កម្មករ​រោងចក្រ សេង បូ ហ្គាមិន ប្រមូលផ្ដុំ​គ្នា​តវ៉ា ទាមទារ​ឱ្យ​ប្រធាន​សហជីព​ពួក​គេ ចូល​ធ្វើ​ការ​វិញ​

ដោយ សុជីវី
2024.06.12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កម្មករ​រោងចក្រ សេង បូ ហ្គាមិន ប្រមូលផ្ដុំ​គ្នា​តវ៉ា ទាមទារ​ឱ្យ​ប្រធាន​សហជីព​ពួក​គេ ចូល​ធ្វើ​ការ​វិញ​

កម្មករ​នៅ​រោងចក្រ សេង បូ ហ្គាមិន (Sheng Bo Garment) ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​តុលាការ​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី១២ ខែមិថុនា ឆ្នាំ២០២៤ ដើម្បី​ទាមទារ​ក្រុមហ៊ុន​ឱ្យ​យក​ប្រធាន​សហជីព​ពួក​គេ គឺ​លោកស្រី រឿន កូលាប ចូល​ធ្វើ​ការ​វិញ។ រូប៖ ហ្វេសប៊ុកសហព័ន្ធសហជីពសេរីកម្មករ នៃ​ព្រះរាជាណាចក្រកម្ពុជា


កម្មករ​នៅ​រោងចក្រ សេង បូ ហ្គាមិន (Shengbo Garment) ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​តុលាការ​ខេត្ត​កំពង់ស្ពឺ ដើម្បី​តវ៉ា ​ទាមទារ​ឱ្យ​ប្រធាន​សហជីព​ពួក​គេ គឺ​លោកស្រី រឿន កូលាប ចូល​ធ្វើ​ការ​វិញ ក្រោយ​ពី​ក្រុមហ៊ុន​បាន​បញ្ឈប់ ពី​ការងារ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ។ ពួក​គាត់​ថា ការ​បញ្ឈប់ លោកស្រី រឿន កូលាប គឺ​ជា​ការ​រើសអើង​សហជីព​ក្នុង​កន្លែង​ការងារ។

កម្មករ-កម្មការិនី​ចំនួន ២៥នាក់ ដែល​ធ្វើ​ការ​នៅ​រោងចក្រ​កាត់ដេរ សេង បូ ហ្គាមិន (Shengbo Garment)​ បាន​ប្រមូល​ផ្ដុំ​គ្នា និង​លើក​បដា នៅ​មុខ​តុលាការ ​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១២ ​ខែ​មិថុនា​ ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​គោរព​សិទ្ធិ​សហជីព និង​ផ្ដល់​យុត្តិធម៌ ​ដល់​លោកស្រី រឿន កូលាប។

ការ​តវ៉ា​របស់​កម្មករ​ទាំង​នោះ​ធ្វើ​ឡើង ដោយ​សារ​តែ​លោកស្រី រឿន កូលាប ត្រូវ​ឡើង​សវនាការ នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា ជុំ​វិញ​ករណី​មេ​សហជីព​រូប​នេះ ប្ដឹង​រោងចក្រ​ថា បាន​រើសអើង​សហជីព​នៅ​កន្លែង​ការងារ។ តែ​យ៉ាងណា សវនាការ​លើក​ទី២ នេះ ត្រូវ​បាន​ផ្អាក ដោយសារ​តែ​ចៅក្រម​សាកសួរ​មាន​បញ្ហា​សុខ​ភាព​មិន​អាច​ចូល​រួម​បាន។

នៅ​ពី​មុខ​តុលាការ​ឯ​ណោះ​វិញ ឃើញ​មាន​កម្មករ-កម្មការិនី កាន់​បដា​ពណ៌ស ដោយ​ភ្ជាប់​ជា​មួយ​នឹង​អក្សរ​ថា សូម​បញ្ឈប់​ការ​រើសអើង​សហជីព​ក្នុង​វិស័យ​កាត់ដេរ, សហជីព​មិន​មែន​ជា​សត្រូវ​របស់​និយោជក​ឡើយ​ និង​ពាក្យ​ថា សូម​ឱ្យ​តុលាការ​សម្រេច​ផ្ដល់​យុត្តិធម៌ ដល់​លោកស្រី រឿន កូលាប ប្រកប​ដោយ​គតិ​បណ្ឌិត។

ប្រធាន​សហជីព​ប្រចាំ​រោងចក្រ សេង បូ ហ្គាមិន លោកស្រី រឿន កូលាប ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា​ថា លោក​ស្រី​មក​មុខ​តុលាការ​ខេត្ត​កំពង់ស្ពឺ​ ដើម្បី​ចូល​រួម​សវនាការ ប៉ុន្តែ សោក​ស្ដាយ​ដែល​តុលាការ​លើក​ពេល។ លោកស្រី​ចាត់​ទុក​ ការ​បញ្ឈប់​លោកស្រី​ពី​ការងារ ដោយ​និយោជក គឺ​ជា​រឿង​អយុត្តិធម៌។

លោកស្រី រឿន កូលាប៖ «ខាង​ក្រុម​ហ៊ុន​គាត់​មាន​ការ​រើសអើង​សហជីព មិន​ចង់​ឱ្យ​មាន​សហជីព​ទេ​ ព្រោះ​នៅ​ក្នុង​រោងចក្រ​ហ្នឹង​ មាន​ការ​កៀប​សង្កត់​ កម្មករ តាំង​ពី​ប្រាក់​ខែ តាំង​ពី​ច្បាប់​សុំ​សម្រាក ហើយ​ ​តាំង​ពី​​ធ្វើ​ការ​ ដាក់​កំហិត​ឱ្យ​គេ​ ដូច​ថា​ ១ម៉ោងឱ្យគ្នា ​ដេរ​បាន​ ២០​ ឬ​ក៏​៣០​ អាវ ​សម្រាប់​ថ្ងៃ​ហ្នឹង​យើង​ដេរ​ បាន​ដល់​ពេល​ស្អែក​ឡើង​ថែម​លើស​ហ្នឹង​ទៀត​។ អា​ហ្នឹង​ ហើយ​ជា​ការ​​រំលោភ​សិទ្ធិ​ការងារ។»​

ប្រធាន​សហជីព​ប្រចាំ​រោងចក្រ សេង បូ ហ្គាមិន (Shengbo Garment) លោកស្រី រឿន កូលាប ​ត្រូវ​បាន​រោងចក្រ​បញ្ឈប់​ពី​ការងារ​ក្រោយ​បង្កើត​សហជីព កាល​ពី​ចុង​ខែ មិថុនា​ ឆ្នាំ២០២៣។​

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ទាក់ទង​​តំណាង​ក្រុមហ៊ុន​ រោងចក្រ សេង បូ ហ្គាមិន និង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​ វិជ្ជាជីវៈ​ លោក កត្តា អ៊ន បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ​ដោយ​ហៅ​ទូរស័ព្ទ​ ចូល​តែ​គ្មាន​អ្នក​ទទួល។​

ប៉ុន្តែ អតីត​ប្រធាន​ផ្នែក​រដ្ឋបាល នៃ​រោងចក្រ សេងបូ ហ្គាមិន លោក អាំ មន្នី ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា​ ការ​បញ្ឈប់​លោក​ស្រី រឿន កូលាប នេះ​មិន​ជាប់ពាក់ព័ន្ធ​នឹង​ការ​រើសអើង​សហជីព​នោះ​ទេ ​ប៉ុន្តែ ដោយ​សារ​តែ​​ លោកស្រី រឿន កូលាប ធ្វើ​ការ​មិន​គ្រប់​ចំនួន​តាម ​គោលការណ៍​របស់​ក្រុមហ៊ុន​។

ទោះជា​​យ៉ាង​ណា​ ក្រៅ ពី​លោក​ស្រី​ រឿន កូលាប រោង​ចក្រ​កាត់​ដេរ ​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន ​​នេះ​ ធ្លាប់​បាន​បញ្ចប់​កិច្ច​សន្យា​ការងារ​លើ​ថ្នាក់​ដឹកនាំ​សហជីព​ជា​បន្ត​បន្ទាប់​ ដូច​ជា​ប្រធាន​សហជីព​ លោក ហាក់ ហៀង  លោក ថុង ធី និង​អនុ​ប្រធាន​ម្នាក់​ទៀត​ គឺ​លោក​ សៀក ថុង​ ជា​ដើម​ក្រោយ​ពី​ពួក​គាត់​ជាប់​ឆ្នោត​ជា​ថ្នាក់​ដឹកនាំ​សហជីព​។

ទាក់ទិន​រឿង​នេះ អនុ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (CCAWDU) លោក អាត់ ធន់ សង្កេត​ឃើញ​ថា ការ​រំលោភ​សិទ្ធិ​ការងារ និង​ការ​បញ្ឈប់​កម្មករ​ដោយ​ខុស​ច្បាប់​ពី​សំណាក់​ថៅកែ​នៅ​តែ​បន្ត​កើត​មាន​ដោយ​គ្មាន កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ការងារ។ លោក​បន្ត​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ឱ្យ​កម្មករ​ប្រកបដោយ​តម្លាភាព ដើម្បី​កុំ​ឱ្យ​មាន​ការ​រិះគន់​ពី​ពលរដ្ឋ។

លោក អាត់ ធន់៖ «ខ្ញុំ​គិត​ថា ដើម្បី​ឱ្យ​កម្មករ​និយោជិក​ទទួល​បាន​យុត្តិធម៌ ទទួល​បាន​សេវាកម្ម​ដោះស្រាយ​ឱ្យ​បាន​ល្អ​ដាច់ខាត ត្រូវ​តែ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​មើល​បទដ្ឋាន​ផ្សេងៗ ហើយ​អនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព និង​ពេញ​លេញ​ដើម្បី​ធានា​កុំ​ឱ្យ​និយោជក និង​ជនខិលខូច​មាន​ឱកាស​ធ្វើ​បាប​ដល់​កម្មករ​និយោជិក»

អ្នក​ឃ្លាំមើល​បញ្ហា​សិទ្ធិ​ការងារ​លើក​ឡើង​ថា ការ​គោរព​សិទ្ធិ និង​សេរីភាព​សហជីព នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​បន្ត​ធ្លាក់​ចុះ​ខ្លាំង ស្រប​ពេល​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​ការងារ​ដែល​ជា​អាណាព្យាបាល​ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ​វិវាទ​នេះ លំអៀង​ទៅ​រក​ថៅកែ​ក្រុមហ៊ុន ជា​ជាង​រក​ដំណោះ​ស្រាយ​ជូន​កម្មករ ឬ​ក្រុម​សហជីព​ឱ្យ​បាន​ត្រឹម​ត្រូវ។

កាល​ពី​ចុង​ឆ្នាំ​២០២៣ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ចំនួន ១២ស្ថាប័ន បាន​ដាក់​លិខិត​ទៅ​ក្រសួង​ការងារ ដើម្បី​ស្នើ​សុំ​ឱ្យ​ក្រសួង​ការងារ​ពិនិត្យ​ឡើង​វិញ នូវ​ចំណុច​មួយ​ចំនួន ដែល​រឹតត្បិត​ទៅ​ដល់​សេរីភាព​សហជីព ការ​រំលោភ​សិទ្ធិ​ការងារ និង​ការ​គំរាម​កំហែង​លើ​ថ្នាក់​ដឹកនាំ​សហជីព​ រហូតដល់​មេដឹកនាំ​សហជីព​ខ្លះ ជាប់​បណ្ដឹង​នៅ​តុលាការ និង​ខ្លះ​ទៀត ជាប់​ពន្ធនាគារ​ដល់​បច្ចុប្បន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles