លោក ហ៊ុន សែន ព្រមាន​ប្រើ​​ហិង្សា​លើ​អ្នក​ប្រើ​តេឡេក្រាមទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ពី​គម្រោង ​CLV

ដោយ ទីន ហ្សាការីយ៉ា
2024.08.13
RFA

លោក ហ៊ុន សែន ព្រមាន​ប្រើ​​ហិង្សា​លើ​អ្នក​ប្រើ​តេឡេក្រាមទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ពី​គម្រោង​CLV

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន​ សែន


ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ព្រមាន​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​តេឡេក្រាម ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​វៀតណាម (CLV)។ អ្នក​ឃ្លាំ​មើល​សិទ្ធិមនុស្ស ថា ការ​ប្រើប្រាស់​ពាក្យ​សម្ដី​របស់​លោក ហ៊ុន សែន នេះ គឺ​ជា​ការ​គំរាម​កំហែង​ពលរដ្ឋ ហើយ​ទង្វើ​នេះ មិន​អាច​បញ្ឈប់​ការ​ទាមទារ​របស់​ពលរដ្ឋ​បាន​ឡើយ ។

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​ថ្ងៃទី១៣ ខែ​សីហា បាន​ប្រើប្រាស់​គណនី​តេឡេក្រាម (Telegram) មាន​ឈ្មោះ​ថា ចៅសែន ចូល​ទៅ​គំរាម​នៅ​ក្នុង​​គ្រុប​តេឡេក្រាម​ឈ្មោះ «រួបរួម​ដើម្បី​ជាតិ» ដែល​ជជែកគ្នា​អំពី​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោង​តំបន់​ត្រីកោណ ​អភិវឌ្ឍន៍​ CLV

លោក ហ៊ុន សែន៖ «ដល់​ដំណាក់​កាល​រៃ​លុយ​ហើយ​ហី ចេញ​តែ​ពី​ភូមិ​អញ​វៃ​ហែង​រយះ​ក្បាល អញ​គ្រាន់​តែ​ប្រាប់​ហែង។ អញ​ប្រាប់​ពួក​ហែង​ឲ្យ​ច្បាស់ ពួក​ហែង​មាន​គ្នា​ប៉ុន្មាន​នាក់​ចេញ​ក្បាល​ឲ្យ​អស់​មក ទូទាត់​បញ្ជី​ម្ដង​ឲ្យ​វា​អស់​តែ​ម្ដង កុំ​ចាំ​យូរ​ពេក​ចេញ​ឲ្យ​អស់​មក»

លោក ហ៊ុន សែន បាន​ចោទ​គ្រុប​តេឡេក្រាម ដែល​មាន​ឈ្មោះ  «រួបរួម​ដើម្បី​ជាតិ» នេះ មាន​គម្រោង​តវ៉ា​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល ។ ប៉ុន្តែ​ភាគ​ច្រើន​អ្នក​នៅ​ក្នុង​គ្រុប​តេឡេក្រាម​នេះ ពុំ​មាន​អត្តសញ្ញាណ​ច្បាស់​លាស់​នោះ​ទេ។

អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី ១៣ ខែ​កក្កដា​ថា សម្ដី​លោក ហ៊ុន សែន នេះ ជា​ការ​ប្រើប្រាស់​សម្ដី​គំរាម​កំហែង​ពលរដ្ឋ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ CLV ។ ទោះ​យ៉ាង​ណា អ្នកឃ្លាំមើល​រូប​នេះ លើកឡើង​ថា ពលរដ្ឋ​គួរតែ​ពិចារណា​ប្រុងប្រយ័ត្ន​ ចំពោះ​ការ​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ណាមួយ​ដែរ ព្រោះ​អាច​ជា​អន្ទាក់​របស់​រដ្ឋាភិបាល​របស់​គ្រួសារ​ត្រកូល«ហ៊ុន» ដែល​ចង់​ក្រសោប​អ្នក​ហ៊ាន​តវ៉ា​ពិត​ប្រាកដ។

លោក ស៊ឹង សែនករុណា៖ «សារ​សំឡេង លោក ហ៊ុន សែន ដែល​ជា​ប្រធាន​ព្រឹទ្ធសភា​នេះ ខ្ញុំ​យល់​ថា វា​ជា​អំពើ​មួយ​ដែល​ថ្នាក់​ដឹកនាំ​លើ​ពិភពលោក ដែល​យើង​កម្រ​មាន​ណាស់ ដែល​យើង​មិន​ដែល​ឃើញ​ទាល់តែសោះ គឺ​មាន​តែ​មេដឹកនាំ​ខ្មែរ​នេះ​ហើយ ដែល​តែងតែ​លើក​ឡើង​អំពី​សារ​គំរាមកំហែង​ប្រើ​ហិង្សា​ជា​ហូរហែ បន្ត​បន្ទាប់​មក នេះ​ដោយសារតែ​លោក មាន​អំណាច​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​ឯង ។ បើ​យើង​និយាយ​ពី​ច្បាប់ ការប្រើប្រាស់​សារ​គំរាមកំហែង ការ​ប្រើប្រាស់​សារ​ហិង្សា​វាយ​ដំ​អ្នកណា​ទាំង​អស់​នេះ គឺ​ត្រូវ​មាន​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​យើង​ដឹង​ហើយ មាន​អ្នកណា​ហើយ​ចាត់​វិធានការ​ទៅ​លើ​គាត់ បើ​អំណាច​ទាំង​អស់​នៅ​លើ​ដៃ​គាត់​ទៅ​ហើយ»

នេះ​មិន​មែន​ជា​លើកទី១ ឡើយ​ ដែល​បុរស​ខ្លាំង លោក ហ៊ុន សែន ប្រើ​ភាសា​គំរាម​កំហែង​លើ​ពលរដ្ឋ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដក​ខ្លួន​ចេញ​ពី​គម្រោង​តំបន់​​ត្រីកោណ​អភិវឌ្ឍន៍ CLV។ ទោះយ៉ាងណា រលក​តវ៉ា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស នៅតែ​ពុះ​កញ្ជ្រោល​ដដែល ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដក​ខេត្ត​ខ្មែរ​ទាំង៤ ចេញ​ពី​គម្រោង CLV ដើម្បី​កុំ​ឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​ទៅ​វៀតណាម​ដូច​ប្រវត្តិសាស្ត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ 

What Next?

Recent Articles

Leave a Reply

Submit Comment