កម្ពុជា
15/07/2024 – 11:28
ដោយ៖ អ៊ឹង ប៊ុនថន
RFI
នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ តុលាការកំពូលបានលើកយកបណ្តឹងសុំនៅក្រៅឃុំរបស់ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិទៅធ្វើការជំនុំជម្រះជាសាធារណៈ។ តែមិនបានប្រកាសលទ្ធផលភ្លាមៗនោះទេ។ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន អះអាងថា លោក ស៊ុន ចន្ធី នៅតែរក្សាឧត្តមគតិដើមរបស់ខ្លួនដដែល បើទោះជាប្រធានគណបក្សប្រឆាំងរូបនេះបានផ្តិតមេដៃលើលិខិតសុំទោស លោក ហ៊ុន ម៉ាណែត នៅក្រោយពេលចាប់ខ្លួនក៏ដោយ។
លោក រ៉ុង ឈុន អះអាងថា លោក ស៊ុន ចន្ធី នៅតែរក្សាឧត្តមគតិដើម
បន្ទាប់ពីបើកសវនាការជាសាធារណៈនៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ តុលាការកំពូលលើកពេលប្រកាសលទ្ធផលលើបណ្តឹងសុំនៅក្រៅឃុំនេះនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។ តែលោក រ៉ុង ឈុនយល់ថា ការបន្តឃុំខ្លួនប្រធានគណបក្សកម្លាំងជាតិរូបនេះមិនសមហេតុផល និងថា អ្វីដែលលោក ស៊ុន ចន្ធី បាននិយាយជាការបញ្ចេញមតិតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ប្រធានគណបក្សប្រឆាំងថ្មីលោក ស៊ុន ចន្ធី ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីបានដាក់ជើងជាន់ទឹកដីកម្ពុជា ក្រោយពីត្រឡប់មកពីបំពេញទស្សនកិច្ចនៅជប៉ុនកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។
បន្ទាប់ពីតុលាការសម្រេចចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» លោក ស៊ុន ចន្ធី ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់។ ក្នុងថ្ងៃទី០៨ ខែមិថុនា បណ្តាញផ្សព្វផ្សាយដែលស្និទនឹងរដ្ឋាភិបាលបានបង្ហោះលិខិតមួយដែលបង្ហាញលោកស៊ុន ចន្ធីសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតអំពីការលើកឡើងរបស់ខ្លួនក្នុងពេលជួបជាមួយពលរដ្ឋខ្មែរនៅប្រទេសជប៉ុនកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ និងដែលសមត្ថកិច្ចចាត់ទុកជាការ «បង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាលកម្ពុជា»។

នៅក្នុងលិខិតសុំទោសលោកហ៊ុន ម៉ាណែត លោក ស៊ុន ចន្ធី បានសម្តែងការសោកស្តាយចំពោះការលើកឡើងខុសឆ្គងដោយអចេតនាទៅលើរដ្ឋាភិបាលកម្ពុជា។ ចំណែកប្រមុខរដ្ឋាភិបាលកម្ពុជាបានបកស្រាយអំពីការចាប់ខ្លួនលោក ស៊ុន ចន្ធី ដោយសារតែមេដឹកនាំគណបក្សប្រឆាំងរូបនេះបានបង្កាច់បង្ខូចលើកម្មវិធីជាតិជំនួយសង្គមធ្វើឱ្យពលរដ្ឋលែងទុកចិត្តរដ្ឋាភិបាល៕