ដោយ ជី វិតា
2024.07.16
RFA

លោក ប្រែង ហ៊ីង ជាជនជាតិដើមភាគតិចកួយ រស់នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាន ខាងមុខតុលាការកំពូល នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ រូបពីពលរដ្ឋ
ជនជាតិដើមភាគតិចកួយ ដែលមានជម្លោះដីធ្លីជាមួយមន្ត្រីយោធា និងបរិស្ថាន នៅខេត្តសៀមរាប ស្នើតុលាការកំពូលឱ្យផ្ដល់យុត្តិធម៌ ក្រោយពីតុលាការជាន់ទាបកាត់ទោសលោកឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ ដោយអះអាងថា លោកមិនបានឈូសឆាយដីរដ្ឋដូចការចោទប្រកាន់នោះទេ មន្ត្រីសង្គមស៊ីវិលលើកឡើងថា តុលាការគួរទម្លាក់ការចោទប្រកាន់លើពលរដ្ឋស្លូតត្រង់ ដែលអាស្រ័យផលលើដីបន្តិចបន្តួចធ្វើជាមុខរបរចិញ្ចឹមជីវិត។
ជនជាតិដើមភាគតិចកួយក ប្រែង ហ៊ីង រស់នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែកក្កដា បានស្នើទៅកាន់តុលាការកំពូលឱ្យផ្ដល់យុត្តិធម៌ដល់រូបលោក ក្រោយតុលាការជាន់ទាបបានកាត់ទោសលោកឱ្យជាប់ពន្ធនាគារចំនួន ៥ឆ្នាំ ប៉ុន្តែទោសព្យួរនៅក្រៅឃុំ និងពិន័យ ១៥លានរៀល ក្រោមបទចោទ «កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ»។
ក្រោយចេញពីបន្ទប់សវនាការ លោក ប្រែង ហ៊ីង ប្រាប់វិទ្យុអាស៊ីសេរីថា ការចោទប្រកាន់របស់មន្ត្រីយោធា និងមន្ត្រីបរិស្ថាននៅខេត្តសៀមរាបថាលោកបានទន្ទ្រានយកដី គឺជារឿងមិនពិត និងមិនសម ហេតុផល។ លោកថា ទីតាំងដី ដែលលោករងការចោទប្រកាន់ថា ឈូសឆាយនោះ គឺជាកេរមរតកម្ដាយលោកចែកឱ្យចាប់តាំងពីឆ្នាំ២០០០ មក។
លោក ប្រែង ហ៊ីង៖«ខ្ញុំទទួលយកអត់បានទេ ព្រោះខ្ញុំអត់យកបាន ចំពោះមន្ត្រីបរិស្ថាន ដែលប្ដឹងខ្ញុំទេ មិនមែនជាការពិតទេ ព្រោះខ្ញុំប្រជាជនស្មោះត្រង់ អត់បានទៅបំផ្លាញព្រៃឈើដូចបរិស្ថានថាទេ គឺខ្ញុំខ្លាចណាស់ច្បាប់។ ខ្ញុំអត់បានទៅទន្ទ្រានទេ ខ្ញុំអត់បានធ្វើអ្វីខុសទេ»។
លោក ប្រែង ហ៊ីង ថា ដីរបស់លោកមានទំហំ ៥ហិកតា ដែលទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំ ខណៈដែលលោកបានអាស្រ័យផលលើដីនេះអស់រយៈពេលជាង ២០ឆ្នាំមកហើយ។
ចំណែកពលរដ្ឋ ដែលមានដីជាប់លោក ប្រែង ហ៊ីង គឺលោកស្រី ធី ធីម លើកឡើងថា លោកស្រី ក៏មិនយល់អំពីមូលហេតុ ដែលមន្ត្រីចោទប្រកាន់លើពលរដ្ឋ ដែលអាស្រ័យផលស្របតាមច្បាប់។ លោកស្រី ស្នើដល់តុលាការផ្ដល់សេរីភាពពេញលេញដល់លោក ប្រែង ហ៊ីង និងស្នើដល់មន្ត្រីខេត្តសៀមរាបអនុញ្ញាតឱ្យពលរដ្ឋអាចអាស្រ័យផលបានដូចធម្មតាវិញ។
ចំណែកសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ដែលមកគាំទ្រ លោក ប្រែង ហ៊ីង កត់សម្គាល់ឃើញថា ការចោទប្រកាន់របស់មន្ត្រីខេត្តសៀមរាបមកលើពលរដ្ឋធ្វើឡើងដោយគ្មានភស្តុតាង ព្រោះគ្មានឯកសារផ្លូវច្បាប់ណាមួយបញ្ជាក់ថា ទីតាំងដីទាំងនោះស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋនោះទេ។ លោករំពឹងថាតុលាការកំពូលនឹងផ្ដល់យុត្តិធម៌ដល់ពលរដ្ឋទន់ខ្សោយ។
លោក ស្រ៊ុន ស្រ៊ន៖«សេចក្ដីសង្ឃឹម យើងមាន ទោះបីតិចក៏ដោយ។ បើមិនមាន ក៏យើងមិនឡើងដល់តុលាការកំពូលទេ ពីព្រោះយើងយល់ថា កន្លងមកដោះស្រាយក្រៅប្រព័ន្ធតុលាការ ទៅដល់ភូមិ ក៏ដោះស្រាយមិនចេញ។ ឃុំស្រុកខេត្ត ក៏ដោះស្រាយមិនចេញ។ ចូលដល់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក៏ដោយស្រាយមិនចេញ។ ទៅដល់សុរិយោដី ក៏ដោះស្រាយមិនចេញ ពួកគាត់ដើរក្រៅប្រព័ន្ធតុលាការអស់ ១២ឆ្នាំហើយ អត់មាននរណាផុតការរំលោភដីធ្លីទេពីអាជ្ញាធរ»។
ប្រធានចៅក្រមជំនុំជម្រះ លោក យូ ប៊ុនឡេង នឹងប្រកាសសាលដីកា នៅថ្ងៃទី១៩ ខែកក្កដាខាងមុខ។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពី ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក ស៊ុន គង់ និងអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានទេ នៅថ្ងៃទី១៥ ខែកក្កដា។
អ្នកគ្រប់គ្រងការិយាល័យអង្គការលីកាដូ ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត លើកឡើងថា ការចោទប្រកាន់ថា ពលរដ្ឋទន្ទ្រានយកដីរដ្ឋ គឺធ្វើឡើងក្រោយពីមានគោលនយោបាយរបស់រដ្ឋាភិបាលដែលបានពង្រីកតំបន់ការពារ។ លោកយល់ថា តុលាការគួរទម្លាក់ការចោទប្រកាន់លើពលរដ្ឋស្លូតត្រង់ដែលបានប្រើប្រាស់ដីបន្តិចបន្តួចធ្វើជាមុខរបរចិញ្ចឹមជីវិត។
លោក អ៊ិន គង់ជិត៖«ក្រុមប្រឹក្សាជំនុំជម្រះគួរពិចារណាទម្លាក់ចោល និងលុបបទចោទប្រកាន់ទាំងអស់សម្រាប់ពួកគាត់ ផ្ដល់ភាពយុត្តិធម៌សម្រាប់ពួកគាត់ ដើម្បីឱ្យពួកគាត់បន្តការដាំដុះអាស្រ័យផលចិញ្ចឹមជីវិតបន្តទៀត ព្រោះដីប៉ុណ្ណឹងមិនមែនទំហំធំច្រើនអីណាស់ណាទេ»។
លោក ប្រែង ហ៊ីង ថា គ្រួសាររបស់លោកមានជីវភាពខ្វះខាតពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារគ្មានដីអាស្រ័យផល។ លោកសង្ឃឹមដល់តុលាការកំពូលនឹងពិនិត្យមើលអង្គហេតុជាក់ស្ដែង និងសម្រេចផ្ដល់យុត្តិធម៌ដល់ក្រុមគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។