ដោយ សេក បណ្ឌិត
2024.06.12
RFA

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង។ រូប៖ គេហទំព័រក្រសួងព័ត៌មាន
ជនជាតិដើមភាគតិចសួយជាង ៣០០គ្រួសាររស់នៅខេត្តកំពង់ស្ពឺស្នើជាថ្មីទៀត ឱ្យរដ្ឋាភិបាលពន្លឿនចុះបញ្ជីដីសមូហភាពសហគមន៍ភ្នំវិហារ ដើម្បីផ្តល់លទ្ធភាពឱ្យពលរដ្ឋ ការពារព្រៃឈើសល់ចុងក្រោយនៅកៀកនឹងភូមិកំណើតរបស់ពួកគាត់ឱ្យគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ។
ជនជាតិដើមភាគតិចសួយទាំងនោះ រស់នៅភូមិជំនាប់ និងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ បារម្ភថា ប្រសិនបើរដ្ឋាភិបាលមិនពន្លឿនចុះបញ្ជីដីសមូហភាពភ្នំវិហារនោះទេ ព្រៃអភិរក្សមួយនេះនឹងបាត់បង់ទាំងស្រុងនៅពេលដ៏ខ្លីខាងមុខនេះ ដោយសារសកម្មភាពកាប់ព្រៃរានយកដី ធ្វើជាកម្មសិទ្ធិ ដោយក្រុមអ្នកមានលុយមានអំណាច ឃុបឃិតជាមួយអាជ្ញាធរខិលខូច។
តំណាងសហគមន៍ លោកស្រី កែប អឹម ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ មិថុនាថា ដើមឈើធំៗឋិតក្នុងព្រៃសហគមន៍ភ្នំវិហារ បានបាត់បង់ទាំងស្រុងហើយបច្ចុប្បន្ននៅសល់ដើមឈើតូចៗ នៅតែទទួលរងការឈូសឆាយលួចធ្វើប្លង់កម្មសិទ្ធិជាបន្តបន្ទាប់។
លោកស្រីបញ្ជាក់ថា ព្រៃសហគមន៍នេះ ជាអាយុជីវិតរបស់ពលរដ្ឋជនជាតិដើមសួយ និងជាអត្តសញ្ញាណភូមិកំណើតរបស់ពួកគាត់ មានព្រៃភ្នំ កន្លែងរកអនុផលព្រៃឈើ និង ព្រៃជំនឿដែលអ្នកស្រុកធ្វើពិធីសែនព្រេន ជារៀងរាល់ឆ្នាំ។
លោកស្រីអំពាវនាវឱ្យរដ្ឋាភិបាលពន្លឿនបោះបង្គោលកំណត់ព្រំដីសហគមន៍បណ្ដោះអាសន្ន ហើយរួមគ្នាដាំដើមឈើប៉ះប៉ូវកន្លែងរេចរឹលឡើងវិញ។
លោកស្រី កែប អឹម៖ «ផ្តល់ប្រយោជន៍ដល់សហគមន៍ខ្ញុំការពារព្រៃឈើឱ្យបានគង់វង្ស ឱ្យខ្ញុំងាយស្រួលអាស្រ័យផល រកផ្សិត ដំឡូង រកក្ដួចព្រោះក្ដួច និងដំឡូងច្រើនណាស់។ បន្លែច្រើនណាស់ ផ្សិតដុះគគោកនាំគ្នាទៅដករៀងរាល់ឆ្នាំ ទៅដកផ្សិតយកមកលក់»។
កាលពីសប្តាហ៍មុន ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ និងស្ថាប័នពាក់ព័ន្ធបានចុះវាយតម្លៃជនជាតិដើមភាគតិចសួយ រស់នៅតំបន់នោះ ដើម្បីសិក្សាពីលទ្ធភាពចុះបញ្ជីស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិច ស្របតាមលក្ខន្តិកៈចុះបញ្ជីដីសមូហភាពសហគមន៍។
តំណាងសហគមន៍ លោកស្រី កែប អឹម បន្ថែមថា ឈ្មួញម្នាក់ឈ្មោះ តាំង ស៊ីផេង បានលួចធ្វើប្លង់រឹង និងឈូសឆាយរំលោភដីព្រៃសហគមន៍ទំហំជាង ៣០ ហិកតារ កាលពីឆ្នាំ ២០២០ បង្កឱ្យប៉ះពាល់តំបន់អភិរក្សនេះ។
រីជនជាតិដើមភាគតិចសួយជាង ៣រយនាក់ (៣០០) បានលើកគ្នាតវ៉ា ២ ដងមកហើយ ដើម្បីស្នើឱ្យអាជ្ញាធរបញ្ឈប់សកម្មភាពឈូសឆាយព្រៃនេះ ក៏ប៉ុន្តែមិនត្រឹមតែគ្មានដំណោះស្រាយទេ ពលរដ្ឋ ៦នាក់ បែរជាជាប់បណ្តឹងនៅតុលាការ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បាននៅឡើយទេ នៅថ្ងៃទី១១ មិថុនា។ រីឯឈ្មួញម្នាក់ឈ្មោះ តាំង ស៊ីផេង ដែលអ្នកភូមិចោទថា ឈូសឆាយដីព្រៃសហគមន៍ក៏មិនទាន់អាចទាក់ទង សុំការបំភ្លឺបានដែរ នៅថ្ងៃដដែលនេះ។
ឆ្លើយតបរឿងនេះមេឃុំសង្កែសាទប លោក ណន សារុន ប្រាប់វិទ្យុអាស៊ីសេរីថា លោកគាំទ្រប្រសិនបើសហគមន៍ភ្នំវិហារ បានចុះបញ្ជីសមូហភាព ដើម្បីរក្សាតម្លៃអត្តសញ្ញាណជនជាតិដើមនិងស្ដារធនធានធម្មជាតិឡើងវិញ។
លោកថា បច្ចុប្បន្នដីព្រៃសហគមន៍នៅសល់ច្រើន ឋិតក្នុងតំបន់ភ្នំដែលសហគមន៍ខំរក្សាទុកជាប្រយោជន៍សមូហភាពដោយគ្មានការកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិជាបន្តទៀតនោះឡើយ។
លោក ណន សារុន៖ «ថ្នាក់ឃុំ ប្រសិនជាថ្នាក់ជាតិសម្រេចយ៉ាងម៉េច ខ្ញុំនឹងសម្រេចបាន គឺខ្ញុំអនុវត្តតាម។ ថ្នាក់ឃុំអត់មានពាក់ព័ន្ធដីធ្លីអត់មានចែកចាយបានទេ។ បើថ្នាក់ជាតិសម្រេចយ៉ាងម៉េចៗ ខ្ញុំសាទរពាក់ព័ន្ធនឹងដីធ្លីហ្នឹង»។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា រដ្ឋាភិបាលគួរតែពន្លឿនចុះបញ្ជីដីសមូហភាពសហគមន៍ជូនជនជាតិដើមភាគតិចសួយ ដើម្បីរក្សាតម្លៃអត្តសញ្ញាណជនជាតិដើម និងអភិរក្សធនធានធម្មជាតិបន្សល់ចុងក្រោយឱ្យគង់វង្ស។
លោកយល់ថា ជនជាតិដើមភាគតិចនឹងមានជីវភាពធូរធារ ហើយអាចនឹងកាត់បន្ថយធ្វើចំណាកស្រុក ប្រសិនបើព្រៃឈើនៅក្បែរលំនៅឋានពួកគាត់គង់វង្សល្អ។
លោក ប៉ែន ប៊ុណ្ណារ៍៖ «ធំបំផុតគឺរក្សាអត្តសញ្ញាណជនជាតិដើមភាគតិច ព្រោះបងប្អូនជនជាតិដើមភាគតិចរស់នៅកម្ពុជា ការទទួលបានដី ទទួលបានរបៀបប្រពៃណី អនុញ្ញាតប្រពៃណីចម្ការវិលជុំ ឬរក្សាអត្តសញ្ញាណរបស់ពួកគាត់ យូរអង្វែង ក្រៅពីទទួលបានកម្មសិទ្ធិសមូហភាពទាំងអស់ហ្នឹង»។
ព្រៃសហគមន៍ភ្នំវិហារមានផ្ទៃដីជាង ១ ពាន់ ហិកតារ (១០៦០) ឋិតក្នុងភូមិចំនួន ២ គឺភូមិជំនាប់ និងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ដែលអ្នកភូមិបានស្នើសុំចុះបញ្ជីសមូហភាពកាលពីឆ្នាំ ២០១៦។
ព្រៃអភិរក្សនេះ ជាជង្រុកអនុផលព្រៃឈើសំបូរបែប របស់ជនជាតិដើមសួយ និងជាកន្លែងគោរពបូជាអារក្សអ្នកតាភ្នំ ដោយមានទឹកអូរធម្មជាតិសំបូរត្រី ទឹកផុសចេញពីល្អាងភ្នំ និងព្រៃជំនឿដែលអ្នកស្រុកធ្វើពិធីសែនព្រេន ជារៀងរាល់ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។