របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក៖ ស្ថានភាព​ពន្ធនាគារ​នៅ​កម្ពុជា​ស្ថិត​ក្នុង ​«សភាពយ៉ាប់​ខ្លាំង»​​​​​​​​​​​​​​​​​​

២៣ មិនា ២០២៣
ហ៊ុល រស្មី
វីអូអេខ្មែរ

រូបឯកសារ៖ ស្រ្តីជាអ្នកទោសនិងកូនរបស់ពួកគេ ចូលរួមកម្មវិធីមួយនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។
រូបឯកសារ៖ ស្រ្តីជាអ្នកទោសនិងកូនរបស់ពួកគេ ចូលរួមកម្មវិធីមួយនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។


ភ្នំពេញ — ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​ឱ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​ថា​ ស្ថានភាព​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​ មាន​សភាព​យ៉ាប់​ខ្លាំង​ ហើយ​ក្នុង​ករណី​ជាច្រើន​ គំរាម​កំហែង​ដល់​អាយុ​ជីវិត​ថែម​ទៀត​ផង។

របាយការណ៍​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ឆ្នាំ​២០២២​ ដែល​ត្រូវ​បាន​បកប្រែ​ពី​ភាសា​អង់គ្លេស​ មក​ជា​ខេមរភាសា​មាន​កម្រាស់​៣៦​ទំព័រ​ បាន​បង្ហាញ​ពី​ទិដ្ឋភាព​ទីកន្លែង​ឃុំ​ខ្លួន​ដែល​មាន​ភាព​កកកុញ​ និង​គ្មាន​ការ​កែ​លម្អ​ផ្នែក​រដ្ឋបាល​ ហើយ​ជួន​កាល​ ការ​សហការ​ពី​អាជ្ញាធរ​ដែន​ដី​នៅ​មាន​កម្រិត​ ដែល​ជា​ការ​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ចូល​ជួប​អ្នក​ជាប់​ឃុំ​ដែល​មិន​ទាន់​ទទួល​ការ​ជំនុំជម្រះ​ក្តី។​

បើ​តាម​របាយការណ៍​ ការ​មាន​អ្នក​ទោស​កកកុញ​ច្រើន​គឺ​ជា​បញ្ហា​មួយ​ ហើយ​ពន្ធនាគារ​ចំនួន​២៨​ ដែល​មាន​នៅ​ក្នុង​ប្រទេស​គ្រោង​មក​សម្រាប់​ដាក់​អ្នក​ទោស​តែ​ចំនួន​អតិបរមា​ ១១,០០០​នាក់​ទេ​ តែ​គិត​មក​ដល់​ខែ​តុលា​ មាន​អ្នកទោស​ចំនួនបី​ម៉ឺន​ប្រាំបី​ពាន់​ហាសិប​ (៣៨,០៥០)នាក់។ ខេត្ត​កំពត​ និង​កណ្តាល​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​គេ​ ដោយ​មាន​អ្នក​ទោស​លើស​ចំនួន​កំណត់​ចំនួន​៤០០​ភាគរយ។ របាយការណ៍​ដដែល​បាន​លើក​ឡើង​ពី​ការ​បញ្ជាក់​ពី​មន្រ្តី​ថា ​មាន​អ្នក​ទោស​កុមារ​ចំនួន​១,៤២២​នាក់​នៅ​ទូទាំង​ប្រទេស​ ហើយ​ភាគ​ច្រើន​ពួក​គេ​ស្ថិត​ក្នុង​ពន្ធនាគារ​សម្រាប់​មនុស្ស​ធំ។

ពាក់​ព័ន្ធ​នឹង​របប​អាហារ​ និង​របស់​ចាំបាច់​ផ្សេងៗ​ របាយ​ការណ៍​ឱ្យ​ដឹង​ថា​ អ្នក​ជាប់​ពន្ធនាគារ​ជា​រឿយៗប្រឈម​មុខ​នឹង​ភាព​ខ្វះ​ខាត​ ហើយ​អ្នក​ទោស​ខ្លះ​និយាយ​ថា​ គេ​ត្រូវ​ខ្ចី​លុយ​ពី​មន្ត្រី​ពន្ធនាគារ​ ដើម្បី​ទិញ​អាហារ​បាន​គ្រប់​គ្រាន់​ និង​ជា​ញឹក​ញាប់​ សមាជិក​គ្រួសារ​ត្រូវ​ផ្តល់​របស់​ចាំបាច់​ខ្លះ​ ហើយ​ពេល​ខ្លះ​ត្រូវ​សូក​ប៉ាន់​មន្ត្រី​ ក្នុង​ការ​ផ្តល់​របស់​បន្ថែម​ដល់​អ្នក​ទោស។

របាយ​ការណ៍​នេះ​ បាន​យោង​តាម​ការ​រាយការណ៍​ពី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ និង​អង្គការ​សិទ្ធិមនុស្សអន្តរជាតិ​ផ្សេង​ទៀត។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ លោក​ អំ សំអាត​ សង្កេត​ឃើញ​ថា​ បញ្ហា​នៅ​ពន្ធនាគារ​ គឺ​នៅ​តែ​ជា​រឿង​មួយ​ដែល​គួរ​ឱ្យ​បារម្ភ ហើយ​បញ្ហា​ចម្បង​មួយ​ដែល​មិន​ទាន់​ដោះស្រាយ​ចេញ​បាន​នោះ​គឺ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ។

លោក​ថ្លែង​ថា​៖ «អ៊ីចឹង​ភាព​ចង្អៀត​ណែន​នៅ​តាម​ពន្ធនាគារ​នេះ​ វា​ជា​បញ្ហា​មួយ​សម្រាប់​ពន្ធនាគារ​ដែល​វា​ប៉ះពាល់​ច្រើន​ ដែល​យើង​មើល​ទៅ​កាលណា​ ភាព​ចង្អៀត​ណែន​ហ្នឹង​វា​ខ្លាំង​ វា​ប៉ះពាល់​សុខ​ភាព​អ្នក​ជាប់​ឃុំ​ ដោយ​សារ​តែ​ចង្អៀត​ណែន​ពេក​ធ្វើ​ឱ្យ​ការ​ដក​ខ្យល់​អាកាស​ឬ​ក៏​ការ​ដក​ដង្ហើម​អី​ផ្សេង​ៗ​ហ្នឹង​វា​មាន​ការ​ថប់។ អ៊ីចឹង​ វា​ប៉ះ​ពាល់​ដល់​ជំងឺ​ថប់​បារម្ភ​ផ្សេងៗ​ ហើយ​វា​អាច​នឹង​មាន​ការ​លើស​សម្ពាធ​ឈាម​ ឬ​ក៏​ជំងឺ​ផ្សេង​ៗ​ទៀត​ ហើយ​ជា​ពិសេស​បើ​មាន​ជំងឺ​ឆ្លង​ហ្នឹង​វា​លឿន​ នៅ​ក្នុង​ការ​ឆ្លង​»។​

លោក​បន្ថែម​ថា​ មាន​បញ្ហា​ផ្សេង​ទៀត​នៅក្នុង​ពន្ធនាគារ​ គឺ​ការ​វាយ​ដំ​គ្នា​រវាង​អ្នក​ទោស​ និង​អ្នក​ទោស​មួយ​ចំនួន​ រហូត​ត្រូវ​មាន​ចំណាត់​ការ​ពី​តុលាការ​ដើម្បី​ផ្តន្ទាទោស​លើ​អ្នក​ទោស​ដែល​បង្ក​ហិង្សា​នោះ​ តែ​លោក​ថា​ នេះ​មិន​មែន​ជារឿងធំ​ជាង​រឿង​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នោះ​ទេ។

បើ​តាម​លោក​អំ សំអាត​ តុលាការ​គួរ​ពិចារណា​ឱ្យ​បាន​ល្អិតល្អន់​ចំពោះ​ការ​បញ្ជូន​មនុស្ស​មក​ឃុំខ្លួន ឬ​ក៏​ការ​ដាក់​ឱ្យ​អនុវត្ត​ទោស​ការងារ​សហគមន៍​ ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។

របាយ​ការណ៍​ដដែល​របស់​ក្រសួង​ការ​បទេស​ស្តីពី​សិទ្ធិមនុស្សកម្ពុជា​ឆ្នាំ​២០២២​ ឱ្យដឹង​ទៀតថា​ គិត​មក​ដល់​ខែធ្នូ​ ពន្ធនាគារ​ចំនួន​១១​ មិន​ផ្តល់​ទឹក​ស្អាត។ ពន្ធនាគារ​គ្មាន​កន្លែង​គ្រប់​គ្រាន់​សម្រាប់​អ្នក​ទោស​ដែល​មាន​ពិការភាព​លើ​រាង​កាយ​ និង​ផ្នែក​ខួរ​ក្បាល​ ហើយ​បើ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ពេល​ខ្លះពួក​បង​ធំ​វាយ​ដំ​លើ​អ្នក​ទោស​ដទៃ​ទៀត។ របាយការណ៍​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ អស់​រយៈ​ពេល​៣​ឆ្នាំ​ហើយ​ ដែល​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​មិន​បញ្ចេញ​របាយការណ៍​ស្តីពី​ការ​គ្រប់​គ្រង​ពន្ធនាគារ។

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក​ នុត សវនា​ បាន​ថ្លែង​ថារបាយការណ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ ធ្វើ​ឡើង​ដោយ​អត្តនោម័តិ​ពី​ភាគី​សហរដ្ឋ​អាមេរិក។

លោក​ថ្លែង​ថា៖ «អាហ្នឹង​ គាត់​យក​ស្តង់​ដា​អី​មក​វាស់​ ព្រោះ​មែនទែន​ទៅ​ ​អានេះ​វា​ជា​របាយការណ៍​អត្តនោម័តិ​ ពី​ប្រទេស​គាត់​ ហើយ​អានេះ​វា​ជា​ទស្សនៈ​យល់​ឃើញ​របស់​គាត់​ ចាត់​ទុក​ថា​ បញ្ហា​ចង្អៀត​ណែន​នៅ​កម្ពុជា​ហ្នឹង​មាន​បញ្ហា​ធ្ងន់​ធ្ងរ។ ប៉ុន្តែ​អាហ្នឹង​ យើង​ក៏អាច​វាយ​តម្លៃ​មិនមែន​ថា​ ផ្គើន​អី​ទេ​ តែ​ជា​ការ​វាយ​តម្លៃ​ស្ថាន​ភាពពន្ធនាគារ​នៅ​អាមេរិក​ដែរណ៎ា!​ អ្នក​ទោស​នៅ​អាមេរិក​ មាន​ប្រហែល​ដូច​ជា​ ២លាន​នាក់​ ជាង​២លាន​នាក់​ ហើយ​ដូ​ច​ជា​នៅ​តិច​សាស​(Texas)​ អី​ជាដើម​ តាម​ខ្ញុំ​ដឹង​ ដូច​ជា​រហូត​ដល់​ក្រាល​តង់​ ក្រាល​អី​ដែរ​ទេ។ វា​មាន​ជា​លក្ខណៈ​បោះ​ជំរំ អីទេ​ រូបភាព។ តែ​អាហ្នឹង​ ខ្ញុំ​អត់​ថា​ម៉េច​ទេ​ រឿង​គេ​ ស្តង់​ដា​របស់​គេ​ គេមើល​មក​យើង​ថា​ យ៉ាប់។ អាហ្នឹង​ ខ្ញុំគ្រាន់​តែ​បកស្រាយ​ទៅ​វិញ​ថា​ អា​ចង្អៀត​ហ្នឹង​វា​ចង្អៀត​ហើយ​ ប៉ុន្តែ​វាមិន​ទាន់​ដល់​ថ្នាក់​ដូច​នៅ​ហ្វីលីពីន​អីទេ»។​

លោក​បន្ថែម​ថា​កម្ពុជា​បាន​ខិតខំរក​ដំណោះស្រាយ​ ដើម្បីកាត់​បន្ថយ​ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនា​គារ​ ដូច​ជា​ការ​ដាក់​ឱ្យ​អនុវត្ត​ទោស​ក្នុងសហគមន៍​ជាដើម។

លោក​ប្រាប់​វីអូអេ​ថា៖ «​យើង​ដំណោះស្រាយ​មាន​ទាំង​ពី​ការ​អនុវត្ត​ទោស​ក្នុង​សហគមន៍​ ទោសការ​ងារ​សហគមន៍​អី​ជាដើម​ ការ​ដោះ​លែង​ក្រៅ​ឃុំ​ដោយ​មាន​លក្ខ​ខណ្ឌ​អី​ជាដើម​ហ្នឹង​ យើង​ខិត​ខំ​ ព្យាយាម​ធ្វើ​កិច្ចការ​អស់​ហ្នឹង។ អ៊ីចឹង​ សុំ​អាអ្នក​ធ្វើ​របាយ​ការណ៍​ហ្នឹង​គាត់​ បើ​សិន​ជា​ធ្វើ​របាយការណ៍​លើក​ក្រោយ​ អាចមក​ពិភាក្សា​ស្វែង​យល់​សិក្សា​ផ្ទាល់​ជាមួយ​មន្ត្រី​ជំនាញ​របស់​ខ្ញុំដែរ​ អាហ្នឹង​យើង​អាច​ឈ្វេង​យល់​ ហើយ​អាច​ពន្យល់​បញ្ហា​ហ្នឹង​ដល់​គាត់​ ឱ្យ​បាន​ច្បាស់​ជាង​មុន​ មុន​នឹង​ចេញ​របាយការណ៍​មក​សន្និដ្ឋាន​អាចឹង​»

ក្រៅ​ពី​ការ​លើក​ឡើង​អំពី​ស្ថានភាព​មិន​ប្រសើរ​ឡើង​នៅ​ពន្ធនាគារ​ និង​មជ្ឈមណ្ឌល​ឃុំ​ខ្លួន​ របាយ​ការណ៍​ក៏​បាន​រំលេច​បញ្ហា​ពាក់​ព័ន្ធ​សិទ្ធិមនុស្ស​ផ្សេង​ទៀត​ ដូចជា​ការ​យក​ជីវិត​តាម​អំពើ​ចិត្ត​ និង​ការ​សម្លាប់​ដោយ​សារ​ហេតុផល​នយោបាយ​ ឬដោយ​ខុសច្បាប់ និង​កា​រធ្វើទារុណកម្ម និង​ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត។

របាយការណ៍​ឱ្យ​ដឹងថា​គិត​មក​ដល់​ខែ​ធ្នូ​ អ្នក​សង្កេតការណ៍​បាន​រក​ឃើញ​ករណី​ចាប់​ខ្លួនតាម​អំពើ​ចិត្ត​ចំនួន​យ៉ាងហោច​ណាស់​៤៩នាក់ដែល​រួមមាន​៤០នាក់​ជា​សកម្មជន​នយោបាយ​ ១នាក់​ជា​អ្នក​សារ​ព័ត៌​មាន​ ៨នាក់​ជាសកម្មជន​សិទ្ធិ​ដីធ្លី។ បើ​តាម​របាយការណ៍​ដដែល​ អ្នក​សង្កេត​ការណ៍​ជឿថា​ចំនួន​ពិត​នៃ​ការ​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​ទំនង​ជាមាន​ច្រើន​ជាង​នេះ​ ពីព្រោះ​ជន​រងគ្រោះ​នៅ​តាម​ជន​បទ​មិន​ប្តឹង​ ដោយសា​រ​មានការ​ពិបាក​ធ្វើ​ដំណើរ​មក​ការិយាល័យ​របស់​អង្គការ​ ឬមាន​កង្វល់​ពី​សុវត្ថិ​ភាព​នៃ​គ្រួសារ​របស់​គេ។

ការ​ឃុំ​ខ្លួនបណ្តោះ​អាសន្ន​ក៏​ត្រូវ​បាន​រំលេច​ក្នុង​របាយការណ៍ដែល​បាន​ចេញ​ផ្សាយ​ជាសាធារណៈដោយ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅកម្ពុជាកាលពីថ្ងៃអង្គារ។ របាយការណ៍បង្ហាញ​ថា​ការ​ឃុំ​ខ្លួន​យូរ​មុន​សវនាការ​គឺ​ជាបញ្ហា​មួយ​ ពិសេស​ក្នុង​ករណី​ទាក់​ទង​នឹង​នយោបាយ​ ហើយ​ពេល​ខ្លះ​ រយៈពេល​ឃុំ​ខ្លួន​មុន​សវនា​ការ​គឺ​លើស​រយៈពេល​អតិបរមា​ដែល​កំណត់​ដោយ​ច្បាប់​ ហើយ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​បាន​និយាយ​ថា​ មាន​មនុស្ស​ជាប់​ឃុំ​បណ្តោះ​អាសន្ន​ចំនួន២២,០៩៣​នាក់​ ដែល​ត្រូវ​ជា​ចំនួន​៧១​ភាគ​រយ​ នៃ​អ្នក​ជាប់​នៅក្នុង​ពន្ធនាគារ​ចំនួន​១៩​ ក្នុង​ចំណោម​ពន្ធនាគារ​ និង​មណ្ឌល​កែ​ប្រែ​ទាំង​២៨​នៅ​ក្នុង​ប្រទេស។

ឆ្លើយ​តប​ទៅ​នឹង​របាយ​ការណ៍​របស់​ក្រសួង​ការបរទេស​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ជិន ម៉ាលីន​ បាន​ចោទ​សួរ​ពី​មូល​ដ្ឋាន​នៃ​ការ​ចង​ក្រង​របាយ​ការណ៍​ ជា​ពិសេស​លើការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​៖ «សំខាន់​មើល​ទៅ​របាយការណ៍​របស់​គាត់​តើផ្អែក​លើ​និង​នីត​វិធីច្បាប់​របស់​កម្ពុជា​អត់? ឬមួយ​ក៏​គាត់​ផ្អែក​ទៅ​លើ​រូប​ភាព​ខាង​ក្រៅ​ ហើយ​សន្និដ្ឋាន​ថា​ជា​ការ​រំលោភសិទ្ធិ​មនុស្ស ដូច​ជា​អនុវត្ត​ច្បាប់​លើ​សកម្មជន​ លើ​អ្នកនយោ​បាយ​ហ្នឹង​ គាត់​ថា​ អាហ្នឹង​រឿង​រឿង​នយោបាយ​ ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​ផ្នែក​នយោ​បាយ​ ជាការ​សន្និដ្ឋាន​បែប​ហ្នឹង​គឺ​ជា​ការ​សន្និ​ដ្ឋាន​លើ​រូបភាព​ខាង​ក្រៅ​ទេ។ អាហ្នឹង​គេ​មាន​របៀប​វារៈ​ នយោបាយ​ គោល​ដៅ​របស់​គេដែល​ធ្វើ​ការ​សន្និដ្ឋាន​បែប​ហ្នឹង​»

លោក​បន្ថែម​ថា​ «​ក៏ប៉ុន្តែ​សន្និដ្ឋាន​អ៊ីចឹង​ វាអត់​គ្រប់​ជ្រុង​ជ្រោយ​ វា​អត់ឆ្លើយ​តប​ទៅ​ហ្នឹង​ស្ថាន​ភាព​ពិត​ប្រាកដ​ទេ។ លុះ​ត្រា​តែ​គាត់​ពិនិត្យ​មើល​ទៅ​លើ​ អ្វីដែល​បាន​កើត​ឡើង​ទៅ​លើ​ទិដ្ឋភាព​ច្បាប់​ នីតិ​វិធី​ច្បាប់​ថាសកម្មភាពរបស់​អ្នក​ទាំង​អស់​ហ្នឹង​វា​ជា​ការ​អនុវត្ត​សិទ្ធិ​ទៅ​តាម​ផ្លូវ​ច្បាប់​របស់​កម្ពុជា​ដែរ​ឬក៏​អត់​ ឬ​មួយ​ក៏​ជា​ការ​រំលោភ​បំពាន​ច្បាប់​»។ ​

របាយ​ការណ៍​របស់​ក្រសួងការ​បរទេស​អាមេរិក​ក៏បាន​លើក​ឡើង​អំពីការធ្វើ​ទារុណកម្ម។ របាយ​ការណ៍​សរសេរ​ថា​៖ «រដ្ឋ​ធម្មនុញ្ញ​ហាម​ប្រាម​ទង្វើ​បែប​នេះ​ តែ​ការ​វាយដំ​ និង​ទម្រង់​ដទៃ​ទៀត​នៃ​ការ​ធ្វើ​បាប​លើ​រូប​រាង​កាយ​ទៅ​លើ​អ្នក​ជាប់​ឃុំ​របស់​នគរបាល​ និង​អ្នក​ជាប់​ពន្ធនាគារ​នៅ​តែ​មាន​ជា​បន្ត​នៅ​ក្នុង​ឆ្នាំ​នៃ​របាយការណ៍​»

បញ្ហា​ផ្នែក​សិទ្ធិមនុស្ស​សំខាន់​ៗទៀត​រួមមាន ការ​ឃុំខ្លួន​តាម​អំពើចិត្ត​ដោយ​រដ្ឋាភិបាល​ អ្នកជាប់​ឃុំ​ឬអ្នក​ទោស​នយោបាយ​ ការ​គ្មាន​តុលាការ​ឯករាជ្យ​ ការ​ជ្រៀត​ជ្រែក​តាម​អំពើ​ចិត្ត​នៅ​ក្នុង​ជីវិត​ឯក​ជន​របស់​ពលរដ្ឋ​ រួមទាំង​ការ​លួច​ស្តាប់​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ជា​ទូទៅ​ ការ​រឹតត្បិត​ធ្ងន់​ធ្ងរ​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ សេរីភាព​សារព័ត៌​មាន​ និង​អ៊ិនធឺណែត​ រួម​ទាំង​ការ​ប្រើហិង្សា​ ឬ​ការ​គំរាម​ប្រើ​ហិង្សា​ ការ​ចាប់​ខ្លួន​ ឬកាត់​ទោស​អ្នក​សារព័ត៌មាន​ ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ​ ការ​ចាប់​ពិរុទ្ធ​ ការ​បិទ​គេហទំព័រ​ ការ​អនុវត្ត​ច្បាប់​ព្រហ្មទណ្ឌ​ទាក់​ទង​នឹង​ការ​បរិហារ​កេរ្តិ៍​ ច្បាប់​រឹតត្បិត​លើ​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ការ​ជ្រៀត​ជ្រែក​នៅ​ក្នុង​សិទ្ធិ​ធ្វើការ​ប្រមូលផ្តុំ​ដោយ​សន្តិវិធី​ជាដើម។ នេះ​បើ​តាម​របាយ​ការណ៍។

បើ​មើល​ទៅលើ​ស្ថានភាព​គ្រប់​គ្រង​ប្រទេស​វិញ​ របាយ​ការណ៍​រៀប​រាប់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ បាន​ឈ្នះ​នូវ​អាសនៈ​សភា​ទាំង​១២៥​នៅក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ ឆ្នាំ​២០១៨​ ដោយ​បាន​ហាម​ប្រាម​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ កាលពី​២០១៧​ ហើយ​ធ្វើ​ឱ្យ​ប្រទេស​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​គណបក្ស​តែ​មួយ ក្នុងភាព​ជាក់​ស្តែង​ ដោយ​មាន​រដ្ឋាភិបាល​មួយ​ដែល​ជា​ធម្មតា​ប្រើអំណាច​ផ្តាច់​ការ។

របាយការណ៍​សរសេរ​ថា​៖ «​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ​បាន​កាន់​តំណែង​នេះ​តាំង​ពី​ឆ្នាំ​១៩៨៥​មក។ អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ ដោយ​រួម​ទាំង​រដ្ឋាភិបាល​បរទេសនិង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរ​ជាតិ​ និង​ជាតិ​បាន​រិះ​គន់​ការ​បោះឆ្នោត​ថា​គ្មាន​ភាព​សេរី​ និង​យុត្តិធម៌​ ហើយ​មិន​តំណាង​ឱ្យ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ទេ​»

របាយ​ការណ៍​កត់សម្គាល់​ទៀត​ថា​មាន​ការ​រឹតត្បិត​ខ្លាំង​លើ​ការ​ចូលរួម​ទាក់​ទង​នឹង​នយោ​បាយ​ ការ​កាត់​បន្ថយ​លទ្ធភាព​សម្រាប់​ឱ្យ​ពលរដ្ឋ​ធ្វើ​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ដោយ​សន្តិវិធី តាមរយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ និង​អំពើ​ពុក​រលួយ​ដែល​រីក​រាល​ដាល​របស់​រដ្ឋាភិបាល​ ដូច​ជា​នៅក្នុង​ប្រព័ន្ធ​តុលាការ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ​លោក ​អ៊ី រិន្ទ មិន​ឆ្លើយតប​សំណួរ​សំឡេង​សហរដ្ឋអាមេរិក​ ដែល​បាន​ផ្ញើ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេ​ក្រាម​ នៅ​ថ្ងៃ​ពុធ​នេះ។

បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​ នៅ​ក្នុង​បញ្ហា​នៃ​ការ​គោរព​សេរី​ភាព​ពលរដ្ឋ​ រដ្ឋធម្មនុញ្ញអនុញ្ញាត​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ដោយ​សេរី​ ដោយ​រួម​ទាំង​សេរី​ភាព​សារព័ត៌មាន​សម្រាប់​អ្នកសារព័ត៌មាន​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ផងដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ រដ្ឋាភិបាល​បាន​ធ្វើ​ការ​រឹតត្បិត​ខ្លាំង​លើ​ការ​បញ្ចេញ​មតិ​ ដោយ​រួម​ទាំង​ការ​បញ្ចេញ​មតិ​ដោយ​សារ​ព័ត៌មាន​ឯករាជ្យ​ និង​សំឡេង​ប្រឆាំង​ដទៃ​ទៀត។ បុគ្គល​ និង​ស្ថាប័ន​ជាច្រើន​បាន​រាយការណ៍​ពី​ការ​ចាប់​ពិរុទ្ធ​ដោយ​ខ្លួន​យ៉ាង​ច្រើន​ជា​ពិសេស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម៕

What Next?

Recent Articles