ដោយ ជីវិតា
2023.12.10
RFA
ពលរដ្ឋ ព្រះសង្ឃ មន្ត្រីសង្គមស៊ីវិល អង្គទូតប្រទេសប្រជាធិបតេយ្យ ចូលរួមទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១០ ធ្នូ ២០២៣។ រូប៖ CYN
ក្រុមយុវជន និងមន្ត្រីអង្គការសង្គមស៊ីវិលប្រមាណ៣ពាន់ (៣.០០០) ជួបជុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នៅទីលានប្រជាធិបតេយ្យ ជាយក្រុងភ្នំពេញ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ។ មន្ត្រីអង្គការសង្គមស៊ីយល់ឃើញថា រដ្ឋាភិបាលគួរតែអនុវត្ត និងគោរពសិទ្ធិមនុស្ស ដែលក្នុងនោះរួមមាន សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយផង ឱ្យពេលលេញនិងតម្លាភាព ដើម្បីសង្គមយុត្តិធម៌ទាំងមូល។
ក្រុមយុវជន និងអង្គការសមាគម ចំនួន៣០ស្ថាប័នបាន ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ លើកទី៧៥ ក្រោមប្រធានបទ «ធានាសេចក្ដីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌សម្រាប់ពលរដ្ឋគ្រប់រូប» ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋដែលរងគ្រោះដោយសារការរំលោភយកដីធ្លី ការរឹតត្បិតសិទ្ធិសេរីភាពនយោបាយ និងរងភាពអយុត្តិធម៌សង្គមមួយចំនួនទៀតអាចឡើងបញ្ចេញទុក្ខលំបាករបស់ពួកគេ។
ការអបអរទិវាសិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំនេះ ពិសេសជាងឆ្នាំមុនៗ ពោលគឺមានការចូលរួមពីប្រជាពលរដ្ឋចម្រុះជាតិសាសន៍សាសនា ការដង្ហែក្បួនធម្មយាត្រារបស់ក្រុមយុវជនចំនួន២ក្រុមដើម្បីជំរុញឱ្យកម្ពុជាមានយុត្តិធម៌សង្គម ព្រមទាំងក្រុមចលនាមាតាធម្មជាតិបានដើរតាមទីសាធារណៈទាមទារឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការទាំងអស់។
តំណាងប្រធានយុវជននៃសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ផ្នែកដឹកជញ្ជូន លោក គឹម ភិទិ លើកឡើងថា សមាជិកនៃអ្នករត់រ៉ឺម៉កកង់បី តែងតែរងការមើលងាយ និងបណ្ដេញចេញពីសំណាក់អាជ្ញាធរដោយមិនឱ្យពួកគាត់ចតនៅខាងមុខបុរី ឬកន្លែងមួយចំនួន ដោយសារតែពួកគាត់ជាសមាជិកសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ លោកអះអាងថា ផ្ទុយពីអ្នករត់កង់បីផ្សេងដែលមិនមែនជាសមាជិក IDEA ពួកគាត់អាច ចត ឬឈប់សម្រាកបានដោយសេរី។
លោក គឹម ភិទិ៖ «យើងហៅថា លក្ខណៈថា មិនមែនជាសមត្ថកិច្ចទេ ជាសន្តិសុខយើងចតមុខបុរីខាងសន្តិសុខបុរីដេញរួចដល់យើងថា ផ្លូវនេះជាផ្លូវសាធារណៈខាងសន្តិសុខបុរីគាត់ហៅខាងសន្តិសុខខណ្ឌសណ្ដាប់ធ្នាប់មកថា ហាមចត នេះជាផ្លូវឬមុខបុរីរបស់គេពាក់ព័ន្ធនឹងសណ្ដាប់ធ្នាប់ប៉ុន្តែសួរថា បងប្អូនគាំទ្រអាទង្វើបែបហ្នឹង បើលុះត្រាណាតែយើងចតមុខបុរី»។
ក្រៅពីមន្ត្រីអង្គការសង្គមស៊ីវិល ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក(USA) ប្រចាំនៅកម្ពុជាលោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ព្រមទាំង អ្នករត់កង់បីបានឡើងថ្លែងហើយ ក៏នៅមានពលរដ្ឋជាច្រើនទៀតបានឡើងថ្លែងក្នុងវេទិកានោះ បង្ហាញបញ្ហាដែលពួកគេជួបប្រទះ។ បញ្ហាដែលពួកគាត់អះអាងទាំងនោះរួមមាន បញ្ហារំលោភសិទ្ធិការងារ សិទ្ធិមនុស្ស សិទ្ធិដីធ្លី សិទ្ធិអាជីវកម្មលក់ដូរតាមរ៉ឺម៉ក និងបញ្ហាបរិស្ថានជាដើមដែលបំពារបំពាន ពីសំណាក់អាជ្ញាធររដ្ឋ ការចោទប្រកាន់ពីតុលាការ ការធ្វើទុក្ខបុកម្នេញ ប្រើអំពើហិង្សាលើក្រុមស្ត្រីជាកូដករណាហ្គាវើលដ៍ជាដើម។ លើសពីនេះនៅមានប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន និងពលរដ្ឋខ្មែរនៅក្រៅប្រទេសដូចជាប្រទេសជប៉ុន (Japan) ក៏បានចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សនេះផងដែរ។
ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ នេះបានរៀបចំដោយអង្គការ សហជីពចំនួន២កន្លែងផ្សេងនៅក្នុងរាជធានីភ្នំពេញ គឺនៅទីលានប្រជាធិបតេយ្យដែលមានការចូលរួមប្រមាណ៣ពាន់ (៣.០០០) និងនៅសួនទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលមានមនុស្សចូលរួមជាង ២ពាន់នាក់។
ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត ថ្លែងថា មូលហេតុដែលមានការប្រារព្ធទិវាសិទ្ធិមនុស្ស មាន២កន្លែងគឺ ដោយសារចង់បង្ហាញឱ្យរដ្ឋាភិបាលឃើញពីបញ្ហារបស់កម្មករក្នុងវិស័យការងារនៅកម្ពុជា។ លោកសោកស្ដាយដែលរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ មិនបានចូលរួមក្នុងកម្មវិធីតាមការអញ្ជើញរបស់សង្គមស៊ីវិល និងសហជីព។
លោក រី សិទ្ធីណែត៖ «អ៊ីចឹងខ្ញុំស្នើសុំឱ្យក្រសួងករណីទី១ គឺខ្ញុំស្នើសុំឱ្យពិនិត្យមើលករណីរើសអើងសហជីព ទី២ខ្ញុំស្នើឱ្យក្រសួងការងារសូមមេត្តាកុំបកស្រាយច្បាប់ ផ្ទុយពីច្បាប់ការងារ ឬក៏ចេញសេចក្ដីប្រកាស សេចក្ដីណែនាំផ្ទុយពីច្បាប់ការងារធ្វើឱ្យមានការយល់ច្រឡំ ហើយធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់និយោជក»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក ស្រ៊ាង ចិន្ដា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១០ ខែធ្នូ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី៨ ខែធ្នូ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានរៀបចំអបអរទិវាសិទ្ធិមនុស្សនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដោយលោកប្ដេជ្ញាថា នឹងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ ប៉ុន្តែ លោក កែវ រ៉េមី មិនបានប្ដេជ្ញាចិត្តដោះស្រាយបញ្ហាសិទ្ធិមនុស្សដែលកំពុងកើតមាននោះទេ។
ជុំវិញបញ្ហានេះប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ លើកឡើងនូវកំណែទម្រង់ប្រព័ន្ធយុត្តិធម៌៤ចំណុចដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយ ទី១ គឺត្រូវពិនិត្យមើលឡើងវិញនូវប្រាក់ខែមន្ត្រីរាជការ ពីព្រោះប្រសិនបើមន្ត្រីរាជការមានប្រាក់ខែសមរម្យនោះអំពើពុករលួយនឹងត្រូវកាត់បន្ថយ។ ទី២ រដ្ឋាភិបាលត្រូវធានាអំណាចឯករាជ្យទាំង៣រួមមានអំណាច នីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ហើយទី៣រដ្ឋាភិបាលគួរតែបើកលំហសិទ្ធិសេរីភាពសារព័ត៌មានឯករាជ្យ។
លោក កើត សារ៉ាយ៖ «គឺត្រូវតែធានាឱ្យមានសារព័ត៌មានឯករាជ្យពីព្រោះសារព័ត៌មានឯករាជ្យដើរតួនាទីសំខាន់ណាស់ ប៉ុន្តែជាក់ស្ដែងយើងឃើញហើយនៅពេលដែលសារព័ត៌មានហ៊ាននិយាយត្រង់ ហ៊ាននិយាយការពិតបែរជារដ្ឋាភិបាលបិទចោល ហើយអាហ្នឹងជាកំហុសធ្ងន់ធ្ងរសម្រាប់ជាតិសាសន៍ដែលកំពុងអភិវឌ្ឍន៍ប្រទេសដែលកំពុងស្ថិតនៅក្នុងការអភិវឌ្ឍត្រូវការចាំបាច់ជាងគេគឺសារព័ត៌មានឯករាជ្យពីព្រោះសារព័ត៌មាននឹងឯងដើរតួនាទីយកភាពត្រឹមត្រូវយកភាពច្បាស់លាស់ដើម្បីយកមកបង្ហាញរដ្ឋាភិបាល»។
ក្រុមយុវជន និងមន្ត្រីអង្គការសង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពបញ្ចេញមតិ បើកឱ្យមានប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានឯករាជ្យ ដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញ បញ្ឈប់ការចោទប្រកាន់ និងលាបពណ៌ទៅលើក្រុមពលរដ្ឋដែលតស៊ូមតិទាមទារយុត្តិធម៌ ដើម្បីឆ្ពោះទៅរកការផ្សះផ្សាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។