យុវជន​មួយ​ចំនួន​និយម​លេង​ប៉ាត​ម្សៅ និង​បាញ់​ទឹក ជាង​ល្បែង​ប្រជាប្រិយ​ខ្មែរ ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ

ដោយ យ៉ង ចាន់តារា
2024.04.13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន​មួយ​ចំនួន​និយម​លេង​ប៉ាត​ម្សៅ និង​បាញ់​ទឹក ជាង​ល្បែង​ប្រជាប្រិយ​ខ្មែរ ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ

 រូបពីពលរដ្ឋ


ល្បែង​ប្រជាប្រិយ​ជា​ច្រើន​ប្រភេទ ដែល​ជនជាតិ​ខ្មែរ​នា​សម័យ​ដើម និយម​លេង​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដូចជា ចោលឈូង បោះ​អង្គញ់​ជា​ដើម ហាក់​សាបរលាប​បន្តិច​ម្ដងៗ។ យុវជន​មួយ​ចំនួន​នាំ​គ្នា​និយម​លេង​ប៉ាត​ម្សៅ និង​បាញ់​ទឹក​ដាក់​គ្នា ជា​ជាង​ការ​លេង​ល្បែង​ប្រជាប្រិយ​ទៅ​វិញ។

រាល់​ពេល​ជិត​ដល់​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ម្ដងៗ ពលរដ្ឋ ជាពិសេស យុវជន​មួយ​ចំនួន​ហាក់​ជ្រួលជ្រើម និង​តែងតែ​នឹក​ឃើញ​មុន​គេ​នោះ គឺ​ការ​លេង​ប៉ាត​ម្សៅ បាញ់​ទឹក​ដាក់​គ្នា និង​ចាក់​ធុងបាស​ចង្វាក់​ញាក់​កន្ត្រាក់​អារម្មណ៍ រាំ​លេង​តាម​ដង​ផ្លូវ និង​តំបន់​កម្សាន្ត​នានា ជំនួស​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ។

និស្សិត​រៀន​នៅ​រាជធានី​ភ្នំពេញ​ផ្នែក​សង្គមវិទ្យា កញ្ញា ស្រ៊ន់ ស្រីលក្ខ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា បញ្ហា​ពលរដ្ឋ ជាពិសេស យុវជន ដែល​លេង​ប៉ាត​ម្សៅ​បាញ់​ទឹក​ដាក់​គ្នា​ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​អាច​នឹង​ពិបាក​លុបបំបាត់ ព្រោះ​សកម្មភាព​នេះ​បាន​ចាក់​ឫសគល់​ក្នុង​ស្រទាប់​យុវជន​សម័យ​ក្រោយៗ នេះ។ ប៉ុន្តែ​កញ្ញា​យល់​ឃើញ​ថា ការ​ជំរុញ​ឱ្យ​យុវជន និង​ពលរដ្ឋ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ឱ្យ​បាន​ផុលផុស ក៏​អាច​ធ្វើ​ទៅ​បាន​ដែរ ប្រសិនបើ​អ្នក​ដឹកនាំ​ចេះ​ផ្ដួចផ្ដើម​បំផុស​គំនិត​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ដល់​យុវជន។

កញ្ញា ស្រ៊ន់ ស្រីលក្ខ៖ «ប្រសិន​ជា​យុវជន​ទូទាំង​ប្រទេស គាត់​អត់​ចាប់​អារម្មណ៍​នឹង​ល្បែង​ប្រជាប្រិយ​ទាំង​អស់ ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ណាស់ ព្រោះ​ល្បែង​ប្រជាប្រិយ​ជា​កេរ្តិ៍​ដូនតា​របស់​យើង​មក​តាំង​ពី​ដើម​នាយ ក៏​ប៉ុន្តែ លេង​វប្បធម៌​ប៉ាត​ម្សៅ​ច្រើន មិនមែន​មួយ​ចំនួន​តូច​ទេ វា​ច្រើន​ដែរ។ ក៏​ប៉ុន្តែ ក៏​មាន​យុវជន​មួយ​ចំនួន​ទៀត ក៏​គាត់​ងាក​ទៅ​លើ​ការ​ល្បែង​ប្រជាប្រិយ​ច្រើន​គួរសម​ដែរ ក្នុង​កម្មវិធី​សង្ក្រាន្ត​មួយ​ចំនួន។ អ្នក​រៀបចំ​កម្មវិធី ក៏​ដូច​ជា​អ្នក​ដឹកនាំ​ដែរ ត្រូវតែ​លុប​បំបាត់​ទៅ​ថា ការ​ប៉ាត​ម្សៅ​ប៉ះពាល់​កូន​ស្រី​គេ គេ​ហៅ​ថា ឆ្លៀត​ឱកាស​ក្នុង​ការ​ប៉ះពាល់​កូន​គេ បើ​ធៀប​លើ​ប្រពៃណី​ខុស​ហើយ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ស៊ុំ ម៉ាប់ ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី១២ ខែមេសា។

រីឯ​អគ្គនាយក​បច្ចេកទេស​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប លោក ស៊ីយ៉ុន សុភារិន្ទ វិញ លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿង​យុវជន​លេង​ប៉ាត​ម្សៅ​បាញ់​ទឹក នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ទេ។

លោក ស៊ីយ៉ុន សុភារិន្ទ៖ «ឥឡូវ​និយាយ​រឿង​វប្បធម៌​ប្រពៃណី​ខ្ញុំ​និយាយ​បាន ប៉ុន្តែ ឆ្លងឆ្លើយ​រឿង ស្អី​ណា​ប្រពៃណី​យើង​វា​អន់​ថយ​អី​ហ្នឹង​ថា កុំ​សួរ​សំណួរ​ហ្នឹង​ខ្ញុំ​អត់​ឆ្លើយ​ទេ មកពី សំណួរ​ហ្នឹង​ធ្វើ​ឱ្យ​តែ​ឈ្លោះ​តែ​គ្នា លើក​ទៅ​ឱ្យ​ឈ្លោះ​គ្នា​ទៅ ចំណេញ​ជាតិ​អូន​ឯង​ហើយ។ ខ្ញុំ​អត់​មាន​យន្តការ​ទប់​ស្កាត់​អី​ទេ»

ក្រសួង​អប់រំ​យុវជន និង​កីឡា កាល​ពី​ថ្ងៃ​ទី៣ ខែមេសា ព្រមាន​ដល់​សិស្សានុសិស្ស ដែល​លេង​បាញ់​ទឹក ជះ​ទឹក គប់​ស្បោង​ទឹក ប៉ាត​ម្សៅ​ជា​ដើម។ ក្រសួង​អះអាង​ថា ការ​លេង​របៀប​នេះ អាច​បង្ក​បញ្ហា​បាត់​សណ្ដាប់ធ្នាប់​របៀប​រៀបរយ គ្មាន​ភាព​ថ្លៃថ្នូរ ព្រម​ទាំង​គ្មាន​សុវត្ថិភាព។ ក្រសួង​ណែនាំ​ដល់​គ្រប់​គ្រឹះស្ថាន​មធ្យម​សិក្សា​ហាមឃាត់​ជា​ដាច់​ខាត និង​ទប់ស្កាត់​ជា​បន្ទាន់​រាល់​ល្បែង​ទាំង​ឡាយ​ណា ដែល​មិន​មែន​ជា​ល្បែង ឬ​របាំ ប្រជាប្រិយ​ខ្មែរ។

ជុំវិញ​រឿង​នេះ ព្រះសង្ឃ​គង់​នៅ​វត្ត​ក្នុង​រាជធានី​ភ្នំពេញ ព្រះតេជព្រះគុណ ទេព ច័ន្ទសារិន្ទ មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​ជ្រួលជ្រើម​របស់​យុវជន​មួយ​ចំនួន​ចាប់​យក​វប្បធម៌​លេង​ប៉ាត​ម្សៅ គប់​ទឹក​ដាក់​គ្នា​នា​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​មិន​ត្រឹមតែ​ជំរុញ វប្បធម៌​ល្បែង​ប្រជាប្រិយ​ខ្មែរ​ប្រឈម​បាត់បង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បញ្ហា​នេះ ថែម​ទាំង​បង្ក​ឱ្យ​កើត​មាន​បញ្ហា​រំលោភ​លើ​សិទ្ធ​ឯកជន​ភាព​បុគ្គល និង​ធ្វើ​ឱ្យ​សីលធម៌​សង្គម​កាន់តែ​ធ្លាក់​ចុះ។

ព្រះតេជព្រះគុណ ទេព ច័ន្ទសារិន្ទ៖«បើ​យើង​គិត​អំពី​ផល​វិបត្តិ ទាក់ទង​ការ​ប៉ាត​ម្សៅ នេះ មាន​អ្នក​ខ្លះ​ប៉ាត​ម្សៅ​ហើយ​បន្លំ​យក​ខ្សែ​ក ឬ​ដោះ​ក្រវិល ឬ​អ្នក​ខ្លះ​ហ្នឹង​បន្លំ​លើស​ហ្នឹង​អ៊ីចឹង​ទៅ​ពរ។ វា​ហួស​ព្រំដែន ពេល​ខ្លះ​អាច​ថា គេ​មិន​ពេញ​ចិត្ត​នាំ​ឱ្យ​កើត​មាន​ជម្លោះ​ដែរ។ ម្យ៉ាងទៀត ក៏​ជា​ការ​យើង​ទៅ​គាំទ្រ​វប្បធម៌​បរទេស ហើយ​ធ្វើ​ឱ្យ​ល្បែង​ប្រជាប្រិយ​ខ្មែរ ជា​អត្តសញ្ញាណ​ជាតិ​របស់​យើង​វា​បាត់បង់​ទៅ​ដោយសារ​តែ​យើង​អត់​សូវ​បាន​ចាប់​អារម្មណ៍»

បើទោះបីជា​មាន​យុវជន​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ក្តី ក៏​មាន​សិស្ស​និស្សិត​នៅ​តាម​សាលារៀន និង​សកលវិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន នៅ​តែ​បន្ត​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ដូចជា វាយ​ក្អម ស្វា​ដណ្ដើម​ស្លឹក​ឈើ និង​ល្បែង​ចោល​ឈូង​ដែរ។ សិស្សានុសិស្ស​តាម​វិទ្យាល័យ​ក្នុង​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្តកំពត ស្ទឹងត្រែង និង​កំពង់ធំ​ជា​ដើម នាំ​គ្នា​សង់​រោង​ប្រក់​ពី​ស្បូវ​នៅ​តាម​សាលារៀន ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព ក្នុង​ឱកាស​ពិធី​ចូល​ឆ្នាំ​ខ្មែរ។

ព្រះសង្ឃ និង​យុវជន​ព្រមាន​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​ចំនួន​អាច​ប្រឈម​នឹង​ការ​បាត់បង់​បន្តិច​ម្ដងៗ ប្រសិន​បើ​រដ្ឋាភិបាល​គ្មាន​វិធានការ​ដោះស្រាយ​បញ្ហា​នេះ។ ក្រុម​យុវជន និង​ព្រះសង្ឃ​ជំរុញ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​យន្តការ​អប់រំ​ដល់​យុវជន​ឱ្យ​ឈ្វេងយល់​អំពី​ការ​អភិរក្ស​វប្បធម៌​ខ្មែរ​គ្រប់​ទម្រង់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment