កម្ពុជា
25/02/2024 – 04:56
ដោយ៖ អ៊ឹង ប៊ុនថន
RFI
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាសំដែងការភ្ញាក់ផ្អើល ខណៈដែលអ្នកវិនិយោគជនជាតិជប៉ុនបានលើកឡើងត្រង់ៗពីក្តីបារម្ភរបស់ពួកគេចំពោះការរីកដុះដាលនៃល្បែងអនឡាញនៅកម្ពុជា។ ក្តីបារម្ភនេះត្រូវបញ្ចេញប្រាប់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅពេលលោកចុះពិនិត្យខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុននៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅទី២៤ ខែកុម្ភៈ។
លោក ស៊ុន ចាន់ថុល៖ ល្បែងអនឡាញធ្វើឲ្យជប៉ុនបារម្ភពីការរកស៊ីនៅកម្ពុជា
ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយការជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងប៉ោយប៉ែត លោក ស៊ុន ចាន់ថុល ថ្លែងថា អ្នកវិនិយោគបានលើកឡើងពីផលប៉ះពាល់ច្រវ៉ាក់ផលិតកម្មនៃការងាររបស់ក្រុមហ៊ុន ប្រសិនបើបុគ្គលិកនាំគ្នាលែងល្បែងអនឡាញ។ ល្បែងអនឡាញដែលត្រូវបានមន្ត្រីរដ្ឋាភិបាលទទួលស្គាល់ថា កំពុងរីកដុះដាលនៅក្នុងក្រុងប៉ោយប៉ែត។
ឆ្លើយតបនឹងក្តីបារម្ភរបស់តំណាងក្រុមហ៊ុនតូយូតាជប៉ុន ដែលកំពុងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងប៉ោយប៉ែត លោក ស៊ុន ចាន់ថុល អះអាងថាលោកនឹងធ្វើរបាយការណ៍ពីក្តីបារម្ភដែលត្រូវបានលើកឡើងដោយអ្នកវិនិយោគជប៉ុននោះទៅប្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា។
បើតាមលោក ស៊ុន ចាន់ថុល នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាឲ្យបិទល្បែងអនឡាញខុសច្បាប់ជាច្រើនផងដែរនាពេលកន្លងមក។
គួរឲ្យដឹងថា នៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងប៉ោយប៉ែត មានក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រតិបត្តិអាជីវកម្មរបស់ខ្លួន រួមមាន ក្រុមហ៊ុន Nidec Die-Casting ជាគម្រោងវិនិយោគផលិតសម្ភារៈអេឡិចត្រូនិក មានដើមទុន ២០,៦៣ លានដុល្លារ បង្កើតការងារចំនួន៨០៣កន្លែង។
ក្រុមហ៊ុន NHK Spring (Cambodia) ជាគម្រោងវិនិយោគកម្មន្ដសាលស្រោមពូកស្បែករថយន្ត មានទុនវិនិយោគចំនួន ៨,១៥លានដុល្លារផ្តល់ការងារចំនួន ២៣៩កន្លែង។
ក្រុមហ៊ុន HGB Motors Assembly ជាគម្រោងវិនិយោគកម្មន្ដសាលផ្គុំ និងដំឡើងរថយន្ត មានទុនវិនិយោគ ៧លានដុល្លារបង្កើតការងារចំនួន ៧៦កន្លែង។
ទោះជាយ៉ាងណា តំណាងក្រុមហ៊ុនតូយូតា បានលើកពីកង្វល់ជុំវិញល្បែងអនឡាញ និងកំណើនកាស៊ីណូនៅក្នុងក្រុងប៉ោយប៉ែត ថាបានអូសទាញកម្លាំងពលកម្ម ធ្វើឱ្យក្រុមហ៊ុនជប៉ុនជួបបញ្ហារើសកម្មករ។ បើតាមតំណាងក្រុមហ៊ុនជប៉ុន ភាពប្រកួតប្រជែងនៃល្បែងអនឡាញនេះ គឺឧបសគ្គដែលក្រុមហ៊ុនជប៉ុនស្ទាក់ស្ទើរក្នុងការបន្ថែមដើមទុនមកវិនិយោគនៅកម្ពុជា៕