ដោយ ច័ន្ទ ដារ៉ូ
2024.02.24
RFA

សមាជិកសមាជិកានៃអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀន ចូលរួមកម្មវិធីបិទឃោសនាបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន
ក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សភ្លើងទៀននៅតាមបណ្តាខេត្តមួយចំនួនអះអាងថាអាជ្ញាធរកំពុងបន្តយកទឹកលុយទិញទឹកចិត្ត គំរាមកំហែងដើម្បីបង្ខំពួកគេឱ្យបោះឆ្នោតជូនបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈ។ ប៉ុន្តែមន្រ្តីគណបក្សកាន់អំណាចច្រាលចោលចំពោះការចោទប្រកាន់នេះ ខណៈអ្នកជំនាញបោះឆ្នោតថា ការដាក់សម្ពាធ ឬសូកប៉ាន់ចំពោះអង្គបោះឆ្នោតគឺជាអំពើខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត។
ក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សភ្លើងទៀនលើកឡើងថា បើទោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតម្រូវឱ្យគណបក្សនយោបាយរក្សាភាពស្ងប់ស្ងាត់នៅរយៈពេលមួយថ្ងៃមុនការបោះឆ្នោត ឬថ្ងៃសយ៉ាងណាក្តី ក៏មន្ត្រីគណបក្សប្រជាជនកម្ពុជាមួយចំនួននៅតែធ្វើសកម្មភាពបំពានច្បាប់ ជាពិសេសប្រើល្បិចទិញទឹកចិត្តក្រុមប្រឹក្សាឃុំ-សង្កាត់បក្សភ្លើងទៀនបោះឆ្នោតឱ្យបក្សកាន់អំណាច។ ពួកគេយល់ថា ករណីនេះប្រសិនបើគណបក្សកាន់អំណាចអនុវត្តបានជោគជ័យនឹងធ្វើឱ្យប៉ះពាល់ដល់លទ្ធផលការបោះឆ្នោត។
ក្រុមប្រឹក្សាឃុំនៅខេត្តតាកែវ មកពីគណបក្សភ្លើងទៀនម្នាក់ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ ខែកុម្ភៈ ថា សកម្មភាពដើរអូសទាញក្រុមប្រឹក្សាឃុំបក្សភ្លើងទៀនឱ្យចុះចូលជាមួយបក្សប្រជាជនកម្ពុជា បានគគ្រឹកគគ្រេងដោយគ្មានអាជ្ញាធរចេញទប់ស្កាត់ទង្វើរំលោភបំពានច្បាប់ទាំងនោះទេ។ លោកឱ្យដឹងថា ជាក់ស្តែងកាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ដែលជាថ្ងៃសហាមធ្វើសកម្មភាពឃោសនាមានសមាជិកបក្សកាន់អំណាចមួយក្រុមបានចូលដល់ផ្ទះរបស់លោកដោយត្រៀមប្រគល់លុយជាង ៣ពាន់(៣.៥០០) ដុល្លារឱ្យលោក ហើយសន្យាផ្តល់ប្រាក់បន្ថែម និងប្រគល់ឡានមួយគ្រឿងតាមក្រោយ ប៉ុន្តែលោកបានបដិសេធភ្លាមៗ ដោយលោកមិនក្បត់ឆន្ទៈម្ចាស់ឆ្នោតនោះទេ។
ក្រុមប្រឹក្សាឃុំនៅខេត្តតាកែវ មកពីគណបក្សភ្លើងទៀនម្នាក់៖ «យប់មិញគេយកលុយ៣ពាន់៥រយដុល្លារអាមេរិកឱ្យដែរ ប៉ុន្តែខ្ញុំមិនអាចទទួលលុយនេះបានទេ បើយកលុយមុខជាយមរាជនឹងថ្កោលទោសខ្ញុំហើយ។ ការរំលោភសិទ្ធិ ដាក់សម្ពាធខ្លាំងមិនត្រឹមតែខ្ញុំទេ គឺសម្ពាធគ្រប់កន្លែងទាំងអស់បើតាមខ្ញុំស្តាប់ក្រុមប្រឹក្សាឃុំជាមួយខ្ញុំហ្នឹងដាក់សម្ពាធបុកមកលើគណបក្សភ្លើងទៀនទាំងអស់»។
ស្រដៀងគ្នានេះដែរ ក្រុមប្រឹក្សាឃុំនៅខេត្តក្រចេះ មកពីបក្សភ្លើងទៀនម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់ថា ប៉ូលិសនៅថ្នាក់ឃុំ និងស្រុកបានដើរអូសទាញលោកមិនឱ្យទៅបោះឆ្នោត ចំណែកក្រុមប្រឹក្សាផ្សេងទៀតបង្ខិតបង្ខំឱ្យទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដោយសន្យារក្សាតួនាទី និងផ្តល់លុយកាក់ជាដើម។ លោកឱ្យដឹងថា ករណីទាំងនេះបានធ្វើឱ្យពួកលោកដែលជាអង្គបោះឆ្នោតភិតភ័យ និងរងសម្ពាធផ្លូវចិត្តដោយខ្លាចអាជ្ញាធរទាំងនោះបង្កើតរឿងធ្វើបាប និងប្រើប្រាស់ប្រព័ន្ធតុលាការចោទប្រកាន់រឿងណាមួយក្រោយពេលក្រុមប្រឹក្សាឃុំរបស់ប្រឆាំងមិនព្រមលក់ឧត្ដមគតិតាមការអូសទាញ។
ក្រុមប្រឹក្សាឃុំថ្លែងលាក់ឈ្មោះ« រូបភាពឱ្យប៉ូលិស អធិការ មេប៉ុស្តិ៍អ៊ីមកទាក់ទង ទាក់ទាញតាមគ្រប់រូបភាពទាំងអស់ដែលធ្វើឱ្យអង្គបោះឆ្នោតមកពីកូតាគណបក្សភ្លើងទៀនមានបញ្ហាផ្លូវចិត្តជាច្រើន ធ្វើឱ្យពួកគេរារែកសព្វបែបយ៉ាង បើមិនធ្វើតាមគេទៅមានការភ័យទៅអនាគត»។
ការដាក់សម្ពាធ ឬទិញចិត្តចំពោះក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សភ្លើងទៀនេះកើតឡើងមួយថ្ងៃមុនពេលពួកគេចេញទៅបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ដែលមានអង្គបោះឆ្នោតជិត ១ម៉ឺន ២ពាន់នាក់(១១.៧៤៧) ក្នុងនោះតំណាងរាស្ត្រក្នុងតំណែងចំនួន១២៥នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងចំនួនជាង ១ម៉ឺន ១ពាន់(១១.៦២២)នាក់។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ថ្លែងថា បក្សកាន់អំណាចមានអង្គបោះឆ្នោតគ្រប់គ្រាន់ដែលអាចយកឈ្នះការបោះឆ្នោតដើម្បីឈានគ្រប់ស្ថាប័នព្រឹទ្ធសភានៅពេលខាងមុខបាន ដូច្នេះលោកថា គណបក្សលោកគ្មានហេតុផលណាដើរគំរាមកំហែង ឬទិញទឹកចិត្តអង្គបោះឆ្នោតមកពីគណបក្សដទៃនោះទេ។
លោក សុខ ឥសាន« ផ្អែកតាមមូលដ្ឋាននេះខ្ញុំហ៊ានអះអាងថា គណបក្សប្រជាជនកម្ពុជាអត់មានទិញទឹកចិត្ត អត់មានគំរាមកំហែង អត់មានប្រើមធ្យោបាយណាដើម្បីសម្លុត ឬគ្របដណ្តប់លើសតិអារម្មណ៍របស់បងប្អូនដែលជាអង្គបោះឆ្នោតរបស់គណបក្សប្រឆាំងនោះទេ»។
ចំណែក អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា បរិយាកាសមួយថ្ងៃមុនការបោះឆ្នោតព្រឹទ្ធសភា ឬហៅថា ថ្ងៃស មានសភាពស្ងប់ស្ងាត់ល្អ។ លោកបន្ត ថាករណីក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សភ្លើងទៀនលើកឡើងពីការគំរាមកំហែង ឬទិញទឹកចិត្តនោះ គ្រាន់តែជាដំណឹង ដូច្នេះលោកជំរុញឱ្យភាគីពាក់ព័ន្ធដាក់ពាក្យប្តឹងមកគ.ជ.ប ដើម្បីពិនិត្យដោះស្រាយ និងចាត់វិធានការតាមនីតិវិធីច្បាប់។
លោក ហង្ស ពុទ្ធា៖ «បើសិនឃើញភាពមិនប្រក្រតីកើតឡើងក្នុងអំឡុងពេលនៃការបោះឆ្នោតនេះសូមឱ្យធ្វើជាពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរដើម្បីគ.ជ.ប មានមូលដ្ឋានក្នុងការពិនិត្យពិចារណា ដោយសារបញ្ហាខ្លះ វាគ្រាន់តែជាសម្ដីនោះទេ អ៊ីចឹងគ.ជ.ប លើកទឹកចិត្តម្តងហើយម្តងទៀតដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរ»។
ទោះយ៉ាងណាក្រុមប្រឹក្សាបក្សភ្លើងទៀនអះអាងថា មូលហេតុដែលពួកគេមិនដាក់ពាក្យបណ្តឹងដោយសារស្ថាប័នមានសមត្ថកិច្ច ជាពិសេស គ.ជ.ប បំពេញតួនាទីមិនឯករាជ្យ និងលម្អៀងទៅរកបក្សកាន់អំណាច។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលផ្នែកអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថាខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា បើសិនសមាជិកបក្សនយោបាយ ឬអាជ្ញាធរណាម្នាក់ធ្វើសកម្មភាពអូសទាញក្រោមរូបភាពគំរាមកំហែង ឬបំភិតបំភ័យគឺជាអំពើខុសច្បាប់ ហើយបើសិនបញ្ហានោះកើតឡើងធ្វើឱ្យប៉ះពាល់លទ្ធផលបោះឆ្នោត ដូច្នេះជំហររបស់អង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំសង្កាត់មានសារៈសំខាន់សម្រាប់ការបោះឆ្នោតអសកលនេះ។
លោក កន សាវាង្ស៖ «ការឃោសនាវាមានគោលការណ៍នៃការឃោសនារបស់គេ អ៊ីចឹងបើសិនជាអង្គបោះឆ្នោតហ្នឹងមានអារម្មណ៍ ឬការតាំងចិត្តរបស់គាត់មិនច្បាស់លាស់ ហើយគាត់ទោរទន់ទៅតាមការទិញទឹកចិត្ត វាអាចធ្វើឱ្យមានការប្រែប្រួលនៅក្នុងសន្លឹកឆ្នោត ឬរហូតដល់ការប្រែប្រួលអាសនៈនៅក្នុងការបោះឆ្នោតទៀតដែរ»។
គណបក្សភ្លើងទៀនដែលមានអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំជាង ២ពាន់(២.១៩៨)នាក់ កាលពីពេលថ្មីៗនេះបានចេញសេចក្តីថ្លែងការណ៍ថា អាជ្ញាធរមូលដ្ឋាននៅរាជធានី ខេត្តមួយចំនួនបានជួបលួងលោមបញ្ចុះបញ្ចូលឱ្យអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀនបោះឆ្នោតឱ្យគណបក្សដទៃដើម្បីជាថ្នូរនឹងទទួលបានថវិកាមួយចំនួន។ គណបក្សនេះចាត់ទុកទង្វើទាំងនេះថា ជាការរំលោភច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោតព្រឹទ្ធសភា។ គណបក្សភ្លើងទៀនអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បញ្ឈប់សកម្មភាពបំភិតបំភ័យ និងលួងលោមទិញទឹកចិត្តអង្គបោះឆ្នោត ហើយស្នើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវចាត់វិធានការចំពោះសកម្មភាពមិនប្រក្រតីគ្រប់ទម្រង់មកលើអង្គបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។