តុលាការ​ចោទ​ប្រកាន់ លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​បទ​ញុះញង់

ដោយ ម៉ៅ សុធានី
2023.03.22
RFA

តុលាការ​ចោទ​ប្រកាន់ លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​បទ​ញុះញង់

 រូប៖ ហ្វេសប៊ុកលោកទាំងពីរ


ចៅក្រម​ស៊ើបសួរ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​ទី២២ ខែមីនា បាន​សម្រេច​ឃុំ​ខ្លួន លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល ជា​បណ្ដោះអាសន្ន ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា លោក​មិន​លើកលែង​ទោស​ដល់​អតីត​សកម្មជន​បក្ស​ប្រឆាំង លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល នោះ​ឡើយ។

ថ្លែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២២ ខែមីនា​ម្សិលមិញ លោក ហ៊ុន សែន បាន​ចេញ​មុខ​ការពារ​ខ្លួន ដោយ​សម្ដី​ធ្ងន់ៗ ថា លោក​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ពុំ​បាន​អង្គុយ​កៅអី​ស្មើ​ព្រះមហាក្សត្រ ឬ បាំង​ក្លស់​សម្រាប់​លោក​នោះ​ទេ។ លោក​បន្ត​ថា ក្នុង​អំឡុង​ពេល​ដើរ​ស្ទើរតែ​ស្មើ​នឹង​ព្រះអង្គ​នោះ ព្រោះ​លោក​ត្រូវ​ការ​និយាយ​ជាមួយ​ព្រះមហាក្សត្រ ហើយ​លោក​ក៏​ពុំ​ចង់​ដើរ​ស្មើ​នឹង​ព្រះអង្គ​ឡើយ។ លោក​បន្ត​ថា មាន​តែ​ព្រះមហាក្សត្រ​តែ​ប៉ុណ្ណោះ ដែល​ដឹង​ពី​រឿង​នេះ។

អាជ្ញាធរ​បាន​ឃាត់​ខ្លួន​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល បន្ទាប់​ពី​ពួក​គេ​បាន​បង្ហោះ​សារ​បែប​ញុះញង់​តាម​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​រូបភាព ព្រះមហាក្សត្រ ព្រះរាជ​ទាន​ព្រះ​អគ្គី​ជ័យ​កីឡា ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១២ ឆ្នាំ២០២៣ នៅ​ខេត្តសៀមរាប នា​ថ្ងៃ​ទី២១ ខែមីនា ឆ្នាំ២០២៣។ លោក យឹម ស៊ីណន បាន​សរសេរ​ថា «បើ​តាម​សំឡេង​ពលរដ្ឋ​តាម​ហាង​កាហ្វេ៖ ថ្ងៃ​នេះ​យើង​អាច​ឃើញ​ច្បាស់​ថា នរណា​ជា​ស្ដេច​ផែនដី​ពិត​ប្រាកដ»។ ជាមួយ​គ្នា​នេះ លោក ហ៊ុន កុសល បាន​សរសេរ​ថា «លោក​នឹង​ប្រើ​សមត្ថភាព​ចូលរួម​ពូន​ផ្ដុំ​ជាមួយ​លោក កឹម សុខា ដើម្បី​ការពារ​ព្រះចេស្ដា​មហាក្សត្រ និង​ព្រះរាជ​បល្ល័ង្ក ក្រោយ​ពី​ឃើញ​ពួក​គេ​ធ្វើ​បាប​ព្រះទ័យ និង​បន្ទាប​ព្រះចេស្ដា​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ច្រក»

ពាក់ព័ន្ធ​នឹង​ការ​ចាប់​ឃុំ​ខ្លួន​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល នេះ​ដែរ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ដោះ​លែង​អ្នក​ទាំង​ពីរ​ដោយ​ឥត​លក្ខខណ្ឌ និង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​ពួក​គេ។

នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃតស៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍ នៅ​ថ្ងៃ​ទី ២២ ខែមីនា​ថា ការ​បញ្ចេញ​មតិ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក មិន​គួរ​ចាត់​ទុក​ជា​អំពើ​ឧក្រឹដ្ឋកម្ម​នោះ​ទេ ព្រោះ​អ្នក​ទាំង​ពីរ​មិន​បាន​ធ្វើអ្វី​ខុស​ឡើយ។ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នឹង​ត្រូវ​លុបបំបាត់​ទាំង​ស្រុង ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ខណៈ​ការ​បោះ​ឆ្នោត​សកល​នៅ​ខែកក្កដា កាន់តែ​ខិត​ជិត​មក​ដល់។

សេចក្ដីថ្លែងការណ៍​បន្ត​ថា អ្នក​ទាំង​ពីរ នឹង​ត្រូវ​ប្រឈម​ការ​ជាប់​ឃុំឃាំង​យូរ ដោយសារ​ការ​កាត់​ក្តី​របស់​តុលាការ​កម្ពុជា ដែល​ប្រឌិត​រឿង​ចោទ​ប្រកាន់ ក្រោម​ហេតុផល​នយោបាយ។ ប្រសិនបើ​ប្រទេស​កម្ពុជា មាន​ការ​គោរព​សិទ្ធិមនុស្ស និង​មាន​ប្រព័ន្ធ​យុត្តិធម៌​ត្រឹមត្រូវ អ្នក​ទាំង​ពីរ​នឹង​ត្រូវ​បាន​ដោះ​លែង ព្រមទាំង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​ពួក​គេ។

លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​រសៀល​ថ្ងៃ​ទី២២ ខែមីនា ហើយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ «ញុះញង់ និង​ប្រមាថ​ព្រះមហាក្សត្រ»

ជុំវិញ​រឿង​នេះ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា នៅ​ក្នុង​ស្ថានភាព ដែល​កម្ពុជា​ជិត​ខិត​មក​ដល់​ការ​បោះ​ឆ្នោត ហើយ​ខណៈ​កម្ពុជា ក៏​កំពុង​តែ​ប្រឈម​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម ពី​សហភាព​អឺរ៉ុប​ដែរ​នោះ រដ្ឋាភិបាល គួរតែ​បង្ក​បរិយាកាស​ល្អ ដើម្បី​លើក​កម្ពស់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ដែល​ធានា​ដោយ​ច្បាប់៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "តុលាការ​ចោទ​ប្រកាន់ លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​បទ​ញុះញង់"

  1. Anonymous says:

    I do not want to say nothing about this two unknown political supporter . it may some thing that some one can use for their perpetrate