើ​ដោះ​ស្រាយ​បែប​នេះ ពួក​គាត់​ចាត់​ទុក​ថា គឺជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ពលរដ្ឋ​ស្លូតត្រង់ ដែល​គ្មាន​អំណាច។ ពលរដ្ឋ និង​សង្គម​ស៊ីវិលថា ប្រជា​ពលរដ្ឋ​បន្ត​រង​គ្រោះ​ជា​ហូរហែ​នេះ ដោយសារ​តែ​ក្រុម​អ្នក​លុយ​មាន​អំណាច ធ្វើបាប​ពលរដ្ឋ តាមតែ​អំពើចិត្ត ខណៈ​ដែល​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ស្ថិត​ក្រោម​កណ្ដាប់​ដៃ​របស់​អ្នក​មាន​អំណាច។ ដ្បិតតែ​មាន​បញ្ហា​បែប​នេះ​ក្ដី ​ពលរដ្ឋ​ទាំង​នោះ នៅ​តែ​ប្ដេជ្ញា​ថា ពួក​គាត់​នឹង​បន្ត​ទាមទារ​រក​ដំណោះ​ស្រាយ​ដីធ្លី​របស់​ពួកគាត់​បន្ត​ទៀត រហូត​ដល់​មាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សាច់​ញាតិ​ពលរដ្ឋ​ម្នាក់​ដែល​ស្លាប់​ក្នុង​ពេល​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​នៅ​ខេត្តកោះកុង មាន​ជីវភាព​ក្រីក្រ ដោយ​ពុំ​មាន​ទីពឹង"

  1. Anonymous says:

    I do not think HUN SEN can hear any thing from you all he wanted you to do is elect for him in 2023 so he can hurt you another five years .