ដោយ សេក បណ្ឌិត
2023.12.09
RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជួបលោក ហឺ វ័យទុង (He Weidong) អនុប្រធាន នៃគណៈកម្មាធិការយោធាមជ្ឈិមបក្ស នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
វត្តមាននាវាចម្បាំងរបស់យោធាចិនពីរគ្រឿងមកដល់មូលដ្ឋានកងទ័ពជើងទឹកកម្ពុជានាដែនសមុទ្ររាម ខេត្តព្រះសីហនុ កំពុងធ្វើឱ្យប្រទេសនៅក្នុងតំបន់រួមទាំងប្រទេសមហាអំណាចលោកខាងលិចនិងអឺរ៉ុបផង សម្លឹងមើលមកកម្ពុជាដោយប្រុងប្រយ័ត្នព្រមទាំងដាក់ផែនការតាមដាន និងឃ្លាំមើលយ៉ាងដិតដល់។
តើកម្ពុជាមានអ្វីលាក់បាំងនៅក្នុងទំនាក់ទំនងយោធាជាមួយចិនបានជាធ្វើឱ្យប្រទេសក្នុងតំបន់និងមហាអំណាចប្រជាធិបតេយ្យព្រួយបារម្ភបែបនេះ?
អ្នកវិភាគបញ្ហាសង្គម និងគណបក្សនយោបាយខ្លះយល់ឃើញដូចគ្នាថា ការចូលចតនាវាចម្បាំងរបស់ចិននៅមូលដ្ឋានកងទ័ពជើងទឹករាម ចាប់តាំងពីថ្ងៃទី៣ ខែធ្នូ មក មិនត្រឹមតែធ្វើឱ្យពលរដ្ឋកម្ពុជាព្រួយបារម្ភប៉ុណ្ណោះទេ វាក៏កំពុងធ្វើឱ្យប្រទេសនៅក្នុងតំបន់ព្រមទាំងប្រទេសមហាអំណាចខាងសព្វាវុធលោកខាងលិច និងអឺរ៉ុបក៏ព្រួយបារម្ភអំពីអស្ថិរភាពផ្នែកសន្តិសុខក្នុងតំបន់ដែរ។
អ្នកវិភាគបញ្ហាសង្គម និងនយោបាយលោក គឹម សុខ មានប្រសាសន៍ថា ប្រសិនបើនាវាចម្បាំងទាំងពីរគ្រឿងនោះគ្រាន់តែដឹកជញ្ជូនកងទ័ពចិនជាមួយនឹងគ្រឿងសព្វាវុធខ្លះសម្រាប់ការហ្វឹកហាត់និងសមយុទ្ធយោធាជាមួយកម្ពុជានោះវាមិនមានអ្វីធំដុំទេ ក៏ប៉ុន្តែបន្ទាប់ពីបញ្ចប់ការហ្វឹកហាត់និងសមយុទ្ធ ប្រសិនបើចិនមិនបញ្ជូនកងទ័ពរបស់ខ្លួនគ្រប់ចំនួនឱ្យត្រឡប់ទៅវិញទេ នោះពិតជាមានបញ្ហាយ៉ាងធំចំពោះកម្ពុជា។
លោក គឹម សុខ មានប្រសាសន៍ទៀតថា នាវាចម្បាំងរបស់ចិនពីរគ្រឿងដែលកំពុងចតនៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋខ្មែរព្រួយបារម្ភប៉ុណ្ណោះទេ គឺបណ្ដាប្រទេសទាំងឡាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តំបន់អាស៊ីប៉ាស៊ីហ្វិកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដូចជាជប៉ុន តៃវ៉ាន់ និងកូរ៉េព្រមទាំងប្រទេសមហាអំណាចលោកខាងលិច និងអឺរ៉ុបជាដើម កំពុងតែព្រួយបារម្ភដូចគ្នាក្នុងជម្លោះភូមិសាស្ត្រនយោបាយ។
