ដោយ ច័ន្ទ ដារ៉ូ
2023.12.08
RFA
ពលរដ្ឋប្រគេននិងជូនសម្ភារៈមួយចំនួនដល់ព្រះសង្ឃ និងអ្នកចូលដំណើរធម្មយាត្រាសៀមរាប-ភ្នំពេញ លើកកម្ពស់សីលធម៌សង្គម និងសិទ្ធិមនុស្ស តាមបណ្ដោយផ្លូវជាតិលេខ៦អារ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកព្រះអង្គ ហេង ហៀក (Heng Heak)
ព្រះសង្ឃ និងយុវជនដែលធ្វើធម្មយាត្រាផ្សព្វផ្សាយអប់រំអំពីសិទ្ធិ និងសីលធម៌ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិទទួលបានការស្វាគមន៍ និងលើកទឹកចិត្តពីពលរដ្ឋនៅតាមដងផ្លូវជាច្រើន។ មន្ត្រីសង្គមស៊ីវិលយល់ថា សកម្មភាពទាំងនេះបង្ហាញថា ពលរដ្ឋខ្មែរចង់បានសង្គមមានយុត្តិធម៌ ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដដែលរដ្ឋាភិបាលត្រូវពិនិត្យដោះស្រាយឱ្យបានត្រឹមត្រូវឡើងវិញ។
ធម្មយាត្រាផ្សព្វផ្សាយអប់រំអំពីសិទ្ធិមនុស្ស និងលើកកម្ពស់សីលធម៌សង្គមរបស់ក្រុមយុវជន ព្រះសង្ឃប្រមាណ៣០នាក់និងអង្គបានបន្តដំណើរលើផ្លូវជាតិលេខ៦ពីស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាមដោយឆ្លងកាត់ទីប្រជុំជនសំខាន់ៗនៅថ្ងៃទី០៨ ខែធ្នូ។
ធម្មយាត្រានេះបានដំណើរការដោយរលូន ដោយអ្នកចូលរួម និងព្រះសង្ឃសូត្រធម៌ កាន់ទង់ជាតិទង់សាសនា និងបដាអប់រំ ខណៈពលរដ្ឋនៅរស់នៅតាមដងផ្លូវមានទឹកចិត្តរីករាយគាំទ្រ ដោយជួយឧបត្ថម្ភជាទឹក គ្រឿងឧបភោគបរិភោគថែមទៀត បើទោះបីអាជ្ញាធរតាមឃ្លាំមើល ឬថតរូបយ៉ាងណាក្តី។
ព្រះតេជព្រះគុណ អិន ខែម មានថេរៈដីកាប្រាប់វិទ្យុអាស៊ីសេរីថា ព្រះអង្គចង់ឃើញមនុស្សគ្រប់រូបមានសិទ្ធិសេរីភាព សង្គមមានយុត្តិធម៌ និងការផ្សះផ្សាបង្រួបបង្រួមគ្នាប្រកបដោយមេត្តាធម៌។ ព្រះអង្គទតឃើញថាឆ្លងកាត់យុទ្ធនាការនៅតាមដងផ្លូវប៉ុន្មានថ្ងៃមកនេះ ប្រជាពលរដ្ឋជាច្រើនមានទឹកចិត្តជ្រះថ្លានឹងសកម្មភាពដើរផ្សព្វផ្សាយនេះ ប៉ុន្តែពួកគាត់តែងត្អូញត្អែរពីទុក្ខព្រួយប្រាប់ព្រះអង្គអំពីបញ្ហាជីវភាព ទាំងតម្លៃកសិផលចុះថោក និងបញ្ហាអយុត្តិធម៌នៅក្នុងសង្គមជាដើម។
ព្រះតេជព្រះគុណ អិន ខែម៖ «សូមឱ្យមន្ត្រីពលរដ្ឋទាំងអស់ និងយុវជនភ្ញាក់ស្មារតីឡើងជួយជាតិ សាសនារបស់យើងទាំងអស់គ្នាដោយរក្សាសីលប្រាំដែលមិនសម្លាប់ ការមិនបៀតបៀន មិនញុះញង់ មិនយកខ្មែរណាមួយធ្វើជាសត្រូវឡើយ ស្រឡាញ់គ្នាក្នុងនាមជាជាតិសាសន៍តែមួយ សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក កុំឈ្លោះគ្នា ដើម្បីប្រយោជន៍ជាតិ សាសនា សូមចូលរួមគោរព និងឱ្យតម្លៃគ្នា នោះអាត្មាជឿជាក់ថា សង្គមរបស់យើងនឹងមានការរីកចម្រើន»។
ក្រុមអង្គការសង្គមស៊ីវិល សហជីព និងយុវជនប្រមាណ ១រយនាក់ កាលពីថ្ងៃទី៥ ខែធ្នូបាននាំគ្នារៀបចំពិធីបែបសាសនានៅមុខប្រាសាទអង្គរវត្ត និងថ្លែងការណ៍សារនៅកម្មវិធីធម្មយាត្រាដោយផ្សាយមេត្តាចិត្តផ្សារភ្ជាប់នឹងសិទ្ធិមនុស្ស ក្រោមធានបទ«ធានាសេចក្តីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌ដល់ពលរដ្ឋគ្រប់រូប» ។ យុទ្ធនាការនេះរៀបចំឡើង ដោយសារពួកគេមើលឃើញថា សីលធម៌ ការរំលោភបំពានសិទ្ធិមនុស្ស និងអំពើហិង្សានៅតែបន្តកើតឡើងស្ទើរគ្រប់រូបភាពនៅក្នុងសង្គមដោយពុំមានការថមថយអ្វីឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក ស្រ៊ាង ចិន្តា ដើម្បីឆ្លើយតបបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី៨ ធ្នូ។
ជុំវិញរឿងនេះ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាអ្នកសម្របសម្រួលធម្មយាត្រា លោក កើត សារ៉ាយ មានប្រសាសន៍ថា ស្ថានភាពសេរីភាពរបស់ពលរដ្ឋជាពិសេសការបញ្ចេញមតិ ការជួបជុំប្រមូលផ្តុំនៅតាមទីសាធារណៈបានរងការរឹតត្បិតគួរឱ្យព្រួយបារម្ភ។ ដូច្នេះលោកថាយុទ្ធនាការពេលនេះជាសារដ៏សំខាន់មួយចូលរួមចំណែកលើកទឹកចិត្តឱ្យពលរដ្ឋ និងយុវជនប្រើប្រាស់សិទ្ធិឱ្យកាន់តែសកម្មនៅក្នុងសង្គម ដើម្បីជំរុញឱ្យរដ្ឋាភិបាលគិតគូររឿងសីលធម៌ និងងាកមកគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
លោក កើត សារ៉ាយ៖ «គ្មានអ្នកណាម្នាក់ចង់ឱ្យមានភាពអយុត្តិធម៌នៅក្នុងសង្គមខ្លួនឯងនោះទេ ដូច្នេះការដែលពលរដ្ឋបង្ហាញទឹកចិត្តបែបនេះជាការបង្ហាញថា ពួកគាត់ចង់បានសិទ្ធិសេរីភាព ចង់ឱ្យសង្គមមានយុត្តិធម៌ ជាពិសេសចង់ឱ្យរដ្ឋាភិបាលធានាយុត្តិធម៌សម្រាប់សង្គមជាតិ»។
ក្រុមយុវជន និងព្រះសង្ឃបានធ្វើធម្មយាត្រាដោយថ្មើរជើងផ្សព្វផ្សាយពីសិទ្ធិមនុស្ស និងលើកកម្ពស់សីលធម៌ផ្ដើមពីខេត្តសៀមរាប ឆ្លងកាត់ខេត្តកំពង់ធំ កំពង់ចាមឆ្ពោះទៅរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៨ ខែធ្នូ ដើម្បីត្រៀមចូលរួមទិវាសិទ្ធិមនុស្សអន្តរជាតិទ្រង់ទ្រាយធំ នៅថ្ងៃទី១០ ធ្នូ នៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ។
ក្រុមដើរធម្មយាត្រា ជំរុញដល់រដ្ឋាភិបាលគោរពសិទ្ធិមនុស្សឱ្យបានពេញលេញ ហើយបើកឱ្យយុវជន និងពលរដ្ឋមានសិទ្ធិសេរីភាពបញ្ចេញមតិដោយ គ្មានការគំរាមកំហែង ឬចាប់ដាក់គុកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។