ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី

2024.07.15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី

ព្រះតេជព្រះគុណ សាំង រិទ្ធី គង់នៅ​វត្ត​ដំរីស ខេត្តបាត់ដំបង ដែល​​ព្រះចៅ​អធិការ បណ្ដេញ​ចេញ​ពី​វេត្ត នៅយប់​​ថ្ងៃ​ទី១៥ ខែ​កក្កដា​ ឆ្នាំ២០២៤ ក្រោយ​ពេល​ព្រះអង្គ​និមន្ត​ចូលរួម​រំលឹក​ខួប​លោក​បណ្ឌិត កែម ឡី និង​កាន់​ទុក្ខ​អ្នក​និយាយ​ការ​ពិត​ពី​បញ្ហា​សង្គម។ រូបពីពលរដ្ឋ


ព្រះសង្ឃ​គង់​នៅ​ខេត្ត​បាត់ដំបង​មួយ​អង្គ​ ដែល​បាន​និមន្ត​ចូលរួម​ធម្មយាត្រា​អប់រំ​អំពី​សីល៥ ដើម្បី​ឧទ្ទិស​កុសល និង​រំលឹក​ខួប ៨ឆ្នាំ នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ត្រូវ​បាន​ព្រះ​ចៅ​អធិការ​វត្តដំរី​ស​បណ្ដេញ​ចេញ​ពី​វត្ត នៅ​យប់​ថ្ងៃទី១៥ កក្កដា។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា ការ​បណ្ដាញ​ព្រះសង្ឃ​ចេញ​ពី​វត្ត​នេះ គឺ​ជា​ការ​ដាក់​សម្ពាធ និង​បំបាក់​ស្មារតី​ព្រះសង្ឃ​មួយ​ចំនួន​ទៀត ដើម្បី​កុំ​ឱ្យ​ចូលរួម​ធ្វើ​កិច្ច​ការងារ​សង្គម។


ព្រះតេជព្រះគុណ សាំង រិទ្ធី ឱ្យ​ដឹង​ថា ក្រោយ​ជួប​ជជែក​ជាមួយ​ព្រះចៅ​អធិការ​វត្ត​ដំរីស ព្រះអង្គ ផុន សុខគា រយៈ​ពេល ៣ម៉ោង​ដើម្បី​ស្នើ​សុំ​គង់​នៅ​ក្នុង​វត្ត​ដំរី​ស​បន្ត ព្រះចៅ​អធិការ​វត្ត​ព្រះនាម ផុន សុខគា នៅ​តែ​មានៈ​បណ្ដេញ​ព្រះអង្គ​ឱ្យ​ចាក​ចេញ​ពី​វត្ត នៅ​យប់​ថ្ងៃទី១៥ កក្កដា ដោយ​ព្រះចៅ​អធិការ​រូប​នេះ​អះអាង​ថា ការ​ធ្វើ​ធម្មយាត្រា​អប់រំ​អំពី​សីល៥ ដើម្បី​ឧទ្ទិស​កុសល​ដល់​លោក​បណ្ឌិត កែម ឡី គឺ​ជា​រូបភាព​នយោបាយ និង​ជា​ការ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់។

ព្រះតេជព្រះគុណ សាំង រិទ្ធី៖ «អាត្មា​ធ្វើ​របៀប​ណា ដើម្បី​ទាមទារ​រក​យុត្តិធម៌​សម្រាប់​អាត្មា​វិញ ហើយ​ព្រះចៅ​អធិការ​វត្ត​ត្រូវ​ចេញ​សុំទោស​អាត្មា​ជា​សាធារណៈ។ អាត្មា​គង់​តែ​ចេញ​ទេ ប៉ុន្តែ ធ្វើ​យ៉ាង​ណា​ឱ្យ​លោក​សុំទោស​អាត្មា​ជា​សាធារណៈ​ថា អាត្មា​ធ្វើ​នយោបាយ ធ្វើ​គណបក្ស ហើយ​ទៅ​ជា​អ៊ីចឹង​វិញ ធ្វើ​កូដកម្ម​បាតុកម្ម ហើយ​លោក​មិន​គិត​ថា អាត្មា​ធ្វើ​នេះ​ដើម្បី​អី​ទេ ហើយ​លោក​គិត​ថា អាត្មា​ធ្វើ​នេះ​ទាំង​ខុស»

ព្រះតេជព្រះគុណ សាំង រិទ្ធី បញ្ជាក់​ថា ព្រះអង្គ​នឹង​និមន្ត​ទៅ​សឹង​នៅ​វត្ត​បច្ឆា​មួយ​យប់​សិន​ទម្រាំ​រៀបចំ​សម្ភារៈ​រួចរាល់។ ទោះ​ជា​យ៉ាង​ណា​ក្ដី ព្រះអង្គ​សោកស្ដាយ​ដែល​ព្រះចៅ​អធិការ​វត្ត​ដំរីស​រើសអើង​ព្រះសង្ឃ​ដែល​មាន​ឆន្ទៈ​ចូលរួម​ធ្វើ​កិច្ច​ការងារ​សង្គម ហើយ​ព្រះអង្គ​នឹង​បន្ត​ទាមទារ​ឱ្យ​ព្រះចៅ​អធិការ​វត្ត​ដំរីស​ទទួល​យក​ព្រះអង្គ​ឱ្យ​គង់​នៅ​ក្នុង​វត្ត​ដំរី​ស​វិញ។

នៅ​មុនថ្ងៃ​បណ្ដេញ​ព្រះតេជព្រះគុណ សាំង រិទ្ធី ចេញ​នេះ ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បាន​ដាក់​ឱសានវាទ ៣ថ្ងៃ ដើម្បី​ឱ្យ​ព្រះសង្ឃ​មួយ​អង្គ​ចាក​ចេញ​ពី​វត្តអារាម ក្រោយ​ពេល​ព្រះអង្គ​និមន្ត​ចូលរួម​រំលឹក​ខួប​លោក​បណ្ឌិត កែម ឡី និង​កាន់​ទុក្ខ​អ្នក​និយាយ​ការ​ពិត​ពី​បញ្ហា​សង្គម។

ព្រះសង្ឃ​គង់នៅ​វត្ត​ដំរីស ព្រះតេជព្រះគុណ សាំង រិទ្ធី ដែល​រង​ការ​បណ្ដេញ​ចេញ​ពី​ព្រះចៅ​អធិការ មាន​ថេរ​ដី​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៥ ខែ​កក្កដា​ថា ព្រះចៅ​អធិការ​វត្ត​ដំរីស​ព្រះនាម ផុន សុខគា បាន​ទុក​ពេល​ឱ្យ​ព្រះអង្គ ៣ថ្ងៃ ដើម្បី​រើ​ចេញ​ពី​វត្ត បន្ទាប់​ពី​ព្រះអង្គ​បាន​ចូលរួម​ធ្វើ​ធម្មយាត្រា​អប់រំ​អំី​សីល៥ ដើម្បី​ឧទ្ទិស​កុសល​ជូន​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី១០ ខែកក្កដា។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា ដំបូង​ឡើយ​ព្រះចៅ​អធិការ​បាន​គំរាមកំហែង និង​បង្ខំ​ព្រះអង្គ​ឱ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ចូលរួម​ការងារ​សង្គម​បន្ត​ទៅ​ទៀត ប៉ុន្តែ​ព្រះអង្គ​បាន​បដិសេធ ពីព្រោះ​សកម្មភាព​ផ្សព្វផ្សាយ​អំពី​សីល៥ មិនមែន​ជា​រឿង​ខុស​ច្បាប់​ឡើយ លុះ​ក្រោយ​មក​ព្រះចៅ​អធិការ​បាន​កំណត់​យក​ល្ងាច​ម៉ោង៥ ថ្ងៃ​ទី១៥ ខែកក្កដា ឱ្យ​ព្រះអង្គ​រើ​ចេញ​ជា​បន្ទាន់។

ព្រះតេជព្រះគុណ សាំង រិទ្ធី ចាត់​ទុក​ទង្វើ​របស់​ព្រះចៅ​អធិការ​វត្ត​ដំរី​ស ព្រះអង្គ ផុន សុខគា គឺជា​ការ​បំបិទ​សិទ្ធិ​សេរីភាព និង​គំរាមកំហែង​មិន​ឱ្យ​ព្រះអង្គ​ចូលរួម​ធ្វើ​កិច្ច​ការងារ​សង្គម។ ទោះ​ជា​យ៉ាង​ណា​ក្ដី គិត​មក​ទល់​ពេល​នេះ ព្រះតេជព្រះគុណ សាំង រិទ្ធី គង់​នៅ​ក្នុង​វត្ត​ដំរី​ស​នៅ​ឡើយ​ទេ ដោយ​ព្រះអង្គ​នៅ​រង់ចាំ​មើល​ចំណាត់​ការ​របស់​ព្រះចៅ​អធិការ និង​ស្នើសុំ​ជួប​ព្រះចៅ​អធិការ ដើម្បី​ជជែក​អំពី​បញ្ហា​នេះ។

ព្រះតេជព្រះគុណ សាំង រិទ្ធី៖ «អាជ្ញាធរ​ព្រម​ទាំង​សង្ឃ ហើយ​និង​មន្ត្រី​សង្ឃ​មួយ​ចំនួន ដែល​លោក​គាប​សង្កាត់​គ្រប់​អង្គ​មិន​អាច​បញ្ចេញ​សកម្មភាព ហើយ​សួរ​ថា សកម្មភាព​បែប​នោះ​ប៉ះពាល់​អី​ដល់​ព្រះអង្គ​គ្រប់​ព្រះអង្គ ដែល​មាន​តួនាទី អាត្មា​ឆ្ងល់​បែប​ហ្នឹង ហើយ​ហេតុអ្វី​ដាក់​គំនាប ហើយ​នៅ​តាម​គំរាម​កំហែង​ទៅ​ដល់​ចិត្ត​អាត្មា ដែល​អាត្មា​ធ្វើ​ហ្នឹង សួរ​ថា អាត្មា​ធ្វើ​ខុស​បទបញ្ញត្តិ​វិន័យ​បែប​ណា»

ក្រោយ​ទទួល​បាន​ដំណឹង​នៃ​ការ​បណ្ដេញ​ចេញ​នេះ យុវជន និង​មន្ត្រី​អង្គការ​ស៊ីវិល​ប្រមាណ ១០នាក់ បាន​ចូលរួម​តាមដាន និង​ឃ្លាំ​មើល​ពី​បញ្ហា​នេះ នៅ​រសៀល​ថ្ងៃ​ទី១៥ ខែ​កក្កដា ។

កាលពីថ្ងៃទី១០ ខែ​កក្កដា ព្រះតេជព្រះគុណ សាំង រិទ្ធី និង​យុវជន​ប្រមាណ ៤០នាក់ បាន​ធ្វើ​ធម្មយាត្រា​អប់រំ​អំពី​សីល៥ ក្នុង​គោលបំណង ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី និង​វីរជន​ស្នេហា​ជាតិ​គ្រប់រូប ព្រមទាំង​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​សង្គម​ទាំង​អស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

ក្រៅពី​ព្រះអង្គ សាំង រិទ្ធី រង​ការ​បណ្ដេញ​ចេញ​ពី​វត្ត​ហើយ​នោះ​នៅ​មាន​ព្រះសង្ឃ​គង់​នៅ​វត្ត​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ត​បាត់ដំបង ក៏​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព តាម​រយៈ​ការ​លួច​ថត​រូប និង​ឃ្លាំ​មើល​ពី​ជន​មិន​ស្គាល់​មុខ​ជា​ប្រចាំ ជាពិសេស ព្រះសង្ឃ​ខ្លះ ត្រូវ​បាន​ព្រះចៅ​អធិការ​វត្ត ឬ​មេ​កុដិ ហៅ​សាកសួរ​អំពី​សកម្មភាព​ចូលរួម​ពិធី​រំលឹក​ខួប​លោក​បណ្ឌិត កែម ឡី ជាដើម។ លើស​ពី​នេះ នៅ​មាន​ជន​ស្លៀកពាក់​ស៊ីវិល​មួយ​ចំនួន​ទៀត​ដេក​យាម​នៅ​ក្បែរ​កុដិ​ព្រះសង្ឃ ដើម្បី​តាម​ឃ្លាំ​មើល​សកម្មភាព​ព្រះសង្ឃ​ទៀត​ផង។

ព្រះសង្ឃ​គង់​នៅ​វត្ត​បច្ឆា ព្រះតេជព្រះគុណ អិត ខែម មាន​ថេរ​ដី​ថា ព្រះសង្ឃ​រង​ការ​ឃ្លាំ​មើល​ពី​ជន​ស្លៀកពាក់​ស៊ីវិល និង​មាន​មន្ត្រី​មក​ពី​ក្រសួង​មហា​ផ្ទៃ​ចុះ​មក​ជួប​ជាមួយ​ព្រះចៅ​អធិការ ដើម្បី​ឱ្យ​ព្រះចៅ​អធិការ​វត្ត​ដាក់​សម្ពាធ​លើ​ព្រះអង្គ។ ព្រះអង្គ​ពន្យល់​ថា ព្រះសង្ឃ ដែល​រង​ការ​បណ្ដេញ​ចេញ​ពី​វត្ត​អារាម គឺ​ទាល់​តែ​ព្រះសង្ឃ​ធ្វើ​ខុស​ច្បាប់​វិន័យ ដូច​ជា ការ​សម្លាប់​មនុស្ស ការ​ជួញ​ដូរ​គ្រឿងញៀន ការ​សេព​មេថុន ឬ​ការ​លួច​របស់​ទ្រព្យ​អ្នក​ដទៃ​ជាដើម ទើប​ត្រូវ​បណ្ដេញ​ចេញ ឬ​ចាប់​ផ្សឹក។

ព្រះតេជព្រះគុណ អិត ខែម៖ «នៅ​ក្នុង​ពុទ្ធសាសនា​ច្បាប់​វិន័យ​ពុទ្ធសាសនា​មាន​ច្រើន ករណី​មាន​ដែល​ដេញ​ព្រះសង្ឃ ឬ​សាមណេរ​ចេញ​ពី​វត្ត​វា​ទាល់តែ​លោក​ទៅ​សម្លាប់​មនុស្ស ការ​លួច​ប្លន់​បទ​ឧក្រិដ្ឋកម្ម លោក​ទៅ​ជួញដូរ​គ្រឿងញៀន​លោក​ទៅ​ប្រព្រឹត្ត​អំពើ​អសីលធម៌ អំពើ​អនារ្យ លោក​ទៅ​ធ្វើ​អ្វី​ដែល​ជា​អំពើ​ប៉ះពាល់​ដល់​ជាតិ ហើយ​និង​សាសនា ប្រសិនបើ​ព្រះសង្ឃ​ធ្វើ​បែប​ហ្នឹង គឺ​ត្រូវ​តែ​ផ្សឹក ឬក៏​បណ្ដេញ​ចេញ​ហ្នឹង​ឯង»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង ព្រះ​ចៅ​អធិការ​វត្ត​ដំរីស​ព្រះតេជព្រះគុណ ផុន សុខគា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៥ ខែកក្កដា។ ដោយ​ឡែក តំណាង​មន្ត្រី​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បាត់ដំបង ឆ្លើយ​យ៉ាង​ខ្លី​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ ដូច្នេះ មិន​អាច​បកស្រាយ​បាន​ឡើយ។

អ្នក​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) នៅ​ខេត្ត​បន្ទាយ​មានជ័យ លោក អ៊ិន គង់ជិត ដែល​បាន​ចូលរួម​ឃ្លាំ​មើល​បញ្ហា​នេះ សង្កេត​ឃើញ​ថា សិទ្ធិ​សេរីភាព​របស់​យុវជន និង​ព្រះសង្ឃ​រង​ការ​រឹតត្បិត បើ​ទោះ​បី​ជា​សកម្មភាព​នោះ​ជា​ការ​ផ្សព្វផ្សាយ​អំពី​សីលប្រាំ ដែល​ជា​ទំនៀមទម្លាប់​តាម​ពុទ្ធសាសនា​ក៏​ដោយ។ លោក​បន្ត​ថា ព្រះ​ចៅអធិការ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ព្រះសង្ឃ ហើយ​ងាក​មក​បើក​លំហ​សិទ្ធិ​សេរីភាព​ដល់​ពលរដ្ឋ យុវជន និង​ព្រះសង្ឃ ឱ្យ​ចូល​រួម​សកម្មភាព​សង្គម និង​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ។

លោក អ៊ិន គង់ជិត៖ «យើង​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ក្ដី មន្ត្រី​ធម្មការ និង​សាសនា ហើយ​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​សុំ​សម្រួល និង​បង្ក​លក្ខណៈ​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​ព្រះសង្ឃ​ដែល​អាច​សម្ដែង​មតិ​បាន​រៀបចំ​កម្មវិធី​បាន ហើយ​ធ្វើ​ការ​បញ្ឈប់ ការ​បណ្ដេញ​ព្រះសង្ឃ ឬ​ការ​គំរាមកំហែង​ផ្សេងៗ ការ​បណ្ដេញ​ចេញ​ផ្សេងៗ ហ្នឹង​គឺ​បញ្ឈប់​ទៅ»

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ព្រះសង្ឃ និង​យុវជន​មួយ​ចំនួន​រង​ការ​គំរាមកំហែង ការ​បំភិតបំភ័យ​ពី​សំណាក់​ព្រះចៅ​អធិការ​វត្ត ឬ​អាជ្ញាធរ​នៅ​ពេល​ពួកគេ​ជួបជុំ​គ្នា​ជជែក​អំពី​សិទ្ធិ​សេរីភាព និង​ទាមទារ​ដោះស្រាយ​អ្វី​មួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គម។

កន្លងទៅ​ក្រុម​យុវជន ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​នៅ​តាម​វត្តអារាម​មួយ​ចំនួន តែង​រង​ការ​សួរនាំ ការ​បង្ក្រាប និង​ការ​ព្រមាន​ក្នុង​រូបភាព​ផ្សេងៗ ដើម្បី​កុំ​ឱ្យ​ពួកគេ​ធ្វើ​សកម្មភាព​ដើម្បី​ផល​ប្រយោជន៍​សង្គម។ ព្រះសង្ឃ អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​បើក​លំហ​សេរីភាព​របស់​ពលរដ្ឋ បើក​លំហ​សេរីភាព​ក្នុង​ការ​ដើរហើរ​សម្ដែង​មតិ ជាពិសេស​ការចូលរួម​ជីវភាព​ក្នុង​ឆាក​នយោបាយ​របស់​ប្រជាពលរដ្ឋ និង​យុវជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles