រយៈ​ពេល ១ខែ ក្រោយ​ពីសម្ពោធ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ រដ្ឋាភិបាល​មិន​ទាន់​ផ្ដល់​សំណង​ដល់​ពលរដ្ឋ​នៅ​ឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ សុ ជីវី
2024.09.05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រយៈ​ពេល ១ខែ ក្រោយ​ពីសម្ពោធ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ រដ្ឋាភិបាល​មិន​ទាន់​ផ្ដល់​សំណង​ដល់​ពលរដ្ឋ​នៅ​ឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបថតមាត់ព្រែកជីក​ហ្វូណន ពេល​ត្រៀម​សម្ពោធ​បើក​ការដ្ឋាន នៅ​ចំណុច​ព្រែក​តាកែវ ក្នុង​ភូមិសាស្ត្រ​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី៥ ខែសីហា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកក្រសួងព័ត៌មាន/2024-08-04


រយៈពេល ១ខែ ក្រោយ​សម្ពោធ​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ ពលរដ្ឋ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​សំណង ខណៈ​សកម្មភាព​ជីក​ព្រែក​នៅ​មិន​ទាន់​ឃើញ​ចាប់​ផ្ដើម​នៅ​ឡើយ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា រដ្ឋាភិបាល​គួរតែ​គិតគូរ​ផ្ដល់​សំណង​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ឲ្យ​បាន​សមរម្យ​តាម​ពាក្យ​សន្យា មុន​នឹង​ចាប់​ផ្ដើម​ជីក​ព្រែក ។

ក្រោយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្ពោធ​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​យ៉ាង​ឱឡារិក ដោយ​មាន​មនុស្ស​រាប់​ពាន់​បាន​ចូលរួម កាល​ពី​ថ្ងៃ​ទី៥ ខែ​សីហា​កន្លង​ទៅ ប៉ុន្តែ​ពេល​នេះ ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ បែរជា​ដេក​មិន​លក់​បក់​មិន​ល្ហើយ ភ័យ​បារម្ភ​ខ្លាច​ក្រែង​អាជ្ញាធរ ផ្ដល់​សំណង​មិន​សមរម្យ​ដល់​ពួក​គាត់។

ពលរដ្ឋ​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល ប្រាប់​វិទ្យុ​អាស៊ី​សេរី​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​ខ្លាច​ការ​គំរាម​ពី​អាជ្ញាធរ​ នៅ​ថ្ងៃទី៥ ខែ​កញ្ញា​ថា ថ្មីៗ នេះ អាជ្ញាធរ​មូលដ្ឋាន បាន​ប្រជុំ​ជាមួយ​ពលរដ្ឋ ដើម្បី​សិក្សា​ពី​បញ្ហា​ផល​ប៉ះពាល់ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​បញ្ជាក់​ពី​សំណង​នោះ​ឡើយ។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «ដល់​ជិត​អស់​ហើយ លែង​ខ្វល់ខ្វាយ​ពី​អ្វី មិន​ដឹង​គេ​ធ្វើ​អី​យ៉ាង​ម៉េច​អី ចាំ​តែ​ទន្ទឹម​មើល​ផ្លូវ​ដែរ​ហ្នឹង។ គេ​អត់​ទាន់​ចុះ​ទៅ​ឯណា គេ​ទើប​តែ​សួរ​នៅ​ផ្ទះ​ប្រធាន​ភូមិ ផ្ទះ​មេឃុំ គេ​អត់​មាន​ថា ឲ្យ​អី​ផង​គេ​ទើប​តែ​មក​សិក្សា​ដំបូង»

