ពលរដ្ឋ​ចាញ់​បោក​អ្នកស្រី ឡេង ចាន់ណា ព្រមាន​ឡើង​មក​តវ៉ា​នៅ​មុខ​ផ្ទះ​លោក ហ៊ុន សែន បើ​តុលាការ​ខេត្ត​សៀមរាប​ពន្យារ​ពេល​ដោះស្រាយ

ដោយ ឡេង ចាន់ណា
2024.04.12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ចាញ់​បោក​អ្នកស្រី ឡេង ចាន់ណា ព្រមាន​ឡើង​មក​តវ៉ា​នៅ​មុខ​ផ្ទះ​លោក ហ៊ុន សែន បើ​តុលាការ​ខេត្ត​សៀមរាប​ពន្យារ​ពេល​ដោះស្រាយ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​អ្នកស្រី ឡេង ចាន់ណា នាយកក្រុមហ៊ុន​ប្រ៊ីលាន ស៊ីធី (Brilliant City) ក្នុងកម្មវិធីគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


ក្រុម​ពលរដ្ឋ​ដែល​អះអាង​ថា ចាញ់បោក​ក្រុមហ៊ុន​ប្រ៊ីលាន ស៊ីធី (Brilliant City) របស់​អ្នកស្រី ឡេង ចាន់ណា ព្រមាន​នឹង​ឡើង​មក​តវ៉ា​នៅ​ខាងមុខ​ផ្ទះ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ប្រសិនបើ​តុលាការ​ខេត្ត​សៀមរាប​យឺតយ៉ាវ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ដើម្បី​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​លើ​ប្រព័ន្ធ​តុលាការ​អាជ្ញាធរ​គួរតែ​បង្កក​ប្រាក់​មូលនិធិ​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​អ្នកស្រី ឡេង ចាន់ណា ដើម្បី​បង្វែរ​លុយ​សង​ពលរដ្ឋ។

ពលរដ្ឋ​ចាញ់បោក​ម្ចាស់​ក្រុមហ៊ុន​លក់​អចលនទ្រព្យ​ប្រ៊ីលាន ស៊ីធី លើកឡើង​ថា ភាព​ស្ងប់ស្ងាត់ និង​ការ​អូស​បន្លាយ​ពេល​ដោះស្រាយ​របស់​តុលាការ​ខេត្តសៀមរាប​កំពុង​ជំរុញ​ឱ្យ​ពួកគាត់​បាត់បង់​ទំនុកចិត្ត និង​គ្រោង​ចេញ​តវ៉ា​នៅ​ខាងមុខ​ផ្ទះ​លោក ហ៊ុន សែន។

ពលរដ្ឋ​រស់នៅ​ខេត្តព្រៃវែង លោកស្រី សុខ ណា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១១ ខែ​មេសា ថា បើ​ទោះបីជា​តុលាការខេត្ត​សៀម​បាន​ចាប់ខ្លួន អ្នកស្រី ឡេង ចាន់ណា ដាក់​ពន្ធនាគារ​ក្ដី ក៏​លុយ​ដែល​លោកស្រី​ចាញ់បោក​អ្នកស្រី ឡេង ចាន់ណា នៅតែ​មិន​មាន​ដំណោះស្រាយ​នៅឡើយ។

លោកស្រី សុខ ណា៖ «បើ​ចិត្ត​ខ្ញុំ​វិញ​ខ្ញុំ​ថា​គ្មាន​អី​ធំ​ជាង​រដ្ឋាភិបាល​ទេ​ព្រោះ​គាត់​ជា​អ្នកតំណាង​ប្រជាពលរដ្ឋ​មួយ​នគរ​ខ្មែរ គាត់​មិនមែន​ទុក​របស់​ហ្នឹង​ឱ្យ​នៅ​អ៊ីចឹង​ទេ ព្រោះ​ទៅ​លុយ​ទាំង​ហ្នឹង​គឺ​ពួក​ហ្នឹង​ទេ​ធ្វើ​បណ្ដាញ​ពីលើ​ពីក្រោម​ទៅ​ទេ។ បើ​អ៊ីចឹង​ឱ្យ​តែ​មនុស្ស​អាក្រក់​ដើរ​តែ​បោក​គេ​អ៊ីចឹង​ច្បាប់​គេ​មាន​គេ​ត្រូវតែ​រក​ដំណោះស្រាយ​ឱ្យ​ទាល់តែ​ឃើញ​មិនមែន​រឿង​ទុក​ឯណា​រក​មិនឃើញ​ទេ​គឺ​ត្រូវតែ​រក​ឱ្យ​ឃើញ»។

កាលពី​ថ្ងៃទី​១០ ខែ​មេសា ពលរដ្ឋ​មកពី​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា ខេត្តបាត់ដំបង ព្រៃវែង និង​ខេត្ត​សៀមរាប​ប្រមាណ​២០០​នាក់​បាន​នាំគ្នា​តវ៉ា​នៅ​ខាងមុខ​សាលាដំបូង​ខេត្តសៀមរាប​ទាមទារ​ឱ្យ​តុលាការ​លក់​ឡាយឡុង​ទ្រព្យសម្បត្តិ​របស់​អ្នកស្រី ឡេង ចាន់ណា និង​ពន្លឿន​នីតិវិធី​ដាក់​សម្ពាធ​លើ​ម្ចាស់​ក្រុមហ៊ុន​រូប​នេះ​ដើម្បី​សង​ប្រាក់​ពួកគាត់​វិញ​។ ក្រៅ​ពី​នេះ​ពួកគាត់​ជំរុញ​ឱ្យ​តុលាការ​ឃាត់ខ្លួន​មេក្រុម​ទាំង ២៥​នាក់​នៃ​ក្រុមហ៊ុន​ប្រ៊ីលាន ស៊ីធី ជា​បណ្ដោះអាសន្ន​ពីព្រោះ​ពួកគាត់​អះអាង​ថា មេក្រុម​ទាំង​២៥​នាក់​នោះ​ជា​អ្នក​ប្រមូល​លុយ​ពី​ពួកគាត់។

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ស្រុក​សំឡូត​ខេត្ត​បាត់ដំបង លោក នួន នឿត អះអាង​ថា ចាប់​តាំង​ពី​តុលាការ​ចាប់ខ្លួន និង​រឹបអូស​យក​ទ្រព្យសម្បត្តិ​អ្នកស្រី ឡេង ចាន់ណា មក​តុលាការ​នៅ​មិនទាន់​ប្រកាស​ជា​សាធារណៈ​ពី​ចំនួន​ទឹកប្រាក់​ជាក់លាក់​ដល់​ពល​រដ្ឋ​ឡើយ។ លោក​បន្ត​ថា ប្រសិនបើ​ចំណាត់ការ​របស់​តុលាការ​នៅតែ​យឺតយ៉ាវ​លោក និង​ពលរដ្ឋ​ផ្សេងទៀត​នឹង​នាំគ្នា​ឡើង​មក​ដាក់​ញត្តិ​នៅ​រាជធានី​ភ្នំពេញ។

លោក នួន នឿត ៖ «​បើ​សម្រាប់​ខ្ញុំ​វិញ​មិន​ចោទ​ទៅលើ​ក្រុមហ៊ុន​ទេ ចោទ​ទៅលើ​តុលា​ការ​មិន​ដោះស្រាយ​ឱ្យ​បណ្ដោយ​ព្រោះ​ឃុំខ្លួន​មនុស្ស​ហើយ​លែង​វិញ តែ​មិន​ដោះស្រាយ​ឱ្យ​អ៊ីចឹង​។ យើង​ទាមទារ​ឱ្យ​តុលាការ​ដោះស្រាយ​ចុះបើ​តុលាការ​អត់​មាន​ចេញ​សាលក្រម​រឹបអូស​បាន​របស់​ស្អីៗ​គេ​អត់ឱ្យ​យើង​ដឹងផង​ហ្នឹង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​សៀមរាប លោក យិន ស្រាង ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១១ ខែ​មេសា។

កាលពី​ថ្ងៃទី​១២ ខែមីនា សមត្ថកិច្ច​ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​អ្នកស្រី ឡេង ចាន់ណា អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) និង​បក្ខពួក​តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​ផ្អែក​តាម​បណ្ដឹង​របស់​ពលរដ្ឋ​រងគ្រោះ​ជាង ៨០០​នាក់ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​លុយ​ពួកគាត់​សរុប​ជាង​៣០០​លាន​ដុល្លារ ។ ក្រោយ​ការ​ចាប់ខ្លួន​សាលាដំបូង​ខេត្តសៀមរាប​បាន​ចេញ​ដីកា​សម្រេច​រឹបអូស​ទ្រព្យសម្បត្តិ​របស់ អ្នកស្រី ឡេង ចាន់ណា ជា​បណ្ដោះអាសន្ន ដើម្បី​លក់​សង​ម្ចាស់បំណុល ។ ប៉ុន្តែ​ពលរដ្ឋ​អះអាង​ថា​គិត​មក​ទល់​ពេល​នេះ​ពួកគាត់​នៅ​មិនទាន់​ទទួល​បាន​ប្រាក់​សំណង​នៅឡើយ​ទេ។

ជុំវិញ​បញ្ហា​នេះ អ្នកគ្រប់គ្រង​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀម លោក អ៊ិន គង់ជិត មានប្រសាសន៍ថា អាជ្ញាធរ​គួរតែ​ពន្លឿន​នីតិវិធី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ឱ្យ​ទាន់​ពេល​វេលា ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់។

លោក អ៊ិន គង់ជិត៖ «យើង​ក៏​ស្នើ​សុំ​ឱ្យ​តុលាការ​ខិតខំ​ប្រមូល​ស្រាវជ្រាវ​បន្ថែម​ទៀត​ទៅ​លើ​អ្នក​ពាក់ព័ន្ធ​ដែល​នៅក្នុង​ក្រុមហ៊ុន​ហ្នឹង ឬក៏​នៅ​ក្រៅ​ក្រុមហ៊ុន​ដែល​ជា​អ្នក​ប្រព្រឹត្តិ​នៃ​អំពើ​កិបកេង​មូលនិធិ ឬក៏​ដើមទុន​របស់​គាត់​ហ្នឹង ដែល​រហូត​មក​ដល់​ពេល​នេះ​ពួកគាត់​នៅ​មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​។ អ៊ីចឹង​អាជ្ញាធរ​តុលាការ​ក៏ដូចជា​ទាំង​ខាង​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ក៏​ត្រូវ​គិតគូរ​យកចិត្តទុកដាក់​រឿង​នេះ​ឱ្យ​បាន​ច្បាស់»។

ពលរដ្ឋ​រងគ្រោះ​ភាគច្រើន​លង់​ជឿ​នឹង​ឥទ្ធិពល​អតីត​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក​ដែល​តែងតែ​ថត​រូបភាព​បង្ហោះ​តាម​បណ្ដាញ​សង្គម​ជាមួយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើ​ឱ្យ​ពួកគាត់​កាន់​តែ​មាន​ទំនុកចិត្ត​បណ្ដាក់ទុន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​នេះ​។ ពួកគាត់​ប្ដេជ្ញាចិត្ត​នៅតែ​បន្ត​ការ​តវ៉ា​ទាមទារ​រក​យុត្តិធម៌ និង​ឱ្យ​អ្នកស្រី ឡេង ចាន់ណា សង​លុយ​ពួកគាត់​ត្រឡប់មកវិញ​ដើម្បី​ពួកគាត់​យក​ប្រាក់​ទៅ​សង​បំណុល​ធនាគារ និង​ដោះស្រាយ​ជីវភាព​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment