ដោយ សេក បណ្ឌិត
2024.06.12
RFA

អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ។ រូប៖ គេហទំព័ររដ្ឋបាលខេត្តកណ្ដាល
ប្រជាពលរដ្ឋនៅខេត្តកណ្ដាល អះអាងថា អាជ្ញាធរសម្រេចឲ្យក្រុមហ៊ុន ឈ្មោះ ភឺន ផល្លា ដែលបានឈូសឆាយនិងហ៊ុមព័ទ្ធយកដីបឹងឡូលេខ៦ បញ្ឈប់សកម្មភាពឈូសឆាយទាំងនោះ ដោយសារក្រុមហ៊ុនមួយនេះមិនមានច្បាប់អនុញ្ញាតនោះទេ។ ប៉ុន្តែពលរដ្ឋចង់ឲ្យអាជ្ញាធរមានវិធានការច្បាប់ ឬដាក់ពិន័យទៅលើក្រុមហ៊ុនមួយនេះឲ្យបានតឹងរ៉ឹង។ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ថា នឹងឲ្យអាជ្ញាធរចាត់វិធានការតាមច្បាប់។
ក្រោយប្រជាពលរដ្ឋនៅឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ផ្ទុះការតវ៉ា និងផ្សព្វផ្សាយជាសាធារណៈរយៈពេលជាង១០ថ្ងៃកន្លងមក អាជ្ញាធរសម្រេចឲ្យក្រុមហ៊ុន ភឺន ផល្លា បញ្ឈប់ការឈូសឆាយ និងហ៊ុមព័ទ្ធយកដីបឹងឡូលេខ៦ តទៅទៀត ដោយអាជ្ញាធរសំអាងថា ក្រុមហ៊ុនមួយនេះ មិនមានភាពស្របច្បាប់នោះទេ។ ទោះជាយ៉ាងណាពលរដ្ឋចង់ឃើញអាជ្ញាធរចាត់វិធានការទៅលើក្រុមហ៊ុន ភឺន ផល្លា និងឈប់តាមធ្វើទុក្ខបុកម្នេញទៅលើពលរដ្ឋដែលធ្លាប់ចេញតវ៉ាកន្លងមក។ប្រជាពលរដ្ឋនៅឃុំព្រែកទម្លាប់ លោក សាន ង៉ូវ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែមិថុនាថា អាជ្ញាធរសម្រេចឲ្យក្រុមហ៊ុន ភឺន ផល្លា ដកគ្រឿងចក្រចេញពីបរិវេណដីបឹងឡូលេខ៦ និងមិនឲ្យឈូសឆាយហ៊ុមព័ទ្ធយកដីបឹងធម្មជាតិមួយនេះទៀតនោះទេ។ ទោះជាបែបនេះក្ដី លោកថា ប៉ូលិសប៉ុស្តិ៍នគរបាលព្រែកទម្លាប់ បានបន្តកោះហៅពលរដ្ឋមួយចំនួនដែលបានចេញមុខតវ៉ាបណ្ដេញក្រុមហ៊ុនទៅសាកសួរ ប៉ុន្តែលោកមិនទាន់ដឹងថា ប៉ូលិស សួរនាំរឿងអ្វីនោះទេ។ លោកបន្ថែមថា ពួកលោកមិនបានធ្វើអ្វីខុសច្បាប់នោះទេ ក្រៅពីទៅតវ៉ាឲ្យក្រុមហ៊ុន ភឺន ផល្លា ដកគ្រឿងចក្រចេញនិងទុកដីបឹងឡូលេខ៦ ឲ្យពលរដ្ឋអាស្រ័យផល។
លោក សាន ង៉ូវ៖ «ខ្ញុំទៅតវ៉ានេះគឺជាចំណុចរួចដែលកន្លែងប្រជាពលរដ្ឋគាត់ទៅរកស៊ី អ៊ីចឹងសូមជួយគាំទ្រ និងរកយុត្តិធម៌ឲ្យពួកខ្ញុំផង ពីព្រោះខ្ញុំតវ៉ានេះដើម្បីបឹងរួមហើយផលប្រយោជន៍រួមទាំងអស់គ្នា ទៅតវ៉ាដល់១០០គ្រួសារជាងដល់ពេលកោះហៅ កោះហៅតែពួកខ្ញុំ៣ទៅ ៤នាក់»។
ប្រជាពលរដ្ឋនៅឃុំព្រែកទម្លាប់ សុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ទោះបីអាជ្ញាធរប្រកាសប្រាប់ពលរដ្ឋបែបនេះក្ដី ក៏លោកនៅតែព្រួយបារម្ភខ្លាចអាជ្ញាធរឃុបឃិតគ្នាស្ងាត់ៗជាមួយក្រុមហ៊ុន យកដីបឹងឡូលេខ៦ តាមរបៀបផ្សេង ពីព្រោះកាលដែលប្រកាសនោះពលរដ្ឋដែលរងផលប៉ះពាល់ពិតប្រាកដមិនបានចូលរួមស្ដាប់ និងបញ្ចេញមតិនោះទេ។ លើសពីនេះ លោកថា ដីបឹងធម្មជាតិដែលពលរដ្ឋអាស្រ័យផលចំនួន ៣កន្លែងនៅតំបន់ ត្រូវបានរដ្ឋាភិបាលលក់ឲ្យទៅក្រុមហ៊ុនឯកជន ថែមទាំងហាមឃាត់ពលរដ្ឋមិនឲ្យចូលទៅអាស្រ័យផលនៅតំបន់នោះទៀតទេ។
ពលរដ្ឋសុំមិនបញ្ចេញឈ្មោះ៖ «កន្លែងទាំងអស់នេះសម្រាប់រាស្ត្រសម្រាប់ប្រជាជនរកចិញ្ចឹមជីវិត មិនមែនតិចទេតាំងពីពលរដ្ឋខេត្តព្រៃវែង កំពង់ភ្នំ ច្រើនណាស់មករកត្រីនៅទីនេះពីព្រោះបឹងនេះវាធំ»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេឃុំព្រែកទម្លាប់ លោក នី សារី បានទេ នៅថ្ងៃទី១១ ខែមិថុនា ដោយសារទូរស័ព្ទចូលច្រើនដងតែគ្មានអ្នកទទួល។ ទោះជាយ៉ាងណា អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ឲ្យដឹងយ៉ាងខ្លីថា លោកបានឲ្យអាជ្ញាធរថ្នាក់ស្រុកចុះត្រួតពិនិត្យ និងអនុវត្តទៅតាមច្បាប់រួចហើយ។
លោក គង់ សោភ័ណ្ឌ៖ «ចាំមើលឲ្យអាជ្ញាធរថ្នាក់ស្រុកចុះត្រួតពិនិត្យ និងអនុវត្តទៅតាមច្បាប់និយាយមួយមាត់យ៉ាងខ្លី សុំឲ្យអាជ្ញាធរនិងសមត្ថកិច្ចអនុវត្តទៅតាមច្បាប់»។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី សាទរចំពោះវិធានការនេះ ប៉ុន្តែលោកថា អាជ្ញាធរត្រូវតែអនុវត្តច្បាប់ឲ្យតឹងរ៉ឹងទៅលើក្រុមហ៊ុនទាំងឡាយណាដែលលួចធ្វើសកម្មភាពឈូសឆាយ ដោយមិនមានច្បាប់អនុញ្ញាត។ លោកបន្ថែមថា បើទោះបីក្រុមហ៊ុនទាំងនោះមានលិខិតអនុញ្ញាតក៏ដោយ អាជ្ញាធរត្រូវតែសិក្សាពីផលប៉ះពាល់ឲ្យបានច្បាស់លាស់ជាមុខសិន មុននឹងឲ្យធ្វើការឈូសឆាយ ឬហ៊ុមព័ទ្ធ។
លោក យិន ម៉េងលី៖ «អ៊ីចឹងអាជ្ញាធរត្រូវតែអនុវត្តឲ្យបានតឹងរ៉ឹងជាមួយក្រុមហ៊ុន ទោះបីជាក្រុមហ៊ុនប្រភេទណាក៏ដោយ ត្រូវពិនិត្យមើលវិធានការច្បាប់ ហើយត្រូវតែចាត់វិធានការច្បាប់ប្រសិនបើក្រុមហ៊ុនមានការរំលោភទៅលើច្បាប់»។
កាលពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ប្រជាពលរដ្ឋចំនួន៣ភូមិ គឺភូមិស្ពានដែក ព្រែកបាក់ និងភូមិព្រែកតូច បានប្រមូលគ្នាតវ៉ាបណ្ដេញក្រុមហ៊ុនឈ្មោះភឺន ផល្លា មិនឲ្យដាក់គ្រឿងចក្រឈូសឆាយ និងហ៊ុមព័ទ្ធដីបឹងឡូលេខ៦ ដែលពួកគេកំពុងអាស្រ័យផលសម្រាប់ចិញ្ចឹមជីវិត។ បឹងឡូលេខ៦ មានទំហំទទឹង៥គីឡូម៉ែត្រ និងបណ្ដោយ៨គីឡូម៉ែត្រ ហើយបឹងមួយនេះត្រូវរដ្ឋាភិបាលចាស់កាត់ឆ្វៀលឲ្យពលរដ្ឋអាស្រ័យផល ចាប់តាំងពីឆ្នាំ២០១២មក និងមានប្រជាពលរដ្ឋចំនួន២ឃុំ ក្នុងនោះមាន ឃុំព្រែកទម្លាប់ និងឃុំកំពង់ភ្នំ កំពុងអាស្រ័យផលរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។