កម្ពុជា
កម្ពុជា-បរិស្ថាន
12/06/2024 – 11:01
ដោយ៖ សាំ ឧត្តម
RFI
នៅថ្ងៃទី១០ ខែមិថុនា រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការដ្ឋានសាងសង់របស់ក្រុមហ៊ុនចិន យូណាន ជីងចេន ដែលបានចាក់ថ្មចូលក្នុងសមុទ្រនៅតាមបណ្តោយឆ្នេរអូរត្រេះ។ ការផ្អាកជាបណ្តោះអាសន្ននេះធ្វើឡើង ក្រោយអភិបាលរងខេត្តព្រះសីហនុ លោក អ៊ី សុខឡេង ចុះពិនិត្យទីតាំងសាងសង់ខាងលើ និងបន្ទាប់ពីមានប្រតិកម្មយ៉ាងព្រោងព្រាតពីសាធារណជន ពិសេសភ្ញៀវទេសចរ។ ទន្ទឹមនឹងផ្អាកជាបណ្តោះអាសន្ន រដ្ឋបាលខេត្តព្រះសីហនុក៏តម្រូវឱ្យក្រុមហ៊ុនយូណាន ជីងចេនកាយថ្មចេញពីឆ្នេរសមុទ្រ និងត្រូវជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ។
អាជ្ញាធរខេត្តព្រះសីហនុតម្រូវឱ្យក្រុមហ៊ុន យូណាន ជីងចេន កាយថ្មចេញពីឆ្នេរសមុទ្រអូរត្រេះ
លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី១២ មិថុនាថា ក្រុមហ៊ុនយូណាន ជីងចេន ខូអិលធីឌី ពុំមានលិខិតអនុញ្ញាតឱ្យបើកការដ្ឋានសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រនៅតាមបណ្តោយឆ្នេរសមុទ្រអូរតេ្រះឡើយ។
តាមលោកឌីម៉ង់ ក្រុមហ៊ុននេះទើបទទួលបានការគាំទ្រជាគម្រោងអភិវឌ្ឍន៍ល្អពីរដ្ឋបាលខេត្ត ពោលមិនមែនជាការអនុញ្ញាតឱ្យសាងសង់នៅឡើយទេ។ អភិបាលរងខេត្តព្រះសីហនុរូបនេះដដែលបន្តថា រដ្ឋបាលខេត្តបានសម្រេចផ្អាកជាបណ្តោះអាសន្នមិនឱ្យក្រុមហ៊ុនបន្តការសាងសង់ និងតម្រូវឱ្យក្រុមហ៊ុនទៅស្នើសុំគោលការណ៍ពីរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍លើដីឆ្នេរ។
តែលោក ឡុង ឌីម៉ង់ទទួលស្គាល់ថា គម្រោងអភិវឌ្ឍន៍នេះជាផលិតផលទេសចរណ៍មួយដែលអាចជួយទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តក្នុងខេត្តព្រះសីហនុបានច្រើនជាងមុន។
សូមជម្រាបជូនថា កាលពីថ្ងៃទី០៨ ឧសភា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតឯកភាពលើសំណើសុំអនុញ្ញាតការសាងសង់អាងតន្ត្រីបាញ់ទឹកទំហំជាង៨.៦១២,០០ម៉ែត្រក្រឡា និងរបាំងការពាររលកសមុទ្រប្រវែងជាង៤២០,០០ម៉ែត្ររបស់ក្រុមហ៊ុនយូណាន ជីងចេន។ តែលិខិតនេះពុំមែនជាលិខិតផ្តល់សិទ្ធិឱ្យក្រុមហ៊ុនសាងសង់ទេ ពោលជាលិខិតដែលក្រសួងរៀបចំដែនដីតម្រូវឱ្យតំណាងក្រុមហ៊ុនយូណានត្រូវស្នើសុំកិច្ចសហការពីមន្ទីររៀបចំដែនដីខេត្តជាបន្តទៀត។
ការងារដែលក្រុមហ៊ុនត្រូវសហការជាមួយមន្ទីររៀបចំដែនដីខេត្តគឺការកំណត់ទីតាំងសាងសង់អាងតន្រី្តបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ រួមទាំងស្នើសុំលិខិតអនុញ្ញាតសាងសង់។ បន្ថែមពីនេះ ក្រុមហ៊ុនក៏ត្រូវសិក្សាពីផលប៉ះពាល់ផ្នែកបរិស្ថាន និងសិក្សាពីគម្រោងប្លង់ឱ្យបានតឹ្រមត្រូវស្របតាមលក្ខណៈបច្ចេកទេស រួមនឹងអត្តសញ្ញាណល្អឯកដោយផ្តល់សោភ័ណភាពដល់តំបន់ឆ្នេរសមុទ្រសម្រាប់ទាក់ទាញភ្ញៀវទេសចរ។
គួរបញ្ជាក់ថា តំបន់ឆ្នេរដែលក្រុមហ៊ុន យូណាន ជីងចេន ខូអិលធីឌីបានចាក់ថ្មចូល និងពង្រាយថ្មស្ថិតក្នុងភូមិ៦ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