លោក គឹម សុខ៖ «បញ្ហាសំខាន់គឺសន្តិសុខនៅក្នុងតំបន់ពីព្រោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបច្ចុប្បន្នដែលមានអាស៊ានជាស្នូល គឺកំពុងតែប្រទាញប្រទង់គ្នាខ្លាំងណាស់ជុំវិញជម្លោះនៅសមុទ្រចិនភាគខាងត្បូង ហើយនេះគឺមិនមែនជាការប៉ះទង្គិចគ្នារវាងចិន និងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានទេ ក៏ប៉ុន្តែរវាងចិននិងបស្ចិមប្រទេស មានសហរដ្ឋអាមេរិកជាដើម។ ដោយគេអះអាងថា នោះជាដែនសមុទ្រអន្តរជាតិគេអាចប្រើប្រាស់បានដែរ។ ដូច្នេះរឿងដែលសំខាន់គឺអសន្តិសុខនៅក្នុងតំបន់ហើយរឿងអសន្តិសុខនៅក្នុងតំបន់នេះ វាផ្ទុះបែបណាមួយគ្មាននរណានឹកស្មានជាមុនដល់ទេ»។
គណបក្សនយោបាយខ្លះនៅក្នុងប្រទេសកម្ពុជាក៏យល់ស្របនិងការលើកឡើងរបស់អ្នកវិភាគនេះដែរ។
ប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី មានប្រសាសន៍ថា រូបលោកមានការព្រួយបារម្ភខ្លាំងចាប់តាំងតែពីទទួលបានព័ត៌មានថា ចិនបានបញ្ជូននាវាចម្បាំងពីរគ្រឿងចូលមកចតនៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម។
លោក ស៊ុន ចន្ធី យល់ថា ពេលនេះរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារឱ្យបានច្រើន ដើម្បីជួយដល់ជីវភាពប្រជាពលរដ្ឋដែលកំពុងតែជំពាក់បំណុលវ័ណ្ឌកប្រសើរជាងកិច្ចសហប្រតិបត្តិការបង្កើនឥទ្ធិពលយោធាជាមួយប្រទេសចិន។
លោក ស៊ុន ចន្ធី៖ «កំពង់ផែរាមប្រទេសកម្ពុជានេះគឺកំពុងបានទទួលការមន្ទិលសង្ស័យពីមជ្ឈដ្ឋានជាតិអន្តរជាតិជាច្រើនឆ្នាំមកហើយមិនទាន់ដាច់ស្រឡះនៅឡើយទេ ហើយរដ្ឋាភិបាលកម្ពុជាក៏មិនទាន់បានបកស្រាយឆ្លើយបំភ្លឺឱ្យមានការជឿជាក់ទៅមជ្ឈដ្ឋានជាតិ និងអន្តរជាតិដែរ។ ដូច្នេះនៅពេលនេះយើងឃើញកងទ័ពចិន យកនាវាធំៗពីរមកទៀតវាកាន់តែធ្វើឱ្យមានការមន្ទិលសង្ស័យមែនទែនហើយ»។
ការព្រួយបារម្ភរបស់អ្នកនយោបាយ និងអ្នកវិភាគសង្គមនេះកើតមានបន្ទាប់ពីកម្ពុជាបានអនុញ្ញាតឱ្យនាវាចម្បាំងចិនយ៉ាងហោចណាស់ពីរគ្រឿង ចូលចតនៅកំពង់ផែរាម កាលពីថ្ងៃទី៣ ខែធ្នូ ដោយអះអាងថា សម្រាប់ត្រៀមហ្វឹកហ្វឺនកងទ័ពជើងទឹកកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិនៃប្រទេសទាំងពីរ។
ការចូលចតនាវាចំបាំងរបស់ចិននេះនៅចំពេលដែលមន្ត្រីជាន់ខ្ពស់ការពារជាតិ និងជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមបក្សចិនលោក ហឺ វ័យទុង (He Weidong) បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
អ្នកសិក្សាកិច្ចការសង្គម និងនយោបាយលោក ប៉ោ មករា យល់ឃើញថា វត្តមាននាវាចម្បាំងរបស់ចិនក្នុងពេលនេះ ពិតជាធ្វើឱ្យក្រសែភ្នែករបស់ប្រជាជាតិនៅក្នុងតំបន់អាស៊ាន និងសហគមន៍អន្តរជាតិមានក្តីបារម្ភពីព្រោះកម្ពុជា គឺជាទីតាំងមួយដែលស្ថិតនៅក្នុងភូមិសាស្ត្រខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន ហើយទីតាំងនេះកំពុងធ្វើឱ្យសហគមន៍អន្តរជាតិខ្លាចចិនដណ្ដើមយកផ្ដាច់មុខពាក់ព័ន្ធផ្លូវទឹកសេដ្ឋកិច្ច និងភូមិសាស្ត្រដែលចិនត្រូវវាតទី។
លោក ប៉ោ មករា មានប្រសាសន៍ទៀតថា ដើម្បីកុំឱ្យសហគមន៍អន្តរជាតិសម្លឹងមកកម្ពុជានៅក្នុងរូបភាពមិនល្អ កម្ពុជាគួរតែបើកចំហ និងបង្ហាញភាពស្អាតស្អំនៅក្នុងរឿងនាវាចម្បាំងចិន មានវត្តមាននៅលើទឹកដីខ្មែរនេះ។
ក្តីបារម្ភរបស់អង្គការជាតិអន្តរជាតិពិសេសនៅតំបន់អាស៊ាន វាគឺជារឿងនយោបាយអន្តរជាតិ។ ដូច្នេះដើម្បីកុំឱ្យវានៅតែស្ថិតក្នុងពាក្យចចាមអារាម ឬក៏ការពិតនោះយ៉ាងម៉េច? គឺកម្ពុជាខ្លួនឯងត្រូវតែលាតត្រដាងត្រូវតែបង្ហាញភាពស្អាតស្អំរបស់ខ្លួនទៅដល់តំបន់។ ពីព្រោះបើមានសង្គ្រាមណាមួយកើតឡើងពាក់ព័ន្ធ និងតៃវ៉ាន់ក្តីពាក់ព័ន្ធអាមេរិកក្តីគឺកម្ពុជាជាគោលដៅនៃខ្សែភ្នែកអន្តរជាតិពិសេសអាមេរិកមើលមកកម្ពុជាក្នុងន័យមិនល្អ គឺវាអាចធ្វើឱ្យគ្រោះថ្នាក់ដល់ប្រទេសកម្ពុជា»។ វិទ្យុអាស៊ីសេរីមិនអាចសុំការអធិប្បាយពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាត បានទេ នៅថ្ងៃទី៩ ខែធ្នូ ដោយសារតែលោកទាំងពីរមិនទទួលទូរស័ព្ទ។
ទោះជាយ៉ាងណានៅក្នុងកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងមន្ត្រីជាន់ខ្ពស់ការពារជាតិ និងជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមបក្សចិន លោក ហឺ វ័យទុង (He Weidong) កាលពីថ្ងៃទី៣ ខែធ្នូ លោក ទៀ សីហា ឱ្យដឹងថា វត្តមាននាវាចម្បាំងរបស់ចិនមកកម្ពុជាពេលនេះ គឺកងទ័ពចិន គ្រាន់តែមកដើម្បីជួយហ្វឹកហ្វឺន ដល់កងទ័ពជើងទឹកកម្ពុជា។ លោក ទៀ សីហា សង្ឃឹមថា ការត្រៀមហ្វឹកហ្វឺនរបស់កងនាវិកកម្ពុជា ដោយនាវាចម្បាំងចិននេះនឹងជួយបង្កើនសមត្ថភាពកងទ័ព និងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ នៃប្រទេសទាំងពីរបន្ថែមទៀត។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រាប់សារព័ត៌មានអង់គ្លេសរ៉យទ័រ (Reuters) កាលពីថ្ងៃទី៦ ខែធ្នូ ថា សហរដ្ឋអាមេរិកកំពុងតាមដានជុំវិញព័ត៌មាននាវាចម្បាំងចិនដែលចូលចតនៅកំពង់ផែរាមនេះ ព្រមទាំងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផែនការរបស់ប្រទេសចិនកុម្មុយនិស្ត ក្នុងការគ្រប់គ្រងផ្ដាច់មុខលើផ្នែកមួយចំនួននៅមូលដ្ឋានទ័ពជើងទឹករាម។
ឯកសារយោធាសម្ងាត់របស់អាមេរិកដែលកាសែត ឌឹ វ៉ាស៊ីងតោនប៉ុស្តិ៍ (The Washington Post) យកមកចុះផ្សាយកាលពីចុងខែមេសា បង្ហាញថា ផ្នែកមួយនៃកំពង់ផែកងទ័ពជើងទឹករាមត្រូវបានកងទ័ពរំដោះប្រជាជនចិន (PLA) កំណត់ទុកសម្រាប់ប្រើប្រាស់ធ្វើជាមូលដ្ឋានទ័ពនៃ «កងពល» របស់ខ្លួន និងជាផ្នែកមួយនៃបណ្ដាញគាំទ្រភស្តុភារយោធារបស់ចិននៅលើពិភពលោក។
ឯកសារដដែលបញ្ជាក់ថា កងទ័ពរំដោះប្រជាជនចិន ក៏ដាក់ផែនការបង្កើតមូលដ្ឋានទ័ពរបស់ខ្លួននៅក្រៅប្រទេសឱ្យបានយ៉ាងហោចណាស់ចំនួន៥ និងទីតាំងគាំទ្រដល់ការផ្គត់ផ្គង់ភស្តុភារចំនួន១០ផ្សេងទៀតនៅត្រឹមឆ្នាំ២០៣០ ដើម្បីការពារសន្តិសុខជាតិ និងអត្ថប្រយោជន៍សេដ្ឋកិច្ចរបស់ក្រុងប៉េកាំងនៅក្រៅប្រទេស។
អ្នកវិភាគបញ្ហាសង្គម និងនយោបាយលោក គឹម សុខ យល់ថា ដើម្បីភាពស្អាតស្អំ និងជម្រះមន្ទិល សង្ស័យទាំងឡាយជុំវិញមូលដ្ឋានទ័ពចិននៅកម្ពុជានោះ កម្ពុជាគួរតែបើកឱ្យអ្នកជំនាញរបស់អង្គការសហប្រជាជាតិឬក៏អ្នកជំនាញផ្នែកយោធា នៃសហភាពអឺរ៉ុបចូលមកពិនិត្យនិងស្រាវជ្រាវឱ្យបានច្បាស់លាស់។
លោក គឹម សុខ៖ «ធម្មតាកម្ពុជាយើងជាប្រទេសអធិបតេយ្យ កាលណាហៅបរទេសមកពិនិត្យមានតែតំណាងរបស់អង្គការសហប្រជាជាតិ ឬក៏អ្នកបច្ចេកទេសយោធារបស់អង្គការសហប្រជាជាតិ ឬក៏យ៉ាងហោចណាស់អ្នកបច្ចេកទេសយោធារបស់សហភាពអឺរ៉ុបទៅពិនិត្យទៅ ពីព្រោះជាអង្គការអន្តរជាតិ។ ទើបវាអាចបញ្ចៀសនូវវិបត្តិបាន នេះជាចំណុចមួយ។ ប៉ុន្តែចំណុចហ្នឹងក៏មិនប្រាកដប្រជាដែរ ពីព្រោះវាត្រូវមាននីតិវិធីច្រើនក្នុងការជជែកគ្នា»។
ជាមួយគ្នានេះដែរអ្នកវិភាគបញ្ហាសង្គម និងនយោបាយក៏យល់ថា បើត្រឹមតែរដ្ឋាភិបាលកម្ពុជាបើកឱ្យអ្នកជំនាញអង្គការសហប្រជាជាតិឬក៏អ្នកជំនាញផ្នែកយោធានៃសហភាពអឺរ៉ុបចូលមកពិនិត្យនិងស្រាវជ្រាវបានច្បាស់លាស់ពីមូលដ្ឋានកងទ័ពជើងទឹករាម ក៏ដោយក៏មិនមានន័យថា វាគ្រប់គ្រាន់ទេគឺកម្ពុជាត្រូវតែបើកលំហូរប្រជាធិបតេយ្យឱ្យធំទូលាយឡើងវិញ ព្រមទាំងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់គណបក្សប្រឆាំងទាំងឡាយក្នុងការធ្វើនយោបាយដើម្បីប្រកួតប្រជែងការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ដែលអាចធ្វើឱ្យសង្គមមានលំនឹង និងការគោរពសិទ្ធិមនុស្សយ៉ាងត្រឹមត្រូវនោះទើបសហគមន៍អន្តរជាតិ អាចផ្ដល់ក្តីទុកចិត្តចំពោះរដ្ឋាភិបាលកម្ពុជាឡើងវិញបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។