ដោយ សេក បណ្ឌិត
2024.06.13
RFA
កុមារក្នុងរូបនេះ កំពុងដើរលក់នំចំណី តាមហាងក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ពីពលរដ្ឋ
មន្ត្រីសង្គមស៊ីវិល និងយុវជនរស់នៅខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរខេត្តនេះលុបបំបាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់កុមារ និងអនាគតសង្គមជាតិ។
សំណើនេះ ធ្វើឡើងដោយសារពួកគេមើលឃើញថា កុមារមួយចំនួននៅក្នុងខេត្តសៀមរាប នៅតែបន្តរងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។
មន្ត្រីសង្គមស៊ីវិល និងយុវជនរស់នៅខេត្តសៀមរាបមើលឃើញថា សព្វថ្ងៃនេះមានកុមារជាច្រើននៅខេត្តនេះ ត្រូវបានគេប្រើឱ្យលក់វត្ថុអនុស្សាវរីយ និងចំណីអាហារ ជូនភ្ញៀវទេសចរនៅតាមតំបន់អង្គរ នាពេលថ្ងៃ ហើយនៅពេលយប់ពួកគាត់ ត្រូវគេបង្ខំឱ្យដើរលក់ចំណីអាហារ ពីតំបន់មួយ ទៅតំបន់មួយទៀត នៅតាមផ្សាររាត្រី ផាប់ស្ទ្រីត (Pub Street) និងភោជនីយដ្ឋាន រហូតដល់យប់ជ្រៅ។
យុវជនរស់នៅខេត្តសៀមរាប លោក នង ធារ៉ា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ មិថុនាថា បញ្ហានេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់កុមារ ដោយសារមានក្មេងៗ ខ្លះ ព្យាយាមលក់ចំណីអាហារ នៅតាមភោជនីយដ្ឋាន និងទីសាធារណៈ រហូតដល់ម៉ោង ១២យប់។ លោកបារម្ភថា ទង្វើនេះនឹងប៉ះពាល់ដល់សតិអារម្មណ៍របស់កុមារ ដោយសារពួកគាត់គេងមិនគ្រប់គ្រាន់។
លោក នង ធារ៉ា៖ «បាត់បង់ក្មេងក្នុងការសិក្សារៀនសូត្រ ក្មេងខ្លះព្យាយាមលក់ដល់ម៉ោង ១១ និង១២ យប់ មិនដឹងថា គាត់បានទៅរៀនអត់ គាត់មិនបានដេកគ្រប់គ្រាន់»។
យុវជនរូបនេះបន្ថែមថា ការបង្ខំឱ្យកុមារដើរលក់ដូរជាច្រើនម៉ោងដូច្នេះ អាចនឹងមានការចាត់តាំងច្បាស់លាស់ ដើម្បីប្រយោជន៍អាជីវកម្ម កេងប្រវ័ញ្ចកម្លាំងពលកម្មកុមារជាច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរនៅមិនទាន់មានវិធានការច្បាស់លាស់នៅឡើយទេ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បាននៅឡើយទេ នៅថ្ងៃទី១២ មិថុនា ដោយសារទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
តែយ៉ាងណាក្ដី រដ្ឋបាលខេត្តសៀមរាបបានបង្ហោះសារតាមទំព័រហ្វេសប៊ុក (Facebook) នៅថ្ងៃទី១២ មិថុនា ដោយអបអរសាទរទិវាពិភពលោកប្រឆាំងពលកម្មកុមារ ហើយសរសេរថា កុមារមានសិទ្ធិ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលការការពារ សិទ្ធិក្នុងការចូលរួម និងសិទ្ធិទទួលបានការអភិវឌ្ឍ។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងការិយាល័យអង្គការលីកាដូ (LICADHO) ប្រចាំខេត្តសៀមរាប លោក អ៊ិន គង់ជិត សង្កេតឃើញថា អាជ្ញាធរមិនបានជួយដោះស្រាយ និងទប់ស្កាត់ការកេងកម្លាំងពលកម្មកុមារឱ្យបានពេញលេញនៅឡើយទេ ដែលជាដើមចម នាំឱ្យមានការរំលោភសិទ្ធកុមារ។ ប្រការនេះលោកថា កុមារមួយចំនួនអាចនឹងមានបញ្ហាសុខភាព និងខកខានមិនបានរៀនសូត្រ ៖
លោក អ៊ុន គង់ជិត៖ «អាជ្ញាករណាដែលប្រើប្រាស់កម្លាំងពលកម្មកុមារហួសហេតុចូលដល់ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារហើយ បើមានករណីនេះ ត្រូវមានវិធានការជាក់លាក់ និងហ្មត់ចត់។ អាជ្ញាធរខេត្តត្រូវគិតគូរ និងពិនិត្យករណីនេះដោយត្រូវពិនិត្យលើអាជីវកម្មទាំងឡាយណា ដែលប្រើប្រាស់ពលកម្មកុមារ»។
កាលពីឆ្នាំ ២០១៩ ក្រសួងការងារបានដាក់ចេញនូវវិធានការហាមឃាត់ដាច់ខាតរាល់ទម្រង់នៃការកេងប្រវ័ញ្ចពលកម្មកុមារ និងការបង្ខំឱ្យកុមារធ្វើការ ដើម្បីដោះស្រាយបំណុល ។
ក្រសួងព្រមានថា ប្រសិនបើម្ចាស់អាជីវកម្មទាំងឡាយណាខកខានអនុវត្តតាមការណែនាំនឹងត្រូវទទួលរងការផាកពិន័យ ឬអាចឈានដល់ការបិទអាជីវកម្ម ឬអាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ។
ក៏ប៉ុន្តែមន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា សារព្រមានរបស់ក្រសួងគ្មានប្រសិទ្ធភាពនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។