ប៉ូលិសអាំងទ័រប៉ូល៖ ការជួញដូរមនុស្សនៅអាស៊ីអាគ្នេយ៍បានក្លាយជាវិបត្តិសកល

កម្ពុជា
29/03/2024 – 13:10
ដោយ៖ សេង​ បារាំង
RFI

ប៉ូលិសអាំងទ័រប៉ូលបានថ្លែងក្នុងថ្ងៃពុធ ទី២៧ មីនាថា បណ្តាញឧក្រិដ្ឋកម្មរៀបចំទុកមុនដែលបានជំរុញឲ្យមានការផ្ទុះឡើងនូវមជ្ឈមណ្ឌលឆបោកតាមអុីនធ័រនែត និងមជ្ឈមណ្ឌលជួញដូរមនុស្សក្នុងសម័យកូវីដ​១៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានក្លាយជាវិបត្តិសកលនៅពេលនេះ។ ទឹកប្រាក់ដែលទទួលបានពីជំនួញមួយនេះមានរហូតដល់ទៅ ៣០០០ ពាន់​​​លានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមការថ្លែងរបស់អគ្គលេខាធិការអាំងទ័រប៉ូលលោក Jurgen Stock។

ប៉ូលិសអាំងទ័រប៉ូល៖ ការជួញដូរមនុស្សនៅអាស៊ីអាគ្នេយ៍បានក្លាយជាវិបត្តិសកល


ការថ្លែងរបស់អគ្គលេខាធិការអាំងទ័រប៉ូលលោក Jurgen Stock បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយរៀបចំនៅក្នុងប្រទេសសិង្ហបុរី។ តាមលោក Jurgen Stock បណ្តាញឧក្រិដ្ឋកម្មរៀបចំទុកមុនតាមរយៈមជ្ឈមណ្ឌលឆបោកតាមអ៊ីនធ័រនែត និងមជ្ឈមណ្ឌលជួញដូរមនុស្សបានបង្កើនសកម្មភាពយ៉ាងលឿនខ្លាំងនៅក្នុងអំឡុងពេលឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ហើយបណ្តាញដដែលមួយនេះកំពុងបន្តការងារដែលនឹកស្មានមិនដល់តាំងពីមួយទសវត្សរ៍មកហើយ។

អគ្គលេខាធិការអាំងទ័រប៉ូលរូបនេះដដែលបានបន្ថែមថា​ ការឆបោកតាមអ៊ីនធ័រនែត និងការជួញដូរមនុស្សដែលជាបទឧក្រិដ្ឋគំរាមកំហែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានឆ្លងរាលដាល និងបានក្លាយជាវិបត្តិសកល​ដែលមានជនរងគ្រោះរាប់សិបលាននាក់។ តាមលោក Jurgen Stock មជ្ឈមណ្ឌលឆបោកតាមអ៊ីនធ័រនែតដែលបានបង្កើតថ្មី និងដែលបានរើសបុគ្គលិកដោយសន្យាផ្តល់ការងារស្របច្បាប់ បានជួយរកលុយតាមគ្រប់រូបភាពឲ្យក្រុមឧក្រិដ្ឋជនពីការជួញដូរគ្រឿងញៀន។ សកម្មភាពជួញដូរគ្រឿងញៀននេះបានរកចូលឲ្យក្រុមឧក្រិដ្ឋជនក្នុងកម្រិតពី ៤០% ទៅ ៧០% នៃចំណូលសរុបរបស់ពួកគេ។ នេះបើតាមលោក Jurgen Stock

លោក Jurgen Stock បានបន្តថា ក្រុមឧក្រិដ្ឋជនបានបំបែកសកម្មភាពរបស់ខ្លួនដោយប្រើផ្លូវជួញដូរគ្រឿងញៀនដើម្បីជួញដូរមនុស្សជួញដូរអាវុធ ជួញដូរផលិតផលលួច ឡានលួច ឬកម្មសិទ្ធិបញ្ញា។ ជារៀងរាល់ឆ្នាំ មានទឹកប្រាក់នៃការជួញដូរប្រភេទនេះចន្លោះពី ២០០០ពាន់លានទៅ ៣០០០ពាន់លានដុល្លារក្នុងមួយឆ្នាំដែលបានធ្វើចរាចរណ៍ឆ្លងកាត់ប្រព័ន្ធហិរញ្ញវត្ថុសកល។ មួយវិញទៀត ក្រុមឧក្រិដ្ឋជនអាចទទួលបានចំណូលពីការជួញដូរនេះរហូតដល់ ៥០ពាន់​លានដុល្លារក្នុងមួយឆ្នាំ។

ប៉ូលិសអាំងទ័រប៉ូល៖ការជួញដូរមនុស្សនៅអាស៊ីអាគ្នេយ៍បានក្លាយជាវិបត្តិសកល
ប៉ូលិសអាំងទ័រប៉ូល៖ការជួញដូរមនុស្សនៅអាស៊ីអាគ្នេយ៍បានក្លាយជាវិបត្តិសកល © សេង បារាំង

ដោយឡែក របាយការណ៍របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២៣ បានឲ្យដឹងថា មានមនុស្សជាង ១០០ ០០០នាក់ត្រូវបានគេជួញដូរនៅក្នុងមជ្ឈមណ្ឌលឆបោកអនឡាញក្នុងប្រទេសកម្ពុជា។ ក្រៅពីកម្ពុជា របាយការណ៍របស់អង្គការសហប្រជាជាតិក៏បានលើកឡើងពីប្រទេសភូមា និងប្រទេសថៃដែរ។

ជុំវិញបញ្ហានេះ ប្រធានអតីតគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានចោទរដ្ឋាភិបាលកម្ពុជាក្នុងជំនាន់ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែតបច្ចុប្បន្នថាជាអ្នកធ្វើឲ្យមុខមាត់កិត្តិយសប្រទេសធ្លាក់ក្នុងភាពកខ្វក់ដោយមានការឃុបឃិតជាមួយពួកម៉ាហ្វីយ៉ា និងផ្តល់ឱកាសឲ្យពួកនេះប្រើប្រាស់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម និងជួញដូរមនុស្ស។

តែលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាមិនបានឆ្លើយតបនឹងការលើកឡើងរបស់លោកសម រង្ស៊ីទេដោយគ្រាន់បញ្ជាក់ថា កម្ពុជាមានសព្វថ្ងៃបានមកពីការដឹកនាំដោយរដ្ឋាភិបាលរបស់គណបក្សប្រ​ជាជនកម្ពុជាដែលគ្មានចំណែកចូលរួមពីក្រុមប្រឆាំងជ្រុលនិយមឡើយ។

តាមលោក ប៉ែន បូណា កម្ពុជាក៏ជាប្រទេសរងគ្រោះមួយដោយការជួញដូរមនុស្ស ​ និងថាបញ្ហានេះមានកិច្ចសហការ និងដោះស្រា​យ​ដោយអន្តររដ្ឋាភិបាលជាមួយប្រទេសផ្សេងៗ។ កន្លងមក កម្ពុជាបានខិតខំបង្រ្កាបការជួញដូរមនុស្ស ហើយការជួញដូរនេះមានស្ថានភាពស្ងប់ស្ងាត់វិញហើយ។ នេះជាការបន្ថែមរបស់លោកប៉ែន បូណា៕

What Next?

Recent Articles