លោក ស ខេង ចង់ឱ្យ​មាន​ការ​ធ្វើ​តេស្ដ​រក​គ្រឿងញៀន​លើ​ពលរដ្ឋ​ចាប់ពី​អាយុ​១៣​ឆ្នាំ​ដល់​ក្រោម​៤៥​ឆ្នាំ

ដោយ នៅ វណ្ណារិន
2023.03.22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ស ខេង ចង់ឱ្យ​មាន​ការ​ធ្វើ​តេស្ដ​រក​គ្រឿងញៀន​លើ​ពលរដ្ឋ​ចាប់ពី​អាយុ​១៣​ឆ្នាំ​ដល់​ក្រោម​៤៥​ឆ្នាំ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​កាលពីថ្ងៃទី០៨ កុម្ភៈ ២០២៣។ រូប៖ ហ្វេសប៊ុក​លោក ស ខេង


រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ចង់ឱ្យ​មានការ​ធ្វើតេស្ដ​រក​សារធាតុ​ញៀន​លើ​ក្រុម​ពលរដ្ឋ​ទូទៅ​ដែល​មាន​អាយុ​ចាប់ពី​១៣​ឆ្នាំ ទៅដល់​អាយុ​ក្រោម​៤៥​ឆ្នាំ។ លោក​លើក​ឡើង​ថា វិធានការ​ថ្មី​នេះ​កំពុង​ស្ថិត​ក្នុង​ការ​សិក្សា ប៉ុន្តែ​អាច​ដាក់​ជា​កាតព្វកិច្ច​សម្រាប់​អនុវត្ត​។ សង្គម​ស៊ីវិល​គាំទ្រ​វិធានការ​នេះ ប៉ុន្តែ​ព្រួយបារម្ភ​ថា ខ្លាច​មានការ​អនុវត្ត​មិន​បាន​ត្រឹមត្រូវ។

ស្របពេល​បញ្ហា​គ្រឿងញៀន​បន្ត​រីក​រាលដាល​កាន់តែ​ធំ​ឡើង​នៅក្នុង​ប្រទេស​រដ្ឋាភិបាល​បាន​ប្រកាស​ត្រៀម​ចេញ​វិធានការ​ថ្មី​ទៀត​ដើម្បី​តម្រូវ​ឱ្យ​ពលរដ្ឋ​ត្រូវធ្វើ​តេស្ដ​រក​សារធាតុ​គ្រឿងញៀន។

លោក ស ខេង លើកឡើង​ថា ក្រៅពី​ការ​រិះរក​វិធានការ​ថ្មីៗ​ដើម្បី​បង្ក្រាប​ការ​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ដែល​កំពុង​រីក​រាលដាល​ស្ទើរ​នៅ​ទូទាំង​ប្រទេស រដ្ឋាភិបាល​ក៏បាន​គិតគូរ​ដែរ ដើម្បី​ការពារ​ពលរដ្ឋ​ដែល​ងាយ​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​មាន​អាយុ​ចាប់ពី ១៣​ឆ្នាំ​ទៅដល់​អាយុ​ក្រោម​៤៥​ឆ្នាំ តាមរយៈ​ការ​តម្រូវ​ឱ្យ​ក្រុម​ពលរដ្ឋ​ទាំងនេះ​ត្រូវធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​នៅ​ពេល​ខាងមុខ។

លោក ស ខេង៖ «ធ្វើតេស្ដ​សារធាតុ​ញៀន​សម្រាប់​មនុស្ស​គ្រប់រូប​។ មនុស្ស​គ្រប់រូប ចង់​និយាយ​ថា ស្រទាប់​ងាយ​រងគ្រោះ​ដោយសារ​គ្រឿងញៀន ខ្ញុំ​មិន​ចង់​និយាយ​លោកយាយ​លោកតា​នោះ​ទេ ឬក៏​ក្មេង​កុមារ​កុមារី​នោះ​ទេ​។ គឺ​អ្នក​ក្នុង​ចន្លោះ​អាយុ​១៣ ឬក៏​១៥​ឆ្នាំ​ទៅដល់​ក្រោម​៤៥​ឆ្នាំ ឧទាហរណ៍​។ អាហ្នឹង​អត់​មានអី​ខុស​ទេ»។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​បែប​នេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៧ និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៨ កាលពី​ថ្ងៃទី​២១​មីនា។ លោក​បន្ត​ថា នេះ​ជា​វិធានការ​ដែល​ត្រូវធ្វើ​បន្ទាប់​ទៀត បន្ថែម​លើ​វិធានការ​កំពុង​អនុវត្ត​ដូចជា​តម្រូវ​ឱ្យ​អ្នក​បើក​យានយន្ត និង​អ្នក​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​រាជការ​ទាំង​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ត្រូវធ្វើ​តេស្ដ​រក​សារ​ធាតុ​ញៀន​ជាមុន។

លោក ស ខេង បាន​បញ្ជាក់​ទៀត​ថា ថ្វី​ត្បិត​វិធានការ​តម្រូវ​ឱ្យ​ពលរដ្ឋ​ទូទៅ​ត្រូវធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ការ​សិក្សា និង​ផ្ដល់​យោបល់​បន្ថែម​ទៀត​ក្ដី ក៏​វា​នឹង​អាច​ដាក់​ជា​កាតព្វកិច្ច និង​បន្ទុក​សម្រាប់​ឱ្យ​ពលរដ្ឋ​អនុវត្ត មានន័យថា​ពលរដ្ឋ​ត្រូវ​ចំណាយ​លើ​ថ្លៃ​ធ្វើតេស្ដ​មិនមែន​ជា​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ឡើយ។

លោក ស ខេង៖ «ជា​កាតព្វកិច្ច យើង​ចង់​ដាក់​អ៊ីចឹង អានេះ​ជា​យោបល់​ទេ មិន​ទាន់​ជា​លិខិត​បទដ្ឋាន​គតិយុត្តិ ឬក៏​ច្បាប់​អី​ទេ។ យោបល់​ដាក់​ថា ក្នុង​កាតព្វកិច្ច អាហ្នឹង​ក្នុង​ន័យ​ការពារ​សិស្សានុសិស្ស​និស្សិត​របស់​យើង ស្រទាប់​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ដែល​ជា​អ្នក​បន្តវេន ត្រូវ​ការពារ​ពួកគាត់​ដើម្បី​កុំឱ្យ​ពាក់ព័ន្ធ​នឹង​រឿង​អ៊ីចឹង»។

ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នេះ មន្ត្រី​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(ADHOC) លោក ស៊ឹង សែនករុណា យល់ឃើញ​ថា ជា​វិធានការ​មួយ​ល្អ​ក្នុង​ការ​ទប់ស្កាត់​ក្រុម​ពលរដ្ឋ​ជា​យុវវ័យ​កុំឱ្យ​ប្រើប្រាស់​គ្រឿងញៀន ប្រសិនបើ​មានការ​អនុវត្ត​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។ ប៉ុន្តែ​លោក​ព្រួយបារម្ភ​ខ្លាច​អាជ្ញាធរ​ប្រើប្រាស់​វិធានការ​នេះ​ជា​មធ្យោបាយ​មួយ​ធ្វើបាប​លើ​អ្នក​សកម្ម​ការងារ​សង្គម ឬ​លើ​ពលរដ្ឋ​ទូទៅ។ លោក​បារម្ភ​ខ្លាច​អាជ្ញាធរ​ធ្វើតេស្ដ​លើ​ពលរដ្ឋ​មិន​ប្រើប្រាស់​គ្រឿងញៀន ក្លាយទៅជា​អ្នកប្រើប្រាស់​ដើម្បី​ជា​ថ្នូរ​ដោះដូរ​នឹង​ទទួល​បាន​លុយកាក់។

លោក ស៊ឹង សែនករុណា៖ «សមត្ថកិច្ច​លោក​អនុវត្ត​តួនាទី​របស់​ខ្លួន​បាន​ត្រឹមត្រូវ​អានោះ​ជា​ការ​បង្ហាញ​មួយ​ទៅ​ដល់ សាធារណជន ឱ្យ​គេ​មាន​ជំនឿ​ទុកចិត្ត​ហើយ​ការ​ទប់ស្កាត់​ហ្នឹង នឹង​មាន​ប្រសិទ្ធភាព​អ៊ីចឹង​ទៅ។ ក៏ប៉ុន្តែ​ប្រសិនជា​មានតែ​ច្បាប់ ខ្ញុំ​ថា​អត់​ប្រយោជន៍​ទេ បើ​ការ​អនុវត្ត​ហ្នឹង​អត់​បាន​ត្រឹមត្រូវ​ផ្ទុយទៅវិញ វា​កាន់តែ​បន្ថែម​បន្ទុក​ទៅដល់​សង្គម​ទៅវិញ​ទេ»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ចង់ឱ្យ​មន្ត្រី​ដែល​មាន​ទទួល​នាទី​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​មិន​មាន​ភាព​លម្អៀង ការ​ស្អប់ ការ​គុំគួន ឬ​ការ​ទទួល​បាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​ធ្វើបាប​ជន​ណា​ម្នាក់​ឡើយ​។ លោក​បន្ត​ថា អាជ្ញាធរ​ត្រូវ​ការពារ​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​នៅ​ក្នុង​សង្គម​ដើម្បី​មនុស្ស​ទូទៅ​ទាំងអស់​ព្រោះ​អ្នកប្រើប្រាស់​គ្រឿងញៀន​ភាគច្រើន មិន​មាន​សតិ​ស្មារតី​គិតគូរ​ឱ្យ​បាន​វែងឆ្ងាយ និង​ងាយ​ប្រព្រឹត្ត​ជា​អំពើ​ផ្សេងៗ ដូចជា​ការប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​លួច​ឆក់​ប្លន់ ដើម្បី​បាន​លុយ​មក​ប្រើប្រាស់​គ្រឿងញៀន​ជាដើម។

របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បង្ហាញ​ថា នៅក្នុង​ឆ្នាំ​២០២២ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​និង​រឹបអូស​គ្រឿងញៀន​បាន​ជាង ១៤​តោន កើន​ជាង​៣០០​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២១ និង​ជា​ទំហំ​មួយ​ច្រើន​លើសលប់​គួរ​ឱ្យ​ព្រួយបារម្ភ។ របាយការណ៍​បន្ត​ថា អ្នកប្រើប្រាស់​គ្រឿងញៀន​មាន​ជាង ២​ម៉ឺន ២​ពាន់​នាក់​កើន​ជាង​៥​ពាន់​នាក់ ធៀប​នឹង​ឆ្នាំ​២០២១ ខណៈ​ករណី​បង្ក្រាប​ករណី​គ្រឿងញៀន មាន​ជាង ៦​ពាន់​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ជាង​១​ម៉ឺន​នាក់ ក្នុង​នោះ​ករណី​ធំៗ មាន​១៧៩​ករណី​ហើយ​ភាគច្រើន​ជា​ការ​បង្ក្រាប​សារធាតុ​គីមី​ផ្សំ។

លោក ស ខេង បាន​បញ្ជាក់​ដែរ​ថា ករ​ណី​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន នឹង​អាច​កាន់តែ​រីក​រាលដាល​នៅក្នុង​ប្រទេស​បន្ថែម​ទៀត ប្រសិនបើ​គ្មាន​ការ​បង្ក្រាប​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ខណៈ​លោក​អះអាង​ថា ជា​មធ្យម​ក្នុង​មួយថ្ងៃ​មាន​ករណី​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​កើតឡើង ពី​១០ ទៅ​១៥​ករណី​នៅក្នុង​បណ្ដា​ខេត្ត​ចំនួន​៨។

ស្របពេល​ប្រកាស​វិធានការ​ថ្មី​តម្រូវ​ឱ្យ​ពលរដ្ឋ​ទូទៅ​ធ្វើតេស្ដ​នេះ​លោក ស ខេង ក៏បាន​ជំរុញ​ឱ្យ​អន្តរក្រសួង​គួរ​ពន្លឿន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ឱ្យ​បាន​ចប់​នៅ​ត្រឹម​ចុង​អាណត្តិ​នេះ​ដោយ​លោក​បាន​ស្ដីបន្ទោស​ថា ការ​ធ្វើ​វិសោធនកម្ម​ហាក់​ចំណាយ​ពេល​យូរ​ពេក​អស់​ប្រហែល​២​ឆ្នាំ​ទៅ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "លោក ស ខេង ចង់ឱ្យ​មាន​ការ​ធ្វើ​តេស្ដ​រក​គ្រឿងញៀន​លើ​ពលរដ្ឋ​ចាប់ពី​អាយុ​១៣​ឆ្នាំ​ដល់​ក្រោម​៤៥​ឆ្នាំ"

  1. Bad ideas Mr. Sar Keng! នេះចូលលក្ខណជាបទរំលោភសិទ្ធិរបស់គេហើយ!

  2. Anonymous says:

    YES ..that is a absolutely a gain with international Human right . we knew this unbelievable trug users was the responsible of leader of Cambodia . we can tell if HUN SEN a good leader that trug dealer can not used Cambodia as their production factory