#រូបត្លុកនយោបាយ​៖ បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី៥ សម្តេច​ទាំង​៥​អស់​អំណាច

ដោយ វិទ្យុអាស៊ីសេរី
2024.02.25
RFA

#រូបត្លុកនយោបាយ​៖ បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី៥ សម្តេច​ទាំង​៥​អស់​អំណាច

រូបត្លុកនយោបាយ​៖ បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី៥ សម្តេច​ទាំង​៥​អស់​អំណាច រូប៖ RFA


ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា កាលពី​ថ្ងៃ​អាទិត្យ ទី២៥ ខែ​កុម្ភៈ ធ្វើ​ឡើង​ដើម្បី​ធ្វើ​ឱ្យ​ស្របច្បាប់ និង​បំពេញ​មហិច្ឆតា​បន្ត​ក្រាញ​អំណាច​ផ្តាច់​មុខ​គ្មាន​ដែន​កំណត់​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​នឹង​មក​ធ្វើ​ជា​ប្រធាន​ព្រឹទ្ធសភា​ជំនួស​ឱ្យ​លោក សាយ ឈុំ ដែល​​ត្រូវ​អស់​អំណាច។ ការណ៍​នេះ​នឹង​​នាំ​ឱ្យ​ត្រកូល​ «ហ៊ុន»​ អាច​គ្រប់គ្រង​អំណាច​កំពូល​ៗ​របស់​ជាតិ​ដោយ​ចំហ និង​គ្មាន​ការ​លាក់លៀម​តទៅ​ទៀត​ឡើយ។ លោក ហ៊ុន ម៉ាណែត ជា​កូន​គ្រប់គ្រង​អំណាច​នីតិប្រតិបត្តិ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី, លោក ហ៊ុន ម៉ានី ជា​កូន​ប្រុស​ពៅ​ឡើង​ធ្វើ​ជា​ឧបនាយករដ្ឋមន្ត្រី, ខណៈ​ឪ​ពុក​នឹង​គ្រប់គ្រង​អំណាច​នីតិប្បញ្ញត្តិ​ក្នុង​នាម​ជា​ប្រធាន​ព្រឹទ្ធសភា ដែល​តម្រូវ​ឱ្យ​លោក ហ៊ុន សែន ក្លាយ​ជា​ប្រមុខរដ្ឋ​ស្តីទី​ក្នុង​ពេល​អវត្តមាន​ព្រះមហាក្សត្រ ចាំ​ចុះ​ហត្ថលេខា​ប្រថាប់​ត្រា​ឱ្យ​កូន​លើ​ព្រះរាជក្រឹត្យ និង​ព្រះរាជក្រម។

ការ​វិល​មក​ច្បាម​អំណាច​ព្រឹទ្ធសភា​របស់​លោក ហ៊ុន សែន បែប​នេះ ក៏​ឆ្លុះ​បញ្ចាំង​ពី​ការ​បាត់បង់​អំណាច​ជា​អចិន្ត្រៃយ៍​របស់​សម្តេច​ទាំង​៥ ដែល​សុទ្ធ​តែ​ជា​មេៗ​គ្រាក់ៗ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​​ធ្លាប់​ជា​អតីត​មិត្ត​រួម​អាវុធ​របស់​លោក ហ៊ុន សែន។ សម្តេច​ទាំង​៥ ដែល​ត្រូវ​អស់​អំណាច​ជា​ស្ថាពរ មាន​ដូចជា សម្តេច ហេង សំរិន, សម្តេច សាយ ឈុំ, សម្តេច ស ខេង, សម្តេច ទៀ បាញ់, និង​សម្តេច ម៉ែន សំអន។ ដើមទុន​នយោបាយ​ដែល​សម្តេច​ទាំងនេះ ​បាន​សន្សំ​ទុក​អស់​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​ពួកគេ ទំនង​ជា​ត្រូវ​យក​មក​ចាក់ចោល​នា​ពេល​នេះ ខណៈ​ត្រកូល ​«ហ៊ុន»​ ដណ្តើម​យក​មក​គ្រប់គ្រង​ស្ទើរ​តែ​ទាំងស្រុង។ គ្មាន​ឡើយ​ឱកាស​ដែល​ពួកគេ​អាច​វិល​ត្រលប់​មក​រក្សា​តុល្យភាព​អំណាច​ក្នុង​ជួរ​បក្ស​វិញ​បាន​ស្រប​ពេល​ដែល​លោក ហ៊ុន ម៉ាណែត ក៏​ត្រូវ​គេ​រំពឹង​ថា​កំពុង​ត្រៀម​ឡើង​ក្លាយ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជំនួស​ឪ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles