ដោយ ច័ន្ទ ដារ៉ូ
2024.02.26
RFA

លោក ឃុត វណ្ណី ជំទប់ទី២នៅឃុំចំបក់នៃគណបក្សភ្លើងទៀន ស្រុកបាទី ខេត្តតាកែវ។ រូប៖ តេឡេក្រាមលោក ឃុត វណ្ណី
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តតាកែវហៅក្រុមប្រឹក្សាឃុំបក្សភ្លើងទៀនម្នាក់ទៅសួរនាំក្រោយថតសន្លឹកឆ្នោតនៅក្នុងបន្ទប់សម្ងាត់ ខណៈអង្គបោះឆ្នោតរបស់បក្សប្រឆាំងនៅតាមបណ្ដារាជធានីខេត្តមួយចំនួនទៅបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈ ដោយអារម្មណ៍ភិតភ័យ និងព្រួយបារម្ភអំពីសុវត្ថិភាព។
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តតាកែវបានអនុញ្ញាតឱ្យក្រុមប្រឹក្សាឃុំរបស់គណបក្សភ្លើងទៀនម្នាក់នៅឃុំចំបក់ ស្រុកបាទីត្រឡប់ទៅផ្ទះវិញហើយ ក្រោយពេលមន្ត្រីបោះឆ្នោតខេត្តនេះសាកសួរពាក់ព័ន្ធករណីថតសន្លឹកឆ្នោតក្នុងបន្ទប់សម្ងាត់អំឡុងពេលបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈ។
ជំទប់ទី២នៅឃុំចំបក់ ដែលជាអង្គបោះឆ្នោតមកពីគណបក្សភ្លើងទៀនលោក ឃុត វណ្ណី ប្រាប់វិទ្យុអាស៊ីសេរីថា មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានហៅលោកទៅសាកសួរ និងធ្វើកំណត់ហេតុរយៈពេលជាង ២ម៉ោង ជុំវិញរឿងលោកថតសន្លឹកឆ្នោតរបស់លោកនៅក្នុងទូរស័ព្ទដៃ។ លោកបញ្ជាក់ថា ការថតរូបនោះសម្រាប់រក្សាទុកឯកជន ដោយសារលោកពុំមានចេតនាអាក្រក់ណាមួយយកទៅផ្សព្វផ្សាយជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដំណើរការបោះឆ្នោតនោះឡើយ។ បន្ទាប់មកលោកឱ្យដឹងថា មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតបានឱ្យលោកត្រឡប់ទៅផ្ទះដោយតម្រូវឱ្យលោកធ្វើកិច្ចសន្យាទទួលខុសត្រូវ បើសិនជាមានករណីរូបថតបែកធ្លាយនៅលើបណ្ដាញសង្គម។
លោក ឃុត វណ្ណី៖ «គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានបញ្ជាក់ថាសម្រាប់ គ.ជ.ប មិនអីទេសម្របសម្រួលហើយ ប៉ុន្តែគាត់បារម្ភខ្លាចគណបក្សនយោបាយផ្សេងប្ដឹងករណីរបស់ខ្ញុំហ្នឹង ខ្ញុំមិនបារម្ភផ្លូវច្បាប់ទោសទណ្ឌធ្ងន់ធ្ងរអ្វីទេ គាត់មិនប្ដឹងអ៊ីទៅយើងក៏សប្បាយចិត្តដែរ»។
ទាក់ទងនឹងដំណើរការបោះឆ្នោតនេះដែរ អង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំសង្កាត់បក្សប្រឆាំងមួយចំនួនអះអាងថា ពួកគេបានចេញទៅបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាដោយភិតភ័យ និងព្រួយបារម្ភអំពីសុវត្ថិភាព។
ក្រុមប្រឹក្សាសង្កាត់នៅរាជធានីភ្នំពេញមកពីគណបក្សភ្លើងទៀនម្នាក់ប្រាប់វិទ្យុអាស៊ីសេរីដោយសុំមិនបញ្ចេញឈ្មោះថា ក្រុមប្រឹក្សាសង្កាត់បក្សភ្លើងទៀនបានរងនូវការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់នៅមុនពេលបោះឆ្នោត។ ប្រភពដដែលថា នៅថ្ងៃបោះឆ្នោតមានជនមិនស្គាល់អត្តសញ្ញាណស្លៀកពាក់ស៊ីវិលហាក់ជាក្រុមរៀបចំទុកជាមុន បានតាមថតរូបក្រុមប្រឹក្សាសង្កាត់បក្សភ្លើងទៀន នៅបរិវេណការិយាល័យបោះឆ្នោតក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ។
ប្រភពដដែលឱ្យដឹងថា ហេតុការណ៍នេះបានធ្វើឱ្យអង្គបោះឆ្នោតរបស់បក្សប្រឆាំងភាគច្រើនប្រញាប់ប្រញាល់ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ដោយសារពួកគេភ័យខ្លាចអាជ្ញាធរធ្វើបាបទៅដល់មូលដ្ឋានដូចសមាជិកបក្សរងគ្រោះដទៃទៀតដែរ។
មន្ត្រីបក្សភ្លើងទៀនសុំមិនបញ្ចេញឈ្មោះ៖ «ខ្ញុំយល់ថាពួកគាត់មានអារម្មណ៍ភិតភ័យច្រើនដល់រូបភាពអ៊ីចឹងពិបាកណាស់ អ្នកខ្លះដល់ពេលឃើញគេតាមថតអ៊ីចឹងប្រញាប់ឡើងលើឡានជិះទៅឱ្យផុតៗ ទៅដោយខ្លាចគេថតបានរូបគាត់ ឬខ្លាចអសន្តិសុខអ៊ីចឹងទៅ។ អង្គបោះឆ្នោតភាគច្រើនភ័យខ្លាចច្រើន។ ចំនួនតិច ដែលគាត់អត់ខ្វល់ថា ថតអ៊ីថតទៅ យករូបថតហ្នឹងទៅណាទៅៗ»។
ជុំវិញរឿងនេះអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា លើកឡើងថា ការថតសន្លឹកឆ្នោតនៅក្នុងបន្ទប់សម្ងាត់ជាសកម្មភាពបំពានច្បាប់អំឡុងដំណើរការបោះឆ្នោត ដូច្នេះមន្ត្រីបោះឆ្នោតត្រូវហៅជននោះដើម្បីសាកសួរដោះស្រាយតាមនីតិវិធី។
លោក ហង្ស ពុទ្ធា៖ «ការបោះឆ្នោតព្រឹទ្ធសភាប្រព្រឹត្តរយៈពេលមួយថ្ងៃដោយរលូនដោយគ្មានអំពើហិង្សា ឬក៏អត់មានបញ្ហាសណ្ដាប់ធ្នាប់សង្គមកើតឡើងទេ ផ្ទុយទៅវិញការរៀបចំការបោះឆ្នោតនេះមានកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា អាណត្តិទី៥ ឆ្នាំ២០២៤ មានអង្គបោះឆ្នោតជិត ១ម៉ឺន ២ពាន់នាក់ (១១.៧៤៧) ក្នុងនោះតំណាងរាស្ត្រក្នុងតំណែងចំនួន ១២៥នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងចំនួនជាង ១ម៉ឺន ១ពាន់ (១១.៦២២)នាក់។ ទោះជាយ៉ាងណាក៏ដោយ បរិយាកាសនៃការបោះឆ្នោតអសកលនេះត្រូវបានគេមើលឃើញថាអង្គបោះឆ្នោតមកពីគណបក្សភ្លើងទៀនត្រូវបានអាជ្ញាធររបស់គណបក្សកាន់អំណាចអូសទាញក្រោមរូបភាពទិញទឹកចិត្ត គំរាមកំហែង ឬបំភិតបំភ័យក្នុងគោលបំណងឱ្យបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ស្របពេលអាជ្ញាធរគ្មានវិធានការទប់ស្កាត់ឡើយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជាក់ថា បើគ្មានពាក្យបណ្ដឹងតវ៉ា ឬបណ្ដឹងជំទាស់ពាក់ព័ន្ធនឹងលទ្ធផលបណ្ដោះអាសន្ននោះទេ គ.ជ.ប នឹងគ្រោងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៥ ចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។