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត រស់នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​ថ្លែង​នៅ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេះ​ឈ្មោះ​ដែរ ដោយ​បារម្ភ​ពី​សុវត្ថិភាព​ថា ថ្មីៗ នេះ មាន​មន្ត្រី​ជំនាញ​ខាង​វាស់ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «រាល់​ថ្ងៃ​មាន​អី ឲ្យ​តែ​បាន​សំណង​ខ្ពស់​សមរម្យ​ល្មម​អាច​យើង​ទទួល​យក​បាន​ទៅ ប្រជាជន​មាន​ទៅ​ទួញ​សោក​បោក​ខ្លួន​ធ្វើ​អី ព្រោះ​អី នេះ​ជា​គម្រោង​របស់​ជាតិ​ទៅ​ហើយ​មាន​តែ​សប្បាយ​ចិត្ត​បន្ថែម ប៉ុន្តែ កង្វល់​របស់​ប្រជាជន គឺ​នៅ​តែ​មាន​ត្រង់​ថា មិន​ដឹង​ថា បាន​សំណង​ប៉ុន្មាន​ហើយ​បងប្អូន អ្នក​ដែល​ធ្លាប់​ជួប​ប៉ះពាល់​ហ្នឹង គាត់​ធ្លាប់​ជួប​រួច​ហើយ គេ​និយាយ​គ្រប់តែ​គ្នា​អ៊ីចឹង​ថា សំណង​វា​មិន​បាន​ច្រើន​ដូច​ចិត្ត​យើង​ចង់​បាន​ទេ»

អ្វី ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​នៅ​ចំណុច​ព្រែក​តាកែវ ក្នុង​ភូមិសាស្ត្រ​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល នៅ​មិន​ទាន់​មាន​សកម្មភាព​ជីក​ព្រែក​នេះ​នៅ​ឡើយ​ទេ ទោះ​បី​ជា​មាន​ការដ្ឋាន​សាងសង់​បាន​បើក​អស់​រយៈ​ពេល ១ខែ​មក​ហើយ​ក្ដី។ ចំណែក​ឯ​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​មាត់​ព្រែក​ច្រើន​ប្រកប​របរ​កសិកម្ម​ដូចជា ធ្វើ​ស្រែ​ចម្ការ និង​ដាំ​ដំណាំ​យក​ផ្លែ​ជា​ដើម។

Funan_Canal_FB_Ministry_of_Informationa_080424_2.jpg
(រូបពណ៌លឿងខាង​ឆ្វេង) រូបថតមាត់ព្រែកជីក​ហ្វូណន ពេល​ត្រៀម​សម្ពោធ​បើក​ការដ្ឋាន នៅ​ចំណុច​ព្រែក​តាកែវ ក្នុង​ភូមិសាស្ត្រ​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី៥ ខែសីហា ឆ្នាំ២០២៤។ មាន​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​ខ្នងនៅ​អម​សងខាង​ព្រែក ដែល​នឹង​រង​ផល​ប៉ះពាល់ ត្រូវ​រុះរើ និង​ផ្លាស់ទី ពេល​អាជ្ញាធរ​ពង្រីក​រង្វះមាត់​លើ​ព្រែក ឱ្យ​បាន​ទំហំ ១០០ម៉ែត្រ។ រូបពីហ្វេសប៊ុក​ក្រសួង​ព័ត៌មាន/2024-08-04

ទាក់ទិន​នឹង​បញ្ហា​ផល​ប៉ះពាល់​ពលរដ្ឋ ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​អនុ​ប្រធាន​ទី​មួយ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក ស៊ុន ចាន់ថុល កាល​ពី​ខែឧសភា ឲ្យ​ដឹង​ថា គម្រោង​ព្រែកជីក​ហ្វូណន បាន​សិក្សា​ផល​ប៉ះពាល់​យ៉ាង​លម្អិត និង​គ្រប់​ជ្រុង​ជ្រោយ តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដ្រូន (Drone) និង​រូបភាព​ពី​ផ្កាយ​រណប និង​បច្ចេកទេស​ទំនើប​មួយ​ចំនួន​ទៀត។ លោក ស៊ុន ចាន់ថុល បន្ថែម​ថា ការ​ទូទាត់​សំណង​ផល​ប៉ះពាល់​ពលរដ្ឋ គឺ​ជា​តួនាទី​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លោក មាស សុខសេនសាន ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៥ ខែកញ្ញា។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាល​ពី​ខែឧសភា ឲ្យ​ដឹង​ថា គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ​ជាង ១ពាន់៥រយ​ខ្នង (១.៥៨៥) ស្ពាន​ចំនួន៣ រោងចក្រ១ ផ្លូវជាតិ​ចំនួន១៨ ដែល​មាន​ចម្ងាយ​ប្រមាណ ៤គីឡូ​ម៉ែត្រ ផ្លូវលំ​ចំនួន៧០ ដែល​មាន​ចម្ងាយ ៤៥,៥គីឡូ​ម៉ែត្រ ទំនប់​ទឹក ២ខ្សែ​ប្រវែង​ជិត ៤រយ​ម៉ែត្រ (៣៨៧) បឹង​ចំនួន១៥ ដែល​មាន​ទំហំ ១៣,៦ហិកតារ និង​ដី​ស្រែ​ចម្ការ ២៩០០​ហិកតារ រួម​ទាំង​ដី​លំនៅឋាន​ជិត ១៥០ហិកតារ (១៤៩,៥) ផង​ដែរ។

បើ​ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រធាន​អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មាន​ប្រសាសន៍​ថា គម្រោង​ព្រែកជីក​ហ្វូណន ត្រូវ​បាន​ពលរដ្ឋ​គាំទ្រ​ច្រើន​។ លោក​បន្ថែម​ថា ដើម្បី​ឲ្យ​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ អាច​រីករាយ​នឹង​គម្រោង​នេះ​ដែរ រដ្ឋាភិបាល​គួរ​តែ​ផ្ដល់​សំណង​ឲ្យ​បាន​សមរម្យ។

លោក រស់ សុដ្ឋា៖ «ខ្ញុំ​សង្ឃឹម​ថា យើង​បាន​ព្រែក​ជីក​មួយ​ដ៏​ល្អ ហើយ​បម្រើ​នូវ​គោលបំណង ដែល​យើង​មាន​សេចក្ដី​ប្រាថ្នា​ទុក​ជា​មុន​នោះ ហើយ​ក៏​សង្ឃឹម​ផង​ដែរ​ថា ដំណើរការ​នៃ​ការ​ជីក​ព្រែក ជីក​ហ្វូណន បាន​ដោយ​រលូន ហើយ​ការ​ផ្ដល់​សំណង​ដល់​ប្រជាពលរដ្ឋ​ក៏​បាន​រលូន ហើយ​យើង​នឹង​បញ្ចប់​ការ​សាងសង់​ដោយ​ភាព​រីករាយ និង​អបអរ​សាទរ​នឹង​សមិទ្ធផល​ថ្មី​របស់​កម្ពុជា»

ទាក់ទិន​នឹង​សំណង​នៃ​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល មាត្រា​១ នៃ​ច្បាប់​អស្សាមិករណ៍ ចែង​ថា ច្បាប់​នេះ មាន​គោលដៅ​កំណត់​ពី​អស្សាមិករណ៍​នៅ​ក្នុង​ប្រទេស ដោយ​កំណត់​ពី​គោលការណ៍ យន្តការ នីតិវិធី​នៃ​អស្សាមិករណ៍ និង​សំណង​ឲ្យ​បាន​សមរម្យ និង​យុត្តិធម៌ សម្រាប់​គម្រោង​ស្ថាបនា ស្ដារ និង​គម្រោង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សាធារណៈ បម្រើ​ឲ្យ​ផល​ប្រយោជន៍​សាធារណៈ ផល​ប្រយោជន៍​ជាតិ និង​ការ​អភិវឌ្ឍ​របស់​ប្រទេស។

ទោះបីជា​កម្ពុជា​មាន​ច្បាប់ ដែល​ធានា​ផ្ដល់​សំណង​ការ​ខូចខាត ឬ​បាត់បង់​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ដោយសារ​ការ​អភិវឌ្ឍ​ក្ដី ក៏​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​មួយ​ចំនួន​ក្នុង​ពេល​កន្លង​ទៅ និង​ខ្លះ​កំពុង​អនុវត្ត​រហូត​ដល់​បច្ចុប្បន្ន ដូចជា ​គម្រោង​សាងសង់​វាល​យន្តហោះ​ថ្មី​នៅ​ខេត្ត​កណ្ដាល​ជាដើម រដ្ឋាភិបាល​មិន​បាន​គិតគូរ​ផ្ដល់​សំណង​ដល់​ពលរដ្ឋ​រង​គ្រោះ​ឱ្យ​បាន​ត្រឹមត្រូវ​ជា​មុន​នោះ​ឡើយ បណ្ដាល​ឱ្យ​ពលរដ្ឋ​បន្ត​តវ៉ា​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។ ប្រការ​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយ​សារ​គម្រោង​ព្រែកជីក​ហ្វូណន ក៏​មាន​ក្តី​បារម្ភ​ដូច​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment