ក្រសួងវប្បធម៌ថា គ្មានការបណ្តេញមេធាវីរដ្ឋាភិបាលកម្ពុជាពីកិច្ចប្រជុំជាមួយ Metropolitan

កម្ពុជា
កម្ពុជា-វប្បធម៌
05/09/2024 – 13:45
ដោយ៖ សឹម ចាន់សំណាង
RFI

មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌បញ្ជាក់ថា គ្មានការបណ្តេញមេធាវីតំណាងរដ្ឋាភិបាលកម្ពុជាចេញពីកិច្ចប្រជុំជាមួយសារមន្ទីរសិល្បៈ Metropolitan ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកទេ។ ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងវប្បធម៌យ៉ាងដូចនេះជាការឆ្លើយតបទៅនឹងការចុះផ្សាយរបស់កាសែត ICIJ ក្នុងថ្ងៃទី៤ កញ្ញាដែលថា សារមន្ទីរសិល្បៈ Metropolitan បានបណ្តេញមេធាវីរបស់រដ្ឋាភិបាលកម្ពុជាចេញពីកិច្ចប្រជុំភ្លាមៗ។

ក្រសួងវប្បធម៌ថា គ្មានការបណ្តេញមេធាវីរដ្ឋាភិបាលកម្ពុជាពីកិច្ចប្រជុំជាមួយ Metropolitan


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតាមរយៈអ្នកនាំពាក្យលោក ស៊ុំ ម៉ាប់ ប្រាប់វិទ្យុបារំាងអន្តរជាតិ RFI នាថ្ងៃទី៤ កញ្ញានេះថា ក្រសួងវប្បធម៌កម្ពុជាបានបញ្ចូនប្រតិភូចំនួន ៩រូបទៅទស្សនកិច្ចស្តីពីវប្បធម៌ដែលជាការអញ្ចើញរបស់ក្រសួងការបរទេសអាមេរិក និងថា មូលហេតុដែលមេធាវីរបស់រដ្ឋាភិបាលកម្ពុជាមិនអាចចូលនៅក្នុងសារមន្ទីរសិល្បៈ Metropolitan កាលពីថ្ងៃទី៤ កញ្ញា គឺដោយសារតែក្រសួងមិនបានបញ្ចូនឈ្មោះមេធាវីរូបនោះទៅឲ្យសារមន្ទីរជាមុន។ តែអ្នកនាំពាក្យក្រសួងវប្បធម៌រូបនេះដដែលមិនភ្លេចបន្ថែមថា មេធាវីរបស់រដ្ឋាភិបាលកម្ពុជាបានចូលប្រជុំជាមួយសារមន្ទីរនៅថ្ងៃទី៥ កញ្ញានេះ ព្រោះកិច្ចប្រជុំមួយនេះត្រូវធ្វើរយៈពេល ២ថ្ងៃ។

តាមអ្នកនាំពាក្យក្រសួងវប្បធម៌លោក ស៊ុំ ម៉ាប់ កិច្ចប្រជុំនេះពាក់ព័ន្ធនឹងការត្រួតពិនិត្យលើវត្ថុបុរាណមួយចំនួនរបស់កម្ពុជា និងថា ដំណើរការប្រជុំរវាងភាគីទាំងពីរប្រព្រឹត្តទៅដោយវិជ្ជមាន។ ស្ថានទូតអាមេរិកប្រចាំកម្ពុជាតាមរយៈអ្នកនាំពាក្យលោក Wesley Holzer ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៥ កញ្ញានេះថា ស្ថានទូតអាមេរិកមិនមានការអត្ថាធិប្បាយអ្វីឡើយលើបញ្ហាមួយនេះ។ គួរជម្រាបថា បើតាមការចុះផ្សាយរបស់កាសែត ICIJ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក្នុងថ្ងៃទី៤ កញ្ញ សារមន្ទីរសិល្បៈ Metropolitan ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានបណ្តេញមេធាវីរបស់រដ្ឋាភិបាលកម្ពុជាចេញពីកិច្ចប្រជុំរវាងមន្ត្រីសារមន្ទីរសិល្បៈ Metropolitan និងតំណាងក្រសួងវប្បធម៌កម្ពុជាកាលពីថ្ងៃទី៣ កញ្ញា។

សារមន្ទីរសិល្បៈ Metropolitan
សារមន្ទីរសិល្បៈ Metropolitan © Metropolitan

តាមសេចក្តីរាយការណ៍របស់ ICIJ ដដែល មន្រ្តីសារមន្ទីរសិល្បៈ Metropolitan មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ណាមួយដែលមិនអនុញ្ញាតឲ្យមេធាវីតំណាងរដ្ឋាភិបាលកម្ពុជាចូលក្នុងជំនួបនោះទេ។ គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានវត្ថុបុរាណខ្មែរសរុបចំនួន ១០៩៨ ពីប្រទេសចំនួន ១៥ រួមមានសហរដ្ឋអាមេរិក បារាំង អូស្ត្រាលី អង់គ្លេស ចិន និងថៃជាដើម។ ក្នុងថ្ងៃទី២២ សីហាថ្មីៗកន្លងទៅនេះទៀត រដ្ឋាភិបាលកម្ពុជាបានរៀបចំពិធីអបអរទទួលស្វាគមន៍វត្ថុបុរាណចំនួន ៧១ រូបពីសហរដ្ឋអាមេរិក ក្នុងនោះ មាន ១៤រូបមកពីសារមន្ទីរអាមេរិក Metropolitan និង៥៧រូបទៀតមកពីអ្នកប្រមូលសមុច្ច័យឯកជននានា៕

What Next?

Recent Articles

Leave a Reply

Submit Comment