ពលរដ្ឋ​មួយ​ចំនួន ចិញ្ចឹម​កូនចៅ​ដល់​ធំ ដើម្បី​បញ្ជូន​ឱ្យ​ទៅ​ធ្វើការ​នៅ​ថៃ

ដោយ ហ៊ុំ ចំរើន
2024.09.04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​មួយ​ចំនួន ចិញ្ចឹម​កូនចៅ​ដល់​ធំ ដើម្បី​បញ្ជូន​ឱ្យ​ទៅ​ធ្វើការ​នៅ​ថៃ

ស្ត្រីរូបនេះ ត្រូវ​បាន​កូនៗ ចាកចោល​ទៅ​ធ្វើការ​នៅ​ប្រទេសថៃ ដោយ​ទុក​គាត់​ឱ្យ​នៅ​មើលថែ​ចិញ្ចឹម​ចៅ នៅ​ខេត្ត​បាត់ដំបង។ រូប៖ ពីពលរដ្ឋ/2024-09-04


ប្រជាពលរដ្ឋ​វ័យ​ចំណាស់ រស់នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​មួយ​ចំនួន ជាប់​កាតព្វកិច្ច​ចិញ្ចឹម​ចៅ​តូចៗ បន្ទាប់​ពី​កូនៗ របស់​ពួក​គាត់​មាន​គ្រួសារ និង​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដើម្បី​យក​លុយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ របៀប​នៃ​ការ​រស់នៅ​បែប​នេះ បាន​ប្រព្រឹត្ត​ទៅ​ត​ជំនាន់ ដោយ​ឪពុក​ម្ដាយ​ចិញ្ចឹម​កូន​ឱ្យ​ធំ​ពេញ​កម្លាំង ដើម្បី​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ហើយ​នៅ​ពេល​មាន​ចៅ ពួក​គាត់​បន្ត​ចិញ្ចឹម​រហូត​ដល់​គ្រប់​អាយុ ហើយ​បញ្ជូន​ឱ្យ​ទៅ​ធ្វើ​ចំណាក​ស្រុក ដូច​ឪពុកម្ដាយ​របស់​ពួក​គេ​ដែរ។

នៅ​តាម​ភូមិ ក្នុង​ខេត្ត​មួយ​ចំនួន មាន​ដូចជា ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ឧត្តរមានជ័យ ជា​ដើម ហាក់​មាន​សភាព​ស្ងាត់ជ្រងំ។ នៅ​តាម​ផ្ទះ​ភាគ​ច្រើន​សម្បូរ​តែ​កូន​ក្មេង និង​យាយតា​ចាស់ៗ ប៉ុណ្ណោះ ដោយ​ពួក​គាត់​ខ្លះ​អង្គុយ​លេង​នៅ​ក្រោម​ផ្ទះ និង​ខ្លះ​ទៀត​ច្រៀង​បំពេ​កូនង៉ា​នៅ​ក្នុង​អង្រឹង​ជា​ដើម។

ទិដ្ឋភាព​ប្លែកៗ​ ទាំង​នេះ មិនមែន​បង្ហាញ​អំពី​យាយតា​វ័យ​ចំណាស់​មាន​កូនខ្ចី ឬ​ឪពុកម្ដាយ​ក្មេង​នោះ រវល់​ទៅ​មើល​ស្រែ​នោះ​ទេ ប៉ុន្តែ​ដោយសារ​កូនចៅ​របស់​ពួកគាត់​ធ្វើ​ចំណាកស្រុក​ ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ទុក​កូនៗ របស់​ពួក​គេ​ឱ្យ​ឪពុកម្ដាយ​មើលថែ​នៅ​ឯ​​ផ្ទះ។

ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ លោកស្រី ព្រៀប បួន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោកស្រី​មាន​កូន​ចំនួន ៥នាក់ កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ ដើម្បី​រក​លុយ​យក​មក​សង​បំណុល​ធនាគារ និង​ចិញ្ចឹម​ចៅ​តូចៗ ដែល​នៅ​ស្រុក។ លោកស្រី​បន្ត​ថា ទោះបី​លោកស្រី​មាន​កូន​ជាច្រើន​នាក់​ធ្វើការ​នៅ​ស្រុក​ថៃ​ក្ដី ក៏​ជីវភាព​លោកស្រី​រាល់ថ្ងៃ​នៅតែ​ខ្វះខាត រហូត​ពេល​ខ្លះ លោកស្រី​ឆ្លៀត​ដាក់​លប ដាក់​បង្កៃ និង​រាយ​សន្ទូច រក​ត្រី​យក​ទៅ​លក់​បន្ថែម​ទៀត ដើម្បី​ផ្គត់ផ្គង់​ការ​ហូបចុក​របស់​ចៅៗ ទាំង ​៤នាក់ ទម្រាំ​ពួកគេ​ធំ​គ្រប់​អាយុ ហើយ​​ឪពុកម្ដាយ​ពួកគេ​យក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាមួយ។

លោកស្រី ព្រៀប បួន៖ «យូរៗ ទៅ លែង​ស្គាល់​ម៉ែ​ស្គាល់​ឪ​ហើយ ស្គាល់​តែ​ខ្ញុំ។ ទុក​កូន​ចោល។ ពេល​ម៉ែឪ​វា​មក មិន​ដែល​តាម​សោះ។ យើង​នៅ​ចុង​កាត់​មាត់ញក​អ៊ីចឹង មិន​ដឹង​ទៅ​រក​ការងារ​ឯណា​បាន​ធ្វើ​ទេ»

ភាគ​ច្រើន ពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ ពេញ​និយម​បញ្ជូន​កូន​ឱ្យ​ធ្វើ​ចំណាកស្រុក ដើម្បី​រក​លុយ​ផ្ញើ​ឱ្យ​ពួកគាត់​ចិញ្ចឹម​ចៅ។ បន្ទាប់​មក នៅ​ពេល​ចៅ​របស់​ពួក​គាត់​គ្រប់​អាយុ និង​ពេញ​កម្លាំង​ល្មម​អាច​ធ្វើការ​បាន ក្មេងៗ ទាំង​នោះ​នឹង​ត្រូវ​ឈប់​រៀន ហើយ​ធ្វើ​ចំណាក​ស្រុក ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ជាមួយ​ឪពុកម្ដាយ​ពួក​គេ។

ចេញពី​ខេត្ត​បន្ទាយមានជ័យ និង​បន្ត​ដំណើរ​ទៅ​ខេត្ត​បាត់ដំបង តាម​ភូមិ​ជនបទ នៃ​ស្រុក​មង្គលបុរី និង​ស្រុក​ថ្មគោល មាន​ផ្ទះ​តូច​ធំ​ជាច្រើន​ខ្នង ត្រូវ​ម្ចាស់​បិទទ្វារ​របង ចាក់សោ​ទុកចោល ដើម្បី​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ។ ចំណែក​ផ្ទះ​ខ្លះ មាន​យាយតា​ចាស់ៗ នៅ​ចាំ​ផ្ទះ​មើល​ចៅ។

ក្នុង​នោះ លោកស្រី ស៊ឹម សុណា មាន​វ័យ​ជាង​ហាសិប​ឆ្នាំ​​ប្លាយ ជា​អ្នកស្រុក​ថ្មគោល ខេត្ត​បាត់ដំបង និយាយ​ថា កូនប្រុស​របស់​លោកស្រី​ចំនួន ៥នាក់ ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​អស់​ហើយ ដោយ​បន្សល់​ទុក​កូន​តូច ​៥នាក់ ឱ្យ​លោកស្រី​មើលថែ។ លោកស្រី​ប្រាប់​ថា មូលហេតុ​ ដែល​កូន​របស់​លោកស្រី​ដាច់ចិត្ត​ចោល​ស្រែ ចោល​ចម្ការ ហើយ​ធ្វើ​ចំណាកស្រុក គឺ​មិនមែន​ដោយសារ​ពួកគេ​ខ្ជិល​ធ្វើស្រែ ឬ​ចង់​រក​លុយ​ឱ្យ​ឆាប់​ក្លាយ​ជា​អ្នកមាន​នោះ​ទេ គឺ​ដោយសារ​នៅ​ក្នុង​ស្រុក​គ្មាន​ការងារ​ធ្វើ កសិផល​ចុះ​ថោក និង​ជាប់​បំណុល​ធនាគារ។

លោកស្រី ស៊ឹម សុណា៖ «ដាច់​លុយ​តើ។ ពេល​ដាច់​លុយ គឺ​ខ្ចី​បងប្អូន​តាម​នេះ​ឯង។ ខ្ចី​ឱ្យ​ចៅ​ទៅ​រៀន និង​ទិញ​ម្ហូប​ឱ្យ​ចៅ​ហូប។ ពិបាក​ខ្លះ​ដែរ គេ​ថា​ឱ្យ​ទៅ​រៀន​ចុះ​កូន តិចតួច​យ៉ាងណា ខំ​តែ​រៀន​ទៅ។ ពិបាក​ខ្លាំង​ដែរ ប៉ុន្តែ​មិន​ដឹង​ប្រាប់​នរណា ចេះតែ​ស៊ូទ្រាំ​ទៅ»។

ទោះបីជា​នៅ​តាម​សហគមន៍ ពលរដ្ឋ​បិទទ្វារ​ចាក់សោ​ផ្ទះ ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ឡើង​ស្ងាត់​ភូមិ​ក្ដី ក៏​វត្តមាន​របស់​មន្ត្រី​ឥណទាន ឬ​ដែល​អ្នកស្រុក​ហៅ​ថា លោកគ្រូ ស៊ី.អូ (CO) មាន​វត្តមាន​គ្រប់​ច្រកល្ហក ជាពិសេស នៅ​ពេល​ដល់​ថ្ងៃ​សង​ប្រាក់ ឬ​ដែល​គេ​ហៅថា​ ឡើង​អង្គការ ដោយសារ​​ពួក​គេ​ជិះ​ម៉ូតូ​ខ្វាត់ខ្វែង​នៅ​តាម​ផ្លូវ ខណៈ​ពលរដ្ឋ​ជា​កូនបំណុល បាន​ត្រៀម​លុយ​ ដែល​កូនចៅ​របស់​ពួក​គាត់​ផ្ញើ​មក​ពី​ប្រទេស​ថៃ ចាំ​សង​ទៅ​ធនាគារ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក កត្តា អ៊ន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៣ ខែ​កញ្ញា។

នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​សាធារណរដ្ឋ​កូរ៉េ (South Korea) កាល​ពី​ថ្ងៃ​ទី១៨ ខែឧសភា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើក​ឡើង​ថា ការ​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស មិនមែន​ដើម្បី​ទៅ​ធ្វើ​កញ្ជះ​គេ​នោះ​ទេ គឺ​ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ទទួល​បាន​ជំនាញ​ពី​ការងារ​នៅ​ក្រៅ​ប្រទេស នៅ​ពេល​ពលករ​ត្រឡប់​មក​ស្រុក​កំណើត​វិញ។

លោក ហ៊ុន ម៉ាណែត៖ «ដោយសារ​អីដោយសារ​ផល​ការងារ​នៅ​ទីនេះ បាន​វិវឌ្ឍ​ល្អ បូករួម​នឹង​លក្ខខណ្ឌ​ការងារ​បាន​ល្អ។ បងប្អូន​មក មិន​មាន​អារម្មណ៍​ថា ជា​ខ្ញុំ​គេ ប៉ុន្តែ​មាន​អារម្មណ៍​ថា គឺជា​កម្លាំង​ពលកម្ម​មួយ ដែល​ជួយ​ចម្រើន​សេដ្ឋកិច្ច។ នេះ​គឺជា​អ្វី ដែល​យើង​គួរ​មាន​មោទនភាព»

ទោះជា​បែបនេះ​ក្ដី អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​សិក្សា​ស្រាវជ្រាវ លោក សេក សុជាតិ យល់​ឃើញ​ថា ប្ដូរ​ពី​ប្រយោជន៍​ដែល​កម្មករ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ទទួល​បាន កម្ពុជា​នឹង​បាត់បង់​កម្លាំង​ពលកម្ម និង​ធនធាន​មនុស្ស​ ដែល​មាន​សក្ដានុពល ដែល​រួម​ចំណែក​ដ៏​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ។ លោក​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​បង្កើត​គោលនយោបាយ​គាំពារ​សង្គម តាម​រយៈ​ការ​កំណត់​តម្លៃ​កសិផល​ឱ្យ​មាន​ស្ថិរភាព បង្កើត​ការងារ​នៅ​តាម​មូលដ្ឋាន និង​បណ្ដុះបណ្ដាល​ជំនាញ​ដល់​ពលរដ្ឋ ដើម្បី​កាត់​បន្ថយ​ចំនួន​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក ទៅ​លក់​កម្លាំង​ពលកម្ម​នៅ​ក្រៅ​ប្រទេស។

លោក សេក សុជាតិ៖ «ការ​លក់​កម្លាំង គឺ​មិន​មាន​និរន្តរភាព​ទេ ហើយ​កា​រលក់​កម្លាំង​ទៅ​ខាង​ក្រៅ​នេះ គឺ​ជា​ហានិភ័យ នៅ​ពេល​ពួក​គាត់​អស់​កម្លាំង​ទៅ គាត់​មាន​ជំងឺ​ឈឺថ្កាត់​ផង អ៊ីចឹង វា​ជា​បន្ទុក​ដ៏​ធ្ងន់​របស់​រដ្ឋាភិបាល»

របាយការណ៍​របស់​ក្រសួង​ការងារ​កម្ពុជា​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ជាង ១លាន ២សែន​នាក់​កំពុង ធ្វើការ​នៅ​ប្រទេស​ថៃ។ ក៏ប៉ុន្តែ​ របាយការណ៍​របស់​អង្គការ​សង់ត្រាល់​បង្ហាញ​ថា មាន​ពលករ​ខ្មែរ​កំពុង​ធ្វើការ​ដោយ​ស្របច្បាប់ និង​មិន​ស្របច្បាប់​នៅ​ប្រទេស​ថៃ ជាង ២លាន​នាក់។

ប្រជាពលរដ្ឋ​លើកឡើង​ថា ភាព​ពិត ពួកគាត់​ចង់​ឱ្យ​កូនចៅ​រៀន​បាន​ខ្ពស់ និង​មាន​ការងារ​ល្អ​ធ្វើ​ដែរ ដោយ​មិន​ចាំបាច់​ធ្វើ​សំណាក​ស្រុក​ឡើយ។ ប៉ុន្តែ​ ដោយសារ​ពួកគាត់​ធ្វើស្រែ​ចេះ​តែ​ខាត និង​ជំពាក់​បំណុល​ធនាគារ ខណៈ​ទីផ្សារ​ការងារ​ក្នុង​ស្រុក​កាន់តែ​ចង្អៀត។ ពួកគាត់​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បង្កើន​ការ​បង្កើត​ការងារ​នៅ​ក្នុង​ស្រុក ដោយ​ផ្ដល់​កម្រៃ​សមរម្យ និង​កំណត់​ទីផ្សារ​តម្លៃ​កសិផល​ឱ្យ​មាន​ស្ថិរភាព ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ប្រជាពលរដ្ឋ និង​ផ្ដល់​ឱកាស​ឱ្យ​ពួកគាត់​បាន​ធ្វើការ និង​រស់នៅ​ជួបជុំ​ជាមួយ​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment