ក្រុម​យុវជន​ត្រៀម​ធម្មយាត្រា​ឆ្ពោះ​ទៅ​ទីលាន​ប្រជាធិបតេយ្យ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០ ធ្នូ

ដោយ យន់ សាមៀន
2023.12.09
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​យុវជន​ត្រៀម​ធម្មយាត្រា​ឆ្ពោះ​ទៅ​ទីលាន​ប្រជាធិបតេយ្យ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០ ធ្នូ

ធម្មយាត្រា​ក្នុង​រាជធានី​ភ្នំពេញ​ ផ្សាយមេត្តាចិត្តផ្សារភ្ជាប់ នឹងសិទ្ធិមនុស្ស​ ក្រោម​មូលបទ៖ “ធានាសេចក្តីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌ដល់ពលរដ្ឋគ្រប់រូប”​ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុក​សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ – KSILA


ក្រុម​យុវជន​គ្រោង​ធ្វើ​ធម្មយាត្រា​បន្ត​ចេញ​ពី​ផ្សារ​ព្រែក​ព្នៅ​ឆ្ពោះទៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ លើក​ទី​៧៥ ក្រោម​ប្រធានបទ «ធានា​សេចក្ដីថ្លៃថ្នូរ សេរីភាព និង​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​គ្រប់រូប» ដែល​មាន​មនុស្ស​គ្រោង​ចូលរួម​ប្រមាណ ៣​ពាន់​នាក់ (៣.០០០)​។ ក្រុម​យុវជន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិ​សេរីភាព និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​ឱ្យ​មាន​យុត្តិធម៌​សង្គម​ឡើងវិញ។

ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល​ត្រៀមខ្លួន​ដើម្បី​ប្រារព្ធ​កម្មវិធី​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ដើម្បី​លើក​យក​បញ្ហា​ការរំលោភ​សិទ្ធិមនុស្ស ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​សង្គម និង​នយោបាយ​ដែល​ជា​បញ្ហា​ប្រឈម​កំពុង​កើត​មាន​នៅ​កម្ពុជា​ទៅ​កាន់​រដ្ឋាភិបាល​រក​ដំណោះស្រាយ។

ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៩ ខែធ្នូ ថា ការ​ប្រារព្ធ​កម្មវិធី​១០​ធ្នូ មានការ​ដង្ហែ​ក្បួន​ធម្ម​យាត្រា​ចំនួន​២​ក្រុម ក្រុម​ទី​១ គឺជា​ក្រុម​ធ្វើដំណើរ​ចេញពី​ខេត្ត​សៀម នឹង​បន្ត​ធ្វើ​ធម្ម​យាត្រា​ចេញពី​ផ្សារ​ព្រែក​ព្នៅ ទៅ​ទីលាន​ប្រជាធិបតេយ្យ និង​ក្រុម​ទី​២​ធ្វើដំណើរ​ចេញ​ពី​រដ្ឋសភា ឆ្ពោះ​ទៅ​ទីលាន​ប្រជាធិបតេយ្យ​ដូចគ្នា​ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ​៥០​នាក់​។ លោក​បន្ត​ថា ការ​ធ្វើ​ធម្ម​យាត្រា​នេះ​គឺ​ចង់​បង្ហាញ​ឱ្យ​សាធារណជន និង​រដ្ឋាភិបាល​ឃើញ​ថា កម្ពុជា​នៅ​មិនទាន់​មាន​យុត្តិធម៌ និង​ការ​គោរព​សិទ្ធិមនុស្ស​ពេញ​លេញ​នៅ​ឡើយ​ទេ។

លោក កើត សារ៉ាយ៖ «ឱ្យ​តែ​យើង​ឈរ​នៅ​លើ​គោលការណ៍​បម្រើ​ជាតិ​មាតុ​ខ្ញុំ​នៅតែ​ឱ្យ​សុទិដ្ឋិនិយម​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​គិតគូរ​ឡើងវិញ​ហើយ​យើង​បញ្ឈប់​រឹតត្បិត​សិទ្ធិមនុស្ស ហើយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ហើយ​យើង​កសាង​សង្គម​មួយ​ដែល​មាន​ប្រព័ន្ធ​យុត្តិធម៌​ត្រឹមត្រូវ»។

ក្រៅ​ពី​ធ្វើ​ដំណើរ​ធម្មយាត្រា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣០​ស្ថាប័ន រួមមាន អង្គការ​សមធម៌​កម្ពុជា (EC) សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ (CENTRAL) ព្រមទាំង​អង្គការ សហជីព​មួយចំនួន​ទៀត នឹង​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​រងគ្រោះ​ដីធ្លី ការរំលោភ​សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស​ជាដើម ដើម្បី​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​ជាបន្ទាន់​។ ក្នុង​នោះ​ក៏​មាន​ការចូលរួម​ពី​អ្នកការពារ​សិទ្ធិមនុស្ស ក្រុម​អ្នក​តស៊ូ​មតិ និង​តំណាង​អង្គទូត​ប្រទេស​ប្រជាធិបតេយ្យ​ឡើង​សំដែង​មតិ​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន​ផង​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​ប្រមាណ​១០០​នាក់ នៅ​ប្រទេស​ជប៉ុន​ក៏​នឹង​ចូលរួម​ដង្ហែ​ក្បួន​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ នៅក្នុង​ទីក្រុង​តូក្យូ (Tokyo) ដែល​រៀបចំឡើង​ដោយ​រដ្ឋាភិបាល​ជប៉ុន (Japan) និង​មាន​ពលរដ្ឋ​ចំនួន​១០​ប្រទេស​ចូលរួម​ផង​ដែរ។

អនុប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន លោកស្រី មាស ភារ៉ា ថ្លែង​ថា លោកស្រី​នឹង​ចូលរួម​កម្មវិធី​ទិវា ១០ ធ្នូ ដើម្បី​បង្ហាញ​ពី​ការបោះឆ្នោត​ក្លែងក្លាយ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នយោបាយ និង​ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ​ដាក់​ពន្ធនាគារ​ដែល​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយ​ក្រោយ។

លោកស្រី មាស ភារ៉ា៖ «អ៊ីចឹង​ប្រសិនបើ​គាត់​យក​ពលរដ្ឋ​ខ្មែរ​ជា​សត្រូវ​ប្រទេស​នេះ​នឹង​កាន់តែ​លិចលង់​អត់​មាន​អ្វី​ល្អ​ប្រសើរ​ទេ គ្រប់​វិស័យ​តែម្ដង​បើ​គាត់​ចង់ឱ្យ​ប្រទេស​រីកចម្រើន​ដូចដែល​គាត់​អួត​ថា មាន​សន្តិភាព​គឺ​គាត់​ត្រូវតែ​តម្រង់ផ្លូវ​មក​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​វិញ ហើយ​សន្តិភាព​មិនមែន​នៅ​លើ​តែ​អត់​សង្គ្រាម​មួយ​មុខ​ទេ សូម​ឱ្យ​ពលរដ្ឋ​មាន​សន្តិភាព​ផ្លូវចិត្ត​ផង​កុំឱ្យ​រស់នៅ​ក្នុង​ភាព​ភិតភ័យ​ដូច​សព្វថ្ងៃ​ហ្នឹង​អត់​មាន​សិទ្ធិ​បញ្ចេញមតិ​ទាល់តែសោះ»។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក ស្រ៊ាង ចិន្ដា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី៩ ខែ​ធ្នូ។

ជុំវិញ​បញ្ហា​នេះ​ដែរ​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ធ្វើ​ធម្ម​យាត្រា​នេះ​គឺជា​ការ​រំលឹក​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ចងចាំ​ទិវា​សិទ្ធិមនុស្ស​១០ ធ្នូ ពីព្រោះ​រដ្ឋាភិបាល​បាន​លុបចោល​ថ្ងៃ​ឈប់សម្រាក​ទិវា​សិទ្ធិមនុស្ស​នេះ​ចេញពី​ប្រតិទិន​ហើយ ។ លោក​បន្ត​ថា សង្គម​ដែល​មាន​ការ​គោរព​សិទ្ធិមនុស្ស ទើប​មាន​យុត្តិធម៌​សង្គម និង​សន្តិភាព​ពិត​ប្រាកដ។

លោក អំ សំអាត៖ «តួនាទី​របស់​រដ្ឋ​ទី​១​គឺ​ធានា​មានន័យ​ថា ធានា​ការអនុវត្ត​សិទ្ធិ ការគោរព​សិទ្ធិមនុស្ស​របស់​ពលរដ្ឋ ទី​២​បាន​ន័យ​ថា ការពារ​អ៊ីចឹង​បើ​មានការ​បំពាន​រដ្ឋ​ត្រូវ​ការពារ ទី​៣ បំពេញ​បន្ថែម​អ៊ីចឹង​មាន​កន្លែង​ខ្វះចន្លោះ​ឬក៏​ពលរដ្ឋ​មិន​ទាន់​មាន​ការអនុវត្ត​ពេញលេញ​ត្រូវ​មាន​ការ​ផ្សព្វផ្សាយ ឬក៏​តាក់តែង​ច្បាប់​ដែល​គោរព និង​ការពារ​ទៅលើ​សិទ្ធិ​ក្នុង​ការ​អនុវត្ត​របស់​ពលរដ្ឋ»។

ក្រុម​យុវជន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុ​ជា​ចេះ​រួបរួម​សាមគ្គី​គ្នា កុំ​មាន​ការ​ប្រកាន់​បក្ខពួក និង​លុបបំបាត់​អំពើ​និទ្ទណ្ឌភាព​ដើម្បី​ឆ្ពោះ​ទៅ​រក​យុត្តិធម៌​សង្គម លើកកម្ពស់​សិទ្ធិមនុស្ស និង​ធានា​ដល់​ការ​រស់នៅ​ប្រកប​ដោយ​សេចក្ដីថ្លៃថ្នូរ​សម្រាប់​ពល​រដ្ឋ​គ្រប់រូប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles