អាជ្ញាធរ​រាជធានី​ភ្នំពេញ​បន្ត​មិន​អនុញ្ញាត​ឱ្យ​បក្ស​កម្លាំង​ជាតិ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ

ដោយ ច័ន្ទ ដារ៉ូ
2024.06.11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បន្ត​មិន​អនុញ្ញាត​ឱ្យ​បក្ស​កម្លាំង​ជាតិ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ

ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី (ស្ដាំ​ដៃកាន់ឯកសារ) កាន់ដៃលើកឡើងលើជាមួយ​លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ក្រោយចូលបំភ្លឺ​នៅសាលាដំបូង​ខេត្ត​ត្បូងឃ្មុំ កាលពីថ្ងៃទី១៤ មីនា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ស៊ុន ចន្ធី


អាជ្ញាធរ​ក្រុងភ្នំពេញ​បន្ត​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​ប្រមូល​ផ្តុំ​ធ្វើបាតុកម្ម​ទាមទារ​ដោះលែង​អ្នកទោស​មនសិការ​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ មន្ត្រីជាន់ខ្ពស់​បក្ស​កម្លាំង​ជាតិ​ចាត់ទុក​ការសម្រេច​នេះ​ជា​ការ​រឹតត្បិត​លើ​សេរីភាព​របស់​ពលរដ្ឋ​ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ ហើយ​គណបក្ស​កម្លាំង​ជាតិ​នឹង​តវ៉ា​រឿង​នេះ​ទៅ​ក្រសួងមហាផ្ទៃ​បន្ត​ទៀត​។ មន្ត្រី​សិទ្ធិមនុស្ស​មើល​ឃើញ​ថា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​កំពុង​ធ្លាក់ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ។

​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​មន្ត្រី​បក្ស​កម្លាំង​ជាតិ​នៅ​ថ្ងៃទី​១០ ខែមិថុនា បាន​ជជែក​គ្នា​ជុំវិញ​ការ​ជូនដំណឹង​របស់​គណបក្ស​កម្លាំង​ជាតិ​ទាក់ទង​ការ​ជួបជុំ​សមាជិក​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​សប្តាហ៍​ក្រោយ។

កំណត់ហេតុ​នៃ​កិច្ចប្រជុំ​នេះ ភាគី​អាជ្ញាធរ​ដែល​តំណាង​ដោយ​អភិបាលរង​រាជធានី​ភ្នំពេញ​លោក មាន ចាន់យ៉ាដា បាន​សម្រេច​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​ដឹកនាំ​អ្នកគាំទ្រ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ទាមទារ​ដោះលែង​ថ្នាក់ដឹកនាំ​បក្ស​ដែល​កំពុង​ជាប់ឃុំ​នោះ​ទេ​។ លោក​បញ្ជក់​ថា អាជ្ញាធរ​បន្ត​រក្សា​ស្មារតី​នៅក្នុង​កិច្ចប្រជុំ​កាលពី​ខែ​មេសា​កន្លងមក ដែល​បក្ស​កម្លាំង​ជាតិ​ស្នើសុំ​សម្ដែង​មតិ​នៅ​ទីស្នាក់ការ​បក្ស​របស់​ខ្លួន​ម្តង​រួចហើយ​។ ជាមួយ​គ្នា​នេះ​លោក​ឡើង​ថា​គោលបំណង​ស្នើសុំ​តវ៉ា​របស់​គណបក្ស​ហាក់​ផ្ទុយ​នឹង​លិខិត​ទទួលស្គាល់​កំហុស​របស់​ប្រធាន​បក្ស​លោក ស៊ុន ចន្ធី ដែល​ផ្ញើ​ទៅ​រដ្ឋាភិបាល ហើយ​ចំណុច​ចុងក្រោយ​អភិបាលរង​រាជធានី​ភ្នំពេញ​រូប​នេះ​ចាត់ទុក​ការ​ស្នើសុំ​សម្ដែង​មតិ​របស់​បក្ស​កម្លាំង​ជាតិ​ផ្ទុយ​នឹង​ច្បាប់​។ ទោះជា​យ៉ាងណា អាជ្ញាធរ​បាន​បើកផ្លូវ​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​តវ៉ា​ទៅ​ក្រសួង​មហាផ្ទៃ ក្នុង​ករណី​ពួកគេ​មិន​ឯកភាព​នឹង​ការ​សម្រេច​នេះ។

ឆ្លើយតប​រឿង​នេះ ប្រធាន​ស្តីទី​គណបក្ស​កម្លាំង​ជាតិ​លោក ជា មុនី ចាត់ទុក​ការសម្រេច​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បន្ត​មិន​ឱ្យ​បក្ស​កម្លាំង​ជាតិ​យក​ទីលាន​ប្រជាធិបតេយ្យ​សម្រាប់​ជួបជុំ​សម្ដែង​មតិ​ដោយ​សន្តិវិធី​នោះ គឺជា​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព និង​រើសអើង​ផ្នែក​នយោបាយ​។ លោក ជា មុនី បញ្ជាក់​ថា គណបក្ស​នឹង​រៀបចំ​លិខិត​ដាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅពេល​ឆាប់ៗ​នេះ​ដើម្បី​ស្នើ​ឱ្យ​បកស្រាយ​ផ្លូវច្បាប់​ជុំវិញ​ការសម្រេច​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ និង​ស្នើសុំ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ខណ្ឌឫស្សីកែវ​យក​មក​ជួបជុំ​សម្ដែង​មតិ​ដោយ​សេរី​វិញ។

លោក ជា មុនី៖ «សាលាក្រុង​គួរតែ​បើក​សេរីភាព​ឱ្យ​ស្រប​តាមច្បាប់​បាតុកម្ម កូដកម្ម ឱ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ ហើយ​ខ្លួន​ជា​សមត្ថកិច្ច​មួយ​មើល​ការពារ​សុវត្ថិភាព​ទៅ អ្វី​ដែល​សាលាក្រុង​លើកឡើង​វា​មិន​ត្រួតស៊ីគ្នា​នឹង​ច្បាប់​ជាតិ ជាមួយនឹង​សេរីភាព​របស់​ពលរដ្ឋ»។

មក​ទល់​ពេល​នេះ​គណបក្ស​កម្លាំង​ជាតិ បាន​ដាក់​លិខិត​ជូនដំណឹង​ទៅ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​អំពី​ការ​ប្រមូល​ផ្តុំ​សម្ដែង​មតិ​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចំនួន​ពីរ​លើក​មក​ហើយ​។ ប៉ុន្តែ​ការ​ជូនដំណឹង​ទាំងនេះ​ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​បដិសេធ​ដោយ​លើក​ហេតុផល​ដដែលៗ​ថា​ការ​ស្នើសុំ​សម្ដែង​មតិ​ទាំងនេះ​ផ្ទុយ​នឹង​ច្បាប់។

ជុំវិញ​រឿង​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ​នៃ​សមាគម​អាដហុក (Adhoc) លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ទីលាន​ប្រជាធិបតេយ្យ​ជាទី​កន្លែង​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​សម្ដែង​មតិ ឬ​ទស្សនៈ ហើយ​ស្របពេល​គោលបំណង​នៃ​ការ​សម្ដែង​មតិ​របស់​បក្ស​កម្លាំង​ជាតិ​ធ្វើឡើង​ត្រឹមត្រូវ​តាមច្បាប់​ទៀត​នោះ​អាជ្ញាធរ​មិន​គួរ​រឹតត្បិត​នោះ​ឡើយ។

លោក យិន ម៉េងលី៖ «សង្គម​ប្រជាធិបតេយ្យ​សេរីភាព​គឺ​សំខាន់​ណាស់ ហើយ​វា​ក៏​អត់ ជា​បទល្មើស​អ្វី​ដែរ នៅពេល​សម្ដែង​មតិ​ក៏​អត់​កើតជា​បទល្មើស​អ្វី​ដែរ ហើយ​កម្លាំង​សមត្ថកិច្ច​ត្រូវ​ជួយ​ការពារ​សុវត្ថិភាព​ថែមទៀត​។ អ៊ីចឹង​យើង​សហការ​គ្នា​ទៅ អនុញ្ញាត​ឱ្យ​គាត់​(​បក្ស​កម្លាំង​ជាតិ​)​ធ្វើ​ទៅ បញ្ចេញមតិ​ទៅ ហើយ​គេ​(​សាធារណជន​ទូទៅ​)​មើ​លម​កថា​ប្រទេស​យើង​បើក​នូវ​លំហ​សេរីភាព​ក្នុង​ការ​ជួបជុំ និង​សេរីភាព​បញ្ចេញមតិ អ៊ីចឹង​ដល់ពេល​គេ​មើលឃើញ​ឱ្យ​តែ​ស្នើសុំ​លើក​ណា​ក៏​អត់​អនុញ្ញាត អត់​ដែល​បាន គេ​មើល​ឃើញ​ថា វា​ហាក់​មានការ​រឹតត្បិត​លើ​សេរីភាព​ទាំងអស់​ហ្នឹង​បាទ»។

កាលពី​ថ្ងៃទី​២២ ខែ​មេសា មេដឹកនាំ​គណបក្ស​កម្លាំង​ជាតិ​បាន​បង្ខំចិត្ត​យក​ទីស្នាក់ការ​គណបក្ស ស្ថិតនៅ​ភូមិ​ព្រែក​តាឡុង​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ ជាទី​តាំង​សម្រាប់​ការ​ជួបជុំ​សម្ដែង​មតិ បន្ទាប់ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​នេះ​ប្រមូល​ផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

គណបក្ស​កម្លាំង​ជាតិ​គ្រោង​ជួបជុំ​សមាជិក​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃទី​១៦ ខែ​មិថុនា ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី និង​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​ទៀត​ដែល​ពួកគេ​ចាត់ទុក​ការ​ឃុំខ្លួន​មន្ត្រី​គណបក្ស​ទាំងនេះ​ថា ជា​រឿង​អយុត្តិធម៌ និង​ធ្វើឡើង​ក្នុង​ហេតុផល​នយោបាយ​។ ពួកគេ​នៅតែ​ទាមទារ​ឱ្យ​អាជ្ញាធរ ប្រគល់​ទីលាន​ប្រជាធិបតេយ្យ​សម្រាប់​ការ​ប្រមូល​ផ្តុំ​សម្ដែង​មតិ និង​ជួបជុំ​ទាមទារ​យុត្តិធម៌​នៅក្នុង​សង្គម ដែល​សិទ្ធិ​ទាំងនេះ​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ និង​មាន​ចែង​នៅក្នុង​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles