ដោយ ប្រាជ្ញ ចេវ
2024.09.04
RFA
ប្រជាពលរដ្ឋជាង ១០០នាក់ នៅស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ លើកគ្នាតវ៉ាមិនឱ្យអាជ្ញាធរចុះវាស់វែងដី ក្រោយមានការបង្ខំពួកគាត់ឱ្យចាប់ឆ្នោតផ្លាស់ប្ដូរដីនៅតំបន់២ ជាប់បឹងទន្លេសាប ដែលធ្វើឱ្យពួកគាត់ម្នាក់ៗ បាត់ដីអស់ជាងពាក់កណ្ដាល។ មន្ត្រីសង្គមស៊ីវិលថា យន្តការដោះស្រាយរបស់អាជ្ញាធរ បានបង្កឱ្យមានភាពចលាចល និងធ្វើឱ្យខូចប្រយោជន៍ដល់ប្រជាពលរដ្ឋ។
ពលរដ្ឋធ្វើស្រែនៅតំបន់២ ក្នុងខេត្តបន្ទាយមានជ័យ បាននាំគ្នាតវ៉ាប្ដូរផ្ដាច់ មិនឱ្យអាជ្ញាធរចុះវាស់វែង និងបោះបង្គោលកំណត់តំបន់២ នោះទេ ដោយសារយន្តការដោះស្រាយរបស់អាជ្ញាធរ ដែលប្រមូលដីពីប្រជាពលរដ្ឋ និងឱ្យពួកគាត់ចាប់ឆ្នោតនេះ ធ្វើឱ្យពួកគាត់បាត់បង់ដីបង្កបង្កើនផល និងបង្កើតឱ្យមានការប្រទូសរ៉ាយ រវាងពលរដ្ឋ នឹងពលរដ្ឋ។
តំណាងពលរដ្ឋនៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ លោក លី ថុង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី០៤ ខែកញ្ញា ថា លោកមិនព្រមឱ្យអាជ្ញាធរបោះបង្គោលឡើយ ព្រោះរដ្ឋបាលខេត្ត មិនទាន់ដោះស្រាយសំណើ សុំអាស្រ័យផលលើដីអាស្រ័យផលចាស់នៅឡើយ។ លោកបន្តថា ដីអាស្រ័យផលរបស់លោក សរុបមានចំនួន ១០ហិកតារ ប៉ុន្តែបន្ទាប់ពីចាប់ឆ្នោតហើយ ដីរបស់លោកនៅសល់តែជាង ២ហិកតារប៉ុណ្ណោះ ខណៈទីតាំងដីនោះ នៅឆ្ងាយពីផ្ទះដល់ទៅ ១៥គីឡូម៉ែត្រ និងមិនទាន់មានប្រព័ន្ធធារាសាស្ត្រនៅឡើយ។
លោក លី ថុង៖ «បាទ គេថា (ដាក់ពង្រាយកងកម្លាំង) ធំជាងមុន គេថាចង់ដឹងចាំមើលឈ្នះចាញ់។ បើនិយាយពីអ្នកស្រែវិញនោះ ជំពាក់គេថ្លៃជី ថ្លៃថ្នាំ។ បើនិយាយទៅ គ្នាធ្វើស្រែសព្វថ្ងៃនេះ ទប់ទល់ឱ្យតែបានបង់អង្គការទេ ថ្លៃជីនោះ គេចេះតែអនុគ្រោះទៅ បានមកក៏សងគេពាក់កណ្ដាលទៅ ឆ្នាំក្រោយធ្វើទៀត ដល់ពេលគ្នាអស់ដីទៅ ចប់បាត់»។
ការថ្លែងរបស់កសិកររូបនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ ដែលតំណាងឱ្យជាង ២០០គ្រួសារ មកពីស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ប្រមូលផ្ដុំគ្នាតវ៉ា នៅឃុំភ្នំលៀប នៅពេលអាជ្ញាធរចុះមកវាស់វែងបោះបង្គោលខណ្ឌចែកដីតំបន់២ និងតំបន់៣ ជាប់បឹងទន្លេសាប ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ ខែកញ្ញា។
ការតវ៉ាថ្ងៃដំបូង អាជ្ញាធរបានផ្អាកការវាស់វែង និងត្រឡប់ទៅវិញ។ លុះដល់ថ្ងៃបន្ទាប់ មន្ត្រីរដ្ឋបាលខេត្ត ដឹកនាំដោយអភិបាលរងខេត្តបន្ទាយមានជ័យ លោក ឃ្លោក នួយ បាននាំកងកម្លាំងប្រដាប់អាវុធប្រហែល ២០នាក់ មកសម្លុតប្រជាពលរដ្ឋឱ្យទទួលយកលទ្ធផលចាប់ឆ្នោតរបស់អាជ្ញាធរ។ ក្នុងនោះ អាជ្ញាធរបាននិយាយដោយលើដៃចង្អុលទៅកាន់ប្រជាពលរដ្ឋ មិនឱ្យប្រមូលផ្ដុំគ្នាតវ៉ាទៀតនោះទេ ដោយមន្ត្រីទាំងនោះ បានបង្គាប់ឱ្យប្រជាពលរដ្ឋធ្វើលិខិតស្នើសុំដំណោះស្រាយពីរដ្ឋបាលខេត្ត។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់បានស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋបាលខេត្តជាច្រើនដងមកហើយ ក៏ប៉ុន្តែ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រកាន់ជំហរ មិនកែប្រែរបៀបដោះស្រាយជូនពលរដ្ឋនោះទេ។
មូលហេតុដែលបង្កឱ្យមានភាពច្របូកច្របល់នេះ គឺដោយសារអាជ្ញាធរខេត្តបន្ទាយមានជ័យ កាលពីខែកក្កដា បានប្រមូលដីប្រជាពលរដ្ឋអាស្រ័យផលនៅតំបន់២ ទាំងអស់ ដាក់រួមចូលគ្នា រួចហើយឱ្យប្រជាពលរដ្ឋចាប់ឆ្នោត យកក្បាលដីសាជាថ្មី ដើម្បីដំណើរការកំណត់ព្រំប្រទល់តំបន់២។ ក៏ប៉ុន្តែ ការចាប់ឆ្នោតនេះ បានធ្វើឱ្យពលរដ្ឋមិនសប្បាយចិត្ត ព្រោះថា ដីដែលពួកគាត់ចាប់ឆ្នោតបាន មានទីតាំងដាច់ស្រយាល គ្មានប្រឡាយទឹក និងមានទំហំតូចជាងដីអាស្រ័យផលចាស់។ ក្នុងនោះ មានប្រជាពលរដ្ឋខ្លះ បានប្រទូសរ៉ាយគ្នា ដោយសារម្ចាស់ដីចាស់ មិនព្រមប្រគល់ដីទៅឱ្យម្ចាស់ថ្មី។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និងមេឃុំភ្នំលៀប លោក សួន សំផុង ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី៤ ខែកញ្ញា។
កាលពីឆ្នាំ២០២២ នៅមុនពេលរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាអាជ្ញាធរនៅតាមខេត្តជាប់បឹងទន្លេសាប ឱ្យកាត់ឆ្វៀលដីតំបន់២ ដែលប្រជាពលរដ្ឋអាស្រ័យផលលើសពី ១០ឆ្នាំ ផ្ដល់កម្មសិទ្ធិឱ្យពួកគាត់កាន់កាប់។
លោក ហ៊ុន សែន៖ «ប៉ុន្តែខ្ញុំព្រះករុណាសូមបញ្ជាក់ថា ដើម្បីផ្ដល់ឱ្យប្រជាពលរដ្ឋ នូវភាពស្របច្បាប់នៃការអាស្រ័យផល វាទាមទារឱ្យយើងកែនូវលិខិតអនុក្រឹត្យ កែតម្រូវនិយាមកា ពេលហើយ ដាក់បង្គោលសាជាថ្មី ដោយកាត់តំបន់៣ ឱ្យទៅជាតំបន់២ រួចហើយតំបន់២ ដែលមើលទៅឃើញថា វាគោករាក់អស់ទៅហើយ វាលែងមានលទ្ធភាពអ្វី ដើម្បីស្ដារឡើងវិញទៅហើយ ត្រូវកាត់វាចូលទៅតំបន់១ ដើម្បីប្រគល់កម្មសិទ្ធិឱ្យប្រជាពលរដ្ឋតែម្ដង»។
ទាក់ទិនរឿងនេះ អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត មានប្រសាសន៍ថា វិធីចាប់ឆ្នោតបែងចែកក្បាលដីរបស់អាជ្ញាធរ គឺជារូបភាពសមធម៌ ក៏ប៉ុន្តែ បើក្រឡេកទៅមើលលទ្ធផលវិញ ការចាប់ឆ្នោតនេះ បានបង្កើតឱ្យមានភាពច្របូកច្របល់ និងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ដីធ្លី ខាតបង់ផលប្រយោជន៍ជាច្រើន។
លោក អ៊ិន គង់ជិត៖ «ក្នុងនាមសង្គមស៊ីវិល យើងស្នើឱ្យអាជ្ញាធរខេត្ត គួរផ្អាកការវាស់វែងនេះសិន ហើយរៀបចំឱ្យមានកិច្ចពិគ្រោះយោបល់ឡើងវិញ រៀបចំវេទិកាពិគ្រោះយោបល់ ឱ្យពួកគាត់លើកជាមតិយោបល់ លើកជាសំណូមពរ ហើយយកសំណូមពររបស់ពួកគាត់ ទៅដោះស្រាយ ប្រកបដោយសមធម៌ យុត្តិធម៌ ហើយដែលប្រជាពលរដ្ឋ អាចទទួលយកបាន»។
រដ្ឋាភិបាលកម្ពុជា បានបែងចែកដីបឹងទន្លេសាបជា ៣តំបន់ ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រង។ ក្នុងនោះដីតំបន់៣ ជាដីដែលមិនអាចអាស្រ័យផល និងមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិបានឡើយ។ ចំណែកតំបន់២ ជាដីដែលអាចអាស្រ័យផល តែមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិ និងតំបន់១ ជាដីដែលអាចអាស្រ័យផល និងអាចធ្វើជាម្ចាស់កម្មសិទ្ធិបានផងដែរ។
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ស្នើឱ្យរដ្ឋបាលខេត្តបញ្ឈប់យន្តការនេះ និងងាកមកជជែកជាមួយពលរដ្ឋ ផ្ដល់ដំណោះស្រាយរួមមួយ ជាជាងការប្រើប្រាស់អំណាច និងកម្លាំងអាជ្ញាធរមកតតាំងជាមួយពលរដ្ឋ ដែលមានតែម្រាមដៃដប់សំពះសុំដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។