កម្ពុជា
10/12/2023 – 10:33
ដោយ៖ អ៊ឹង ប៊ុនថន
RFI
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវសមាជិកគណបក្សប្រជាជនកម្ពុជាបោះឆ្នោតឲ្យឡើងជាអនុប្រធានគណបក្សកាន់អំណាចនេះ ខណៈឪពុករបស់លោកគឺ លោក ហ៊ុន សែន ជាប្រធានគណបក្ស។ ការបោះឆ្នោតតែងតាំងកូនប្រុសច្បងរបស់លោក ហ៊ុន សែន ឲ្យកាន់តំណែងធំនៅក្នុងបក្សបន្ទាប់ពីឪពុកនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ខណៈគណបក្សប្រជាជនកម្ពុជាដែលមានប្រតិភូតំណាងជាង ៣២០០នាក់ បន្តដំណើរការប្រជុំថ្ងៃទី២ នៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ អាណត្តិទី៥។ នេះបើតាមលោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
លោក ហ៊ុន ម៉ាណែត នៅក្នុងសន្និបាតគណបក្សប្រជាជនកម្ពុជា១០ធ្នូ២០២៣ © FB
បច្ចុប្បន្ន ចំនួនអនុប្រធានគណបក្សប្រជាជនកម្ពុជា បានកើនដល់ចំនួន៥រូប ខណៈលោក ហ៊ុន សែន ជាប្រធានគណបក្ស លោក ហេង សំរិន ប្រធានកិត្តិយស លោក ស ខេង លោក សាយ ឈុំ លោក ទៀ បាញ់ លោកស្រី ម៉ែន សំអន និងលោក ហ៊ុន ម៉ាណែតគឺជាអនុប្រធានបក្ស។
បើតាម លោក សូ ណារ៉ូ ក្រៅពីបោះឆ្នោតតែងតាំង លោក ហ៊ុន ម៉ាណែត ឲ្យក្លាយជាអនុប្រធានបក្សនោះ ក៏មានការបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្រ្តៃយ៍របស់គណបក្សប្រជាជនកម្ពុជាចំនួន២៣រូបថែមទៀត ខណៈ លោក សូ ណារ៉ូ ក៏ត្រូវបានជាប់ឆ្នោតជាសមាជិកគណកម្មាធិការកណ្តាលថ្មីម្នាក់ ក្នុងចំណោមសមាជិកថ្មីចំនួន ៤៩៦ នាក់។
សូមបញ្ជាក់ថា សមាជិកគណៈអចិន្រ្តៃយ៍នៃគណបក្សកាន់អំណាចចាស់វស្សានេះ គឺពីមុនមានសរុប៣៦រូប តែស្លាប់ម្នាក់ និងព្យូរតួនាទីម្នាក់ គឺនៅសល់៣៤រូប។ ប៉ុន្តែក្រោយបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមនៅពេលនេះ បានធ្វើឲ្យសមាសភាពដឹកនាំក្បាលម៉ាស៊ីនគណបក្សនេះកើនដល់៥៧រូប។
ចំណែក សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក៏បានកើនដល់ ១.៣១២រូប បន្ទាប់ពីបោះឆ្នោតជ្រើសតាំងថ្មីចំនួន ៤៩៦ រូប នៅក្នុងសមាជវិសមញ្ញរយៈពេលពីរថ្ងៃនេះ៕