ដោយ មាន ឫទ្ធិ
2024.07.15
RFA

កម្មករកាត់ដេររុំក្បាលដោយក្រណាត់ពណ៌ក្រហមសរសេរពាក្យថា «ជីវិតថ្លៃថ្នូរ» ក្នុងទិវាសិទ្ធិនារីអន្តរជាតិ នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤។ រូប៖ AP
កម្មករធ្វើការនៅរោងចក្រកាត់ដេរមួយចំនួនលើកឡើងថា ពួកគាត់នឹងជួបវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA បន្ថែមទៀត ។ ពួកគាត់បារម្ភថា ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែបន្តរំលោភសិទ្ធិមនុស្ស នោះកម្មកររាប់ម៉ឺននាក់នឹងបាត់បង់ការងារ ខណៈបច្ចុប្បន្ននេះ កម្មករមួយចំនួនកំពុងប្រឈមនឹងការព្យួរកិច្ចសន្យាការងារនៅកន្លែងធ្វើការ ហើយរោងចក្រខ្លះទៀតបានកាត់បន្ថយម៉ោងធ្វើការ។
កម្មកររោងចក្រមួយចំនួនជំរុញឱ្យរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាព គោរពសិទ្ធិមនុស្ស សិទ្ធិការងារ និងធ្វើឱ្យបរិយាកាសនយោបាយនៅកម្ពុជាមានភាពល្អប្រសើរដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមពីសហភាពអឺរ៉ុប។
ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រខេនស្ព័តស៊ូ (Can Sports Shoes) ខេត្តកំពង់ឆ្នាំងលោក កាន សុខវី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ ខែកក្កដា ថា បច្ចុប្បន្នកម្មករកំពុងប្រឈមជីវភាពក្រីក្របន្ទាប់ពីជួបវិបត្តិជំងឺកូវីដ១៩ និងបញ្ហាអត់ការងារធ្វើចាប់តាំងពីសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ។ លោកបន្ត ថាប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធEBA បន្ថែមទៀត នោះនឹងប៉ះពាល់ធ្ងន់ធ្ងរទៅដល់ជីវភាពរបស់ពួកគាត់ ដូច្នេះហើយរដ្ឋាភិបាលគួរតែពិចារណាដោះលែងសកម្មជនបរិស្ថានឱ្យមានសេរីភាពឡើងវិញ។
លោក កាន សុខវី៖ «និយាយរួមការព្រួយបារម្ភរបស់ខ្ញុំគឺខ្លាំងហេតុអីបានខ្ញុំថា ខ្លាំងដោយសារខ្ញុំខ្លាចកម្មករយើងបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល ហើយនិងបាត់បង់ប្រាក់ចំណាយប្រចាំខែ ប្រចាំថ្ងៃរបស់គាត់»។
ស្រដៀងគ្នានេះ ប្រធានសហព័ន្ធសហជីពសេរីឯករាជ្យប្រចាំនៅរោងចក្រ បូវឃើរ ហ្គាមេន (Bowker Garment Factory) លោក សយ ចន្ធូ យល់ឃើញថា រដ្ឋាភិបាលគួរតែគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារតាមការចង់បានរបស់សហភាពអឺរ៉ុប ពីព្រោះការធ្វើឱ្យមានការគោរពសិទ្ធិមនុស្សពេញលេញគឺមិនមែនជារឿងពិបាកនោះទេ។ លោកបន្តថា រដ្ឋាភិបាលគួរតែប្រញាប់ដោះស្រាយបញ្ហានេះ មុននឹងកម្ពុជារងទណ្ឌកម្មបន្ថែម ដែលអាចធ្វើឱ្យក្រុមហ៊ុនវិនិយោគប្ដូរទីតាំងទៅប្រទេសផ្សេង ដែលនាំឱ្យខាតសេដ្ឋកិច្ចជាតិ។
លោក សយ ចន្ធូ៖«ជាក់ស្ដែងយើងឃើញប៉ះហើយប្រសិនបើគាត់ធ្វើការរហូតគាត់អត់ថែមម៉ោង។ ឧទាហរណ៍ថា ឥឡូវបើអត់ថែមម៉ោង គាត់អាចត្រឹម២០០ដុល្លារជាង ហើយបើថា ថែមម៉ោងគាត់អាចឡើងដល់ ៣០០ដុល្លារ តែករណីរោងចក្រខ្លះកន្លងមកនេះមានព្យួរ ស៊ី៥០ភាគរយទៅ ខែខ្លះគាត់បើកបាន១០០ដុល្លារ ។ អ៊ីចឹងទៅ១០០ដុល្លារអ្វីដែលគាត់លើកឡើងគាត់ថា អ្នកខ្លះផ្ទះជួលផងថ្លៃទឹក ថ្លៃភ្លើងដល់អ៊ីចឹង វាអត់គ្រប់អ៊ីចឹងគាត់ខ្វះខាតហើយកន្លែងខ្លះគាត់បង់ធនាគារទៀត»។
ក្ដីបារម្ភរបស់កម្មករទាំងនេះ កើតឡើងក្រោយពីសហភាពអឺរ៉ុបកាលពីថ្ងៃទី០៤ ខែកក្កដា បានរម្លឹកកម្ពុជាសាជាថ្មី អំពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយពីកម្ពុជា កាលពីពេលកន្លងទៅដោយសារតែរដ្ឋាភិបាលបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ។ សហភាពអឺរ៉ុបនៅតែព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្សជារួមនៅកម្ពុជា ជាពិសេសករណីដែលអាជ្ញាធរនៃរដ្ឋាភិបាលកម្ពុជាបន្ត ធ្វើទុក្ខបុកម្នេញទៅលើសកម្មជនសិទ្ធិមនុស្ស និងនយោបាយនៅក្នុងនោះមានដូចជា ការកាត់ទោសឱ្យសកម្មជនបរិស្ថាន១០នាក់ ជាប់ពន្ធនាគារចន្លោះពី៦ទៅ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» ខណៈពួកគេ៥នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំឃាំងនៅតាមពន្ធនាគារតាមខេត្តផ្សេងៗគ្នា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន និងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៤ ខែកក្កដា។
ជុំវិញបញ្ហានេះ ប្រធានអង្គការសង់ត្រាល់ (CENTRAL) លោក មឿន តុលា យល់ឃើញថា កម្ពុជានៅពឹងផ្អែកនៅលើប្រព័ន្ធអនុគ្រោះ EBA របស់សហភាពអឺរ៉ុប ដើម្បីនាំទំនិញទៅលក់នៅសហភាពអឺរ៉ុប ហើយការទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ បានទាក់ទាញអ្នកវិនិយោគទាំងវិស័យកាត់ដេរសំលៀកបំពាក់ រោងចក្រឧស្សាហកម្មផ្សេងទៀតឱ្យមកបណ្ដាក់ទុននៅកម្ពុជា។ លោកចង់ឃើញរដ្ឋាភិបាលអនុវត្តការស្នើសុំរបស់សហភាពអឺរ៉ុបក្នុងធ្វើឱ្យប្រសើរឡើងវិញនូវសិទ្ធិពលរដ្ឋ និងនយោបាយ។
លោក មឿន តុលា៖«យើងចង់ឃើញប្រព័ន្ធអនុគ្រោះពន្ធនៅផ្ដល់ ឱ្យឬក៏ចង់ឃើញសហគមន៍អឺរ៉ុបផ្ដល់ប្រព័ន្ធអនុគ្រោះ១០០ភាគរយឡើងវិញ។ ប៉ុន្តែយ៉ាងណារដ្ឋាភិបាលគាត់គួរតែពិចារណាធ្វើឱ្យប្រសើរឡើងនូវសេរីភាពបញ្ចេញមតិ តួនាទីរបស់អង្គការសង្គមស៊ីវិល សេរីភាពសហគមន៍ សេរីភាពសហជីព អាហ្នឹងដែលជាការលើកឡើងកន្លងមករបស់សហគមន៍អឺរ៉ុបហ្នឹង ជាពិសេសសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ»។
សហភាពអឺរ៉ុបបានកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA លើកទី១ពីកម្ពុជា កាលពីខែសីហា ឆ្នាំ២០២០ ចំនួន២០ភាគរយ ដែលបណ្ដាលឱ្យប៉ះពាល់ដល់កម្មករប្រមាណ៧០ម៉ឺននាក់ដោយផ្ទាល់ និងប៉ះពាល់ពលរដ្ឋដោយប្រយោលប្រមាណ៣លាននាក់។
របាយការណ៍របស់សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ២០២៣បង្ហាញថា មានរោងចក្រចំនួន១០បានបិទទ្វារ រោងចក្រចំនួន២០បានព្យួរការងារកម្មករ ហើយរោងចក្រប្រមាណ៦០ផ្សេងទៀតបានកាត់បន្ថយកម្មករ និងរោងចក្រប្រមាណ៨០ភាគរយគ្មានវត្ថុធាតុដើមសម្រាប់កាត់ដេរ។ របាយការណ៍បញ្ជាក់ថា រោងចក្រខ្លះបានព្យួរកិច្ចសន្យាការងារកម្មកររាប់ពាន់នាក់ ចន្លោះពី២ខែ រហូតដល់៦ខែ ដោយអះអាងថា គ្មានអ្នកបញ្ជាទិញ។ កម្មករដែលត្រូវព្យួរការងារភាគច្រើនត្រូវក្រុមហ៊ុនផ្ដល់ប្រាក់អត្ថប្រយោជន៍ត្រឹម១៥ភាគរយ ឬប្រមាណ៣០ដុល្លានៃប្រាក់ឈ្នួលអប្បបរមាប៉ុណ្ណោះ។
កម្មករបារម្ភថា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញដូចដែលសហភាពអឺរ៉ុប លើកឡើងទេនោះ អឺរ៉ុបនិងប្រទេសលោកសេរី នឹងដាក់ទណ្ឌកម្មលើកម្ពុជាថែមទៀត ហើយកម្មករនឹងបាត់បង់ការងារធ្វើ និងប្រឈមនឹងបំណុលវ័ណ្ឌកថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។