ដោយ ច័ន្ទ ដារ៉ូ
2024.08.13
RFA
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាលើកបង្ហាញផែនទីទាក់ទងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ រវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា ស៊ីអ៊ែលវី (CLV) រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រជាពលរដ្ឋខ្មែរបន្តរក្សាជំហរទាមទារឱ្យលោក ហ៊ុន សែន បញ្ឈប់ដាក់ខេត្តខ្មែរចំនួន៤ នៅក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណពិសេសជាមួយប្រទេសវៀតណាម និងឡាវ ពីព្រោះពួកគាត់មើលឃើញថា មេដឹកនាំក្រុងភ្នំពេញមានចេតនាមិនស្មោះត្រង់នឹងអាចនាំឲ្យកម្ពុជាបាត់បង់ធនធានធម្មជាតិ និងទឹកដីរបស់ខ្លួនទៅវៀតណាម។ ការប្ដេជ្ញាចិត្តនេះ គឺបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសមិនដកខ្លួនចេញពីគម្រោង CLV តាមក្ដីកង្វល់របស់ពលរដ្ឋ។
តំណាងបាតុករនៅប្រទេសកូរ៉េខាងត្បូង លោក ម៉ាត់ វណ្ណី ថ្លែងថា លោកមិនជឿទុកចិត្តលើការបកស្រាយរបស់លោក ហ៊ុន សែន នោះទេ។ លោកបញ្ជាក់ថា បើលោក ហ៊ុន សែន មានៈមិនព្រមដកកម្ពុជាចេញពីគម្រោងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ (CLV) ទេ ក្រុមបាតុករនៅប្រទេសកូរ៉េនៅតែចេញតវ៉ា ទាមទារឱ្យរដ្ឋាភិបាលដកកម្ពុជាចេញពីគម្រោង CLV ពីព្រោះពួកគាត់បារម្ភខ្លាចបាត់បង់ទឹកដីទៅប្រទេសវៀតណាមដូចប្រវត្តិសាស្ត្រដ៏ជូរចត់។
លោក ម៉ាត់ វណ្ណី៖ «ល្គឹកណាក៏ដោយ បើសិនជាគាត់នៅតែបន្តគម្រោងហ្នឹង គឺយើងអត់ទទួលយកបានទេ។ យើងជាម្ចាស់ប្រទេស ម្ចាស់ទឹកម្ចាស់ដី ជាការរួមចំណែកនោះ យើងមិនទទួលយកការបកស្រាយជាដាច់ខាត ទោះក្រោមរូបភាពក៏ដោយ ទោះបីនៅក្នុងរូបភាពគំរាមកំហែង លួងលោមយ៉ាងណា ក៏យើងនៅតែប្រកាន់ជំហរធ្វើម៉េចឱ្យរដ្ឋាភិបាល ត្រូវតែដកខ្លួនចេញពីគម្រោង (CLV) ទោះតម្លៃណាក៏ដោយ»។
ចំណែកពលករនៅធ្វើខ្មែរនៅប្រទេសថៃ លោក សុះ សល់ បញ្ជាក់ជំហរថាលោកមិនជឿទុកចិត្តលើកពាក្យសន្យារបស់លោក ហ៊ុន សែន នោះទេ ពីព្រោះក្រោមអំណាចរបស់លោក ហ៊ុន សែន កន្លងមក កម្ពុជាបានបាត់បង់ទឹកដីទៅប្រទេសវៀតណាមជាបន្តបន្ទាប់។ ទាំងនេះហើយ ជាហេតុផលសមល្មមសម្រាប់ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននាំគ្នាតវ៉ា ដើម្បីកុំឱ្យសោកស្ដាយដូចរឿងរ៉ាវប្រវត្តិសាស្ត្រទៀត។ លោក សុះ សល់ មើលឃើញថា មូលហេតុ ដែលលោក ហ៊ុន សែន មិនព្រមដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណពិសេស (CLV) នៅពេលនេះ បង្ហាញឱ្យឃើញថាលោក ហ៊ុន សែន កំពុងអនុវត្តនយោបាយដឹងគុណវៀតណាម ដែលជាអ្នកលើកបន្តុបខ្លួនឱ្យឡើងកាន់អំណាច ហើយបានផ្ទេរអំណាចឱ្យលោក ហ៊ុន ម៉ាណែត មកដល់ពេលនេះ។
លោក សុះ សល់៖ «គាត់គំរាមមិនឱ្យនិយាយរឿងតំបន់អភិវឌ្ឍន៍ត្រីកោណពិសេស (CLV) មានន័យថាគាត់បិទបាំងរឿងអ្វីមួយហើយ អ្វីដែលលោក ហ៊ុន សែន បិទបាំងគឺពលរដ្ឋខ្មែរមិនដឹងច្រើនណាស់ចំពោះការចូលរួមគម្រោងនេះ។ ក្នុងនាមជាពលរដ្ឋចង់ស្នើដល់រដ្ឋាភិបាលគួរស្ដាប់យោបល់របស់ពលរដ្ឋ ពីព្រោះពលរដ្ឋគិតថា នឹងអាចខាតបង់អ្វីដែលរកស៊ីជាមួយវៀតណាមបទពិសោធន៍យូរឆ្នាំមកហើយ គឺយើងរកស៊ីជាមួយវៀតណាមអត់ដែលចំណេញទេ »។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កាលពីថ្ងៃទី១២ ខែសីហាបកស្រាយតាមបណ្ដាញសង្គមដោយលោកអះអាងថា លោកមិនអាចដកគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយវៀតណាម និងឡាវតាមសំណើរបស់ពលរដ្ឋបានឡើយ ដោយលោកលើកហេតុផលដដែលៗ ថា គម្រោងនេះជួយអភិវឌ្ឍន៍ខេត្តទាំង៤ របស់កម្ពុជា។ ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ក៏បានព្រមានបង្ក្រាប និងកម្ចាត់ក្រុមអ្នកហ៊ានងើបតវ៉ានៅក្នុងប្រទេស ដែលលោកចោទថា ជាក្រុមប្រឆាំងនៅពីក្រោយទៅវិញ។
លោក ហ៊ុន សែន៖ «បងប្អូនបានស្នើថា ឱ្យដកយកគម្រោងនេះចេញ CLV ប៉ុន្តែ ខ្ញុំសួរបងប្អូនថារបស់ដែលយើងបានដាក់ទៅសម្រាប់ការអភិវឌ្ឍ វាជារបស់យើង តើយើងដកយកទៅគ្រវាត់ចោលនៅឯណា តើយើងនឹងអាចដកផែនដីនេះនៅបួនខេត្តនេះយកទៅដាក់លើមេឃ ឬទៅកន្លែងណា មិនអាចទៅរួចទេ»។
ទោះបីលោក ហ៊ុន សែន អះអាងបែបនេះក្ដី អ្នកឃ្លាំមើលពិនិត្យឃើញថា ក្រោយលោក ហ៊ុន សែន ត្រូវបានវៀតណាមលើកបន្តុបឲ្យគ្រប់គ្រងប្រទេសកម្ពុជាជាង ៤០ឆ្នាំមកនេះ លោកមិនបានយកចិត្តទុកដាក់ដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាមនោះទេ។ ពួកគាត់សង្កេតឃើញថាពលរដ្ឋនៅតាមព្រំដែន ជួបការលំបាកខ្លាំងដោយសារខ្វះផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធភ្លើង និងខ្វះប្រព័ន្ធធារាសាស្ត្រ ព្រមទាំងគ្មានទីផ្សារលក់កសិផលជាដើម រហូតដល់ពលរដ្ឋខ្មែរមួយចំនួនជួលដីស្រែចម្ការឲ្យពលរដ្ឋវៀតណាមធ្វើទៀតផង។ ចំណែកពលរដ្ឋដែលនិយាយរឿងព្រំដែន និងរិះគន់ពលរដ្ឋវៀតណាមរស់នៅប្រទេសកម្ពុជាខុសច្បាប់ត្រូវលោក ហ៊ុន សែន ចាប់ដាក់គុក។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត មានប្រសាសន៍ថា ការណ៍ដែលពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសនាំគ្នាចេញតវ៉ា និងធ្វើបាតុកម្ម ដោយសារគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) មិនផ្តល់ផលចំណេញដល់កម្ពុជា ជាក់ស្ដែងកិច្ចព្រមព្រៀង និងសន្ធិសញ្ញាបំពេញបន្ថែមនានា ដែលលោក ហ៊ុន សែន ធ្វើជាមួយមេដឹកនាំវៀតណាមកន្លងមក បានធ្វើឱ្យបាត់បង់កោះត្រល់ និងទឹកដីនៅតាមបណ្ដោយព្រំដែនទៅឱ្យវៀតណាម ខណៈពលរដ្ឋវៀតណាមចូលមករស់នៅកម្ពុជាដោយខុសច្បាប់វិញ អាជ្ញាធរកម្ពុជាមិនបានទប់ស្កាត់ជាដើម។
លោក ម៉ែន ណាត៖ «វាជាគំនិតទុច្ចរិត គំនិតអាក្រក់ដោយមិនសមជាមេដឹកនាំប្រទេសទេ មនុស្សបែបអ៊ីចឹងគួរត្រូវបានដកហូតអំណាច តាមរយៈប្រជាពលរដ្ឋហ្នឹងឯង ប្រជាពលរដ្ឋបច្ចុប្បន្នមានតែឈប់ខ្លាច ញញើតជាមួយលោក ហ៊ុន សែន ត្រូវចេញមកតវ៉ា ទាមទាររកយុត្តិធម៌ស្របតាមរដ្ឋធម្មនុញ្ញ បានអាចជំរុញលោក ហ៊ុន សែន ដកខ្លួនចេញពីគម្រោង CLV និងគម្រោងផ្សេងទៀត»។
ក្រុមបាតុករ និងអ្នកឃ្លាំមើលនិយាយថា អ្វីដែលពលរដ្ឋស្នើសុំរដ្ឋាភិបាលឱ្យដកខ្លួនចេញពីគម្រោង CLV នៅពេលនេះ គឺពួកគាត់ចង់ឱ្យលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បង្ហាញឆន្ទៈស្មោះត្រង់ និងដើរចេញពីនយោបាយបម្រើវៀតណាម ដែលនាំឱ្យបាត់ទឹកដីដូចពីមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។