ដោយ ច័ន្ទ ដារ៉ូ
2024.08.12
RFA
ផ្ទះប្រជាពលរដ្ឋដែលអាជ្ញាធរបាញ់ថ្នាំក្រហមជាសញ្ញាសម្គាល់ ដើម្បីបណ្ដេញចេញ នៅភូមិឫទ្ធិសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ថតនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។ រូបពីពលរដ្ឋ
ប្រជាពលរដ្ឋរងគ្រោះដីធ្លី នៅស្រុកបុរីអូរស្វាយសែជ័យ ខេត្តស្ទឹងត្រែង អះអាងថា អាជ្ញាធរពាក់ព័ន្ធមិនបានដោះស្រាយបញ្ហាទំនាស់ដីធ្លី និងដោះលែងពលរដ្ឋ ចំនួន៤នាក់ មកវិញដូចការសន្យានោះទេ។ មន្ត្រីសង្គមស៊ីវិល ចង់ឃើញអាជ្ញាធរដោះស្រាយបញ្ហាវិវាទដីធ្លីដោយសន្តិវិធី និងតម្លាភាព។
ប្រជាពលរដ្ឋកំពុងមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលឈ័រ (Green Sea Agriculture CO.,LTD) ស្ថិតនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង អះអាងថា អាជ្ញាធរខេត្តស្ទឹងត្រែងមិនត្រឹមតែមិនដោះស្រាយបញ្ហាដីធ្លីនិងដោះលែងពលរដ្ឋនោះទេ ថែមទាំងបានបង្ខំឲ្យប្រជាពលរដ្ឋផ្ដិតមេដៃប្រគល់ដីឲ្យក្រុមហ៊ុន ហើយប្រសិនបើប្រជាពលរដ្ឋមិនព្រមផ្ដិតមេដៃប្រគល់ដីធ្លីនោះទេ អាជ្ញាធរនឹងចោទពលរដ្ឋទាំងនោះ ថាបានចូលកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់។
តំណាងប្រជាពលរដ្ឋម្នាក់ក្នុងចំណោម ១០នាក់ សុំមិនបញ្ចេញឈ្មោះ ដោយបារម្ភអំពីសុវត្ថិភាព ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ ខែសីហាថា អាជ្ញាធរបានចុះមកជួបប្រជាពលរដ្ឋ ប៉ុន្តែ មិនបានដោះស្រាយកាត់ឆ្វៀលដីឲ្យប្រជាពលរដ្ឋនោះទេ។ ផ្ទុយទៅវិញ ឲ្យប្រជាពលរដ្ឋផ្ដិតមេដៃប្រគល់ដីឲ្យទៅក្រុមហ៊ុន។ លោកបន្ថែមថា ដោយសារតែប្រជាពលរដ្ឋភ័យខ្លាច ក៏ព្រមផ្ដិតមេដៃប្រគល់ដីទាំងនោះឲ្យទៅក្រុមហ៊ុន។ ទោះជាបែបនេះក្ដី អាជ្ញាធរនៅតែសន្យានឹងចុះមកដោះស្រាយបញ្ហាដីធ្លីម្ដងទៀតនៅថ្ងៃទី១៣ ខែសីហា។
តំណាងប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ៖ «ខ្ញុំធ្វើអ៊ីចឹងថាខុសច្បាប់ឥឡូវពួកខ្ញុំផ្ដិតមេដៃប្រគល់ដីឲ្យវិញហើយ អ៊ីចឹងសុំឲ្យជួយអន្តរាគមន៍ឲ្យប្រជាពលរដ្ឋវិញផង សុទ្ធតែអ្នកអត់មានផ្ទះនៅខ្វះដី និងខ្វះអីហូបចុក ឥឡូវស្នើសុំដោយស្របច្បាប់ចាត់វិធានការត្រង់ណាឲ្យប្រជាពលរដ្ឋវិញ ប្រសិនបើមិនដោះស្រាយឲ្យទេពួកខ្ញុំឡើងទៅភ្នំពេញ ឡើងទៅតវ៉ាឲ្យសម្ដេចគាត់ជួយដោះស្រាយឲ្យ រកកន្លែងឲ្យប្រជាពលរដ្ឋរស់នៅ បើគេមិនដោះស្រាយឲ្យមានតែតតាំងហើយ បើចេញទៅគង់តែងាប់ដដែល អត់មានកន្លែងរស់នៅ ឲ្យទៅរស់នៅកន្លែងណា»។
ក្រៅពីមិនព្រមដោះស្រាយវិវាទដីធ្លីឲ្យប្រជាពលរដ្ឋហើយនោះ អាជ្ញាធរក៏មិនព្រមដោះលែងប្រជាពលរដ្ឋទាំង ៤នាក់ ដែលអាជ្ញាធរចាប់ឃុំខ្លួន កាលពីថ្ងៃទី២២ ខែកក្កដា នោះដែរ ដោយចោទប្រកាន់អ្នកទាំង ៤នាក់ថា កាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់។ ពលរដ្ឋនៅតែទទូចឲ្យអាជ្ញាធរពាក់ព័ន្ធ កាត់ឆ្វៀលដីធ្លី ឬចែកដីឲ្យប្រជាពលរដ្ឋបានអាស្រ័យផល សម្រាប់ប្រកបរបរកសិកម្មដើម្បីចិញ្ចឹមជីវភាពគ្រួសារ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានទេ នៅថ្ងៃទី១២ ខែសីហា។
ទោះជាយ៉ាងណាក្ដី កាលពីខែមិថុនា កន្លងទៅអាជ្ញាធរខេត្តស្ទឹងត្រែង បានដាក់កំហិតឲ្យប្រជាពលរដ្ឋប្រគល់ដីពលរដ្ឋអាស្រ័យផល ទៅឲ្យរដ្ឋវិញ ដើម្បីរដ្ឋយកដីទាំងអស់នោះជួលឲ្យទៅក្រុមហ៊ុនឯកជន និងព្រមានចាត់វិធានការក្ដៅ ប្រសិនបើប្រជាពលរដ្ឋមិនព្រមប្រគល់ដីនោះទេ។ ក្រៅពីដាក់កំហិតទៅប្រជាពលរដ្ឋហើយ អាជ្ញាធរក៏បានចោទប្រជាពលរដ្ឋទាំងអស់នោះថា បានកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋដោយខុសច្បាប់។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរយកដីធ្លី និងដីអាស្រ័យផលពីប្រជាពលរដ្ឋប្រគល់ឲ្យក្រុមហ៊ុនហើយនោះ រដ្ឋាភិបាលគួរតែរកដីកន្លែងណាទំនេរ ដើម្បីធ្វើសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋក្រីក្រទាំងអស់នោះ បានរស់នៅសមរម្យដើម្បីចិញ្ចឹមជីវិតតទៅទៀត។
លោក យិន ម៉េងលី៖ «វាបានបង្ហាញថាប្រជាពលរដ្ឋលែងទុកចិត្តអាជ្ញាធរមូលដ្ឋាន អ៊ីចឹងទោះបីមានការលំបាកក្នុងការធ្វើដំណើរ លំបាកក្នុងការហូបចុក ស្នាក់នៅ យ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែពុះពារយ៉ាងណាឲ្យមានដំណោះស្រាយពីថ្នាក់ជាតិ អ៊ីចឹងថ្នាក់ជាតិ គាប់បីយកចិត្តទុកដាក់អំពីបញ្ហានេះ ហើយពិនិត្យមើលទៅលើអាជ្ញាធរថ្នាក់ក្រោមជាតិដែលតែងតែនិយាយហូតកុហកដល់ប្រជាពលរដ្ឋរបស់ខ្លួននេះ»។
ពលរដ្ឋចំនួន ៥ភូមិ នៅស្រុកសៀមប៉ាង និងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ស្នើទៅរដ្ឋាភិបាលឲ្យជួយរកដំណោះស្រាយ និងកាត់ឆ្វៀលដីទុកឲ្យប្រជាពលរដ្ឋបានអាស្រ័យផល សម្រាប់ប្រកបរបរចិញ្ចឹមជីវិតទៅថ្ងៃមុខ ប្រសិនបើអាជ្ញាធរមិនព្រមដោះស្រាយ និងចែកដីឲ្យប្រជាពលរដ្ឋបានអាស្រ័យផលនោះទេ ពួកគាត់មិនព្រមឈប់តវ៉ាឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។